Paris Peace Accords 23 Oct. 1991

Wednesday, January 6, 2016

អតីត​ អភិបាល​ស្រុក​ នៅ​មណ្ឌលគិរី​ ថា,​ វៀតណាម​ បន្ត​ ធ្វើ​ចម្ការ​ លើ​ដី​ ជម្លោះ ​ក្បែរ​ប៉ុស្តិ៍​ ដាក់​ដាំ | Former district chief in Mondolkiri says Vietnam continues to farm on land in dispute near Dak Dam post

អតីត​ អភិបាល​ស្រុក​ នៅ​មណ្ឌលគិរី​ ថា,​ វៀតណាម​ បន្ត​ ធ្វើ​ចម្ការ​ លើ​ដី​ ជម្លោះ ​ក្បែរ​ប៉ុស្តិ៍​ ដាក់​ដាំ
RFA / វិទ្យុ អាស៊ី សេរី | 
៦ មករា ២០១៦
 

ខ្សែ​ក្រវាត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ៦២០
ខ្សែ​ក្រវាត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ដែល​ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​អះអាង​ថា ស្លាក​នេះ​វៀតណាម បោះ​ចូល​ដី​ខ្មែរ​ច្រើន​គីឡូម៉ែត្រ​នៅ​ខេត្ត​មណ្ឌលគិរី។ រូបថត​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ (RFA/Men Sothyr)

អតីត​ អភិបាល​ស្រុក ​អូររាំង និង​ពលរដ្ឋ​ រស់នៅ​ ជិត​ព្រំដែន​ កម្ពុជា-វៀតណាម អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល ពន្លឿន​ ដោះស្រាយ​ បញ្ហា​ព្រំដែន ​នៅ​តំបន់ ​អូរ​ហុច ដែល​វៀតណាម ហៅ​ថា ដាក់​ហ៊ូត។  ការ​អំពាវនាវ​នេះ ធ្វើ​ឡើង ​បន្ទាប់ ​ពី​ប្រជាជន ​វៀតណាម បន្ត​ ធ្វើ​កសិកម្ម​ នៅ​តំបន់​ ដែល​កំពុង​ ប្រទាញប្រទង់​គ្នា​ នៅ​ចំណុច ​អូរ​ដាង ឬ​តំបន់​ ដែល​ពុំ​ទាន់ ​ឯកភាព​គ្នា​ កំណត់​បង្គោល​ ព្រំដែន​នៅ​ឡើយ។

អ្នក​ភូមិ ​រស់នៅ​ ជិត​តំបន់ ​នោះ​ អះអាង​ ថា, ការ​ពន្យារ​ពេល​ ដោះស្រាយ គឺ​ ជា​ឱកាស​ របស់​ វៀតណាម បន្ត​ឈ្លាន​ពាន​ បូរណភាព​ ទឹក​ដី​ របស់​ កម្ពុជា បន្ទាប់​ ពី​វៀតណាម បាន​ធ្វើ​ប៉ុស្តិ៍​ ចូល​ដី​ខ្មែរ​ ជាច្រើន ​គីឡូ​ម៉ែត្រ​ កន្លង​មក។

ការ​អះអាង​បែប​នេះ បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តំបន់​អូរ​ហុច ឬ​ដាក់​ហ៊ូត ដែល​កំពុង​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​វៀតណាម។ លើស​ពី​នេះ ភាគី​នៃ​ប្រទេស​ទាំង​ពីរ ធ្លាប់​បាន​ឯកភាព​គ្នា​ឲ្យ​រក្សា​ស្ថានភាព​ទីតាំង​ដដែល មិន​អនុញ្ញាត​ឲ្យ​ភាគី​ណា​សាងសង់ ឬ​ធ្វើ​អ្វី​នៅ​តំបន់​ហាម​ឃាត់​នោះ​ទេ។

ក៏ប៉ុន្តែ អតីត​អភិបាល​ស្រុក​អូររាំង មើល​ឃើញ​ថា ប្រជាជន​វៀតណាម កំពុង​ធ្វើ​ចម្ការ​លើ​ដី​ដែល​មិន​ទាន់​ដោះស្រាយ ឬ​នៅ​តំបន់​ដាក់​ដាំ ដែល​រដ្ឋាភិបាល​វៀតណាម ធ្លាប់​អះអាង​ថា ជា​ដី​របស់​ខ្លួន ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ។

អតីត​អភិបាល​ស្រុក​អូររាំង លោក សៅ សារឹម ហាក់​មិន​អស់​ចិត្ត ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា បណ្តោយ​ឲ្យ​វៀតណាម សង់​ប៉ុស្តិ៍​នគរបាល​ប្រចាំ​ច្រក​ព្រំដែន​ចូល​ដី​ខ្មែរ​ជិត ១០​គីឡូម៉ែត្រ ហើយ​បន្ត​ធ្វើ​កសិកម្ម​នៅ​តំបន់​ដែល​កំពុង​ចម្រូងចម្រាស​នោះ។ លោក​កត់​សម្គាល់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ធ្លាប់​បាន​ព្រមព្រៀង​គ្នា​កំណត់​បង្គោល​ព្រំដែន​ត្រង់​ចំណុច​អូរ​ហុច ឬ​ដាក់​ហ៊ូត ក៏ប៉ុន្តែ​វៀតណាម នៅ​តែ​បន្ត​សង់​ប៉ុស្តិ៍​ប៊ូប្រាំង និង​អគារ​ផ្សេង​ទៀត​នៅ​តំបន់​នោះ។ លោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​វៀតណាម គោរព​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​កំណត់​ ព្រំដែន​កន្លង​មក ដែល​យក​អូរ​ហុច ឬ​ដាក់​ហ៊ូត ជា​ខ្សែ​បន្ទាត់​ព្រំដែន ហើយ​ប៉ុស្តិ៍​វៀតណាម ក៏​មិន​ត្រូវ​សាងសង់​ចូល​លើ​ដី​ខ្មែរ​ដែរ៖ «រដ្ឋាភិបាល ​លោក​បាន​កំណត់​ជាមួយ​វៀតណាម ថា យក​ព្រំដែន​នៅ​អូរ​ហុច វៀតណាម ហៅ​ថា ដាក់​ហ៊ូត ដើម្បី​ឲ្យ​វា​ជាក់លាក់ កុំ​ឲ្យ​ពលរដ្ឋ​នៅ​ទន្ទឹង​រង់ចាំ គឺ​ឲ្យ​វៀតណាម យក​កិច្ចព្រមព្រៀង​ទៅ​នៅ​ក្រោយ​ដាក់​ហ៊ូត។»

លោក សៅ សារឹម បារម្ភ​ថា ប្រជាជន​វៀតណាម បន្ត​ធ្វើ​ចម្ការ​ត្រង់​ចំណុច​អូរ​ដាង ឆ្ងាយ​ពី​ប៉ុស្តិ៍​ដាក់​ដាំ របស់​កម្ពុជា ជាង ១​គីឡូម៉ែត្រ និង​ឆ្ងាយ​ពី​អូរ​ហុច ឬ​ដាក់​ហ៊ូត ជិត ១០​គីឡូម៉ែត្រ ដែល​វៀតណាម ចាត់​ទុក​តំបន់​នេះ​ថា​ជា​តំបន់​ស ឬ​ខ្សែ​បន្ទាត់​ព្រំដែន។ លោក​កត់​សម្គាល់​ថា មាន​បង្គោល​ព្រំដែន​ចំនួន​៦ ដែល​បារាំង បាន​បោះ​ឆ្ងាយ​ពី​ប៉ុស្តិ៍​ដាក់​ដាំ​របស់​កម្ពុជា ជិត ៣០​គីឡូម៉ែត្រ និង​ឆ្ងាយ​ពី​តំបន់​អូរ​ដាង ដែល​វៀតណាម កំពុង​ធ្វើ​ចម្ការ​ជាង ២០​គីឡូម៉ែត្រ៖ «ខ្ញុំ​គិត​ថា ហេតុ​អ្វី​រដ្ឋាភិបាល​មិន​យក​រឿង​ពិត​មក​និយាយ។ ធ្វើ​អ្វីៗ​ដោះស្រាយ​អ្វីៗ​ហាក់​ដូចជា​លម្អៀង ហាក់​ដូចជា​រណប។»

ស្ពាន​អូរ​ដាង​ព្រំដែន​វៀតណាម​កម្ពុជា ៦២០
ស្ពាន​អូរ​ដាង ដែល​វៀតណាម ចាត់​ទុក​ជា​តំបន់​ស ឬ​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ខេត្ត​មណ្ឌលគិរី។ រូបថត​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Men Sothyr

ជុំវិញ​ក្តី​បារម្ភ​នេះ ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ភូមិ​ពូឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង លោក បូរ៉េត កាំពី កត់​សម្គាល់​ថា ការ​កំណត់​បង្គោល​ព្រំដែន និង​ការ​ផ្តល់​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​របស់​កម្ពុជា ហាក់​ធ្វើ​ឡើង​ដោយ​អាថ៌កំបាំង ដែល​ផ្ទុយ​ពី​រដ្ឋាភិបាល​វៀតណាម ដែល​បើក​ទូលាយ​នូវ​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ។ លោក​ជឿជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តំបន់​អូរ​ហុច ឬ​ដាក់​ហ៊ូត ធ្វើ​ឲ្យ​កម្ពុជា ចាញ់​ប្រៀប​ជាង​វៀតណាម ឆ្ងាយ ខណៈ​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ភូមិ​ពូឡេះ ពុំ​អាច​ប្រមូល​អនុផល​ព្រៃ​ឈើ​នៅ​តំបន់​អូរ​ហុច ឬ​ដាក់​ហ៊ូត បាន​ដូច​មុន​ឡើយ ដោយ​មាន​តម្រួត​វៀតណាម ហាម​ឃាត់។ ដោយឡែក​ភាគី​វៀតណាម វិញ កំពុង​គ្រប់គ្រង​តំបន់​នោះ​ហាក់​ដូចជា​ប្រទេស​របស់​ខ្លួន៖ «ព្រំដែន​សម័យ ​បារាំង នៅ​ឯ​នាយ នៅ​ឯង​ឆ្ងាយ តែ​ព្រំដែន​សម័យ​ឥឡូវ គឺ​ជិត​បង្កើយ ដូច​ខាង​យើង​ដូច​អត់​ចាប់​អារម្មណ៍ បើ​ខាង​គេ​មាន​ប្រជាជន​ចាប់​អារម្មណ៍។»

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ លោក ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា បាន​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជាង ៣០​ឆ្នាំ​កន្លង​មក សម្រេច​បាន​ជាង ៨០%។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ចម្រុះ​នៃ​ប្រទេស​ទាំង​ពីរ ខិតខំ​ធ្វើ​យ៉ាង​ណា​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​សេសសល់​ដោយ​ទ្វេ ​ភាគី​ឲ្យ​រួច​រាល់។ លោក​អះអាង​ថា ជំហរ​របស់​រដ្ឋាភិបាល គឺ​ទុក​នៅ​ដដែល ពុំ​មាន​ការ​ប្រែប្រួល​ទេ​ទាក់ទិន​បញ្ហា​ព្រំដែន​នៅ​តំបន់​ដាក់​ដាំ និង​ដាក់​ហ៊ូត៖ «ជំហរ​រដ្ឋាភិបាល​ច្រើន​ដង​ហើយ ដូច្នេះ​ស្នើសុំ​ទុក​នៅ​ដដែល អត់​មាន​ប្រែប្រួល​ទេ។ ស្ថានភាព​នៅ​តំបន់​ដាក់​ដាំ និង​ដាក់​ហ៊ូត។»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដឹក​នាំ​ដោយ​លោក​បណ្ឌិត សុខ ទូច បាន​ទេ​នៅ​ថ្ងៃ​ទី​៥ មករា ដើម្បី​សាកសួរ​ពី​បង្គោល​ព្រំដែន​ពី​ជំនាន់​បារាំង ចំនួន​៦ ដែល​ឋិត​នៅ​ឆ្ងាយ​ពី​តំបន់​អូរ​ហុច ឬ​ដាក់​ហ៊ូត ជាង ២០​គីឡូម៉ែត្រ។ យ៉ាង​ណា លោក​ធ្លាប់​អះអាង​ថា ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​រក​ឃើញ​បង្គោល​ព្រំដែន​សម័យ​អាណានិគម​បារាំង មួយ​ចំនួន ហើយ​ក្រុម​របស់​លោក​នឹង​បង្ហាញ​ឯកសារ​ស្រាវជ្រាវ​ជា​សាធារណៈ ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ពី​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង។

ប៉ុស្តិ៍​ដាក់ដាំ​ខេត្ត​មណ្ឌលគិរី ៦២០
ប៉ុស្តិ៍​ដាក់ដាំ​របស់​កម្ពុជា នា​ខេត្ត​មណ្ឌលគិរី។ រូបថត​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Men Sothyr

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន កត់​សម្គាល់​ថា ការ​ចរចា​ទ្វេ​ភាគី​នូវ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម បង្ក​ឲ្យ​កម្ពុជា ចាញ់​ប្រៀប​វៀតណាម ច្រើន។ បញ្ហា​នេះ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ដោយ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទើប​អាច​មាន​ពន្លឺ​យុត្តិធម៌។ លោក​ថា បើ​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ កម្ពុជា មាន​ប្រៀប​ជាង​វៀតណាម ដូចជា​កម្ពុជា មាន​សេចក្តី​សម្រេច​របស់​អគ្គទេសាភិបាល​បារាំង ប្រចាំ​ឥណ្ឌូចិន ឆ្នាំ​១៩១៤ ដែល​កំណត់​ថា ព្រំដែន​ត្រូវ​ដើរ​តាម​អូរ​ហុច ឬ​ដាក់​ហ៊ូត ហើយ​កម្ពុជា មាន​ផែនទី​បោន (Bone) ខ្នាត ១/១០០.០០០ ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ជា​ភស្តុតាង​អាច​ទាមទារ​ដី​ប្រមាណ ៥០​គីឡូម៉ែត្រ​ការ៉េ​ពី​តំបន់​អូរ​ហុច ឬ​ដាក់​ហ៊ូត​ពី​វៀតណាម៖ «ព្យាយាម​ អស់​ហើយ ធ្លាប់​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ឈរ​ទៅ​លើ​បង្គោល ​បារាំង ដែល​បារាំង បោះ​ក្នុង​សម័យ​បារាំង ១២៤​បង្គោល តាម​អនុសញ្ញា​កូសាំងស៊ីន ១៨៧៣។ តែ​រដ្ឋាភិបាល​មិន​ព្រម​យក​អា​ហ្នឹង​ទេ រដ្ឋាភិបាល​យក​តាម​សន្ធិសញ្ញា​ឆ្នាំ​២០០៥ យក​តាម​សន្ធិសញ្ញា​១៩៨៥ សម័យ​យួន គ្រប់គ្រង។»

អ្នក​វិភាគ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល បើ​កម្ពុជា ពុំ​មាន​យុទ្ធនាការ​រៀបចំ​បញ្ហា​ព្រំដែន​ឡើង​វិញ​ទេ។ លោក​ចាត់​ទុក​ការ​បោះ​បង្គោល​ព្រំដែន​កន្លង​មក​របស់​រដ្ឋាភិបាល ថា​ហាក់​ដូចជា​បោះ​ដើម្បី​យក​រួច​ខ្លួន ខណៈ​ស្ថានភាព​ទឹក​ដី​របស់​កម្ពុជា នៅ​តែ​មាន​ហានិភ័យ​ច្រើន និង​ចាញ់​ប្រៀប​ជាង​វៀតណាម គ្រប់​កន្លែង។ លោក​មាន​ជំនឿ​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ចំណុច​អូរ​ហុច ឬ​ដាក់​ហ៊ូត ត្រូវ​មាន​ភាគី​ទី​បី ឬ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) អន្តរាគមន៍ ទើប​ការ​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​យុត្តិធម៌៖ «ខ្ញុំ​អត់​មាន​ជំនឿ​ទេ ដោយសារ​ផែនទី​ត្រឹមត្រូវ​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​អត់​មាន​សុឆន្ទៈ​យក ទី​១។ ទី​២ ខ្ញុំ​អត់​មាន​ជំនឿ​ច្រើន​ទេ​នៅ​ពេល​ដែល​យក​ផែនទី​មួយ​ចេញ​ពី​ដៃ​វៀតណាម ហើយ​យក​មក​បោះ​បង្គោល​ព្រំដែន។ ទី​៣ ខ្ញុំ​ក៏​ពុំ​មាន​ជំនឿ បើ​ពុំ​មាន​ការ​ចូលរួម​ពេញ​លេញ​ពី​តំណាង​ពលរដ្ឋ។»

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់​មាន​បន្ទូល​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​ភាព​សាំញ៉ាំ និង​ជំងឺ​ដ៏​រ៉ាំរ៉ៃ​រឿង​ព្រំដែន​សម្រាប់​កម្ពុជា គឺ​ជា​កំហុស​ដែល​អាច​កើត​ចេញ​ពី​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​មិន​ប្រើប្រាស់​អំណាច​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​សន្ធិសញ្ញា​ទសវត្ស​ឆ្នាំ​៨០ ហើយ​កាល​នោះ របប​រដ្ឋ​កម្ពុជា គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​ប្រទេស​វៀតណាម ក្នុង​រឿង​ព្រំដែន​នោះ។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៥៥ និង​មាត្រា​២ ចែង​ថា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹក​ដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​លុប​ចោល។ បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩៕


No comments:

Post a Comment