Paris Peace Accords 23 Oct. 1991

Wednesday, January 13, 2016

មន្ត្រី​ សិទ្ធិ​មនុស្ស​ អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល​ ស៊ើប​អង្កេត​ កាស៊ីណូ​ ខុស​ច្បាប់ ​នៅ​រតនគិរី | Rights officials request govt to investigate illegal casinos in Ratanakiri

មន្ត្រី​ សិទ្ធិ​មនុស្ស​ អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល​ ស៊ើប​អង្កេត​ កាស៊ីណូ​ ខុស​ច្បាប់ ​នៅ​រតនគិរី

RFA / វិទ្យុ អាស៊ី សេរី | ១៣ មករា ២០១៦

ផែនទី​ខេត្ត​រតនគិរី ៦២០
ផែនទី​ខេត្ត​រតនគិរី។  Photo: RFA

មន្ត្រី​ឃ្លាំមើល​ សិទ្ធិមនុស្ស​ សមាគម​ អាដហុក (ADHOC) ខេត្ត​ រតនគិរី អំពាវនាវ​ សុំ​ឲ្យ​ រដ្ឋមន្ត្រី ​ក្រសួង ​មហាផ្ទៃ ស៊ើប​អង្កេត​ កន្លែង​ បើក​បន​ល្បែង ​ស៊ី​សង ​មួយ​កន្លែង​ ដែល​បើក​លេង​ ជាង ៥​ឆ្នាំ​ កន្លង​ទៅ នៅ​ក្បែរ ​​ច្រក​ទ្វារ​ ព្រំដែន​ អន្តរជាតិ​ ស្រុក​ អូរយ៉ាដាវ ដោយ​គ្មាន​ ការ​បង្ក្រាប។  កន្លែង​ លេងល្បែង​ ស៊ីសង​នេះ ​ជ្រក​​ក្រោម​ស្លាក ​ក្រុមហ៊ុន ​កាស៊ីណូ ក៏ប៉ុន្តែ​ ក្រុមហ៊ុន​នេះ ​មិន ​ទាន់​មាន​ អាជ្ញាប័ណ្ណ​ ធ្វើ​អាជីវកម្ម​ នៅ​ឡើយ។

ការ​អំពាវនាវ​នេះ​ ធ្វើ​ឡើង​ បន្ទាប់ ​ពី​មន្ត្រី​ អាជ្ញាធរ​ ខេត្ត​ រតនគិរី បាន​ប្ដេជ្ញា​ចិត្ត​ បង្ក្រាប​ កន្លែង​ លេងល្បែង​នេះ ​ច្រើន​លើក ក៏ប៉ុន្តែ​ រហូត​ បច្ចុប្បន្ន កន្លែង​ លេងល្បែង​ ស៊ីសង​នេះ​ នៅ​តែ ​បន្ត​បើក​លេង​ ដោយ​គ្មាន ​ច្បាប់​អនុញ្ញាត។

បន​ល្បែង ​ដែល​កំពុង​ បើក​លេង​នោះ ​មាន​ឈ្មោះ​ ថា កាស៊ីណូ​ ក្រុមហ៊ុន អេអេច្ឆអេស ឃីង ហ្គ្រូប (AHS King Group) ជា​កម្មសិទ្ធិ​ របស់​ ឧកញ៉ា សុខ គឹមសាន្ត។  កាស៊ីណូ​នេះ ​បាន​បើក​លេង​ ចាប់​ពី​ឆ្នាំ​ ២០១១ រហូត​មក ដែល​មាន​ តែ​ លិខិត​ជូនដំណឹង ​របស់​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី​ កាល​ពី​ ខែ​ ញ្ញា ឆ្នាំ​២០១០ បាន​យល់ព្រម​ ជា​គោលការណ៍ ​លើ​លិខិត ​ស្នើ​សុំ​ របស់ ​ក្រុមហ៊ុន​ បើក​មជ្ឈមណ្ឌល​ កម្សាន្ត​ ទេសចរណ៍, ​រួម​មាន៖ សណ្ឋាគារ, ម៉ូតែល, ភោជនីយដ្ឋាន, និង​ក្លឹប​ល្បែង ​កម្សាន្ត​ កាស៊ីណូ។  ក៏ប៉ុន្តែ​ក្រុមហ៊ុន​​ត្រូវ​រៀបចំ​បែប​បទ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ការ​បើក​លេងល្បែង​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ថា ជា​ការ​បំពាន​ច្បាប់ ខណៈ​រាជរដ្ឋាភិបាល​បាន​កំណត់​មិន​ឲ្យ​លេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ លើកលែង​កាស៊ីណូ​មាន​ច្បាប់​អនុញ្ញាត​ដែល​បង្ក​ឲ្យ​កើត​មាន​បញ្ហា​អសន្តិសុខ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើត​ឡើង។ ជាង​នេះ​ទៅ​ទៀត ការ​បើក​ឲ្យ​លេងល្បែង​ជ្រក​ក្រោម​អាជីវកម្ម​​កាស៊ីណូ​គ្មាន​ច្បាប់​នេះ បាន​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពន្ធ​រាប់​សិប​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ ឆ្នាំ។

លោក ឆាយ ធី៖ «អាជ្ញាធរ​កន្លង​មក​តែង​សន្យា​ចាត់​វិធានការ ប៉ុន្តែ​យើង​មិន​ឃើញ​ការ​ចាត់​វិធានការ​ហ្នឹង​មាន​ប្រសិទ្ធភាព​ទេ។ បើ​សង្កេត​ឃើញ​កាស៊ីណូ​ហ្នឹង​នៅ​តែ​បន្ត​លេង​ដូចជា​ជល់​មាន់​ដោយ​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​រតនគិរី។»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ឧកញ៉ា សុខ គឹមសាន្ត សុំ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​មករា។ ក៏ប៉ុន្តែ​មេការ​ទទួល​ខុសត្រូវ​កន្លែង​លេង​ល្បែង​ស៊ីសង​នោះ គឺ​លោកស្រី ឡូត ឌី អះអាង​យ៉ាង​ខ្លី​ថា កាស៊ីណូ​នេះ​មាន​លិខិត​អនុញ្ញាត​ហើយ ដូច្នេះ​សមត្ថកិច្ច​អាច​ទៅ​ត្រួតពិនិត្យ​ករណី​នេះ​បាន។

កាល​ពី​ខែ​វិច្ឆិកា សមត្ថកិច្ច​ស្រុក​អូរយ៉ាដាវ បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ចាត់​វិធានការ​កន្លែង​លេង​ល្បែង​ស៊ីសង​នេះ​នៅ​ក្រោយ​ពិធីបុណ្យ​អុំទូក​ កន្លង​ទៅ បន្ទាប់​ពី​អភិបាល​ខេត្ត​រតនគិរី បាន​ចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រុក​អូរយ៉ាដាវ បង្ក្រាប​កន្លែង​បើក​លេងល្បែង​ស៊ីសង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

​អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ ទទួល​ស្គាល់​ថា ការ​យឺតយ៉ាវ​បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង​នេះ​បណ្ដាល​មក​ពី​ក្រុម​ សមត្ថកិច្ច​មូលដ្ឋាន​មាន​ភារកិច្ច​សំខាន់​ច្រើន​ត្រូវ​បំពេញ។ យ៉ាង​នេះ​ក្តី លោក​អះអាង​ថា នឹង​រៀបចំ​គម្រោង​ចុះ​បង្ក្រាប​កន្លែង​លេង​ល្បែង​ស៊ីសង​នេះ​នៅ​សប្ដាហ៍​ ក្រោយ។

លោក​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​ឃើញ​មាន​លិខិត​បទដ្ឋាន​ទាក់ទិន​ច្បាប់​ធ្វើ​អាជីវកម្ម​កន្លែង​លេងល្បែង​នេះ​ទេ៖ «​ប្រហែល​ថ្ងៃ​ច័ន្ទ ខ្ញុំ​ប្រជុំ​កងកម្លាំង​ទាំង​បី​ដើម្បី​ចុះ​ត្រួត​ពិនិត្យ​មើល ដឹកនាំ​ដោយ​អភិបាល​រង​ម្នាក់។ ខ្ញុំ​ក៏​ទទួល​បាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​បាន​លុង​ផង នៅ​ទី​នេះ​ផង ពី​គ្រួសារ​គេ ព្រោះ​ជល់មាន់​ទៅ​អស់​លុយ។ ច្បាស់​ហើយ ហើយ​ខ្ញុំ​នឹង​ចាត់ចែង។»

​ដូច​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កន្លែង​លេងល្បែង​ស៊ីសង​នៅ​ មូលដ្ឋាន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ នោះ​ឡើយ៖ «បើ​ថា​ខុស​ហើយ​យើង​ត្រូវ​បញ្ឈប់​ហើយ រឿង​ស្អី​មាន។ ចាំ​ខ្ញុំ​សួរ​អភិបាល​ស្រុក​មើល​រឿង​ហ្នឹង។»

​ល្បែង​ស៊ីសង​ដែល​បើក​លេង​នៅ​កាស៊ីណូ ក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង ហ្គ្រូប រួម​មាន ល្បែង​ជល់មាន់ អាប៉ោង យូគី និង​បៀរ។ ចំណែក​ អ្នក​មក​លេង​ ល្បែង​នៅ​ទីនោះ ​ភាគ​ច្រើន​ គឺ​ ពលរដ្ឋ​ខ្មែរ៕


No comments:

Post a Comment