វៀតណាម នៅកំពង់ឆ្នាំង ថា នឹងឡើង នៅលើគោក តាមកាលកំណត់ របស់ អាជ្ញាធរ
RFA / វិទ្យុ អាស៊ី សេរី | ២៦ ធ្នូ ២០១៥
អ្នកភូមិ បណ្ដែតទឹក ដែលភាគច្រើន ជាជនជាតិ វៀតណាម នៅខេត្ត កំពង់ឆ្នាំង ប្រកាស ថា, ខ្លួន នឹងឡើង តាំងទីលំនៅ លើគោក តាមកាលកំណត់ របស់ រដ្ឋាភិបាល។ ប៉ុន្តែ ពួកគាត់ ខ្លះ កំពុងប្រឈម នឹងបញ្ហា មួយចំនួន, ហើយ ស្នើ ឲ្យអាជ្ញាធរ មានសមត្ថកិច្ច ជួយដោះស្រាយ។
សកម្មភាព រស់នៅ ប្រចាំថ្ងៃ, ការសិក្សា របស់ ក្មេងតូចៗ និងការដោះដូរទំនិញផ្សេងៗក្នុងរយៈពេលជិត ៣ខែ របស់អ្នកភូមិបណ្ដែតទឹក ៩៩៦គ្រួសារ មានការលំបាក ក្រោយពីអាជ្ញាធរផ្លាស់ទីទៅឆ្ងាយពីទីប្រជុំជន ឬផ្សារក្រោម ទៅរស់នៅលើទឹកត្រង់ចំណុចពាមញ នៃឃុំស្វាយជ្រំ ស្រុករលាប្អៀរ ចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ប៉ុន្តែពួកគេសុខចិត្តអនុវត្តតាមវិធានការរបស់អាជ្ញាធរ។
ជនជាតិវៀតណាមម្នាក់ លោក ច្រឹង យ៉ាំងរស់ មានប្រសាសន៍ថា អ្នកភូមិបណ្ដែតទឹក ជាពិសេសជនជាតិវៀតណាម មានជីវភាពក្រីក្រគ្មានលទ្ធភាពរកទិញដីរស់នៅលើគោកបានទេ ហើយក៏ពុំទាន់មានត្រៀមលុយកាក់ ឬសម្ភារៈអ្វីឡើងគោកដែរ។ លោកស្នើឲ្យអាជ្ញាធរដោះស្រាយគោលនយោបាយដីធ្លីនៅក្បែរទន្លេ និងរក្សាបែរត្រីពួកគាត់នៅក្នុងទន្លេដដែល ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ៖ «បើគេ (ជនជាតិវៀតណាម) អ្នកមានលុយគេចេះតែទិញដីត្រៀមខ្លះ បើអ្នកខ្លះក្រអត់ទេ ដូចខ្ញុំអ៊ីចឹងក៏អត់ទាន់មានផង។ បើដូចខ្ញុំគ្រាន់តែបានស៊ីគ្រប់គ្រាន់មិនទាន់មានលុយទិញផង រួចមានក្រច្រើនទៀត។»
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានផ្លាស់ទីផ្ទះបណ្ដែតទឹក ១.៤៨៦ខ្នង ភាគច្រើនជាផ្ទះរបស់ជនជាតិវៀតណាម នៅភូមិចុងកោះ និងភូមិកណ្ដាល នៃសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចេញឲ្យផុតពីតំបន់អភិវឌ្ឍន៍ច្រាំងទន្លេកាលពីដើមខែតុលា ឆ្នាំ២០១៥។ បើទោះបីជាផ្ទះទាំងនេះចេញផុតពីតំបន់អភិវឌ្ឍន៍ អាជ្ញាធរគ្រោងឲ្យអ្នកទាំងនោះឡើងរស់នៅលើគោក ដើម្បីបញ្ចៀសការបំពុលទឹក និងរៀបចំទីតាំងនោះឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិដែលមានតែផែ និងបែរចិញ្ចឹមត្រីរបស់អ្នកភូមិ។
ទាក់ទងបញ្ហានេះអភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររៀបចំផ្ទះបណ្ដែតទឹក លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងថា អាជ្ញាធរពុំមានគោលនយោបាយដីធ្លីជូនអ្នកភូមិបណ្ដែតទឹក ឬទទួលខុសត្រូវចំពោះការឡើងរស់នៅលើគោកនោះទេ ដូច្នេះពួកគាត់ត្រូវមានភាពម្ចាស់ការលើខ្លួនឯងក្នុងការតាំងទី លំនៅថ្មីនៅលើគោក។ អាជ្ញាធរមិនទាន់ទទួលបានសំណូមពររបស់អ្នកភូមិដែលចង់រស់នៅក្បែរ ទន្លេ និងរក្សាបែរត្រីនៅក្នុងដដែលនោះទេ តែលោកថា សំណូមពរបែបនេះទាល់តែមានអាជ្ញាធរថ្នាក់ជាតិទើបអាចសម្រេចបាន ខណៈក្រុមការងារផ្ដោតលើការអភិវឌ្ឍផ្សារ និងផ្លូវថ្នល់ជូនអ្នករងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅកន្លែង ថ្មី។
លោក ស៊ុន សុវណ្ណារិទ្ធិ៖ «ប៉ុន្តែក្រុមការងារនឹងខិតខំរកទីតាំងមួយមិនឆ្ងាយពីទន្លេ និងមិនឆ្ងាយពីទីផ្សារថ្មី ហើយផ្លូវថ្នល់អាចធ្វើចរាចរណ៍បាន ហើយសង្ឃឹមថា បងប្អូននឹងអាចទទួលយកបាន។ អ៊ីចឹងតាមគោលនយោបាយសម្រាប់អ្នកដែលមានប័ណ្ណសម្គាល់សិទ្ធិយើងដោះ តាមរបៀបផ្សេង ហើយអ្នកនៅផ្ទះទឹកយើងដោះស្រាយតាមផែនការយុទ្ធសាស្ត្រផ្សេងៗគ្នា យើងមិនអាចយកទាំងអស់ហ្នឹងទៅដាក់មួយកន្លែងអត់បាន ព្រោះយើងក៏អត់មានទីតាំងអាចទទួលយកបានទាំងអស់ហ្នឹងដែរ។»
លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារកំពុងសិក្សាលម្អិតលើផលប៉ះពាល់ផ្ទះសម្បែង ជាង ៤០០ខ្នង ដែលឋិតនៅក្នុងតំបន់អភិវឌ្ឍ ហើយគោលនយោបាយដោះដូរមានភាពខុសគ្នាទៅតាមផ្ទះនីមួយៗ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងអនុវត្តលើគម្រោងអភិវឌ្ឍន៍សួនច្បារ និងច្រាំងទន្លេ នៅក្រុងកំពង់ឆ្នាំង ដោយប្រើរយៈពេល ៥ឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៥។ គម្រោងនេះសំដៅលើកកម្ពស់សណ្ដាប់ធ្នាប់ និងសោភ័ណភាពក្នុងក្រុង ហើយត្រៀមធ្វើជាម្ចាស់ផ្ទះ នៃពិធីបុណ្យទន្លេនាថ្ងៃអនាគតទៀតផង៕
No comments:
Post a Comment