ប៉ូលិស ខេត្តព្រៃវែង មិនទាន់បញ្ចប់ ការស៊ើបអង្កេត ករណី ចោទអធិការ ស្រុក ថា, បាញ់សម្លាប់ បុរសម្នាក់
RFA / វិទ្យុ អាស៊ី សេរី | ១៤ មករា ២០១៦
សមត្ថកិច្ច ជំនាញ នៃស្នងការដ្ឋាន នគរបាល ខេត្តព្រៃវែង និងមន្ត្រី សមាគម ការពារ សិទ្ធិមនុស្ស អាដហុក (ADHOC) មិនទាន់ សន្និដ្ឋានបាន លើករណី ស្លាប់ បុរសម្នាក់ ដែលសាក្សី អះអាង ថា, បង្កឡើង ដោយអធិការ ស្រុក ស្វាយអន្ទរ នៅឡើយទេ។ មន្ត្រី សមាគម អាដហុក ឲ្យដឹង ថា, ពេលចុះអង្កេត បឋម មានសាក្សី ជាច្រើន បង្ហាញថា, អធិការស្រុក ស្វាយអន្ទរ ជាអ្នក បង្កហេតុ។
ស្នងការនគរបាលខេត្តព្រៃវែង ឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ថា ជនសង្ស័យដែលជាអធិការកំពុងឃាត់ខ្លួននៅស្នងការដ្ឋាន ហើយបានសាកសួរយកចម្លើយ ខ្លះៗ ហើយ ក្រោយហេតុការណ៍ ផ្ទុះអាវុធ បណ្ដាល ឲ្យបុរសម្នាក់ ស្លាប់ កាលពីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។
ស្នងការនគរបាលខេត្តព្រៃវែង លោក ស្រេង ជា បញ្ជាក់ថា ក្រុមជំនាញកំពុងស៊ើបអង្កេត ហើយអាចនឹងបញ្ជូនសំណុំរឿងទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ក្នុងរយៈពេល ៤៨ម៉ោង ក្រោយហេតុការណ៍កើតឡើង៖ «រឿង នេះជំនាញ ហើយការឃាត់ខ្លួន ខ្ញុំទុកឲ្យជំនាញធ្វើហើយ បានមូលរឿង ហើយបានយើងសន្និដ្ឋានបាន។ ខ្ញុំអត់ទាន់បានច្បាស់ទេរឿងហ្នឹង ចាំមើលបងប្អូនរបស់ជនរងគ្រោះ តើគាត់មានអារម្មណ៍ថាម៉េច?»
បុរសវ័យ ៣៥ឆ្នាំឈ្មោះ កិ អ៊ីម នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ បានស្លាប់ដោយគ្រាប់កាំភ្លើងត្រូវធ្លុះក្បាល ក្នុងហេតុការណ៍សមត្ថកិច្ចប៉ូលិសចុះបង្ក្រាបល្បែងជល់មាន់ និងលេងបៀ។ លោក កិ អ៊ីម ដែលមានប្រពន្ធលក់ភេសជ្ជៈ និងទឹកសុទ្ធនៅកន្លែងលេងល្បែងនោះ ត្រូវសាក្សីខ្លះអះអាងថា លោក កិ អ៊ីម កំពុងបីកូនអាយុ ៦ខែមើលគេភ្នាល់ជល់មាន់ក្បែរផ្ទះ ក៏ត្រូវគ្រាប់តែម្ដង។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) អ្នកស្រី អ៊ាង គឹមលី មានប្រសាសន៍ថា សមាគមនឹងផ្ដល់មេធាវីដល់គ្រួសារជនរងគ្រោះ នៅពេលសំណុំរឿងនេះបញ្ជូនដល់តុលាការ។ អ្នកស្រីថា នឹងចុះអង្កេតករណីនេះបន្ថែមទៀត ក្រោយពេលក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណីរួចរាល់ ប៉ុន្តែការចុះអង្កេតបឋម មានសាក្សីមិនតិចជាង ១០នាក់ទេដែលបញ្ជាក់ថា លោកអធិការស្រុកស្វាយអន្ទរ លោក ពុំ កាន់ បានដើរសំដៅចូលវង់ជល់មាន់បណ្ដើរ និងដកកាំភ្លើងពីចង្កេះបាញ់បណ្ដើរ៖ «កាលពីមុន យើងមិនដឹងច្បាស់ថាជានរណា? តែឥឡូវសម្ដីសាក្សីដែលនៅកន្លែងកើតហេតុទាំងអស់ ដោយសារកន្លែងហ្នឹងគេទៅបញ្ជល់មាន់ជុំគ្នា គេស្គាល់ច្បាស់ថាជាអធិការស្រុកស្វាយអន្ទរ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងភរិយាជនរងគ្រោះ គឺលោកស្រី ស៊ឹម ម៉េង ដើម្បីបញ្ជាក់បន្ថែមអំពីហេតុការណ៍ដែលបានកើតឡើង និងចំណាត់ការផ្លូវច្បាប់នៅថ្ងៃខាងមុខទេ នៅថ្ងៃទី១៤ ខែមករា។
នៅក្នុងមាត្រា២០៤ នៃក្រមព្រហ្មទណ្ឌថ្មីរបស់កម្ពុជា ចែងថា បទឃាតកម្មប្រព្រឹត្តដោយអ្នករាជការសាធារណៈ ជនល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ ៣០ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃ មុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន៕
No comments:
Post a Comment