Paris Peace Accords 23 Oct. 1991

Wednesday, January 6, 2016

[Vietnamization] មន្ត្រី​ ការពារ​ ព្រៃឈើ ​ខេត្ត​ មណ្ឌលគិរី​ ៤​រូប ​រង​ការ​ប្ដឹង​ រឿង​វៀតណាម​ ចូល​កាប់​ឈើ | Community filing a complaint against 4 forest administration officials in Mondolkiri

មន្ត្រី​ ការពារ​ ព្រៃឈើ ​ខេត្ត​ មណ្ឌលគិរី​ ៤​រូប ​រង​ការ​ប្ដឹង​ រឿង​វៀតណាម​ ចូល​កាប់​ឈើ

RFA / វិទ្យុ អាស៊ី សេរី | ៦ មករា ២០១៦

 

សហគមន៍​ប្ដឹង​មន្ត្រី​ព្រៃ​ឈើ មណ្ឌលគិរី ៨៥៥
តំណាង​សហគមន៍​ពូលុ និង​លំមេះ នាំ​យក​វត្ថុតាង​ជា​គោយន្ត​មក​ប្រគល់​ឲ្យ​តុលាការ បន្ទាប់​ពី​អ្នក​ភូមិ​ដាក់​ពាក្យ​ប្ដឹង​ចោទ​មន្ត្រី ៤​នាក់​ពី​បទ​បណ្ដែតបណ្ដោយ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។ រូបថត​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦ (Photo courtesy of ADHOC)
មន្ត្រី​ប៉ូលិស​ ការពារ​ ព្រំដែន​ ខេត្ត​ មណ្ឌលគិរី ៣​នាក់ និង​នាយ​សង្កាត់ ​ព្រៃឈើ​ម្នាក់ ត្រូវ​ បាន​សហគមន៍​ ការពារ​ ព្រៃឈើ ​ភូមិ​ ពូលុ និង​ភូមិ​ លំមេះ ឃុំ​ ប៊ូស្រា ស្រុក ​ពេជ្រាដា ដាក់​ពាក្យ​ប្ដឹង ​តាម​ផ្លូវ​ តុលាការ​ ពី​បទ​ បណ្ដែតបណ្ដោយ និង​ឃុបឃិត ​ឲ្យ​ពលរដ្ឋ​ វៀតណាម ឆ្លងដែន ​ចូល​កាប់​ឈើ ​ក្នុង​ព្រៃ​ ការពារ​ ដោយ​គ្មាន ​ការ​ទទួល ​ខុស​ត្រូវ។  ចំណែក មន្ត្រី​ឃ្លាំមើល​ សិទ្ធិមនុស្ស​ ស្នើ​សុំ​ មន្ត្រី​ តុលាការ​ ចាត់​ការ​ ស៊ើប​អង្កេត​ រឿង​នេះ ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌។

តំណាង​សហគមន៍​ប៊ូស្រា បាន​យក​វត្ថុតាង​បទល្មើស​ព្រៃឈើ​ដែល​សហគមន៍​រឹបអូស​បាន​ពី​ពលរដ្ឋ​វៀតណាម លួច​កាប់​ឈើ​ក្នុង​ព្រៃ​ខ្មែរ​ប្រគល់​ទៅ​ឲ្យ​តុលាការ​សាលាដំបូង​ខេត្ត​ មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មករា បន្ទាប់​ពី​អ្នក​ភូមិ​សម្រេច​ចិត្ត​ប្ដឹង​ករណី​នេះ​តាម​ផ្លូវ​តុលាការ។

កាល​ពី​វេលា​អធ្រាត្រ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ក្រុម​ល្បាត​ព្រៃ​សហគមន៍​ភូមិ​ពូលុ និង​ភូមិ​លំមេះ ២៧​នាក់ បាន​រឹប​អូស​ម៉ាស៊ីន​គោយន្ត​ពីរ​គ្រឿង ម៉ាស៊ីន​កាត់​ឈើ ៤​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង បន្ទាប់​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម មួយ​ក្រុម​មាន​គ្នា​ប្រមាណ ១០​នាក់ បាន​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី។ អ្នក​ភូមិ​អះអាង​ថា ជនជាតិ​វៀតណាម ទាំង​នោះ​បាញ់​កាំភ្លើង​បី​គ្រាប់ ហើយ​រត់​គេច​ខ្លួន​ចោល​វត្ថុតាង​ទាំង​នោះ​ទើប​ក្រុម​ល្បាត​សហគមន៍​រឹប​អូស​ មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ប៊ូស្រា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា។

តំណាង​សហគមន៍​លោក ឃុត ចាន់រ៉ា មាន​ប្រសាសន៍​ថា អ្នក​ភូមិ​សម្រេច​ចិត្ត​ប្ដឹង​មន្ត្រី​ប៉ូលិស​គ្រប់គ្រង​​ប៉ុស្តិ៍​ការពារ​ ព្រំដែន​ចំនួន​បី​កន្លែង រួម​ទាំង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​នៅ​តំបន់​នោះ​ទៅ​ស្ថាប័ន​អយ្យការ​ដូច​ គ្នា ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បំពេញ​ភារកិច្ច​ របស់​មន្ត្រី​មាន​​សមត្ថកិច្ច​ទាំង​នោះ៖ «គឺ​គាត់​ទទួល​ខុស​ត្រូវ​នៅ​ តំបន់​ហ្នឹង អ្វី​ដែល​ពួកគាត់​ធ្វើ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ហ្នឹង ទោះ​បី​យ៉ាង​ម៉េច​ពួកគាត់​ត្រូវ​ទទួល​ខុស​ត្រូវ។»

មន្ត្រី​ខេត្ត​មណ្ឌលគិរី ទាំង ៤​នាក់ ដែល​សហគមន៍​ដាក់​ពាក្យ​ប្ដឹង​រួម​មាន នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​កង់រ៉ូឡង់ លោក កែវ សុភាព នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡំពឹ លោក ប្រាក់ ភិរម្យ នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ទួលស្វាយ លោក ហិន ស៊ីត្រា និង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ពេជ្រាដា លោក គង់ វីរៈ។

ទាក់ទិន​ទៅ​នឹង​បណ្ដឹង​ចោទ​ប្រកាន់​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ទាំង​បី​នាក់​សុំ​បំភ្លឺ​រឿង​ចោទ​ប្រកាន់​នេះ​បាន​ ទេ នៅ​ថ្ងៃ​ទី​៦ ខែ​មករា។ រី​ឯ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី ចាត់​ទុក​ករណី​នេះ​ថា ជា​សិទ្ធិ​របស់​ពលរដ្ឋ។ លោក​ថា នឹង​ស្រាវជ្រាវ​បន្ថែម​ទៅ​លើ​មន្ត្រី​លោក​ដែល​រង​ការ​ចោទ​ប្រកាន់​នេះ៖ «ជា​សិទ្ធិ​របស់​គាត់ បើ​មាន​ភស្តុតាង​គ្រប់គ្រាន់​ត្រឹមត្រូវ​តាម​ហ្នឹង​ទៅ​អត់​មាន​ស្អី​ទេ។»

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​សហគមន៍​ប៊ូស្រា ចាប់​បាន​វត្ថុតាង និង​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម ច្រើន​ករណី​​ដែល​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ ហេតុ​នេះ​អ្នក​ភូមិ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ​ទៅ​លើ​មន្ត្រី​​ ការពារ​ព្រំដែន និង​មន្ត្រី​ព្រៃឈើ​នៅ​តំបន់​នោះ។

លោក​អំពាវនាវ​ឲ្យ​មន្ត្រី​អយ្យការ​ស៊ើបអង្កេត​ករណី​នេះ​ឲ្យ​ហ្មត់ចត់​ ដើម្បី​ផ្ដល់​យុត្តិធម៌ និង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ចូល​រួម​ការពារ​ព្រៃឈើ​ដែល​ជា​ទ្រព្យសម្បត្តិ​ ជាតិ៖ «ដោយសារ​កន្លង​ទៅ​សហគមន៍​បាត់បង់​មាន​ជំនឿ​ទៅ​លើ​អាជ្ញាធរ​ មូលដ្ឋាន មន្ត្រី​ជំនាញ​ព្រៃឈើ ទៅ​លើ​ជំនាញ​បរិស្ថាន​ច្រើន​មក​ហើយ។ អ៊ីចឹង​ករណី​ហ្នឹង​ឲ្យ​គាត់​មើល​ឃើញ​ថា តុលាការ​ពិត​ជា​ដោះស្រាយ​រឿង​ហ្នឹង​ជូន​គាត់​ដោយ​យុត្តិធម៌​ពិតប្រាកដ។»

ច្បាប់​ព្រៃឈើ​មាត្រា ១០០ និង​មាត្រា ១០១ កំណត់​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ១០០​លាន​រៀល ចំពោះ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល មន្ត្រី​​កង​យោធពល​ខេមរភូមិន្ទ ឬ​មន្ត្រី​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​អន្តរាគមន៍ ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​​ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ និង​ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង​ផ្ទុយ​ទៅ​នឹង​បញ្ញត្តិ​នៃ​ច្បាប់​ព្រៃ​​ ឈើ។ លើស​ពី​នេះ​ទៀត នឹង​ត្រូវ​ពិន័យ​ដូច​គ្នា​ចំពោះ​មន្ត្រី​ព្រៃឈើ​ដែល​បាន​ប្រព្រឹត្ត​ដូច​ គ្នា​នេះ​ ​រួម​បញ្ចូល​មន្ត្រី​ព្រៃឈើ​ណា​ដែល​ប្រកប​របរ​ធ្វើ​អាជីវកម្ម​ពាក់ព័ន្ធ​ វិស័យ​ព្រៃឈើ​ក្នុង​អំឡុង​ពេល​កាន់​តំណែង ឬ​ក្នុង​អំឡុង​ពេល ១​ឆ្នាំ​ក្រោយ​ការ​ឈប់​កាន់​តំណែង​ដោយ​ប្រការ​ណា​ក៏ដោយ។
មិន​បាន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​បាន​កើត​ក្នុង​រង្វង់​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទាន់​ពេល​វេលា និង​ធ្វេសប្រហែស​ដោយ​ចេតនា​ក្នុង​ការ​បំពេញ​ភារកិច្ច ឬ​ផ្ដល់​របាយការណ៍​ព័ត៌មាន​ក្លែង​បន្លំ​ជា​លាយលក្ខណ៍អក្សរ​ដែល​ជា​មូលហេតុ​ បង្ក​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១៕


No comments:

Post a Comment