អាមេរិក ប្រកាស ពង្រឹង ទំនាក់ទំនង ពាណិជ្ជកម្ម ជាមួយ កម្ពុជា, តែ បារម្ភ រឿងសិទ្ធិមនុស្ស
RFA / វិទ្យុ អាស៊ី សេរី | ២៦ មករា ២០១៦
រដ្ឋមន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក លោក ចន ឃែរី (John Kerry) នៅថ្ងៃ ទី២៦ ខែមករា បានចំណាយពេល ពេញមួយថ្ងៃ ដើម្បី បំពេញ ទស្សនកិច្ច នៅកម្ពុជា។ លោក ផ្ដើមទស្សនកិច្ច ផ្លូវរដ្ឋ របស់លោក ដោយទៅ ទស្សនា សារមន្ទីរ ជាតិ។ លោក ចន ឃែរី បានជួប ពិភាក្សា ជាមួយ រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា លោក ហោ ណាំហុង, បន្ទាប់មក ពិភាក្សា ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ឃែរី ក៏បានជួប ជាមួយ មន្ត្រីជាន់ខ្ពស់ បក្សប្រឆាំង លោក កឹម សុខា និងក្រុម សង្គមស៊ីវិល ផងដែរ។
លោក ចន ឃែរី ព្យាយាមពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ក៏ប៉ុន្តែលោកក៏ព្រួយបារម្ភពីស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅ កម្ពុជា ផងដែរ។ លោក ឃែរី លើកសរសើរប្រទេសកម្ពុជា ថា មានសន្ទុះសេដ្ឋកិច្ច និងភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកគូសបញ្ជាក់ថា សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ហើយបន្ថែមថា ប្រទេសទាំងពីរនឹងព្យាយាមពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការបណ្ដាក់ទុនតាមរយៈការជួយកម្ចាត់អំពើពុករលួយ និងការពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
សហរដ្ឋអាមេរិក ជាទីផ្សារធំមួយនៃការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ដែលវិស័យនេះជាសសរស្ដម្ភសំខាន់មួយជំរុញកំណើនសេដ្ឋកិច្ច។ ការនាំចេញរបស់ទៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៤ មានតម្លៃ ១,៨ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយ វិស័យសេដ្ឋកិច្ចកម្ពុជា បានរអាក់រអួល ដែលប៉ះពាល់ដោយចំហាយនៃការធ្លាក់ចុះការការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ក្នុងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងមេដឹកនាំសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ព្រមទាំងសកម្មជនផ្នែកបរិស្ថានផងដែរ។ លោកព្រួយបារម្ភពីការការគំរាមកំហែងរបស់រដ្ឋាភិបាលលើបក្សប្រឆាំង ខណៈកម្ពុជា នឹងរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយ។
នៅមុនពេលមកដល់របស់លោក ឃែរី ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានជំរុញឲ្យសហរដ្ឋអាមេរិក បដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយ លុះត្រាតែរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យស្ថានភាពនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានល្អប្រសើរឡើង។
លោក ចន ឃែរី សង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យដើរតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍប្រទេស ហើយវាក៏ជាតួនាទីសំខាន់នូវក្នុងការកំណត់អំណាចរបស់អ្នកដឹកនាំផង ដែរ។ លោកបន្តថា រដ្ឋាភិបាលប្រជាធិបតេយ្យ ត្រូវមានទំនួលខុសត្រូវ ដោយធានាថា រាល់មេដឹកនាំទាំងឡាយមានសេរីភាពបំពេញភារកិច្ច និងកាតព្វកិច្ចដោយគ្មានការបំភិតបំភ័យ ការចាប់ចង និងការវាយប្រហារ៕
No comments:
Post a Comment