Paris Peace Accords 23 Oct. 1991

Tuesday, January 5, 2016

លោក ហ៊ុន សែន នឹង​ចូលរួម​ កិច្ច​ប្រជុំ​ កំពូល​ អាស៊ាន ​នៅ​សហរដ្ឋ​ អាមេរិក​ | Hun Sen to attend high-level ASEAN meeting in US

លោក ហ៊ុន សែន នឹង​ចូលរួម​ កិច្ច​ប្រជុំ​ កំពូល​ អាស៊ាន ​នៅ​សហរដ្ឋ​ អាមេរិក​

រដ្ឋមន្ត្រី​ ក្រសួង​ ការបរទេស​ កម្ពុជា ​លោក ហោ​ ណាំហុង​ ថ្លែង ​ឲ្យ​ដឹង​ នៅ​ថ្ងៃ​ច័ន្ទ​ នេះ​ថា,​ លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​ទៅ​ ចូល​រួម​ កិច្ច​ប្រជុំ​ កំពូល​ អាស៊ាន​ ដែល​ត្រូវ​ បាន​គេ​ រាយការណ៍​ ថា ​គ្រោង​ នឹង​ចាប់​ផ្ដើម ​នៅ​ពាក់​កណ្ដាល​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ ​នេះ។
 
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៃប្រទេស​កម្ពុជា​នៅ​ក្នុងទីក្រុងប៉ារីស នៅថ្ងៃទី ២៦​ ខែតុលា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៃប្រទេស​កម្ពុជា​នៅ​ក្នុងទីក្រុងប៉ារីស នៅថ្ងៃទី ២៦​ ខែតុលា ឆ្នាំ២០១៥។
VOA / វីអូអេ | មករា ២០១៦
រដ្ឋមន្ត្រី​ ក្រសួង​ ការបរទេស​ កម្ពុជា ​លោក ហោ​ ណាំហុង​ ថ្លែង​ ឲ្យ​ដឹង ​នៅ​ថ្ងៃ​ច័ន្ទ​ នេះ ​ថា,​ លោក ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​ទៅ​ ចូល​រួម ​កិច្ច​ប្រជុំ​ កំពូល​ អាស៊ាន​ ដែល​ត្រូវ​ បាន​គេ​ រាយការណ៍​ ថា, ​គ្រោង​ នឹង​ចាប់​ផ្ដើម​ នៅ​ពាក់​កណ្ដាល ​ខែ​ កុម្ភៈ​ ឆ្នាំ​២០១៦ ​នេះ។

ការ​ថ្លែង​ របស់​ លោក ​រដ្ឋមន្ត្រី​ ការ​បរទេស​នេះ កើត​មាន​ បន្ទាប់ ពី​លោក ​បាន​ជួប​ សំណេះសំណាល ​ជាមួយ ​ក្រុម​និស្សិត ​ពី​សាកល វិទ្យាល័យ ​ភូមិន្ទ​ ភ្នំពេញ ​នៅ​ឯ​ ទីស្ដីការ ​ក្រសួង​ ការបរទេស​ នៅ​ព្រឹក ​ថ្ងៃ​ច័ន្ទ​នេះ។

នៅ​ពេល​ ដែល​ VOA សួរថា, ​តើ កម្ពុជា ​នឹង​ចូលរួម ​កិច្ច​ប្រជុំ​ ដែល​នឹង​ ធ្វើ​ឡើង​ នៅ​រដ្ឋ​ កាលីហ័្វរញ៉ា​ (California) សហរដ្ឋ​ អាមេរិក​ ដែរ​ ឬទេ, ​លោក ​រដ្ឋមន្ត្រី ថ្លែង​ ថា៖

«យើង​ នឹង​ទៅ​ យើង​ នឹង​ទៅ​ សម្ដេច​តេជោ​ នឹង​អញ្ជើញ​ ទៅ»

យ៉ាង​ណា​ក៏​ដោយ​ លោក ហោ ណាំហុង ពុំ​បាន​ផ្ដល់​ការអធិប្បាយ​លម្អិត​ ទាក់​ទិន​ដំណើរ​របស់​លោក ​ហ៊ុន សែន​ ទៅ​ចូលរួម​កិច្ច​ប្រជុំ​នោះ​ទេ។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​សហរដ្ឋអាមេរិក​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ​ជំនួប​កំពូល​របស់​សមាគម​អាស៊ាន​នេះ។​

អ្នក​វិភាគ​ ថ្លែង​ថា​ បញ្ហា​ជាច្រើន​ នឹង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​គ្នា​នៅ​ក្នុង​ជំនួប​នោះ ដោយ​រួម​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម។​

ទីភ្នាក់ងារ​ព័ត៌មាន​ AP ​និង​ Reuters​ បាន​ចេញ​សេចក្ដីរាយការណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សេត​វិមាន បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​អញ្ជើញ​មេដឹកនាំ​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​ អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​ អាស៊ាន (ASEAN) ឲ្យ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នោះ​ នៅ​ឯ​រមណីយដ្ឋាន​ឯកជន​ Sunnylands ​ក្នុង​ក្រុង​ Rancho Mirage​ ជា​ទី​ដែល​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ ហ្ស៊ី ជីនពីង (Xi Jinping)​ កាលពី​ឆ្នាំ​ ២០១៣។

អ្នក​វិភាគ​នយោបាយ​និង​សេដ្ឋ​វិទូ​ក្នុង​ប្រទេសកម្ពុជា​ យល់​ឃើញ​ខុសៗ​គ្នា​ចំពោះ​ ការចូលរួម​របស់​កម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រជុំ​ ដែល​ផ្ដោត​លើ​ក្របខ័ណ្ឌ​អាស៊ាន និង​សហរដ្ឋអាមេរិក។

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ ថ្លែង​ថា​ ការ​រីក​ធំ​ឡើង​នៃ​អំណាច​របស់​ប្រទេស​ចិននៅ​ក្នុង​តំបន់​អាស៊ី ជាពិសេស​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេសនៅ​លោក​ខាង​លិច និង​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន​មួយ​ចំនួន មានការព្រួយបារម្ភ។

លោក មាន​ប្រសាសន៍​ថា មុន​ការ​ចាប់​ផ្ដើម​នៃ​កិច្ច​ប្រជុំខាងមុខ​នេះ​ ​កម្ពុជា​គួរ​ពិនិត្យមើល​គោល​នយោបាយ​អន្តរជាតិ​របស់​ខ្លួន​ឡើង​វិញ​ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព​នៃ​ទំនាក់​ទំនង​រវាង​លោក​ខាងលិច​ និង​ប្រទេស​ចិន។

«សហរដ្ឋ​ អាមេរិក ​ចាប់​អារម្មណ៍​ពី​ប្រទេស​កម្ពុជា​ត្រង់​ថា​ ប្រទេស​កម្ពុជា​អាច​ អាច​ជា​ឧបករណ៍នៃ​ប្រទេស​ចិន​ ហើយ​ដោយសារ​អញ្ចឹង​ គឺ​គេ​កំពុង​ព្រួយបារម្ភ​ ហើយ​ប្រទេស​អាស៊ាន​ដទៃ ​ក៏​កំពុង​ព្រួយ​បារម្ភ​ ហើយ​ខ្ញុំ​មើល​ទៅ​ទស្សនកិច្ច​នេះ​ មាន​សារៈសំខាន់​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ កម្ពុជា​នឹង​ចាប់​ផ្ដើម​ដូរ​ទិស​ រៀប​ចំ​គោល​នយោបាយ​អន្តរជាតិ​ខ្លួន​ ដែល​អាច​មាន​តុល្យភាព​រវាង​ចិន​ និង​លោក​ខាងលិច​ផង​ដែរ»

លោក​អ៊ូ វីរៈ​ ថ្លែង​បន្ត​ថា​ មហិច្ឆតា​វាតទី​កាន់កាប់​ប្រជុំ​កោះ​ជាច្រើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​របស់​ចិន​ អាច​បង្ក​ឲ្យ​មាន​អ​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ាន​ ដែល​មាន​ប្រទេស​ចំនួន​៤​ក្នុង​សមាគម​នេះ​ រួម​ទាំង​ប្រទេស​វៀតណាម​ផង​ដែរ កំពុង​មាន​ទំនាស់​ជាមួយ​ចិន​ ទាក់ទិន​នឹង​ការ​គ្រប់​គ្រង​ប្រជុំ​កោះ​នោះ។

លោក ​បាន​ពន្យល់​ពី​គ្រោះ​ថ្នាក់​ដែល​អាច​កើតឡើង​ចំពោះ​ប្រទេស​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖​ ​

«សំណួរ​ សួរ​ ថា,​ តើ​ ចិន ​ត្រូវ​ ធ្វើ​ម៉េច?  ចិន​ នឹង​ទាក់​ទាញ​យក​ ប្រទេស ​កម្ពុជា​ ជា​ឧបករណ៍ ​ក្នុង​តំបន់​ អាស៊ាន​ ដើម្បី​ ធ្វើ​ម៉េច​ កុំ​ឲ្យ​ អាស៊ាន​ ជា​សមាគម​ ហ្នឹង​ ធ្វើការ​ សម្រេច​បាន​ ជា​ការ​សម្រេច​ រួម​បាន​ អញ្ចឹង ​ធ្វើ​ម៉េច​ កុំ​ឲ្យ​ អាស៊ាន​ សាមគ្គី។​   បើ សិនជា​ អាស៊ាន​ មាន​សាមគ្គីភាព,​ ចិន ​ពិបាក​ជាង។  ប៉ុន្តែ បើ សិនជា ​អាស៊ាន​ បែកបាក់​ គឺ​ ចិន​ ងាយស្រួល​ជាង។  ដើម្បី​ ធ្វើឲ្យ​ បែកបាក់​បាន​ គឺ​ ចិន ​អាច​ប្រើ​ ប្រទេស ​កម្ពុជា។​  ពី​ដើម​មក ​ចិន​ ប្រើ​ភូមា​។  ប៉ុន្តែ ឥឡូវ​នេះ​ ហាក់​ដូច​ ជា​ចិន ​ប្រើ​កម្ពុជា,​ ហើយ​ អញ្ចឹង ​បើ​ សិន​ជា​ ក្នុង​ករណី​ ចិន ​ប្រើ​កម្ពុជា​ យើង​ ជា​កូន​អុក ​របស់​ ចិន​។  បើ ​សិន​យើង ​ជា​កូន​អុក​ ចិន​ គឺ​ សហរដ្ឋ​ អាមេរិក​ អាច​ព្យាយាម ​ប្រើ​ភាគី​ ដទៃ​ ដើម្បី​ បំបែក ​ភាគី​ កម្ពុជា​ដែរ​ ដើម្បី​ អាច​ក្លាយ​ ជា​ឧបករណ៍ ​របស់​ គេ​វិញ។  អ្ហា​ហ្នឹង​ គឺ​ គ្រោះ​ថ្នាក់​ ហើយ។  ប្រទេស​ កម្ពុជា​ នឹង​ឆ្លង​ នូវ​ភាព​ ជូរ​ចត់ ​ដូច​យើង​ បាន​ឆ្លង​ នៅ​ទសវត្ស​ ទី​៧០ ​អញ្ចឹង»

លោក​ អ៊ូ វីរៈ បញ្ជាក់​បន្ថែម​ថា​ ប្រទេស​កម្ពុជា ​អាច​នឹង​មាន​ការ​ពិបាក​ ក្នុង​ការ​សម្រេច​ចិត្ត​ចូល​ជាសមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ឬ Trans-Pacific Partnership (TPP) ដែល​លោកហៅ​ថា​ ជា ​ឧបករណ៍​សេដ្ឋកិច្ច​ និង​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​ទប់​ទល់​នឹង​ប្រទេស​ចិន។
លោក​ អ៊ូ វីរៈ ថ្លែង​ថា​ ប្រទេស​កម្ពុជា​ ត្រូវ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​របស់​ខ្លួន​ឯង​ ដើម្បី​បញ្ចៀស​ការ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ប្រទេសមហា​អំណាច​ទាំង​ពីរ​តាម​ការ ​ចុះ​កិច្ចព្រមព្រៀង​នានា​ ដែល​បង្កប់​ដោយ​អន្ទាក់​នយោបាយ​និង​សេដ្ឋកិច្ច។

រដ្ឋបាល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា (Barack Obama)​ បាន​ស្វះ​ស្វែង​រក​វិធី​នានា ​ដើម្បីធ្វើ​ឲ្យ​ចំណង​មិត្ត​ភាព​ផ្នែក​យោធា​ និង​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន មាន​ភាព​ប្រសើរ​ឡើង​ ដែល​នេះ​ គឺ​ជា​ផ្នែក​មួយ​ដែល​គេ​ពណ៌នា​ថា​ ជា​ការ​ធ្វើ​ឲ្យ​មាន «តុល្យភាព​ឡើងវិញ»​ ជាមួយ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក។

​នៅ​ក្នុង​កិច្ច​ខិតខំ​របស់​លោក​ អូបាម៉ា ក្នុង​ការ​ជំរុញ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​នេះ​ សហរដ្ឋអាមេរិក​និង​ប្រជាជាតិ​១២​ផ្សេង​ទៀត​ បាន​ចុះ​កិច្ច​ព្រមព្រៀងTPP ​កាល​ពី ខែ​តុលា​ឆ្នាំ​២០១៥។
ប្រទេស​សមាជិក​របស់​សមាគម​អាស៊ាន​ចំនួន​បួន​ គឺ​ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ សិង្ហបុរី​ និង​វៀតណាម​ បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រជាជាតិ​ចំនួន​១២​ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង TPP ​ដែល​ជាចំណុច​សេដ្ឋកិច្ច​គន្លឹះ​មួយ​នៃ​ស្នូល​សន្តិសុខ​ និង​សេដ្ឋកិច្ច​ចំពោះ​អាស៊ី​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អំណាច​របស់​ប្រទេស​ចិន​ ដែល​កំពុង​កើន​ឡើង។

កិច្ចព្រមព្រៀង​TPP ដែល​នឹង​បន្ទាប​ពន្ធ​នាំចូល​លើ​ទំនិញ​កសិកម្ម​និង​ឧស្សាហកម្ម​ជាច្រើន ហើយ​នឹង​ដោះស្រាយ​ភាព​ស្មុគស្មាញ​ផ្នែក​ពាណិជ្ជកម្ម​ដូច​ជា បញ្ញត្តិ​ការពារ​ប៉ាតង់​សម្រាប់​ឱសថ​សង្គ្រោះ​ជីវិត​នោះ នៅ​រង់ចាំ​ការ​អនុម័ត​របស់​សភា​អាមេរិក​និង​សភា​របស់​ប្រទេស​ជា​សមាជិក មុន​ពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន។

ដំណើរការ​នេះ អាច​ត្រូវ​ការ​ពេល​ជាច្រើន​ឆ្នាំ។

សេដ្ឋកិច្ចវិទូ​ក្នុង​ប្រទេស​កម្ពុជា​ រំពឹង​ទុក​ជា​មុន​ថា​ ការសន្ទនា​ពី​កិច្ចព្រមព្រៀង​នេះ​ នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ប្រជុំ​កំពូល​អាស៊ាន​នៅ​សហរដ្ឋ​ អាមេរិក​នោះ។

បណ្ឌិត​ ចាប សុថាវិទ្ធ​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ សហ​ប្រតិបត្តិការ​ និង​សន្តិភាព មើល​ឃើញ​ថា​ ការចូលរួម​របស់​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ គឺ​ជា​ការ​រឹត​ចំណង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន។
សេដ្ឋកិច្ចវិទូ​ដដែល​ថ្លែង​ថា កម្ពុជា​ អាច​នឹង​ពិចារណា​លើ​ការ​ចូល​ទៅ​ក្នុង​ កិច្ច​ព្រមព្រៀង​TPP ​ដែល​នឹង​មិន​បង្ក​ឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ចិត្ត​ពី​ភាគី​ខាង​ចិន​នោះ​ ទេ។

«បើ សិនជា​ យើង​ អាច​ចូល​ TPP​បាន ​ក៏​អត់​ មាន​បញ្ហា ​ជាមួយ​ ចិន​ដែរ​ ដោយសារ​អី?​  ដោយសារ​ នេះ​ ជា​សិទ្ធិ​ សម្រេច ​របស់​ កម្ពុជា​ ហ្នឹង។ ​ កន្លង​មក​ហ្នឹង​ យើង​ មាន​មិត្ត​ ទាំង​អស់។  យើង ​មើល​មហាអំណាច សុទ្ធ​តែ​ត្រូវ​នឹង​យើង​ទាំងអស់​ តាំងពី​អាមេរិក​ ចិន​ រុស្សី​ជា​ដើម ក៏​យើង​អត់មាន​ ជា​សត្រូវជាមួយ​អ្នក​ណា​ដែរ។ ដោយឡែក​ ខាង​ផ្នែក​ការ​ផ្ដួច​ផ្ដើម​គំនិត​របស់​ចិន​ជាមួយ​នឹង​តំបន់​ហ្នឹង​ យើង​ឃើញ​ថា​ គេ​មាន​ធ្វើការ​ងារ​ច្រើន​ណាស់​ ឧទាហរណ៍​ ដូច​ជា​ អាស៊ាន​ ចិន​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ អាស៊ាន​ចិន​ ក៏​យើង​ចូល​ហើយ​ដែរ។ អាស៊ាន​បូក​បី​ ក៏​មាន​ចិន​ក្នុង​ហ្នឹង ខ្មែរ​យើង​ក្នុង​ហ្នឹង។​  ហើយ​ឥឡូវ​នេះ​ ចិន​ គេ​បាន​បង្កើត​គេ​ហៅថា​ ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​ ផ្លូវ​ភ្ជាប់​មួយ​ អញ្ចឹង ​one belt, one road ​ដែល​មាន​គេ​បង្កើត​ធនាគារ​មួយ​ហៅ​ថា​ AIID​ ហ្នឹង​ណ៎ា។ Asian Infrastructure Investment Bank ហ្នឹង គឺ​យើង​ ក៏​បាន​ជា​សមាជិក​ចុះ​ហត្ថលេខា​នៅ​ក្នុង​ហ្នឹង​ហើយ​ដែរ​។ អញ្ចឹង​យើង​អត់​មាន​ភ្លេច​ភាគី​ចិន​ ដែល​ជា​មិត្ត​របស់​យើង​ទេ»

ប្រជាជាតិ​ចំនួន​១២​ ដែល​រួម​មាន​ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ និង​វៀតណាម​ជាដើម បាន​ចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​នេះ​ ស្រប​ពេល​ដែល​ប្រទេស​ទាំង​នេះ​ កំពុង​មាន​ជម្លោះជាមួយ​ប្រទេស​ចិន​ ជុំវិញ​អធិបតេយ្យភាព​លើ​ប្រជុំកោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ ប្រទេស​ហ្វីលីពីន​ក៏​ស្ថិត​ក្នុង​ជម្លោះ​នេះ​ដែរ។

ដែន​កោះ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​សមុទ្រ​ខាងត្បូង​ ​គឺ​ប្រជុំ​កោះ Spratlys និង​ Paracel។

បណ្ឌិត​ ចាប សុថាវិទ្ធ​ ថ្លែង​ថា​ កម្ពុជា​ មិន​អាច​បញ្ជាក់​ពី​ជំហរ​គាំទ្រ​ភាគី​ណា​មួយ​នៅ​ក្នុង​ជម្លោះ​នេះ​បាន​ទេ ហើយ​ជម្លោះ​នេះ ​អាច​នឹង​ត្រូវ​គេ​លើក​យក​មក​ពិភាក្សា​ផង​ដែរ​ នៅ​ក្នុង​ជំនួប​ប្រជុំ​កំពូល​រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​នេះ។

«យើង​ នៅ​ប្រកាន់​ ច្បាស់ ​ថា,​ យើង​ មិន​លូក​ដៃ,​ ហើយ​ កាលឆ្នាំ​ ២០១២​ កាល​ពេល​ ដែល​កម្ពុជា​ ធ្វើជា​ប្រធានហ្នឹង​ ក៏​យើង​ បាន​បង្ហាញ​ នូវ​គោល​ជំហរ​ អព្យាក្រឹត។​  យើង ​ចង់​ឲ្យ​ តែ​ ភាគី​ ពាក់​ព័ន្ធ​ ទាំង​អស់​ -- ដែល​មាន​ ភាគី​ ពាក់​ព័ន្ធ​ ដែល​មាន ​ប្រទេស​ ដូចជា​ វៀតណាម​, ហ្វីលីពីន, ប្រ៊ុយណេ, ម៉ាឡេស៊ី​ ហ្នឹង --​ គឺ​ ឲ្យ​គេ​ ចរចា​គ្នា​ ដោយ​សន្តិ​វិធី​ កុំ​ ឲ្យ​មាន ការ​រាល​ដាល ​ជម្លោះ​នេះ​ កាន់​តែ ​ខ្លាំង​ឡើង។  ដោយសារ ​កាល​ណា​ មាន​ជម្លោះ​ទៅ,​ វា ​ធ្វើ​ ឲ្យ​តំបន់​យើង​ ទាំង​មូល,​ វា​ មាន​អស្ថិរភាព»

នៅ​ក្នុង​ជំនួប​ជាមួយ​និស្សិត​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ ហោ ណាំហុង​ បាន​ស្ដី​បន្ទោស​ប្រទេស​មហា​អំណាច​ថា​ ប្រទេស​នោះ ​បាន​លូកដៃ​ចូល​ក្នុង​ជម្លោះ​សមុទ្រ​ខាងត្បូង ដែល​បាន​ធ្វើ​ឲ្យ​ជម្លោះ​នេះ​កាន់​តែ​តាន​តឹង​ឡើង។

ប្រមុខ​ការ​ទូត​កម្ពុជា​រូប​នេះ ពុំ​បាន​បញ្ជាក់​ច្បាស់​ថា​ ប្រទេស​ណា​ដែល​លោក​និយាយ​សំដៅ​ទៅលើ​នោះ​ទេ​ តែ​អ្នកវិភាគ​គិត​ថា ប្រទេស​នោះ គឺ​សហរដ្ឋ​អាមេរិក៕



No comments:

Post a Comment