Paris Peace Accords 23 Oct. 1991

Tuesday, January 12, 2016

សមត្ថកិច្ច​ ថា, កម្មករ​ យ៉ាង​តិច ​៤នាក់​ ស្លាប់ និង​រង​របួស ​៦៧នាក់ ករណី​ រថយន្ត​ ដឹក​កម្មករ​ ជែង​គ្នា​ | Authority says at least 4 garment workers dead, 67 injured in collision

សមត្ថកិច្ច​ ថា, កម្មករ​ យ៉ាង​តិច ​៤នាក់​ ស្លាប់ និង​រង​របួស ​៦៧នាក់ ករណី​ រថយន្ត​ ដឹក​កម្មករ​ ជែង​គ្នា​

(រូបថតពីហ្វេសប៊ុក)

សមត្ថកិច្ច ឲ្យដឹង​ ថា, ​កម្មករ កាត់​ដេរ​ យ៉ាង​តិច ៤នាក់​ ស្លាប់ និង៦៧​នាក់ ​ផ្សេង​ទៀត ​រង​របួស​ ធ្ងន់ និង​ស្រាល ក្នុង​ហេតុ​ការណ៍​ រថ​យន្ត​ ដឹក​កម្មករ​ ប៉ះគ្នា ជាមួយ ​រថយន្ត ដឹកកម្មករ ដូចគ្នា នៅ​លើ​កំណាត់ ​ផ្លូវ​លេខ​៤១ ក្នុង​ស្រុក​ គងពិសី ខេត្ត​ កំពង់​ស្ពឺ។

អធិការ​ស្រុកគងពិសី លោក ឃឹម សុផាន់​រ៉ា ប្រាប់​វីអូឌី(VOD)នៅ​ព្រឹក​ថ្ងៃអង្គារនេះ​ថា​ហេតុការ​ណ៍នេះ​កើតឡើង​នៅ​ម៉ោង ​ប្រ​ហែល​ជា​៦និង​៣០​នាទី​ព្រឹក​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៤១​ ចន្លោះ​គីឡូម៉ែត្រ​លេខ៩ និង​លេខ​១០ ក្នុង​ឃុំ​រកាកោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ លោក​បញ្ជាក់​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​ដោយ​ថា​ការ​បើក​ជែង​គ្នា​ រវាង​រថយន្ត​ដឹក​កម្មករ​ទាំង​ពីរ។ ​
លោក​ឲ្យ​ដឹង​ទៀត​ថាកម្មការិនី​៤នាក់​បាន​ ស្លាប់​នៅ​នឹង​កន្លែងកើត​ហេតុនិងកម្មករប្រុស​ស្រី​៦៧​នាក់​ផ្សេង​ទៀត​រងរបួស ​ធ្ងន់និងស្រាល ហើយត្រូវ​បាន​​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទី​រពេទ្យ។ លោក​បន្ត​ថា​សាក​សពជន​រងគ្រោះ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារដែល​ ពីរនាក់​នៅ​ក្នុង​ស្រុក​បសេដ្ឋនិង​ពីរនាក់​នៅ​ក្នុង​ស្រុក​គងពិសី​។​
លោក ឃឹម សុផាន់​រ៉ា បញ្ជាក់​ថាអ្នក​បើក​បរ​បាន​គេច​ខ្លួន​ក្រោយ​មាន​ហេតុការណ៍​កើត​ឡើង ហើយ​លោក​ថាសមត្ថកិច្ច​កំពុង​ស្វែង​រក​អ្នក​បើក​បរ​ទាំង​ពីរ​នាក់នោះ។
ប្រ​ធាន​សហព័ន្ធ​សហជីពមិត្ត​ភាព​កម្មករ លោក សៀង សម្បត្តិ ឲ្យ​ដឹងថា​កម្មករ​ដែលធ្វើដំណើរ​លើ​រថយន្តទាំងពីរ​​ធ្វើ​ការ​នៅ​ក្នុង​រោង​ ចក្រ​ណៅ​ខប(Now Corp)។ លោក​បន្ត​ថាកម្មករ​ដែល​រង​របួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ផ្សារថ្នល់ទទឹងនិងទី​រួម​ខេត្ត​កំពង់​ស្ពឺ។ ទោះ​យ៉ាងណា លោក​ថាព័ត៌មាន​បឋម​ដែល​លោក​ទទួល​បាន​ពី​ក្រុម​ការ​ងារ​របស់​លោក​នៅ​បម្រើ​ ការ​នៅ​ក្នុង​រោង​ចក្រ​នោះ​ឲ្យ​ដឹងថាចំនួន​អ្នក​របួស​ធ្ងន់ និង​ស្រាលមាន​ចំនួ​ជិត​៦៧​នាក់​។
លោក សៀង ពុទ្ធី កម្មករ​ដែល​ឃើញ​ហេតុការណ៍នោះ ប្រាប់​វីអូឌី(VOD)ថារថ​យន្ត​ដែល​លោក​ជិះ​ទៅធ្វើការ​ មាន​គ្នា​ប្រ​ហែល​ជា៤០​នាក់និង​រថ​យន្ត​មួយ​ទៀត​មាន​គ្នា​ប្រ​ហែល​ជា​៧០ទៅ​ ៨០​នាក់។ លោក​បន្ត​ថា​រថ​យន្ត​ដែល​ដឹក​កម្មករ​ច្រើន​នោះបាន​បើក​ជែង​រថ​យន្ត​ដែល​ លោកកំពុង​ជិះ តែ​លោក​ថានៅ​ពេល​កំពុងបើក​ជែង​​ក៏​មាន​រថ​យន្ត​កូរ៉េ​ផ្សេង​មួយ​ទៀត​នៅ​ខាង​ មុខទិស​ដៅ​បញ្ច្រាស​គ្នា ទើប​ធ្វើ​ឲ្យ​ម្ចាស់​រថ​យន្ត​ដែលបើក​ជែង​នោះ ​រេ​ចង្កូ​ត​​មក​ប៉ះ​ជាមួយ​រថ​យន្ត​ដែល​លោក​កំពុង​ជិះ។ លោក​បញ្ជាក់​ថា​រថយន្ត​ដែល​បើក​ជែង​បាន​ក្រ​ឡាប់​ធ្លាក់​ប្រឡាយនិង​បង្កឲ្យ​ មាន​កម្មករ​ស្លាប់។ លោក​បន្ថែម​ថា​កម្មការិនីក្នុង​រថ​យន្ត​របស់​លោក​២នាក់​របួស​ធ្ងន់និង​៨នាក់ ​របួស​ស្រាល។ លោកចាត់ទុកគ្រោះ​ថ្នាក់​ប៉ះ​គ្នា​នេះកើត​ឡើងពី​ការ​ធ្វេស​ប្រ​ហែស​របស់​អ្នក ​បើក​បរ។
លោក​បន្ថែម​ថា៖ "ហើយ​វាវ៉ា​មក​លើ​ ផ្លូវ​ឡើងទួល...ពេល​វ៉ា​អ៊ីចឹង​ថា​អត់​ឲ្យ​វាទៅ​លឿន​ទេ​ ដ៏​ពេល​វ៉ា​ទៅ​វាគេច​ឡាន​មួយ​មក​ពី​ខាង​ជើង​វ៉ាក់​អើ​គ្នាទៅ វាគេច​មក​ទាក់​កញ្ចក់​ឡាន​ខ្ញុំ ហើយទៅឡាន​ជាប់គ្នា​ទៅ អ៊ីចឹងទៅ​កាច់​ចង្កូត​ទៅ​ណា​អត់​រួច អានោះ(ឡាន)​ បោក​ក្បាលទាញ​ធ្លាក់​ប្រ​ឡាយ​ទៅ...មកពី​តៃកុង...វាវ៉ា​អត់​មើល​ថា​គួរ​ឡើង​ វ៉ា មិន​គួរឡើងវ៉ា”
លោក សៀ ពុទ្ធី ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ក៏​ដូច​ជា​ក្រុម​ហ៊ុន​ចាត់​ចែង​ឲ្យ​មាន​រថ​យន្ត​របស់​ ក្រុម​ហ៊ុន​សម្រាប់​ដឹក​កម្មករ​ពី​ផ្ទះ​មក​កន្លែងធ្វើ​ការនិងពី​កន្លែង​ ធ្វើការ​មក​ផ្ទះ​វិញនិង​មាន​មនុស្ស​ជិះ​យ៉ាង​ច្រើន​៤០​នាក់។ លោក​ថាធ្វើ​បែប​នេះ​កម្មករ​អាច​មានសុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ដែល​លោក​ថាសព្វ​ថ្ងៃ​កម្មករ​ជួល​រថ​យន្តជិះ​ខ្លួន​ឯង​ និងមាន​ចំនួន​អ្នក​ជិះ​ច្រើន។
គួររំឭក​ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តស្វាយរៀងដែលបង្កដោយរថយន្តក្រុង​ដឹកអ្នកដំណើរភ្នំពេញ-ហូជីមិញទៅលើរថយន្តតួរីស១៦កៅអីបណ្ដាលឲ្យកម្មករ១៨នាក់ស្លាប់ អ្នកបើករថយន្តទូរីសរបស់កម្ម​ករ​ស្លាប់និងកម្មករ២០នាក់ផ្សេងទៀតបានរងរបួស៕



No comments:

Post a Comment