Paris Peace Accords 23 Oct. 1991

Monday, February 15, 2016

អង្គការ ​២២​ស្ថាប័ន ​ថ្កោលទោស ​រដ្ឋាភិបាល​ ចំពោះ​ ការ​បង្ក្រាប​ សកម្មជន​ ការពារ​ បរិស្ថាន | 22 NGOs condemn govt for suppressing environmental activists

អង្គការ ​២២​ស្ថាប័ន ​ថ្កោលទោស ​រដ្ឋាភិបាល​ ចំពោះ​ ការ​បង្ក្រាប​ សកម្មជន​ ការពារ​ បរិស្ថាន

RFA / វិទ្យុ អាស៊ី សេរី | ១៥ កុម្ភៈ ២០១៦

 

ទាមទារ​ដោះ​លែង​សកម្មជន​បរិស្ថាន កោះកុង ២០១៥ ៨៥៥
ពលរដ្ឋ​ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក្នុង​រាជធានី​ ភ្នំពេញ និង​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន ៤​នាក់​នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Sochivy
 
ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ ចំនួន ២២​ស្ថាប័ន នៅ​ថ្ងៃ​ ទី​១៤ ខែ​កុម្ភៈ ចេញ​ សេចក្ដី​ថ្លែងការណ៍ ​រួម​ ថ្កោលទោស​ ចំពោះ​ ចំណាត់​ការ​ របស់ ​រដ្ឋាភិបាល ដែល​ចោទ​ប្រកាន់​ សកម្មជន ​ការពារ​ បរិស្ថាន​ នៃ​អង្គការ​ មាតា​ ធម្មជាតិ​ ជា​បន្តបន្ទាប់ ដាក់​ពន្ធនាគារ​ នៅ​ខេត្ត​ កោះកុង ក្រោយ ​ពី​ពួក​គេ​ ចូលរួម​ តវ៉ា ​ប្រឆាំង​ ការ​បូម​ខ្សាច់​ ក្នុង​ស្រុក​ បុទុមសាគរ ខេត្ត​ កោះកុង។

អង្គការ​សមាគម​ចំនួន ២២​ស្ថាប័ន ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៦​នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ ដែល​រង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ដោយ​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល ថា​ជា​ចេតនា​បង្ក្រាប​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​ ស្រុង។

អ្នក​សម្រប​សម្រួល​នៃ​គម្រោង​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា អ្នកស្រី ឆាយ ឈុនលី ដែល​ស្ថិត​ក្នុង​ចំណោម​អង្គការ​ទាំង ២២ ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​ទាំង​នោះ៖ «គោល​ជំហរ​របស់​យើង គឺ​ស្នើសុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ហ្នឹង​តែ​ម្ដង សុំ​ឲ្យ​ព្រះរាជអាជ្ញា​ទម្លាក់​បទ​ចោទ។ ប៉ុន្តែ​បើ​សិន​ជា​ព្រះរាជអាជ្ញា​មិន​ទម្លាក់​បទ​ចោទ​ទេ គឺ​សុំ​ឲ្យ​មាន​ការ​ចេញ​ដីកា​និយាយ​ពី​បទ​ចោទ​ហ្នឹង​ឲ្យ​ច្បាស់លាស់ ជា​ផ្លូវ​ការ​មក​ដល់​ជន​ជាប់​ចោទ ហើយ​ធានា​ថា ជន​ជាប់​ចោទ​ហ្នឹង​មាន​សិទ្ធិ​បាន​មក​តតាំង​នៅ​មុខ​តុលាការ ព្រោះ​អី​យើង​ឃើញ​ថា ការ​ចោទ​ប្រកាន់​ហ្នឹង​វា​អត់​ត្រូវ​ទៅ​នឹង​សកម្មភាព​ទៅ​នឹង​អំពើ​របស់​ពួក​ គាត់​ទេ ដូច​ក្នុង​ករណី​ព្រះសង្ឃ​ពីរ​អង្គ​ដែល​មាន​ក្នុង​បទ​ចោទ​ហ្នឹង គឺ​គាត់​អត់​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ក្រុម​យុវជន​ហ្នឹង​ទេ។»

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​រដ្ឋាភិបាល​នៅ​ពេល ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត ក្រោម​មាត្រា​២៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទល្មើស​ក្រោម​មាត្រា​៤២៤ ពី​បទ​គំរាម​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត ដែល​ភ្ជាប់​មក​នូវ​បញ្ជា​អ្វី​មួយ អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ។

សកម្មជន ៣​រូប​ផ្សេង​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ រួម​មាន ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) សញ្ជាតិ​អេស្ប៉ាញ (Spain) ត្រូវ ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​កម្ពុជា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ហើយ​បច្ចុប្បន្ន កំពុង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​មក​កម្ពុជា វិញ ដើម្បី​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​នៅ​តុលាការ ត​ទល់​នឹង​ការ​ចោទ​ប្រកាន់។

ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​របស់ លោក អាឡិក វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ថា លោក​មិន​ទាន់​ប្រាកដ​ថា តើ​ក្រសួង​មហាផ្ទៃ នឹង​អនុញ្ញាត​ឲ្យ លោក អាឡិក វិល​មក​កម្ពុជា វិញ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ក្នុង​ករណី​តុលាការ​ខេត្ត​កោះកុង កោះ​ហៅ លោក អាឡិក មក​បំភ្លឺ​នោះ។ ទន្ទឹម​នឹង​នោះ លោក ខៀវ សុភ័គ ក៏​បាន​បញ្ជាក់​ថា ជន​បរទេស​ណា​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ ជន​នោះ​នឹង​មិន​អាច​វិល​មក​កម្ពុជា វិញ​ជា​ដាច់​ខាត។

រីឯ​សកម្មជន​ពីរ​រូប​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់​ដូច លោក អាឡិក ដែរ​នោះ គឺ​ព្រះសង្ឃ​ពីរ​អង្គ​រួម​មាន ព្រះតេជព្រះគុណ សុខ ចាន់ត្រា ជា​ព្រះចៅ​អធិការ​វត្ត​អង្គ​គិរី ខេត្ត​កោះកុង និង​ជា​លេខាធិការ​នៃ​អង្គការ​មាតា​ធម្មជាតិ និង​ព្រះតេជព្រះគុណ ព្រហ្ម ធម្មជាតិ ជា​នាយក​ប្រតិបត្តិ​កិត្តិយស​នៃ​អង្គការ​មាតា​ធម្មជាតិ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ទាំង ២២ នោះ លើក​ឡើង​ថា ទោះ​បី​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការ​ចោទ​ប្រកាន់​លើ​សមាជិក​ ទាំង ៣​នាក់ នៃ​អង្គការ​នេះ​ក៏ដោយ ក៏​សាលា​ដំបូង​ខេត្ត​កោះកុង មិន​ទាន់​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ដល់​ជន​ជាប់​ចោទ​ទាំង​បី​នាក់​នៅ​ឡើយ។ ក្រុម​អង្គការ​ទាំង​នោះ អំពាវនាវ​ឲ្យ​សាលា​ដំបូង​ខេត្ត​កោះកុង ជូន​ដំណឹង​ជា​ផ្លូវ​ការ​ជា​បន្ទាន់​ទាក់ទង​នឹង​បទ​ចោទ​ទៅ​លើ​ជន​ជាប់​ចោទ​ ទាំង​បី​នាក់ ដើម្បី​ធានា​ឲ្យ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។

ឆ្លើយ​តប​នឹង​សំណើ​នេះ ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង បដិសេធ​មិន​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ទេ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ។

ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​បី​នាក់ គឺ​ដូច​គ្នា​នឹង​បទ​ចោទ​ប្រឆាំង​សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិ ចំនួន ៣​រូប​ដំបូង ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ ខណៈ​ពួក​គេ​ចូលរួម​តវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។ យុវជន​ទាំង ៣​នាក់​មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង ត្រូវ​បាន​តុលាការ​ដាក់​ពន្ធនាគារ​រហូត​ដល់​សព្វថ្ងៃ មិន​ទាន់​ដោះ​លែង​នៅ​ឡើយ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ទាំង ២២​ស្ថាប័ន​លើក​ឡើង​ថា ការ​គាប​សង្កត់​លើ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ការពារ​បរិស្ថាន​របស់​ អង្គការ​មាតា​ធម្មជាតិ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បង្ក្រាប​កាន់​តែ​ធំ​ទៅៗ​ពី​សំណាក់​រដ្ឋាភិបាល ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​រួម​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បាន​ស្នើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ធានា​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​សកម្មជន ​បរិស្ថាន និង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំងឡាយ ដែល​បាន​ប្រឹងប្រែង​ការពារ​ធនធាន​ធម្មជាតិ​ដែល​ជា​ទ្រព្យ​សម្បត្តិ​ ត្រឹមត្រូវ​តាម​ច្បាប់​របស់​ពលរដ្ឋ​កម្ពុជា៕



No comments:

Post a Comment