Paris Peace Accords 23 Oct. 1991

Wednesday, January 27, 2016

របាយការណ៍៖ កម្ពុជា ​​ប្រឈម​ នឹង​ការ​ធ្លាក់​ ទៅ​ក្នុង​របប ​ផ្ដាច់ការ | Cambodia on 'Cusp’ of Authoritarianism

របាយការណ៍៖ កម្ពុជា ​​ប្រឈម​ នឹង​ការ​ធ្លាក់​ ទៅ​ក្នុង​របប ​ផ្ដាច់ការ


ញ៉យ ចំរើន គង់ សភា ៦២០
តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ទាំង​ពីរ​រូប ដែល​ត្រូវ​បាតុករ​មួយ​ក្រុម វាយ​ដំ​ឲ្យ​របួស នៅ​មុខ​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។  RFA/Uon Chhin

សន្ទស្សន៍​ ប្រជាធិបតេយ្យ​ នៃ​ភ្នាក់ងារ​ ស៊ើប​អង្កេត ​សេដ្ឋកិច្ច (The Economist Intelligence Unit) ដែល​បាន ​ចេញ​ផ្សាយ​ នៅ​ខែ​ មករា បង្ហាញ​ថា, ប្រទេស​កម្ពុជា កំពុង​ ប្រឈម​ នឹង​ការ​ធ្លាក់ ​ទៅ​ក្នុង​ របប​ផ្ដាច់ការ។  សន្ទស្សន៍​នេះ ​រក​ឃើញ ​ថា, ស្ថានភាព​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ធ្លាក់​ចុះ បើ​ ប្រៀបធៀប​ ទៅ​នឹង​បណ្ដា​ឆ្នាំ​ កន្លង​ទៅ។

ប្រទេស​កម្ពុជា ទទួល​បាន ​ចំណាត់​ថ្នាក់ ​ទី​១១៣ ក្នុង​ចំណោម ១៦៧​ ប្រទេស នៅ​ក្នុង​សន្ទស្សន៍ ​ប្រជាធិបតេយ្យ​ របស់ ​ភ្នាក់ងារ​ ស៊ើប​អង្កេត ​សេដ្ឋកិច្ច។  បើ​ ប្រៀបធៀប​ ទៅ​នឹង​ឆ្នាំ​ ២០១៤  ស្ថានភាព​ ប្រជាធិបតេយ្យ​ នៅ​ឆ្នាំ​ ២០១៥ ថយ​ចុះ។

​នៅ​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុសរុប​ចំនួន ៤,២៧ គឺ​ស្ថិត​ក្នុង​ក្រុម​ប្រទេស​របប​កូន​កាត់​ប្រជាធិបតេយ្យ​ពាក់​កណ្ដាល ផ្ដាច់ការ​ពាក់​កណ្ដាល។ តាម​ពិន្ទុ​នេះ ប្រទេស​កម្ពុជា ហៀប​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រទេស​របប​ផ្ដាច់ការ។ នៅ​ឆ្នាំ​២០១៤ កម្ពុជា​នៅ​ចំណាត់​ថ្នាក់​ទី​១០៣។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មិន​ភ្ញាក់ផ្អើល​នឹង​ការ​រក​ឃើញ​នេះ​ទេ។ សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ​ថ្លែង​ថា ការ​អនុម័ត​ច្បាប់​ស្ដីពី​អង្គការ​សមាគម ច្បាប់​សហជីព និង​សេចក្ដី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​គំរាម​កំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ។

​សន្ទស្សន៍​ប្រជាធិបតេយ្យ​នេះ មាន​សូចនាករ​ចំនួន​៥ ដើម្បី​ដាក់​ពិន្ទុ​កំណត់​កម្រិត​ប្រជាធិបតេយ្យ​របស់​ប្រទេស​នីមួយៗ​លើ​ សកលលោក។ សូចនាករ​ទាំង​នោះ​មាន​ប្រព័ន្ធ​បោះឆ្នោត និង​ពហុបក្ស (electoral process and pluralism) សេរីភាព​សង្គម​ស៊ីវិល (civil liberties) ការ​បំពេញ​តួនាទី​របស់​រដ្ឋាភិបាល (the functioning of government) ការ​ចូលរួម​ផ្នែក​នយោបាយ (political participation) និង​វប្បធម៌​នយោបាយ (political culture)។

​ពិន្ទុ​របស់​កម្ពុជា នៅ​ឆ្នាំ​២០១៥ នេះ គឺ​ទាប​ជាង​ពេល​បណ្ដា​ឆ្នាំ​មុន​ទាំង​អស់ ដែល​សន្ទស្សន៍​នេះ​បាន​អង្កេត។ កម្ពុជា ទទួល​បាន​ពិន្ទុ​សរុប​ក្នុង​រង្វង់ ៤,៧​ ហើយ​ចន្លោះ​ពី​ឆ្នាំ​២០០៦ ដល់​២០១៤។ សន្ទស្សន៍​នេះ ដាក់​ពិន្ទុ​ពី​លេខ ០ ដល់ ១០ ដើម្បី​រក​ចំណាត់​ថ្នាក់​ពី​កម្រិត​នៃ​ប្រជាធិបតេយ្យ។ ពិន្ទុ​សរុប​នៃ​ប្រទេស​នីមួយៗ នឹង​ប្រាប់​ពី​កម្រិត​នៃ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​នោះ ដូចជា​ពិន្ទុ ៨ ដល់ ១០ តំណាង​ឲ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ (full democracies) ពិន្ទុ ៦ ដល់ ៧,៩ ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​ទន់​ខ្សោយ (flawed democracies) ពិន្ទុ ៤ ដល់ ៥,៩  ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពាក់​កណ្ដាល ផ្ដាច់ការ​ពាក់​កណ្ដាល ឬ​របប​កូន​កាត់ (hybrid regimes) និង​ពិន្ទុ​ក្រោម ៤ តំណាង​ឲ្យ​របប​ផ្ដាច់ការ (authoritarian regimes)។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​កាន់​អំណាច ទាំង​លោក សុខ ឥសាន និង​លោក ឈឹម ផលវរុណ មិន​ចាប់​អារម្មណ៍​នឹង​ការ​ដាក់​ចំណាត់ថ្នាក់​សន្ទស្សន៍​ប្រជាធិបតេយ្យ​នេះ​ ឡើយ។ លោក សុខ ឥសាន បញ្ជាក់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ចាំបាច់​ឲ្យ​បរទេស​ណា​មក​វាយ​តម្លៃ​នោះ​ទេ។

​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច​នេះ ពន្យល់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្លាក់​ចុះ។ មូលហេតុ​ចម្បង គឺ​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ដែល​បាន​ស្ដែង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ បន្ទាប់ពី​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ខែ ​តុលា។ ការ​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ចំណាត់​ថ្នាក់​ចំនួន ១០​លេខ ពី​១០៣ នៅ​ឆ្នាំ​២០១៤ មក ១១៣ នៅ​ឆ្នាំ​២០១៥។

​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ស្រប​នឹង​ការ​រក​ឃើញ​នេះ។ លោក​ចង់​ឃើញ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ដើរ​ទៅ​រក​ភាព​ប្រក្រតី​វិញ​មុន​ការ​បោះ​ឆ្នោត​មក​ដល់។

​ក្រុម​ប្រទេស​កាន់​របប​កូនកាត់ ដែល​កម្ពុជា​ជា​សមាជិក​ម្នាក់​ដែរ គឺ​សំដៅ​លើ​ប្រទេស​ដែល​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះឆ្នោត ហើយ​រដ្ឋាភិបាល​ជា​រឿយៗ ដាក់​សម្ពាធ​លើ​ក្រុម​បក្ស​ប្រឆាំង។ ក្នុង​នោះ​រួម​មាន​ខ្វះ​ការ​អនុវត្ត​ពេញលេញ វប្បធម៌​សន្ទនា ការ​បំពេញ​តួនាទី​របស់​រដ្ឋាភិបាល និង​ការ​ចូល​រួម​ផ្នែក​នយោបាយ ហើយ​អំពើ​ពុករលួយ​មាន​សភាព​ធ្ងន់ធ្ងរ។ ការ​អនុវត្ត​នីតិរដ្ឋ​ក៏​នៅ​ទន់​ខ្សោយ ចំណែក​សង្គម​ស៊ីវិល ក៏​ត្រូវ​បាន​គេ​រឹតត្បិត ពិសេស​ស្ថានភាព​គំរាមកំហែង និង​ធ្វើ​បាប​អ្នក​សារព័ត៌មាន​នៅ​បន្ត​កើត​មាន​ឡើង ហើយ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ៕


No comments:

Post a Comment