សហគមន៍ ជនជាតិដើម ភាគីតិច ខេត្ត រតនគិរី គ្រោងប្ដឹង ក្រុមហ៊ុន ឈូសឆាយ ដីព្រៃ
RFA / វិទ្យុ អាស៊ី សេរី | ៣០ មករា ២០១៦
ប្រជាពលរដ្ឋ រស់នៅ ភូមិ សមុទ្រ លើស្រុក លំផាត់ ខេត្ត រតនគិរី ទាមទារ ឲ្យអាជ្ញាធរ ពាក់ព័ន្ ចុះដោះស្រាយ បញ្ហាដីធ្លី ជូនពួកគាត់ តាមការសន្យា ពីព្រោះ ក្រុមហ៊ុន និងមន្ត្រី ពាក់ព័ន្ធ មិនទាន់បាន ចាត់វិធានការ កាត់ដី ជូនអ្នកភូមិ តាមការ សម្របសម្រួល ពីតំណាង រាជរដ្ឋាភិបាល នៅឡើយ។
ប្រជាពលរដ្ឋភូមិសមុទ្រលើជាង ៥០នាក់ នៅថ្ងៃទី២៩ ខែមករា បានជួបប្រជុំគ្នានៅសាលាប្រជុំភូមិរបស់សហគមន៍ដើម្បីពិភាក្សាលើ គម្រោងដាក់ពាក្យប្ដឹងក្រុមហ៊ុន រត្ន សាខន ដែលបានរំលោភកិច្ចសន្យាឈូសឆាយដីត្រៀមបម្រុងសហគមន៍។
ការជួបប្រជុំគ្នានេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន រត្ន សាខន បន្តឈូសឆាយដីព្រៃអស់ជាង ៣០០ហិកតារបន្ថែមទៀត ដើម្បីពង្រីកដីសម្បទាន ខណៈអ្នកភូមិកំពុងរង់ចាំដំណោះស្រាយតាមការសន្យារបស់អាជ្ញាធរ ពាក់ព័ន្ធការកាត់ចេញដីត្រៀមបម្រុងរបស់សហគមន៍ជាង ២ពាន់ហិកតារពីដីសម្បទានរបស់ក្រុមហ៊ុន។
ប្រធានសហគមន៍ភូមិសមុទ្រលើ លោក ទុយ ញ៉េប អះអាងថា អ្នកភូមិនឹងរៀបចំពាក្យប្ដឹងក្រុមហ៊ុនតាមរយៈអង្គការសិទ្ធិមនុស្ស ដើម្បីអន្តរាគមន៍ស្វែងរកដំណោះស្រាយ និងបញ្ឈប់ការរំលោភបំពាន៖ «ឯកឧត្ដម លី ធុច ចុះមកហ្នឹង ២ពាន់ហិកតារ មិនទាន់បានទេ នៅលើក្រុមហ៊ុនទាំងអស់។ ខ្ញុំរៀបចំប្រជុំនេះដើម្បីឲ្យសហគមន៍ធ្វើពាក្យប្ដឹងដើម្បីពឹង ពាក់លើអង្គការអាដហុក។»
ដូចគ្នានេះដែរចាស់ទុំប្រចាំភូមិ លោក សល់ ញូ កត់សំគាល់ដែរថា ការអូសបន្លាយពេលវេលាកាត់ដីប្រគល់ជូនអ្នកភូមិជាហេតុធ្វើឲ្យ អ្នកភូមិអស់ជំនឿលើការសន្យារបស់ក្រុមហ៊ុន និងមន្ត្រីមូលដ្ឋាន។ម្យ៉ាងវិញទៀតដីព្រៃសហគមន៍កាន់តែច្រើនត្រូវ បានក្រុមហ៊ុនរំលោភឈូសឆាយ៖ «ប្រជាពលរដ្ឋមិនយល់ព្រមឲ្យក្រុមហ៊ុន ឈូសទេ មិនយល់ព្រមឲ្យបរិស្ថានធ្វើជម្រកសត្វព្រៃក្នុងដីសហគមន៍ទេ អ៊ីចឹងហើយបានជាគេមិនអស់ចិត្តថា ឲ្យមេសហគមន៍ជូនរបាយការណ៍ទៅថ្នាក់លើ។»
ក្រុមហ៊ុន រត្ន សាខន ទទួលបានដីសម្បទានសេដ្ឋកិច្ចជាង ៧ពាន់ហិកតារ ឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ដែលជាតំបន់សហគមន៍ភូមិសមុទ្ទលើ បានរស់នៅនឹងអាស្រ័យផលព្រៃឈើតំបន់នោះតាមលក្ខណៈប្រពៃណីជនជាតិ ដើមភាគតិចច្រើនជំនាន់មកហើយ។ ករណីនេះអ្នកភូមិតវ៉ារក្សាដីតំបន់នោះទុកជាដីត្រៀមបម្រុង អាស្រ័យផលរបស់សហគមន៍។
កាលពីជិតពាក់កណ្ដាលខែកុម្ភៈ បេសកជនតំណាងរាជរដ្ឋាភិបាល លោក លី ធុច ជាទេសរដ្ឋមន្ត្រីរួមជាមួយមន្ត្រីពាក់ព័ន្ធអាជ្ញាធរខេត្តរតនគិរី បានសម្របសម្រួលឲ្យក្រុមហ៊ុន រត្ន សាខន ទទួលយករូបមន្តស្បែកខ្លា ពោលគឺបង្កើតក្រុមការងារចុះសិក្សាកាត់ដីត្រៀមបម្រុងចេញពីដី សម្បទានសេដ្ឋកិច្ចក្រុមហ៊ុនជូនប្រជាពលរដ្ឋតាមការតវ៉ារបស់ពលរដ្ឋ ក៏ប៉ុន្តែរហូតបច្ចុប្បន្នក្រុមការងារសិក្សាវាស់វែងកាត់ដីនេះ នៅមិនទាន់សម្រេចលទ្ធផលជូនប្រជាពលរដ្ឋនៅឡើយ។
ទាក់ទិនករណីនេះដែរ អភិបាលស្ដីទីស្រុកលំផាត់ លោក នូ ថេរ មានប្រសាសន៍បញ្ជាក់ថា ក្រុមការងារបានរៀបចំឯកសារស្ដីពីការស្នើសុំកាត់ដីជូនពលរដ្ឋ ដាក់ជូនក្រសួងបរិស្ថានដែលជាអ្នកគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ សម្រេច ក៏ប៉ុន្តែមិនទាន់ឃើញការឆ្លើយតបយ៉ាងណានៅឡើយ។
លោកទទួលស្គាល់ថា ក្រុមហ៊ុនបានឈូសឆាយដីបន្ត ក៏ប៉ុន្តែអាជ្ញាធរបានបញ្ឈប់ការឈូសឆាយនោះវិញ ហើយដោយសារតែក្រុមហ៊ុនភាន់ច្រឡំតំបន់ឈូសឆាយដីសម្បទានទើបធ្វើឲ្យ អ្នកភូមិតវ៉ាជាថ្មីនេះ៖ «ខ្ញុំបានចុះទៅហើយ រឿងសំណើបានដាក់ដល់ក្រសួងហើយ ប៉ុន្តែមិនទាន់ធ្លាក់មក។ រឿងឈូសឆាយខ្ញុំបានឲ្យផ្អាកហើយរឿងភ័ន្តច្រឡំគ្នាកន្លែងដី ២ពាន់ហិកតារហ្នឹង។»
រីឯប្រធានទីស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ គឺលោក ធិម វិចិត្រ អះអាងដែរថា អាជ្ញាធរពាក់ព័ន្ធបានផ្អាកមិនឲ្យក្រុមហ៊ុនឈូសឆាយទៅលើតំបន់ដី មានទំនាស់នោះទេ ពីព្រោះអាជ្ញាធរកំពុងរង់ចាំការសម្រេចពីថ្នាក់ក្រសួង៖ «មានការច្រឡំគ្នាអ្នកចុះវាស់វែង និងអ្នកនៅផ្សេងគ្នា អ៊ីចឹងពេលចុះទៅប្រជាពលរដ្ឋថាត្រង់នេះក្រុមហ៊ុនថា ត្រង់នោះ។ ឥឡូវកន្លែងហ្នឹងគេឲ្យផ្អាកទាំងអស់ហើយ ទាំងប្រជាពលរដ្ឋ ទាំងក្រុមហ៊ុនក៏អត់។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន រត្ន សាខន សុំអធិប្បាយករណីនេះបានទេ នៅថ្ងៃទី២៩ ខែមករា។ ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីថ្នាក់មូលដ្ឋាននៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោក លោក មាស សុភា ដែលបានចូលរួមសង្កេតការណ៍ករណីទំនាស់ដីធ្លីសហគមន៍ភូមិសមុទ្ទលើ អះអាងថា លោកនឹងចុះអង្កេតករណីឈូសឆាយដីជាថ្មីរបស់ក្រុមហ៊ុនរំលោភទៅលើ កិច្ចសន្យាកាត់ដីជូនសហគមន៍ លោកអំពាវនាវផងដែរឲ្យអាជ្ញាធរពាក់ព័ន្ធប្រញាប់ដោះស្រាយការតវ៉ា របស់សហគមន៍ដើម្បីបញ្ចប់ជម្លោះដីធ្លីមួយនេះ៖ «ដំណោះស្រាយហ្នឹងមានភាពយឺតយ៉ាវធ្វើឲ្យសហគមន៍កាន់តែអូសបន្លាយ ពេល។ ខាងខ្ញុំនឹងចុះទៅតាមដាន និងអង្កេតរឿងហ្នឹងឲ្យបានឆាប់ ហើយព្យាយាមពន្លឺគណៈកម្មការហ្នឹងឲ្យបានឆាប់។»
នៅរសៀលថ្ងៃទី២៩ ខែមករា បន្ទាប់ពីបញ្ចប់កិច្ចជួបពិភាក្សាគ្នា អ្នកភូមិសមុទ្រលើគ្រប់ក្រុមគ្រួសារបានផ្ដិតមេដៃលើពាក្យប្ដឹង និងប្រគល់សិទ្ធិជូនតំណាងអ្នកភូមិ ៥នាក់ នាំយកពាក្យប្ដឹងក្រុមហ៊ុន រត្ន សាខន ដាក់ជូនការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ៕
No comments:
Post a Comment