ព្រឹត្តិការណ៍ នៃជម្លោះ ព្រំដែន ជាមួយ ប្រទេស វៀតណាម នៅឆ្នាំ ២០១៥
RFA / វិទ្យុ អាស៊ី សេរី | ៣១ ធ្នូ ២០១៥
បញ្ហាព្រំដែន ប្រទេស កម្ពុជា ជាមួយ ប្រទេស ជិតខាង ជាពិសេស ជាមួយ វៀតណាម នៅក្នុងឆ្នាំ ២០១៥ គឺ ជាសញ្ញាមួយ វិវឌ្ឍន៍ គួរ ឲ្យកត់សម្គាល់។ ការវិវឌ្ឍ ទាំងនោះ មានទាំង ការចុះ ពិនិត្យមើល ព្រំដែន នៅតំបន់ ដីជម្លោះ ពីសំណាក់ ព្រះសង្ឃ, ក្រុមយុវជន, ប្រជាពលរដ្ឋ ខ្មែរ និងចាម, អ្នកតំណាងរាស្ត្រ នៅចំណុច ដីជម្លោះ មួយចំនួន ដូចជា នៅខេត្ត ត្បូងឃ្មុំ, ស្វាយរៀង, រតនគិរី, កណ្ដាល ជាដើម។
បញ្ហាទាំងនេះ ឈានរហូតដល់មានការផ្ទៀងផ្ទាត់ផែនទីរបស់រាជរដ្ឋាភិបាលកំពុង ប្រើប្រាស់បច្ចុប្បន្ន ជាមួយផែនទីដែលតម្កល់នៅបណ្ដាប្រទេសមួយចំនួន ព្រមទាំងបង្កើតឲ្យមានក្រុមស្រាវជ្រាវបញ្ហាព្រំដែនទៀតផង។
វិបត្តិព្រំដែនជាមួយប្រទេសវៀតណាម ប្រែជាស្ងប់ស្ងាត់បន្តិចនៅចុងឆ្នាំ២០១៥ ក្រោយពេលមានសកម្មភាពចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងដាក់ពន្ធនាគារ ហើយមានមន្ត្រីខ្លះ ត្រូវនិរទេសទៅក្រៅស្រុកពាក់ព័ន្ធរឿងព្រំដែន និងរឿងសន្ធិសញ្ញាព្រំដែននេះ ដូចជាករណីសមាជិកព្រឹទ្ធសភាពីគណបក្សប្រឆាំង លោក ហុង សុខហួរ ដែលត្រូវតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ថា បានក្លែងឯកសារ និងញុះញង់ជុំវិញការបង្ហោះឯកសារពាក់ព័ន្ធសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម កាលពីឆ្នាំ១៩៧៩។
ស្ថានភាពព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម គឺជាបញ្ហាក្តៅ ឬបញ្ហារសើបរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរនៅឆ្នាំ២០១៥។ បញ្ហាទាំងឡាយកាន់តែឡើងកម្ដៅខ្លាំង ក្រោយពេលមានក្រុមអាជ្ញាធរ ឬកងកម្លាំងវៀតណាម បានចូលបាញ់ថ្នាំពុលបំផ្លាញដំណាំកសិករខ្មែរនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីខែមេសា កន្លងទៅ។
គេនៅចាំថា កាលពីថ្ងៃទី១៩ មេសា កងកម្លាំងអាជ្ញាធរវៀតណាម ជិត ១០នាក់ ប្រដាប់ដោយអាវុធផង មកបាញ់ថ្នាំគីមីពុលលើដំណាំដំឡូង ពោត ស្រូវរបស់កសិករនៅភូមិជើង ត្រង់ចំណុចជាំប្រាំល្វែង បណ្ដាលឲ្យខូចខាតដំណាំជាច្រើនហិកតារ។ ហេតុការណ៍នេះ អាជ្ញាធរមូលដ្ឋានក៏បានបញ្ជូនលិខិតមកអាជ្ញាធរស្រុក និងអ្នកតំណាងរាស្ត្រ ដើម្បីស្នើឲ្យជួយអន្តរាគមន៍ចំពោះសកម្មភាពទាំងនោះ។ ក្រោយមក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានផ្ញើលិខិតមួយទៅប្រធានរដ្ឋសភា ដើម្បីស្នើសុំឲ្យប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា បំភ្លឺជុំវិញករណីនេះ។
ព័ត៌មាននៃការបំផ្លាញដំណាំពលរដ្ឋនៅភូមិជើង ឃុំជាំ ធ្វើឲ្យមជ្ឈដ្ឋានពលរដ្ឋខ្មែរស្ទើរទូទាំងនគរភ្ញាក់ផ្អើល ពិសេសក្រោយពេលប្រមុខការទូតនៃប្រទេសកម្ពុជា គឺលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានចេញលិខិតមួយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ ដោយបញ្ជាក់ថា ចំណុចដីជាង ១៦ហិកតារដែលអាជ្ញាធរវៀតណាម បាញ់ថ្នាំពុលនោះ គឺជាដីរបស់គេ ហើយពលរដ្ឋខ្មែរបានដាំដំណាំនៅលើដីរបស់វៀតណាម។
ចម្ងល់ទាំងនេះ ធ្វើឲ្យមជ្ឈដ្ឋានជាតិ រួមមាន ក្រុមតំណាងរាស្ត្រ អ្នកសារព័ត៌មាន សង្គមស៊ីវិល យុវជន ពលរដ្ឋខ្មែរ និងចាម ផង បានចុះពិនិត្យមើលតំបន់ជម្លោះជាបន្តបន្ទាប់។ ការចុះពិនិត្យមើលតំបន់ជម្លោះនៅតាមព្រំដែនកម្ពុជា-វៀតណាម កាន់តែផុសផុលឡើង រួមមាន សកម្មភាពនៅភូមិជើង ឃុំជាំ កាលពីខែមេសា និងខែឧសភា។ សកម្មភាពចុះមើលព្រំដែននៅចំណុចភូមិលំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីដើមខែមិថុនា ក្រោយពេលមានដំណឹងថា អាជ្ញាធរវៀតណាម បានជីកស្រះចំនួន៨ នៅតំបន់ហាមឃាត់។
បន្ទាប់មកនៅថ្ងៃទី២០ មិថុនា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមាន លោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន ព្រមទាំងប្រជាពលរដ្ឋ ព្រះសង្ឃ ក្រុមយុវជន ចុះពិនិត្យមើលស្ថានភាពព្រំដែននៅតំបន់ព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីមានដំណឹងថា អាជ្ញាធរវៀតណាម បានចូលមកធ្វើប៉ុស្តិ៍យាមនៅក្នុងតំបន់ស ឬតំបន់ហាមឃាត់។ ក្រោយគ្នាបន្តិច ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដដែល ក៏បានដឹកនាំប្រជាពលរដ្ឋចុះទៅពិនិត្យមើលស្ថានភាពព្រំដែននៅខេត្ត ស្វាយរៀង ម្តង។
រាល់សកម្មភាពចុះទៅពិនិត្យមើលស្ថានភាពតំបន់ជម្លោះតាមបណ្តោយ ព្រំដែនប្រទេសទាំងពីរកន្លងមក គឺមានពេលខ្លះប្រព្រឹត្តទៅដោយរលូន ដោយមានអាជ្ញាធរខ្មែរជួយសម្រួលផង ប៉ុន្តែពេលខ្លះ គឺត្រូវប៉ះទង្គិចជាមួយអាជ្ញាធរវៀតណាម ឬមានការរារាំងពីសំណាក់អាជ្ញាធរខ្មែរក៏មាន។
ជាក់ស្តែង កាលពីថ្ងៃទី២៨ មិថុនា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរជាង ១០នាក់រងរបួសធ្ងន់ និងស្រាល ក្នុងនោះមានទាំងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ម្នាក់ គឺលោក រៀល ខេមរិន្ទ្រ ត្រូវបានរងរបួសធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍ហិង្សាជាមួយពលរដ្ឋ និងអាជ្ញាធរវៀតណាម ខណៈពួកគេរារាំងមិនឲ្យពលរដ្ឋខ្មែរ អាចទៅមើលស្ថានភាពព្រំដែននៅចំណុចមានជម្លោះក្បែរបង្គោលលេខ២០៣ ក្នុងភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ហេតុការណ៍នេះ រាជរដ្ឋាភិបាលខ្មែរបានត្រឹមសោកស្ដាយ និងថ្កោលទោសចំពោះអំពើហិង្សានោះ ប៉ុន្តែមិនមានវិធានការផ្លូវច្បាប់ណាមួយដាក់ទោសទណ្ឌអ្នកបង្ក ហិង្សាពេលនោះទេ។ រីឯភាគីវៀតណាម ក៏បានថ្កោលទោសគណបក្សសង្គ្រោះជាតិ ត្រឡប់វិញ ដែលបានដឹកនាំប្រជាពលរដ្ឋ ព្រះសង្ឃ យុវជនមើលព្រំដែនរហូតមានអំពើហិង្សាឡើង។
ជាមួយគ្នានេះ សមាជិកអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានដាក់លិខិតស្នើសុំឲ្យរាជរដ្ឋាភិបាល យកផែនទីដើម ឬផែនទីបោនខ្នាត ១/១០០.០០០ ដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ មកផ្ទៀងផ្ទាត់ជាមួយផែនទីប្រើប្រាស់បច្ចុប្បន្ន ពីព្រោះតំណាងរាស្ត្រទាំងនោះយល់ថា ជាផែនទីដែលធ្វើឲ្យទឹកដីកម្ពុជា ត្រូវបាត់បង់។
ឆ្លើយតបតាមការស្នើសុំរបស់មន្ត្រីគណបក្សប្រឆាំង រាជរដ្ឋាភិបាលខ្មែរបានស្នើសុំខ្ចីផែនទីពីបណ្ដាប្រទេសមួយចំនួន រួមមាន ប្រទេសបារាំង សហរដ្ឋអាមេរិក អង់គ្លេស និងអង្គការសហប្រជាជាតិ (UN) ផង។
កាលពីចុងខែកក្កដា អង្គការសហប្រជាជាតិ បានឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលកម្ពុជា ដោយបញ្ជាក់ថា ពួកគេមិនអាចរកឃើញផែនទីខ្នាត ១/១០០.០០០ ផលិតនៅចន្លោះឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៣ ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន បានទេ ប៉ុន្តែ យូ.អិន (UN) រកឃើញផែនទី យូ.ធី.អឹម (UTM) ចំនួន ១៨ផ្ទាំងស្ដីពីអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា។
ជាលទ្ធផល រាជរដ្ឋាភិបាលបានប្រគល់ការងារផ្ទៀងផ្ទាត់ផែនទី និងស្រាវជ្រាវបញ្ហាព្រំដែនទៅឲ្យរាជបណ្ឌិត្យសភាកម្ពុជា ដោយមាន លោក សុខ ទូច ជាប្រធាន។ ការផ្ទៀងផ្ទាត់ផែនទីផ្សេងៗជាមួយផែនទីរដ្ឋាភិបាលប្រើប្រាស់ គឺមានចំណុចដូចគ្នាច្រើន រាជបណ្ឌិត្យសភា ក៏សម្រេចយកផែនទីរបស់រដ្ឋាភិបាលទៅប្រើប្រាស់ក្នុងការស្រាវជ្រាវ របស់ខ្លួន។
ទាក់ទងបញ្ហានេះ ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ដំណើរការស្រាវជ្រាវ គឺមិនទាន់មានលទ្ធផលនៅឡើយ ពីព្រោះការស្រាវជ្រាវនៅមិនទាន់បានបញ្ចប់។ លោកបន្តថា ក្រុមរបស់លោកត្រូវដើរនៅលើផ្ទៃដីជាង ១ពាន់គីឡូម៉ែត្រ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ការងារនេះ ក្រុមអ្នកស្រាវជ្រាវចាប់ផ្តើមអនុវត្តលើផ្ទៃដីកាលពីខែកក្កដា ហើយពួកគាត់ដើរបានចម្ងាយ ៤០០គីឡូម៉ែត្រមកទល់ដំណាច់ឆ្នាំ២០១៥ ដោយរកឃើញបង្គោលបារាំង បន្សល់ទុកជាង ៩០បង្គោល។ លោកឲ្យដឹងទៀតថា ការចុះសិក្សានៅលើផ្ទៃដីនឹងអាចបញ្ចប់ឆ្នាំ២០១៦ ហើយឆ្នាំ២០១៧ នឹងឈានទៅផ្ទៀងផ្ទាត់អ្វីដែលបានរកឃើញនៅលើផ្ទៃដីជាមួយផែនទីដែល បានប្រើប្រាស់៖ «ខាងរដ្ឋាភិបាលប្រទេសទាំងពីរថា ពួកគេបានយល់ព្រមចប់អស់ហើយ ហើយយើងសិក្សាទៅបានផ្តល់ឲ្យបណ្ដើរៗ បើមានចេញចូលត្រង់ណាយើងនឹងប្រាប់។»
ជាមួយគ្នានេះ កាលពីថ្ងៃទី២៦ ធ្នូ ប្រមុខរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) ជំរុញឲ្យបន្តបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរឲ្យបានចប់ សព្វគ្រប់នៅពេលខាងមុខ ដើម្បីបន្តបោះបង្គោលព្រំដែនទឹកនៃប្រទេសទាំងពីរបន្តទៀត។
ព្រំដែនដីគោកប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាម មានប្រវែង ១.២៧០គីឡូម៉ែត្រ។ ចាប់ពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន ភាគីទាំងពីរបានឯកភាពគ្នាបោះបង្គោលព្រំដែនសម្រេចបាន ៨៣ភាគរយ ពោលគឺបានឯកភាពគ្នាបោះបង្គោលព្រំដែនបានជាង ៣១១បង្គោល។ ដោយឡែកបញ្ហាព្រំដែនជាមួយប្រទេសថៃ នៅក្នុងឆ្នាំ២០១៥ ហាក់មានភាពស្ងប់ស្ងាត់ បើទោះបីជាតំបន់ខ្លះ អាជ្ញាធរថៃ មានជម្លោះជាមួយពលរដ្ឋខ្មែរក៏ដោយ។ ជាងនេះទៀត នៅតំបន់ជម្លោះជុំវិញប្រាសាទព្រះវិហារ ទាហានថៃ នៅតែមិនព្រមដកកម្លាំងចេញតាមអំណាចសាលដីការបស់តុលាការយុត្តិធម៌ អន្តរជាតិ ហៅកាត់ថា អាយ.ស៊ី.ជេ (ICJ) នៅឡើយ។
ស្របគ្នានេះ កាលពីថ្ងៃទី១៧ ធ្នូ ព្រឹត្តិការណ៍ទាហាន និងពលរដ្ឋថៃ ជិត ២០នាក់ នាំគ្នាមកកាត់សោដែកទ្វាររបងច្រកចេញចូលប្រាសាទព្រះវិហារ។ បញ្ហានេះ ក៏បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីពួកគេនាំគ្នាដកថយចូលទឹកដីរបស់ពួកគេ។
បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង ពិសេសជាមួយប្រទេសវៀតណាម ក្នុងឆ្នាំ២០១៥ ត្រូវបានអ្នកស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត កែម ឡី មើលឃើញថា រាជរដ្ឋាភិបាលខ្មែរនៅមិនទាន់មានសេចក្តីក្លាហាន ដើម្បីដោះស្រាយបញ្ហាទាំងនោះទេ។ លោកថា យន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម កន្លងមក នៅតែធ្វើឲ្យកម្ពុជា ខាតបង់ ប៉ុន្តែវាធ្វើឲ្យប្រជាពលរដ្ឋខ្មែរចំណេញតាមរយៈទទួលបានព័ត៌មាន កាន់តែច្រើនអំពីបញ្ហាទាំងនោះ៖ «មេដឹកនាំបច្ចុប្បន្នគ្មាន សេចក្តីក្លាហានគ្រប់គ្រាន់ ដើម្បីយកផែនទីផ្លូវការដាក់នៅអង្គការសហប្រជាជាតិ និងគ្មានសេចក្តីក្លាហានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។»
លោកថា ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងឲ្យមានប្រសិទ្ធភាព គឺមានយន្តការពីរដែលអាចជួយឲ្យកម្ពុជា រួចផុតពីការរំលោភបំពានបាន ព្រមទាំងធ្វើឲ្យកម្ពុជា ចំណេញ។ ទីមួយ គឺត្រូវយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកប្រើ និងចុងក្រោយ ត្រូវស្វែងរកកិច្ចអន្តរាគមន៍ទៅតុលាការយុត្តិធម៌អន្តរជាតិតែម្តង ពីព្រោះយន្តការផ្សេងៗ លោកថានឹងមិនអាចទៅរួចឡើយ៕
No comments:
Post a Comment