អង្គការ សិទ្ធិមនុស្ស អន្តរជាតិ ជំរុញ ឲ្យម្ចាស់ជំនួយ ដាក់សម្ពាធ លើលោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ២៧ មករា ២០១៦
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ
យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ៖លោក លោក ប្រ៊ែដ អាដាម (Brad
Adams) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នារាជធានីវ៉ាស៊ីនតុន
កាលពីថ្ងៃទី៥ កុម្ភៈ ២០១៥។ RFA/Debbie Snguon
របាយការណ៍ ប្រចាំឆ្នាំ ២០១៦ របស់ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មានមូលដ្ឋាន នៅទីក្រុង ញីវយ៉ក សហរដ្ឋ អាមេរិក លើកឡើង ថា, ប្រទេស ម្ចាស់ជំនួយ របស់កម្ពុជា បរាជ័យ ក្នុងការ ដាក់សម្ពាធ លើលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ឈប់ ការរំលោភ សិទ្ធិមនុស្ស នៅកម្ពុជា។
ក្នុងសេចក្ដីប្រកាស ព័ត៌មាន ចេញផ្សាយ នៅថ្ងៃ ទី២៧ ខែមករា, នាយក អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់ អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងថា, ប្រទេស ម្ចាស់ជំនួយ របស់ កម្ពុជា បានបង្ហាញ ពីក្ដីសង្ឃឹម របស់ខ្លួន ម្ដងហើយ ម្ដងទៀត ថា, ចង់ឃើញ កម្ពុជា ធ្វើកំណែទម្រង់, រួមមាន ការកែលម្អ ក្នុងការ គោរព សិទ្ធិមនុស្ស ជាដើម, តែ បានមកវិញ ត្រឹម ការបដិសេធ ពីលោក ហ៊ុន សែន ប៉ុណ្ណោះ។
លោក ប្រ៊ែដ អាដាម បានលើកឡើងនូវករណីរំលោភសិទ្ធិមនុស្សមួយចំនួននៅកម្ពុជា ដោយសរសេរថា លោក ហ៊ុន សែន បានបោះបង់ចោលការប្ដេជ្ញាចិត្តចំពោះវប្បធម៌សន្ទនាជាមួយគណបក្ស ប្រឆាំង ហើយបែរជាងាកទៅរកវប្បធម៌នៃការប្រើអំពើហិង្សា និងការបំភិតបំភ័យទៅវិញ កាលពីឆ្នាំ២០១៥។ បន្ថែមលើនេះ លោក ប្រ៊ែដ អាដាម ថា លោក ហ៊ុន សែន បានប្រើប្រាស់អំណាចគ្រប់គ្រងលើកម្លាំងសន្តិសុខ តុលាការ និងស្ថាប័នផ្ដល់សេវាសាធារណៈក្នុងការបង្ខំឲ្យមេដឹកនាំបក្ស ប្រឆាំងនិរទេសខ្លួនទៅក្រៅប្រទេស វាយដំអ្នកនយោបាយរបស់គណបក្សប្រឆាំង ឃុំខ្លួនអ្នករិះគន់លោក អនុម័តច្បាប់ដែលមានលក្ខណៈរឹតត្បិតសេរីភាព ព្រមទាំងបង្កើនអំណាចរបស់ខ្លួនលើស្ថាប័នរដ្ឋនៅកម្ពុជា។
លោកបន្តថា ប្រទេសម្ចាស់ជំនួយរបស់កម្ពុជា មិនបានបញ្ចេញប្រតិកម្មឲ្យបានសកម្មតបទៅវិញឡើយ ហើយហាក់បីដូចជាសឹងតែនៅស្ងៀម មិនពិចារណាពីការដាក់សម្ពាធលោក ហ៊ុន សែន ឲ្យបញ្ចប់របបគ្រប់គ្រងដែលមានការរំលោភបំពាននេះឡើយ។ លោក ប្រ៊ែដ អាដាម ថា ប្រជាជនកម្ពុជា សក្ដិសមនឹងទទួលបានស្ថានភាពប្រសើរជាងនេះ៕
No comments:
Post a Comment