តុលាការ បដិសេធ សំណើសុំ ឆ្លើយបំភ្លឺ របស់ លោក សម រង្ស៊ី
RFA / វិទ្យុ អាស៊ី សេរី | ២ មករា ២០១៦
ព្រះរាជអាជ្ញា រង សាលាដំបូង រាជធានីភ្នំពេញ ច្រានចោល សំណើសុំ ឆ្លើយបំភ្លឺ តាមប្រព័ន្ធ អ៊ីនធឺណិត (Internet) របស់ លោក សម រង្ស៊ី លើករណី បណ្ដឹង បរិហារកេរ្តិ៍ លោក ហេង សំរិន។ មេធាវី របស់លោក ហេង សំរិន បានប្ដឹងចោទ លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ ដែលលោក សម រង្ស៊ី បានសរសេរ នៅលើ អ៊ីនធឺណិត ពាក់ព័ន្ធ នឹងតួនាទី របស់លោក ហេង សំរិន ជុំវិញ ការកាត់ទោស អតីត ព្រះមហាក្សត្រ។
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ វង្ស ប៊ុនវិសុទ្ធ ដែលចេញដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលបំភ្លឺនៅតុលាការ បដិសេធសំណើចំពោះមធ្យោបាយឆ្លើយសំណួររបស់ប្រធានបក្សប្រឆាំង។ លោកបញ្ជាក់ថា សំណើរបស់លោក សម រង្ស៊ី មិនត្រឹមត្រូវតាមនីតិវិធីរបស់តុលាការកម្ពុជា៖ «នេះជាការយល់ឃើញ ជាការអត្ថាធិប្បាយរបស់គាត់ ប៉ុន្តែនៅក្នុងនីតិវិធីរបស់តុលាការអត់មានបែបហ្នឹងទេ។»
លោក សម រង្ស៊ី ដែលកំពុងឋិតនៅក្រៅប្រទេសត្រូវតុលាការរាជធានីភ្នំពេញ កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី៤ ខែមករា ហើយលោក សម រង្ស៊ី យល់ព្រមតាមដីកានេះ ក៏ប៉ុន្តែលោកប្រកាសថា លោកនឹងឆ្លើយបំភ្លឺតាមប្រព័ន្ធអ៊ីនធឺណិត។
លោក សម រង្ស៊ី បានប្រាប់ពីមូលហេតុថា ការដែលលោកជ្រើសរើសយកប្រព័ន្ធអ៊ីនធឺណិត ដូចជាស្កែប្ភ (Skype) ដែលជាកម្មវិធីសន្ទនាគ្នាពីចម្ងាយតាមអ៊ីនធឺណិត ហើយមើលមុខគ្នាឃើញ ដោយសារប្រធានរដ្ឋសភាលោក ហេង សំរិន ប្ដឹងលោកដោយសម្អាងលើសារដែលលោកបានសរសេរនៅលើប្រព័ន្ធអ៊ីនធឺណិត ដូចគ្នាដែរ ហើយលោកចង់សន្សំសំចៃពេលវេលា និងថវិកាផង។
នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី ហុង គឹមសួន ដែលឃ្លាំមើលដំណើរការរបស់សាលាក្ដីខ្មែរក្រហម បានពន្យល់ថា សាលាក្ដីកូនកាត់មួយនេះ អនុញ្ញាតឲ្យសាក្សី និងជនជាប់ចោទឆ្លើយបំភ្លឺតាមប្រព័ន្ធអ៊ីនធឺណិត បាន៖ «សាលាក្ដី ខ្មែរក្រហមនេះ ភាគច្រើនចៅក្រមស៊ើបអង្កេតសួរសាក្សី ភាគច្រើនចាត់ឲ្យសួរជំនួស (ពេល) ហៅសាក្សីចូលអត់បាន អ៊ីចឹងអាចសួរក្នុងដំណាក់កាលស៊ើបអង្កេតនៅតាមទីតាំងឆ្ងាយៗដែលមិន អាមកបាន អាហ្នឹងមានសិទ្ធិឲ្យអ្នកទៅសួរជំនួស។ អ៊ីចឹងក្នុងសាច់រឿងនេះ (រឿងលោក សម រង្ស៊ី) យើងមានស្ថានទូតខ្មែរយើងនៅប្រទេសដែលឯកឧត្ដម សម រង្ស៊ី ស្នាក់នៅហ្នឹង អ៊ីចឹងអាជ្ញាធរមានសមត្ថកិច្ចដែលត្រូវសួរ អាចសួរជំនួសចៅក្រមស៊ើបអង្កេតបានតាមការចង្អុលបង្ហាញរបស់ចៅក្រម ស៊ើបអង្កេត។»
បណ្ដឹងរបស់លោក ហេង សំរិន ចោទលោក សម រង្ស៊ី ថាបានបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) ថា សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការគ្រប់គ្រងរបស់លោក ហេង សំរិន ធ្លាប់បានកាត់ទោសប្រហារជីវិតអតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះនរោត្តម សីហនុ ពីបទក្បត់ជាតិ។
លោក សម រង្ស៊ី នៅថ្ងៃទី២ ខែមករា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ពន្យល់ប្រាប់ចៅក្រមថា លោកមិនបាននិយាយចេញឈ្មោះលោក ហេង សំរិន នោះទេ នៅក្នុងអត្ថបទ និងការអត្ថាធិប្បាយទាំងប៉ុន្មាន ដែលលោកបានបង្ហោះលើទំព័រហ្វេសប៊ុក។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ឲ្យដឹងថា សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងវីដេអូមួយដែលថតនៅឆ្នាំ១៩៨៣ បានថ្កោលទោសលោក ហេង សំរិន ថាធ្វើការដើម្បីបម្រើផលប្រយោជន៍ប្រទេសវៀតណាម។ លោកបានចែកចាយវីដេអូនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥៕
No comments:
Post a Comment