Paris Peace Accords 23 Oct. 1991

Wednesday, January 27, 2016

រដ្ឋមន្ត្រី​ ការ​បរទេស​ អាមេរិក ​លោក ចន ឃែរី ថា​, លោក​ បារម្ភ​ ពី​ស្ថានភាព ​បក្ស​ប្រឆាំង ​នៅ​កម្ពុជា | US Sec'y of State John Kerry says he's concerned about situation of opposition party in Cambodia

រដ្ឋមន្ត្រី​ ការ​បរទេស​ អាមេរិក ​លោក ចន ឃែរី ថា​, លោក​ បារម្ភ​ ពី​ស្ថានភាព ​បក្ស​ប្រឆាំង ​នៅ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២៦ មករា ២០១៦

ហោ ណាំហុង ចន ឃែរី ២០១៦ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង (ស្ដាំ) ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (Jonh Kerry) នា​ទីស្ដីការ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA/Sorn Chanratha 


មន្ត្រី​ ជាន់​ខ្ពស់​ សហរដ្ឋ​ អាមេរិក បង្ហាញ​ក្ដី​បារម្ភ​ ចំពោះ ​គណបក្ស​ប្រឆាំង​ នៅ​កម្ពុជា ខណៈ​ ស្ថានភាព​ នយោបាយ​ ម្ដង​ក្ដៅ​ ម្ដង​ត្រជាក់​ នៅ​ពេល​នេះ។   ឆ្លើយ​តប​ នឹង​បញ្ហា​នេះ, មន្ត្រី​ជាន់​ខ្ពស់​ ក្រសួង​ ការ​បរទេស ​កម្ពុជា ពុំ​ បាន​ធ្វើ​ អត្ថាធិប្បាយ ​វែង​ឆ្ងាយ ​អំពី​ រឿង​នេះ នៅ​ចំពោះ ​មុខ​រដ្ឋមន្ត្រី​ ក្រសួង​ ការ​បរទេស​ សហរដ្ឋ​ អាមេរិក ទេ។


នៅ​ក្នុង​ជំនួប​ ទ្វេភាគី ​ដែល​ប្រើ​ពេល ​ប្រមាណ​ ជិត ១​ម៉ោង នៅ​ទីស្ដីការ ​ក្រសួង​ ការ​បរទេស​ កម្ពុជា, មន្ត្រី​ជាន់​ខ្ពស់​ សហរដ្ឋ​ អាមេរិក បញ្ជាក់​ថា, ខ្លួន ​មាន​ក្ដី​បារម្ភ​ ចំពោះ ​ជីវិត​ នយោបាយ​ គណបក្ស​ ជំទាស់ នៅ​ក្នុង​ដំណាក់​កាល​ ចុង​ក្រោយ​នេះ។

ការ​ចេញ​ដីកា​ចាប់​ខ្លួន​ដោយ​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ ប្រឆាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​សម្ពាធ​នយោបាយ​ថ្មី​មួយ​ទៀត ដែល​សហរដ្ឋ​អាមេរិក មើល​ឃើញ​ថា ពុំ​មាន​តុល្យភាព ឬ​ភាព​មិន​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ​នៅ​ពេល​នេះ។

ថ្លែង​នៅ​ចំពោះ​មុខ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា លោក​មាន​ភាព​តានតឹង និង​ក្ដី​កង្វល់​ចំពោះ​ជោគ​វាសនា​គណបក្ស​ក្រៅ​រដ្ឋាភិបាល ខណៈ​ច្រក​ទ្វារ​នយោបាយ​របស់​គណបក្ស​ជំទាស់ ស្ទើរ​តែ​ត្រូវ​បាន​បិទ​ជិត​អស់​ទៅ​ហើយ​នោះ។ នេះ​ជា​ការ​ថ្លែង​របស់ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស បន្ទាប់​ពី​ជំនួប​បិទ​ទ្វារ​បាន​បញ្ចប់​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មករា។

ឆ្លើយ​តប​រឿង​នេះ លោក ហោ ណាំហុង ទទួល​ស្គាល់​ថា លោក ចន ឃែរី ពិត​ជា​បាន​លើក​ពី​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ជំនួប​ទ្វេភាគី​មែន ក៏ប៉ុន្តែ លោក ហោ ណាំហុង ឆ្លើយ​ដោយ​ខ្លី​ថា លោក​ពុំ​បាន​បកស្រាយ​អ្វី​ទាំងអស់​ចំពោះ​រឿង​នេះ ទៅ​ដល់​ដៃគូ​សន្ទនា​របស់​លោក​នៅ​ក្នុង​ជំនួប​នោះ។ ម្យ៉ាង​វិញ​ទៀត លោក ហោ ណាំហុង រំពឹង​ថា បញ្ហា​ដូច​គ្នា​នេះ​ប្រហែល​ជា លោក ចន ឃែរី អាច​នឹង​ជជែក​ដែរ​ជាមួយ លោក ហ៊ុន សែន។ ហេតុ​នេះ បន្ទុក​ដ៏​សំខាន់​នេះ គឺ​លោក ហោ ណាំហុង និយាយ​ថា ទុក​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​វិញ​ចុះ។ លោក​បន្ត​ថា «គាត់​គ្រាន់​តែ​លើក​ថា នែ៎! គាត់​មាន​ការ​បារម្ភ​អំពី​បញ្ហា​ទាក់ទង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ ខ្ញុំ​ក៏​មិន​ឆ្លើយ​ដែរ អាច​គាត់​ជាមួយ​សម្ដេច ខ្ញុំ​ក៏​មិន​ដឹង​ដែរ»

បើ​ទោះ​ជា​បែប​ណា របៀបវារៈ​ដែល​គេ​រំពឹង​ថា លោក ចន ឃែរី នឹង​លើក​យក​ស្ថានភាព​របស់ លោក សម រង្ស៊ី ដាក់​លើ​តុ​ចរចា​ដែរ​នោះ មិន​ត្រូវ​បាន​គេ​លាត​ត្រដាង​ជា​សាធារណៈ​ណា​មួយ​ឡើយ។ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​ជំទាស់ ឲ្យ​ដឹង​ក្រោយ​ជំនួប​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ លោក ចន ឃែរី ដែរ​នោះ បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា ពុំ​មាន​ការ​លើក​របៀបវារៈ​ដាច់​ដោយឡែក​រឿង លោក សម រង្ស៊ី ទេ។ ផ្ទុយ​ទៅ​វិញ ប្រធាន​ចម្បង គឺ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត និង​ការ​វិវឌ្ឍន៍​នយោបាយ​នៅ​កម្ពុជា នា​ពេល​នេះ។ លោក កឹម សុខា បញ្ជាក់​ថា បើ​ទោះ​ជា​លោក​ពុំ​បាន​លើក​បញ្ហា​ដោយ​ចំ ក៏​សហរដ្ឋ​អាមេរិក បាន​ដឹង​រួច​អស់​ទៅ​ហើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ កូន​ប្រុស​របស់ លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ប្រាប់​កាសែត អេ.ភី (AP) នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក (Washington, DC) ដោយ លោក ហ៊ុន ម៉ានី លើក​ឡើង​ថា ប្រធាន​គណបក្ស​ជំទាស់ គឺ​លោក សម រង្ស៊ី អាច​នឹង​មាន​ឱកាស​ចូល​ប្រឡូក​នយោបាយ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់​ថា សហរដ្ឋ​អាមេរិក នៅ​តែ​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ក្របខ័ណ្ឌ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​ មនុស្ស និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី​បន្ត​ថា របៀបវារៈ​នៃ​ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ ក៏​ជា​ប្រធាន​ដែល​មិន​អាច​ខ្វះ​បាន​ដែរ ក្នុង​ការ​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​លើក​នេះ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់ លោក ចន ឃែរី។ លោក​បន្ត​ថា «គាត់​បាន​ លើក​អំពី​បញ្ហា​រសើប​មួយ​ចំនួន​ដូចជា ការ​វិវឌ្ឍន៍​ផ្នែក​នយោបាយ​ដែល​គួរ​ឲ្យ​បារម្ភ ហើយ​គាត់​បាន​លើក​ទំនាក់ទំនង​ដែល​កំពុង​តែ​ប្រឈម​រវាង​គណបក្ស​កាន់​អំណាច ហើយ​និង​គណបក្ស​ប្រឆាំង។ បន្ថែម​ទៀត ក៏​បាន​លើក​មេ​ដឹក​នាំ​គណបក្ស​កំពុង​តែ​នៅ​ក្រៅ​ប្រទេស ជាដើម»

យ៉ាង​នេះ​ក្ដី លោក ហោ ណាំហុង អះអាង​ថា ថ្វី​បើ​ជំនួប​ពុំ​បាន​ជជែក​ច្រើន​ទៅ​លើ​ស្ថានភាព​នយោបាយ កិច្ច​ពិគ្រោះ​យោបល់​ភាគ​ច្រើន​លើក​នេះ​របស់​លោក​ជាមួយ​រដ្ឋមន្ត្រី​ការ​ បរទេស​សហរដ្ឋ​អាមេរិក គឺ​ស្នើ​ឲ្យ​អាមេរិក លើក​លែង​ពន្ធ​នាំ​ចូល​ផ្នែក​សម្លៀកបំពាក់​ពី​កម្ពុជា បញ្ហា​សមុទ្រ​ចិន និង​រឿង​ដ៏​រសើប​មួយ​ទៀត គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​របស់​កម្ពុជា ទៅ​លើ​ក្រុម​ភេរវកម្ម អាយស៊ីស (ISIS)៕



No comments:

Post a Comment