ជនជាតិ វៀតណាម នៅមណ្ឌលគិរី ម្នាក់ រងការចោទ ថា, ដើរគំរាម ពលរដ្ឋ រឿងនយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ១៣ មករា ២០១៦
សកម្មជន គណបក្ស សង្គ្រោះជាតិ ខេត្ត មណ្ឌលគិរី អះអាង ថា, មានជនជាតិ វៀតណាម ដែលសង្ស័យ ថា, ជាភ្នាក់ងារ ចារកម្ម ម្នាក់ ដើរ បំភិតបំភ័យ ប្រជាពលរដ្ឋ ក្នុងរឿង នយោបាយ និងរំខាន ការងារ សកម្មជន គណបក្ស នយោបាយ។ ចំណែក មន្ត្រី ឃ្លាំមើល សិទ្ធិមនុស្ស ហៅទង្វើនេះ ថា ជាការរំលោភ ទៅលើសិទ្ធិ នយោបាយ របស់ ពលរដ្ឋ និងសកម្មជន គណបក្ស នយោបាយ។
សកម្មជន គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តមណ្ឌលគិរី អះអាងថា នឹងដាក់ពាក្យប្ដឹងទៅមន្ត្រីមូលដ្ឋានឲ្យស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់ចំពោះអំពើគំរាមកំហែងផ្នែកនយោបាយរបស់ ជនបរទេសទៅលើពលរដ្ឋកម្ពុជា និងសកម្មជនគណបក្សនយោបាយ។
អនុប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ឃុំ កាន ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា កន្លងទៅ ជនជាតិវៀតណាម ម្នាក់ឈ្មោះ ថាំង មានទីលំនៅបណ្ដោះអាសន្ននៅឃុំសែនមនោរម្យ ស្រុកអូររាំង បានចូលមកលំនៅឋានសកម្មជនគណបក្សសង្គ្រោះជាតិ នៅភូមិចារាំង គឺលោក ហ ព្រីល ហើយពោលពាក្យប្រមាថរឿងនយោបាយ ខណៈសកម្មជនគណបក្សសង្គ្រោះជាតិ កំពុងពន្យល់ផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋ។
លោកបន្តថា នឹងធ្វើរបាយការណ៍ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះជនជាតិវៀតណាម ឈ្មោះ ថាំង នេះ៖ «ជនជាតិ វៀតណាម ហ្នឹងមានសិទ្ធិស្អីរស់នៅស្រុកខ្មែរ ហើយដើរតួលូកដៃរឿងនយោបាយស្រុកខ្មែរ បំភិតបំភ័យប្រជាពលរដ្ឋ បើសិនឈ្នះគណបក្សសង្គ្រោះជាតិ សង្គ្រាម សម្លាប់អ៊ីចេះ អ៊ីចុះ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងជនជាតិវៀតណាម ឈ្មោះ ថាំង សុំបំភ្លឺការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៣ ខែមករា។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី ឲ្យដឹងថា ជនជាតិវៀតណាម ឈ្មោះ ថាំង នេះមានមុខរបរ និងការងារមិនជាក់លាក់ ចូលមករស់នៅឃុំសែនមនោរម្យ ក្នុងលក្ខណៈបណ្ដោះអាសន្ន មិនមានចុះបញ្ជីស្នាក់នៅដោយអាជ្ញាធរមូលដ្ឋាននោះឡើយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍ថា សកម្មជនគណបក្សសង្គ្រោះជាតិ បានផ្ដល់ព័ត៌មានស្ដីពីការរំលោភនេះមកសមាគមលោកឲ្យជួយអន្តរាគមន៍ ស៊ើបអង្កេតពីអត្តសញ្ញាណជនជាតិវៀតណាម ឈ្មោះ ថាំង ដើម្បីកំណត់ថា តើគេជាពលរដ្ឋវៀតណាម ស្នាក់នៅស្របច្បាប់នៅខេត្តមណ្ឌលគិរី ឬមួយជាភ្នាក់ងារបង្កប់ដែលធ្វើសកម្មភាពប៉ះពាល់សិទ្ធិនយោបាយរបស់ ពលរដ្ឋ និងសកម្មជនគណបក្សនយោបាយ។ យ៉ាងណាលោកថា ប្រសិនការចោទប្រកាន់នេះជាការពិត នោះគឺជាការរើសអើង រំលោភសិទ្ធិពលរដ្ឋ និងសកម្មជនគណបក្សនយោបាយ៖ «អ៊ីចឹងជាមូលដ្ឋាន មួយយើងធ្វើការស៊ើបអង្កេតបុគ្គលហ្នឹងដែរ ដើម្បីរកឲ្យឃើញថា ការមករស់នៅរបស់គាត់វាស្របច្បាប់ ឬអត់? គាត់មានលិខិតឆ្លងដែន ឬចូលសញ្ជាតិយ៉ាងណាយើងនឹងស៊ើបអង្កេតបន្ថែម។»
ទាកទិនករណីនេះដែរ មេឃុំសែនមនោរម្យ លោកស្រី ខ្វាន់ ត្រែល បញ្ជាក់ថា អាជ្ញាធរឃុំមិនបានដឹងពីករណីចោទប្រកាន់នេះទេ ដោយសារតែសកម្មជនគណបក្សសង្គ្រោះជាតិ មិនបានផ្ដល់ព័ត៌មាន ឬដាក់ពាក្យប្ដឹងអ្វីឡើយ។ លោកស្រីទទួលស្គាល់ថា ជនជាតិវៀតណាម ឈ្មោះ ថាំង បានមករស់នៅភូមិពួស្យាម ឃុំសែនមនោរម្យ និងមានប្រពន្ធជនជាតិខ្មែរប្រមាណពីរឆ្នាំកន្លងទៅនេះ ប៉ុន្តែ មិនមាន ឯកសារ ឬលិខិត ស្នាក់នៅ ឬមាន មុខរបរ ជាក់លាក់ អ្វីឡើយ៖ «ប្រពន្ធហ្នឹង ខ្មែរ, ប៉ុន្តែ គាត់ អត់មាន បញ្ជី ស្នាក់នៅក្នុងប័ណ្ណគ្រួសារទេ។ នៅតាំងពីឆ្នាំទៅ ពីរបីឆ្នាំហើយ។»
យ៉ាងណាក៏ដោយ មន្ត្រីគណបក្សសង្គ្រោះជាតិ លោក ឃុំ កាន ឲ្យដឹងថា សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ ព្រីល នឹងរៀបចំពាក្យប្ដឹងជនជាតិវៀតណាម ដាក់ជូនអាជ្ញាធរឃុំនៅសប្ដាហ៍ក្រោយ៕
No comments:
Post a Comment