អាជ្ញាធរ នឹងទប់ស្កាត់ ការធ្វើពិធី រំលឹកខួប អ្នកស្លាប់ នៅផ្លូវ វ៉េងស្រេង
RFA / វិទ្យុ អាស៊ី សេរី | ២ មករា ២០១៦
ក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះ និងអ្នក ដែលអាជ្ញាធរ ចាប់ដាក់ ពន្ធនាគារ បានរួមគ្នា ជាមួយ សហជីព កម្មករ នឹងធ្វើពិធី រំលឹកខួប ២ឆ្នាំ នៃការស្លាប់ របស់ កម្មករ ក្នុងប្រព្រឹត្តិការណ៍ តវ៉ា ដំឡើង ប្រាក់ឈ្នួល ១៦០ដុល្លារ។ ពិធី ជួបជុំនេះ គេ គ្រោងធ្វើ នៅក្បែរ សួនកាណាឌីយ៉ា ស្ថិតនៅ លើផ្លូវ វ៉េងស្រេង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ នៅថ្ងៃ ទី៣ ខែមករា។
មន្ត្រីសាលារាជធានីភ្នំពេញ ព្រមានប្រើវិធានការទប់ស្កាត់ការជួបជុំរបស់ក្រុមសហជីពដែលប៉ុនប៉ង ធ្វើពិធីរំលឹកខួប ២ឆ្នាំ ជូនអ្នកស្លាប់ក្នុងប្រព្រឹត្តិការណ៍តវ៉ាដំឡើងប្រាក់ឈ្នួលនៅផ្លូវ វ៉េងស្រេង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍នៅថ្ងៃទី២ មករា ថា សាលារាជធានីនឹងមានវិធានការទប់ស្កាត់ចំពោះការប៉ុនប៉ងជួបជុំគ្នា ធ្វើពិធីនេះ។ លោកថា សាលារាជធានីមិនបានឃើញសេចក្ដីជូនដំណឹង ឬលិខិតសុំការអនុញ្ញាតណាមួយដើម្បីរៀបចំធ្វើពិធីនេះទេ៖ «យើង ខ្ញុំក៏អត់មានទទួលការស្នើសុំរៀបចំអីនៅទីតាំងសាធារណៈអ៊ីចឹងដែរ។ ការរៀបចំពិធីអីក៏ដោយ នៅទីតាំងសាធារណៈបើមិនមានការសុំច្បាប់ពីអាជ្ញាធរដែនដីទៅគឺថា យើងមិនអនុញ្ញាតជូនទេ គឺជាទង្វើខុសច្បាប់មួយ។ ខ្ញុំមិនអនុញ្ញាតឲ្យធ្វើទេ។»
ទាក់ទងបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលជាមនុស្សម្នាក់ក្នុងចំណោមសហជីពដទៃដែលផ្ដួចផ្ដើមរៀបចំពិធីនេះ ថ្លែងថា ពួកគាត់រៀបចំពិធីនេះ ពុំមានការជូនដំណឹងសាលារាជធានីនោះទេ ពីព្រោះជាពិធីសាសនាដែលនឹងរាប់បាត្របង្សុកូលជូនវិញ្ញាណក្ខន្ធអ្នក ស្លាប់នៅទីកន្លែងកើតហេតុ។
លោកថា ទាំងអ្នកស្លាប់អ្នករបួស និងអ្នកដែលអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារគឺបានបូជាជីវិតទាមទារ ដំឡើងប្រាក់ឈ្នួលជូនកម្មករ ដើម្បីលើកស្ទួយជីវភាពកម្មករ៖ «អត់ មានច្បាប់អីត្រូវជូនដំណឹង ព្រោះយើងធ្វើនេះគ្រាន់តែជាការគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលតែប៉ុណ្ណោះ អត់មានហែក្បួនតវ៉ាបាតុកម្មអីទេ។ យើងចង់រំលឹកឲ្យកម្មករខ្មែរទាំងអស់ឲ្យបានដឹងថា ការដំឡើងប្រាក់ឈ្នួលកន្លងមកគឺជាការចូលរួមចំណែកពីអ្នកស្លាប់ ទាំងនោះយ៉ាងធំធេង។ យើងឃើញថា រហូតមកដល់ពេលនេះមិនទាន់ទទួលបានយុត្តិធម៌អ្វីទាល់តែសោះ។»
ពាក់ព័ន្ធនឹងសំណងយុត្តិធម៌នេះ សាច់ញាតិជនរងគ្រោះដែលស្លាប់ដោយគ្រាប់កាំភ្លើងនៅលើផ្លូវវ៉េងស្រេង សម្ដែងក្ដីអស់សង្ឃឹម។
អ្នកស្រី ឈីវ សារ៉ុន ជាភរិយារបស់សពលោក យាន រិទ្ធី ដែលមានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ និយាយថា ពន្លឺយុត្តិធម៌គ្មានទេសម្រាប់គ្រួសារគាត់៖ «ខ្ញុំអត់បានទៅផង ឆ្នាំនេះខ្ញុំមកធ្វើនៅផ្ទះ ខ្ញុំធ្វើបាយសម្លទៅវត្ត។ រយៈពេល ២ឆ្នាំហើយគ្មានរឿងអីដែលអាចថា ធ្វើឲ្យខ្ញុំសង្ឃឹមបាន។ គ្មានប្រយោជន៍អីសោះគិតៗទៅ។»
កាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា ឆ្នាំ២០១៤ មានព្រឹត្តិការណ៍បង្ក្រាបលើកម្មករនៅក្បែររោងចក្រយ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌដង្កោ ក្នុងពេលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។ ពេលនោះកម្មករចំនួន ៤នាក់ត្រូវបានគេបាញ់សម្លាប់ ម្នាក់បាត់ខ្លួន និងមនុស្សជិត ៤០នាក់របួស។ ចំណែកកម្មករ និងសកម្មជនសិទ្ធិមនុស្ស ២៣នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន និងផ្ដន្ទាទោសដាក់ពន្ធនាគារមួយរយៈ។ ការបាញ់សម្លាប់ និងការចាប់ខ្លួននេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិរិះគន់យ៉ាងខ្លាំង ហើយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ស្វែងរកមុខជនទទួលខុសត្រូវលើការបាញ់សម្លាប់កម្មករតវ៉ាទាមទារ ដំឡើងប្រាក់ខែមកផ្ដន្ទាទោស៕
No comments:
Post a Comment