Freedom House ចាត់ថ្នាក់ កម្ពុជា ថាvមិនមាន សេរីភាព ផ្នែកសិទ្ធិ នយោបាយ និងសេរីភាព ពលរដ្ឋ
RFA / វិទ្យុ អាស៊ី សេរី | ២៨ មករា ២០១៦
អង្គការ ការពារ សិទ្ធិមនុស្ស អន្តរជាតិ ហ្វ្រីដឹម ហៅស៍ (Freedom House) ចំណាត់ថ្នាក់ កម្ពុជា ថា ជាប្រទេស មិនមាន សេរីភាព។ ចំណាត់ថ្នាក់នេះ បង្ហាញថា, សេរីភាព នៅកម្ពុជា មិនមាន ភាពប្រសើរ ឡើយ បើ ធៀបទៅ នឹងចំណាត់ថ្នាក់ ដែលហ្វ្រីដឹម ហៅស៍ ផ្តល់ ឲ្យកម្ពុជា កាលពីឆ្នាំ ២០១៥។
របាយការណ៍ មានចំណងជើងថា សេរីភាពលើពិភពលោកឆ្នាំ២០១៦ ដែលចេញផ្សាយដោយអង្គការ ហ្វ្រីដឹម ហៅស៍ នៅខែមករា នេះ បានសិក្សាទៅលើកត្តាសំខាន់បំផុតចំនួនពីរ គឺសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋរបស់ប្រជាជនក្នុងប្រទេសជិត២០០។
របាយការណ៍បង្ហាញថា កម្ពុជា ទទួលបានពិន្ទុចំនួន៣២ ក្នុងចំណោមពិន្ទុសរុប១០០។ ពិន្ទុនេះបញ្ជាក់ថា ពលរដ្ឋកម្ពុជា មិនមានសេរីភាពពេញលេញក្នុងការប្រតិបត្តិសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋឡើយ។ ចំណាត់ថ្នាក់នេះ ធ្វើឲ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេសទាំងអស់៥០ លើពិភពលោក ដែលមិនមានសេរីភាពផ្នែកសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋ ដែលមានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ។
ក្រៅពីផ្តល់ពិន្ទុទៅលើសេរីភាពជាទូទៅ ហ្វ្រីដឹម ហៅស៍ ក៏បានផ្តល់ពិន្ទុទៅលើកត្តានីមួយៗ ដោយឲ្យពិន្ទុពី ១ ដល់ ៧។ ពិន្ទុ ១ មានន័យថា មានសេរីភាពពេញលេញ ហើយ ៧ មានន័យថា មិនមានសេរីភាពទាល់តែសោះ។ ត្រង់ចំណុចនេះ កម្ពុជា ទទួលបានពិន្ទុចំនួន៦ ក្នុងផ្នែកសិទ្ធិនយោបាយ និង ៥ពិន្ទុក្នុងផ្នែកសេរីភាពពលរដ្ឋ។ ពិន្ទុនេះ គឺដូចគ្នាទៅនឹងពិន្ទុដែលកម្ពុជា ទទួលបាននៅក្នុងរបាយការណ៍របស់ ហ្វ្រីដឹម ហៅស៍ កាលពីឆ្នាំ២០១៥។
បើប្រៀបធៀបទៅនឹងប្រទេសក្នុងសមាគមអាស៊ាន កម្ពុជា មានចំណាត់ថ្នាក់ល្អជាងប្រទេសឡាវ (Lao) ប្រទេសវៀតណាម (Vietnam) និងប្រទេសមីយ៉ាន់ម៉ា (Myanmar) ស្មើគ្នាទៅនឹងប្រទេសថៃ (Thailand) ប៉ុន្តែអាក្រក់ជាងប្រទេសហ្វីលីពីន (Philippines) ប្រទេសឥណ្ឌូនេស៊ី (Indonesia) និងប្រទេសម៉ាឡេស៊ី (Malaysia)។ ដោយឡែកប្រទេសសិង្ហបុរី (Singapore) និងប្រ៊ុយណេ (Brunei) មិនមានក្នុងរបាយការណ៍សិក្សាឡើយ។
ការចេញផ្សាយរបាយការណ៍របស់ ហ្វ្រីដឹម ហៅស៍ ជួនចំពេលដែលអង្គការអន្តរជាតិផ្សេងៗទៀត បានចេញរបាយការណ៍ជាបន្តបន្ទាប់នៅក្នុងខែមករា នេះ វាយតម្លៃពុំសូវល្អពីស្ថានភាពនានានៅកម្ពុជា ក្នុងនោះមានតាំងពីអំពើពុករលួយ ការធ្លាក់ចុះនូវដំណើរការប្រជាធិបតេយ្យ និងការដឹកនាំបែបផ្តាច់ការរបស់រដ្ឋាភិបាលកម្ពុជា ជាដើម។
ទោះជាយ៉ាងណា មន្ត្រីបក្សកាន់អំណាច ពុំសូវយកចិត្តទុកដាក់ពីរបាយការណ៍ទាំងអស់នេះឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការវាយតម្លៃរបស់ ហ្វ្រីដឹម ហៅស៍ ពេលនេះ គឺផ្ទុយពីភាពជាក់ស្តែងនៃស្ថានភាពសង្គមកម្ពុជា។ លោក សុខ ឥសាន ចាត់ទុកការវាយតម្លៃរបស់អង្គការអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋ អាមេរិក មួយនេះ ថាជាចេតនាបង្កអរិភាព ឬទំនាស់ជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា៖ «សិទ្ធិនយោបាយ ឥឡូវសួរថា នៅកម្ពុជា មានគណបក្សនយោបាយប៉ុន្មាន ហើយពលរដ្ឋមានសិទ្ធិទូលំទូលាយយ៉ាងណាក្នុងការជឿជាក់ និងដើរតាមគណបក្សនយោបាយដែលមានអាទិភាពនៅកម្ពុជា។ សព្វថ្ងៃ គណបក្សនយោបាយមានជាង ៥០គណបក្ស ហើយបង្កើតថ្មី ៧ ទៅ ៨គណបក្សទៀត។ យើងថាអត់មានសិទ្ធិនយោបាយម៉េច។ ទី២ ចំពោះគណបក្សនយោបាយ លោកអាចធ្វើសកម្មភាពដោយសេរីស្របតាមគោលការណ៍ច្បាប់។»
ក្រៅតែពីវាយតម្លៃទៅលើសេរីភាពទូទៅរបស់ប្រទេសនៅលើសកលលោក ដោយផ្អែកលើផ្នែកសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋ អង្គការ ហ្វ្រីដឹម ហៅស៍ ក៏វាយតម្លៃទៅលើសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត (Internet) នៅក្នុងប្រទេសនីមួយៗផងដែរ។
កាលពីឆ្នាំ២០១៥ ហ្វ្រីដឹម ហៅស៍ បានចំណាត់ថ្នាក់កម្ពុជា ថាជាប្រទេសមិនមានសេរីភាពផ្នែកសារព័ត៌មាន និងមានសេរីភាពតិចតួចក្នុងផ្នែកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត៕
No comments:
Post a Comment