Paris Peace Accords 23 Oct. 1991

Thursday, January 21, 2016

ពលរដ្ឋ​ ១៥​គ្រួសារ​ នៅ​ស្រុក ​ម៉ាឡៃ​ ចោទ​អាជ្ញាធរ​ មូលដ្ឋាន​ ថា, ​រំលោភ​ យក​ដី​ សង្គមកិច្ច | 15 families in Malai district accuse authority of taking community land

ពលរដ្ឋ​ ១៥​គ្រួសារ​ នៅ​ស្រុក ​ម៉ាឡៃ​ ចោទ​អាជ្ញាធរ​ មូលដ្ឋាន​ ថា ​រំលោភ​ យក​ដី​ សង្គមកិច្ច

RFA / វិទ្យុ អាស៊ី សេរី | ២០ មករា ២០១៦
ជម្លោះ​ដីធ្លី​ស្រុក​ម៉ាឡៃ ២០១៦ ៨៥៥
ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ សុំ​អន្តរាគមន៍​ពី​មន្ត្រី​សម្រប​សម្រួល​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៦។  RFA/Hum Chamroeun

អ្នក​គាំទ្រ​ គណបក្ស ​ប្រជាជន​ កម្ពុជា មាន​ទំនាស់​ ដីធ្លី​ ជាមួយ ​អ្នក​មាន ​ទ្រព្យ​ធន ​ចំនួន ១០​នាក់ តំណាង​ឲ្យ ១៥​គ្រួសារ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​ បន្ទាយមានជ័យ នៅ​ព្រឹក ​ថ្ងៃ​ទី​២០ មករា នាំ​គ្នា ​ទៅ​ដល់​ ទីស្នាក់ការ​ សមាគម​ ការពារ​ សិទ្ធិ​មនុស្ស​ អាដហុក (ADHOC) ដើម្បី​ ឲ្យ​ជួយ​ អន្តរាគមន៍ ​ទៅ​អាជ្ញាធរ​ ពាក់ព័ន្ធ យក​ដី​ មក​ដាំ​ដុះ​ ដោះស្រាយ​ ជីវភាព​ គ្រួសារ​ ប្រចាំ​ថ្ងៃ។  ការ​សុំ​ អន្តរាគមន៍​នេះ ធ្វើ​ឡើង​ បន្ទាប់ ​ពី​ពួក​គាត់ ​ត្រូវ​ បាន​តុលាការ ចេញ​ដីកា​ កោះ​ហៅ ​ជុំវិញ​ រឿង​ទំនាស់ ​ដីធ្លី​នេះ។


ជំទប់​ទី​២ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ មក​ពី​គណបក្ស​កាន់​អំណាច និង​ជា​តំណាង​ប្រជាពលរដ្ឋ អ្នកស្រី សុំ អូន មាន​ប្រសាសន៍​ពី​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ ថា ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​ចែក​ឲ្យ​ពលរដ្ឋ​ក្រីក្រ​កាល​ពី​ឆ្នាំ ​២០១១ ក្នុង​មួយ​គ្រួសារ ២​ហិកតារ ចំនួន ១៥​គ្រួសារ​នោះ ពួក​គាត់​បាន​ដាំ​ដុះ​រយៈពេល ១​ឆ្នាំ ស្រាប់​តែ​អ្នក​មាន​ទ្រព្យ​ធន​នៅ​ក្រុង​ប៉ោយប៉ែត ម្នាក់​ឈ្មោះ លោក សយ សុខុម ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ប្លង់​រំលោភ​យក​ដី និង​ប្ដឹង​ទៅ​តុលាការ គំរាម​កំហែង​ពួក​គាត់ ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ដាំ​ដុះ​នៅ​លើ​ដី​បាន​ឡើយ៖ «ដី​របស់​ពួក​ ខ្ញុំ បើ​អត់​មាន​អ្នក​ជួយ​ទេ ខ្ញុំ​មិន​ដឹង​ទៅ​ពឹងពាក់​កន្លែង​ណា មាន​តែ​សំណូមពរ​ទៅ​ថ្នាក់​លើ​ឲ្យ​គាត់​ជួយ ព្រោះ​ដី​ពួក​យើង​ខ្ញុំ​ស្រប​ច្បាប់។»

ប្រជាពលរដ្ឋ​បាន​ទទួល​ដីកា​កោះ​ហៅ​ពី​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចំនួន​បី​លើក​ជា​បន្តបន្ទាប់ ហើយ​ដីកា​ចុង​ក្រោយ​ឲ្យ​ពួក​គាត់​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៦។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក សយ សុខុម អះអាង​ថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​លោក​មាន​ប័ណ្ណ​កាន់​កាប់​ត្រឹមត្រូវ តែ​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​ទៅ​កាន់​កាប់​លើ​ដី​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា រឿង​នេះ​លោក​មិន​ចង់​ប្ដឹង​ទៅ​តុលាការ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ប្រជាពលរដ្ឋ​មិន​ព្រម​ចាក​ចេញ​ពី​ដី៖ «ខ្ញុំ​ឈប់​យោគយល់​ ឲ្យ​ពួក​គាត់​ហើយ ព្រោះ​គាត់​នាំ​គ្នា​រក​រឿង​ខ្ញុំ​តែ​រហូត​មក​អ៊ីចឹង។ ខ្ញុំ​និយាយ​ល្អ​ជាមួយ​ពួក​គាត់​តាំង​ពី​អើយ​មក​ម្ល៉េះ តែ​គាត់​គិត​ថា ខ្ញុំ​ជា​មនុស្ស​មាន​បុណ្យ​ស័ក្ដិ​ធំ​ដុំ​អី តាម​ពិត​ខ្ញុំ​ជា​មនុស្ស​ធម្មតា​ដូច​គេ​ដូច​ឯង​សោះ។»

ផ្ទៃដី​ដែល​មាន​បញ្ហា​ចំនួន ៣០​ហិកតារ ស្ថិត​នៅ​ចំណុច​រនាម​ដូន​សំ ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដី​នេះ​មាន​ទំនាស់​គ្នា​ដោះស្រាយ​មិន​ចេញ​ជាង ៣​ឆ្នាំ​មក​ហើយ។
មេ​ឃុំ​ទួលពង្រ លោក ទឹម ម៉ន បញ្ជាក់​ថា ដី​នេះ​អាជ្ញាធរ​ស្រុក​ពិត​ជា​បាន​បែង​ចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ ចំនួន ១៥​គ្រួសារ​ប្រាកដ​មែន ប៉ុន្តែ​លោក​ថា ដី​នោះ​មាន​ទំនាស់​ដោយសារ​ម្ចាស់​ដី​គឺ​ជា​សាច់ញាតិ​របស់ លោក សយ សុខុម ទាមទារ​យក​ដី​នោះ​ពី​ប្រជាពលរដ្ឋ​វិញ៖ «ដី​នោះ​បើ​ទុក​ជា​សម្បត្តិ​ជា​រួម ម្ចាស់​ដើម​គេ​មិន​តវ៉ា​អី​ទេ តែ​ដល់​ឲ្យ​ទៅ​ជា​របស់​បុគ្គល​ផ្ទាល់​អ៊ីចឹង ម្ចាស់​គេ​ក៏​វិញ​ទៅ។»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ការ​ស៊ើប​អង្កេត​រឿង​ទំនាស់​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​សម្រួល​ឲ្យ​ពួក​គាត់​យក​ដី​នោះ​ទៅ​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ ប្រចាំ​ថ្ងៃ៖ «ដី​នេះ​ប្រជាពលរដ្ឋ​ធ្វើ​ការ​កាប់​ឆ្ការ​ស្អាត បែរ​ទៅ​ជា​អ្នក​មាន​លុយ​មាន​អំណាច ទៅ​ដណ្ដើម​យក​ពី​ពួក​គាត់​ទៅ​វិញ។ វា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។»

ពលរដ្ឋ​ម្នាក់​ឈ្មោះ លោក យ៉ាន សឿត ក្នុង​ចំណោម ១០​នាក់ ត្រូវ​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ដីកា​កោះ​ហៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មករា ដដែល។ តុលាការ​បាន​ប្រាប់​ពួក​គាត់​ឲ្យ​ចាក​ចេញ​ពី​ដី​ទំនាស់ ដោយ​យោង​តាម​ដីកា​រក្សា​ការពារ​ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​ពុំ​បាន​ដឹង​ពី​ដីកា​រក្សា​ការពារ​នោះ​ឡើយ។ ពួក​គាត់​បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ឲ្យ​ផ្អាក​ដីកា​រក្សា​ការពារ​នោះ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​បន្ត​ទៅ​ទៀត៕




No comments:

Post a Comment