មន្ត្រី រដ្ឋាភិបាល បញ្ជាក់ ជាថ្មី ថា, មិនលើកលែង ឲ្យអ្នក ប្រើហិង្សា កាលពីបោះឆ្នោត ឆ្នាំ២០១៣
RFA / វិទ្យុ អាស៊ី សេរី | ១១ មករា ២០១៦
មន្ត្រី រដ្ឋាភិបាល បញ្ជាក់ ជាថ្មី ថា, មិន លើកលែងឲ្យ ចំពោះ អ្នក ប្រព្រឹត្តិ អំពើហិង្សា កាលពី អំឡុងពេល បោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ទេ។ រហូត មកដល់ ពេលនេះ អាជ្ញាធរ អះអាង ថា, នៅតែ បន្ត ស៊ើបអង្កេត ករណី ដុតឡាន កង រាជអាវុធហត្ថ នៅមុខវត្ត ស្ទឹងមានជ័យ នៅឡើយ ទោះ ជាករណីនេះ បានអូសបន្លាយ ជាច្រើនឆ្នាំ មកហើយក្ដី។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងនៅថ្ងៃទី១១ មករា ថា អំពើហិង្សានៅក្នុងអំឡុងខែមករា ឆ្នាំ២០១៣ នោះ គឺជាការរៀបចំរបស់អ្នកប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលពេលនោះជារដ្ឋាភិបាលចាំផ្ទះ។ លោកបញ្ជាក់ថា ទាំងការដុតរថយន្ត ការបាញ់សម្លាប់មនុស្សនៅស្ពានក្បាលថ្នល់ ផ្លូវវ៉េងស្រេង និងស្ទឹងមានជ័យ គឺស្ថិតនៅក្នុងកញ្ចប់ស៊ើបអង្កេតតែមួយ៖ «អា ហ្នឹងវាឋិតនៅចង្កោមហ្នឹង សូម្បីតែផ្លូវវ៉េងស្រេង ក៏ឋិតនៅក្នុងន័យហ្នឹងហើយ។ មួយចង្កោម មួយយុទ្ធនាការ ដើម្បីផ្លាស់ប្ដូរ ដើម្បីផ្ដួលរំលំ ដើម្បីបដិវត្តន៍ពណ៌ ដើម្បីប្រើប្រាស់ក្នុងឧបាយកល។»
លោក ខៀវ សុភ័គ សង្កត់ធ្ងន់លើពាក្យផ្លាស់ប្ដូរ ដែលគណបក្សសង្គ្រោះជាតិ ប្រើនៅពេលនោះ។ នៅក្នុងដំណាក់កាលនេះដែរ លោកព្រមានគណបក្សប្រឆាំងទុកជាមុនទៀតថា ការនិយាយអំពីការផ្លាស់ប្ដូរ គឺអាចធ្វើទៅបានតែក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប៉ុណ្ណោះ។
ឆ្លើយតបបញ្ហានេះ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សលោកមិនមាននយោបាយគាំទ្រហិង្សាទេ៖ «មាន រឿងច្រើនណាស់ដែលពាក់ព័ន្ធទៅនឹងអំពើហិង្សាតាំងតែពីឆ្នាំ ១៩៩៣ មកហ្នឹង មានអ្នកកាសែតស្លាប់ប៉ុន្មាននាក់ ហើយអ្នកដែលបោកគ្រាប់បែក ៣០ មីនា ស្លាប់ប៉ុន្មាននាក់? រឿងដេលបង្កឡើងដោយរដ្ឋប្រហារឆ្នាំ១៩៩៧ ហ្នឹងយ៉ាងម៉េច ហើយរឿងហិង្សាបន្តបន្ទាប់ទៀត ខិតខំរកឱ្យឃើញដើម្បីរកយុត្តិធម៌ទៅ កុំសំដៅតែលើគណបក្សប្រឆាំងដែលមានតែបាតដៃទទេ ហើយពាក្យផ្លាស់ប្ដូរ គឺជាពាក្យផ្លាស់ប្ដូរដោយសន្តិវិធី ដោយអហិង្សា គឺជាពាក្យត្រូវប្រើក្នុងសង្គមប្រជាធិបតេយ្យ។»
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហ្វូងមនុស្សមួយក្រុមដែលភាគច្រើនជាយុវជន បាននាំគ្នាវាយកម្ទេច និងដុតរថយន្តកងរាជអាវុធហត្ថចំនួន ២គ្រឿង នៅមុខវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ។ ការដុតរថយន្តកងរាជអាវុធហត្ថនេះ គឺបន្ទាប់ពីមានការតវ៉ាអំពីភាពមិនប្រក្រតីមួយចំនួន បញ្ហាបាត់ឈ្មោះបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងសាលាបឋមសិក្សា ស្ទឹងមានជ័យ។ ក្រុមយុវជនមានកំហឹងនឹងកងរាជអាវុធហត្ថ ដែលប្រុងចូលការពាររថយន្តពេទ្យមួយគ្រឿង ជម្លៀសមន្ត្រីរៀបចំការបោះឆ្នោតឃុំចេញពីមណ្ឌលបោះឆ្នោត។
ការឲ្យបន្តស៊ើបអង្កេតករណីដុតឡានកងរាជអាវុធហត្ថនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីសន្និបាតគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជន កម្ពុជា នៅព្រឹកថ្ងៃទី១០ មករា។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការរំឭករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ព្រោះតែការដុតរថយន្តនេះជាបទល្មើសព្រហ្មទណ្ឌ ហើយមិនមែនជារឿងនយោបាយដែលអាចរំលត់បានទេ៖ «អ៊ីចឹងសម្ដេចណែនាំ ឲ្យសមត្ថកិច្ចបន្តការស្រាវជ្រាវ ព្រោះបទល្មើសព្រហ្មទណ្ឌនេះ វាមិនអាចរលត់បណ្ដឹងអាជ្ញាបានទេក្នុងការកំណត់មួយក្នុងរយៈពេល ២០ ឬ ១៥ឆ្នាំអី វានៅមានសុពលភាពនៅឡើយទេ។ អ៊ីចឹងដូចជាអ្នកដែលមានប្រព្រឹត្តអំពើហិង្សាអីផ្សេងៗ ដែលជាបទល្មើសព្រហ្មទណ្ឌហ្នឹង អាហ្នឹងគឺថាមិនអាចរលត់បាននូវបណ្ដឹងអាជ្ញាទេ។ វាត្រូវតែធ្វើតាមនីតិវិធីតុលាការ។ ម្សិលមិញនេះ គាត់គ្រាន់តែទាញអារម្មណ៍សមត្ថកិច្ច ដើម្បីបន្តស្រាវជ្រាវ ដើម្បីធ្វើយ៉ាងណាកែក្លាយប្រទេសយើងឲ្យទៅជានីតិរដ្ឋ កុំឲ្យគេចោទថានិទ្ទណ្ឌភាពចេះតែហូរហែអ៊ីចឹង។ រឿងមួយបាត់ទៅ រឿងមួយកើតឡើង។ អ៊ីចឹងអាហ្នឹងជាការមិនល្អទេក្នុងការដឹកនាំប្រទេស។ វាត្រូវតែមានការអនុវត្តលទ្ធិប្រជាធិបតេយ្យផ្សារភ្ជាប់នឹងនីតិរដ្ឋ។»
ទាក់ទងនឹងការបាញ់ស្លាប់មនុស្សនៅក្បាលថ្នល់ និងស្ទឹងមានជ័យ នោះដែរ លោក សុខ ឥសាន មានប្រសាសន៍ថា ស្ថិតនៅក្រោមការស៊ើបអង្កេតបន្តនៅឡើយ។ រីឯករណីបាញ់សម្លាប់នៅផ្លូវវ៉េងស្រេង វិញ លោកថ្លែងថា ជាសមត្ថកិច្ចអំណាចរបស់រដ្ឋបង្ក្រាបអំពើហិង្សាក្នុងសង្គម៖ «អា ហ្នឹងកុំឲ្យយល់ច្រឡំ ដូចជាបាតុកម្មហិង្សានៅផ្លូវវ៉េងស្រេង អី អាហ្នឹងជាតួនាទីរបស់សមត្ថកិច្ច ដើម្បីការពារសណ្ដាប់ធ្នាប់ ស្ថិរភាព និងសុវត្ថិភាពសន្តិសុខសង្គម។ អាហ្នឹងសមត្ថកិច្ចរបស់រដ្ឋត្រូវធ្វើហើយ អត់មានចាំបាច់ស៊ើបអង្កេតអីទេ។ កន្លែងណាក៏ធ្វើដែរ មិនមែនតែប្រទេសកម្ពុជា យើងទេ ប្រទេសក្រៅ ជាពិសេសអាមេរិក ក៏ធ្វើដែរ ដូចជាករណីជនប្រដាប់អាវុធបាញ់ផ្ដេសផ្ដាសហ្នឹង អាហ្នឹងរដ្ឋអំណាចរបស់ប្រទេសគេហ្នឹង ត្រូវមានវិធានការទប់ស្កាត់ហើយ។»
ទាក់ទងករណីដុតឡានកងរាជអាវុធហត្ថនេះដែរ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍ចំពោះចេតនារបស់អាជ្ញាធរលើការស៊ើបអង្កេតករណីហិង្សាទាំង នោះ ប៉ុន្តែលោកអំពាវនាវឲ្យអាជ្ញាធរ ស៊ើបអង្កេតដោយយុត្តិធម៌។
អំពើហិង្សាដែលចាប់ផ្ដើមកើតឡើងពីការតវ៉ាអំពីភាពមិនប្រក្រតី នៅមណ្ឌលបោះឆ្នោតស្ទឹងមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពីការបោះឆ្នោត អ្នកគាំទ្របក្សប្រឆាំងបាននាំគ្នាធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះ ឆ្នោត បានអូសបន្លាយរហូតដល់ដើមខែមករា ឆ្នាំ២០១៤ ដែលក្រុមអ្នកប្រឆាំងរដ្ឋាភិបាល ចង់ឲ្យមានការបើកហិបឆ្នោតមណ្ឌលដែលមានបញ្ហានោះ រាប់សន្លឹកឆ្នោតឡើងវិញ។ ការតវ៉ាដោយហ្វូងបាតុករភាគច្រើនជាយុវជន បានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ដោយសារការប៉ះទង្គិច និងការបាញ់ប្រហារពីកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល។ ក្រៅពីនេះ ក៏មានការខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈជាច្រើនទៀត។ រហូតមកដល់ពេលនេះ នៅមិនទាន់មានភាគីណាមួយទទួលខុសត្រូវចំពោះបញ្ហានេះទេ៕
No comments:
Post a Comment