សង្គមស៊ីវិល ជំរុញ ឲ្យអាជ្ញាធរ ស្រុក ល្វា ឯម អនុវត្តច្បាប់ ចំពោះ ពលរដ្ឋ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ១៥ កុម្ភៈ ២០១៦
មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចាត់វិធានការស៊ើបអង្កេតចំពោះអាជ្ញាធរថ្នាក់ក្រោម ដែលប្រព្រឹត្តអំពើសូកប៉ាន់តាមរយៈការធ្វើសៀវភៅស្នាក់នៅឲ្យពលរដ្ឋ វៀតណាម ដោយខុសច្បាប់ទាំងអស់នោះ។ មន្ត្រីរដ្ឋាភិបាលឆ្លើយតបថា អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់អន្តោប្រវេសន៍ ចំពោះពលរដ្ឋវៀតណាម ដែលរស់នៅខុសច្បាប់។
ពលរដ្ឋវៀតណាម ម្នាក់អះអាងថា អ្នកដែលត្រូវអាជ្ញាធរស្រុកល្វាឯម បណ្ដេញចេញនោះ អ្នកខ្លះទៅតាំងទីលំនៅនៅកំពង់ចម្លងមុខវត្តខ្សាច់ និងកោះមួយនៅមុខជ្រោយអំពិល ចម្ងាយពី ២ ទៅ ៣គីឡូម៉ែត្រពីកំពង់ចម្លងអរិយក្សត្រ។ បុរសដដែលនោះអះអាងថា អាជ្ញាធរស្រុកល្វាឯម មិនបានទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈផ្សេងៗនោះទេ។ ពលរដ្ឋវៀតណាម ទាំងនោះគ្រាន់តែត្រូវបណ្ដេញចេញជាបណ្ដោះអាសន្នតែប៉ុណ្ណោះ៖ «គេថាបើអ្នកនៅទីហ្នឹងយូរ គេឲ្យទៅនៅតាកុយបណ្ដោះអាសន្ន ហើយពីរបីខែក្រោយ គេឲ្យមកនៅវិញ។»
មេភូមិវៀតណាម លោក គ្រឿង តឺយ លើកឡើងថា ពលរដ្ឋវៀតណាម ៤៣គ្រួសារដែលមានសមាជិកជិត ៣០០នាក់នោះ មានសៀវភៅស្នាក់នៅចេញដោយអាជ្ញាធរស្រុកល្វាឯម។ លោកបន្ថែមថា ពលរដ្ឋវៀតណាម ទាំងនោះ ដំបូងឡើយមានទីលំនៅនៅខាងជើងស្ពានជ្រោយចង្វារ ខណ្ឌឫស្សីកែវ ហើយក្នុងឆ្នាំ២០០៧ និងឆ្នាំ២០០៩ បានប្ដូរទីលំនៅមកកំពង់ចម្លងអរិយក្សត្រ និងពាក់កណ្ដាលឆ្នាំ២០១៥ បានទៅតាំងទីលំនៅនៅមុខវត្តខ្សាច់ និងនៅកោះមួយនៅមុខជ្រោយអំពិល។
ពលរដ្ឋវៀតណាម ដែលតាំងទីលំនៅលើដងទន្លេចតុមុខនៅតំបន់កំពង់ចម្លងអរិយក្សត្រ ភូមិអរិយក្សត្រ នៅទល់មុខកោះពេជ្រនោះ ក្រោយពេលអាជ្ញាធរប្រកាសដេញចេញហើយនោះ មាន ១០គ្រួសារបានទៅតាំងទីលំនៅនៅកំពង់ខ្សាច់ មុខវត្តខ្សាច់ ស្រុកល្វាឯម ៥គ្រួសារឡើងទៅតាំងទីលំនៅក្នុងភូមិវៀតណាម ស្ថិតក្នុងភូមិអរិយក្សត្រ ដោយមួយគ្រួសារត្រូវចំណាយលុយជាង ២០០ដុល្លារសម្រាប់ទិញផ្ទះតូចៗ និងជិត ៣០គ្រួសារផ្សេងទៀត ទៅតាំងទីលំនៅនៅកោះមួយនៅមុខភូមិជ្រោយអំពិល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បើទោះជាយ៉ាងណា នៅមានពលរដ្ឋវៀតណាម ចំនួនជាង ២០០គ្រួសារទៀតកំពុងរស់នៅលើគោកនៅភូមិអរិយក្សត្រ ដូចគ្នា អាជ្ញាធរមិនមានវិធានការណាមួយបណ្ដេញចេញនោះទេ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំ ខេត្តកណ្ដាល លោក ម៉ែន មករា លើកឡើងថា អាជ្ញាធរស្រុកល្វាឯម ត្រូវតែអនុវត្តតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីសញ្ជាតិ។ បើសិនពលរដ្ឋវៀតណាម ទាំងឡាយណាជាជនអន្តោប្រវេសន៍ខុសច្បាប់ អាជ្ញាធរស្រុកល្វាឯម មិនត្រូវអនុញ្ញាតឲ្យទៅរស់នៅលើទីតាំងផ្សេងនោះឡើយ៖ «អាជ្ញាធរ គួរតែពិនិត្យមើល ពិនិត្យមើលថា បើជនអន្តោប្រវេសន៍ដែលខុសច្បាប់ អាជ្ញាធរត្រូវតែអនុវត្តតាមច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍ ដើម្បីធានាថារដ្ឋយើងជារដ្ឋមួយមានអធិបតេយ្យ និងច្បាប់ពិតប្រាកដ។»
នាយកលេខាធិការដ្ឋាននៃអង្គការសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា បើសិនជនជាតិវៀតណាម ដែលរស់នៅលើទឹកនៅកំពង់ចម្លងអរិយក្សត្រ មិនមានឯកសារជាជនអន្តោប្រវេសន៍ស្របច្បាប់នោះទេ អាជ្ញាធរត្រូវអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងត្រូវបញ្ជូនពលរដ្ឋវៀតណាម ទាំងនោះទៅប្រទេសវៀតណាម វិញ។
លោកជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចាត់វិធានការស៊ើបអង្កេតចំពោះអាជ្ញាធរថ្នាក់ក្រោមរូបណា ដែលបានប្រព្រឹត្តអំពើសូកប៉ាន់តាមរយៈការធ្វើសៀវភៅស្នាក់នៅឲ្យ ពលរដ្ឋវៀតណាម ខុសច្បាប់ទាំងអស់នោះ។
ជុំវិញបញ្ហានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា បើសិនប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ដាក់ពាក្យប្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយច្បាស់លាស់ នោះលោកនឹងបើកការស៊ើបអង្កេត។ លោកបន្ថែមថា តាមច្បាប់ គឺមិនអាចធ្វើឡើងដោយគ្មានពាក្យបណ្ដឹង និងវត្ថុតាងជាក់លាក់នោះទេ។
ក្រៅពីការរស់នៅខុសច្បាប់ ពលរដ្ឋវៀតណាម ដែលរស់នៅលើទឹក រងការរិះគន់ថា បានបង្កការលំបាកយ៉ាងខ្លាំងក្នុងការប្រើប្រាស់ទឹក ដែលជាហេតុបណ្ដាលឲ្យទឹកមិនស្អាត និងទឹកគ្មានសុវត្ថិភាព។ ពលរដ្ឋវៀតណាម ដែលតាំងទីលំនៅនៅលើទឹកទាំងនោះ ប្រកបរបរចិញ្ចឹមត្រីដាក់បែរក្នុងទឹក ចោលសំរាមក្នុងទន្លេ និងបន្ទោបង់ក្នុងទឹក ជាដើម។
អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ មានប្រសាសន៍ថា ពលរដ្ឋវៀតណាម ដែលរស់នៅលើទឹកទាំងនោះ អាជ្ញាធរខេត្តកណ្ដាល កំពុងស៊ើបអង្កេត និងធ្វើជំរឿនពីចំនួនពលរដ្ឋវៀតណាម និងស្វែងរកការពិតជុំវិញឯកសារពាក់ព័ន្ធនឹងផ្លូវច្បាប់។ លោកបន្ថែមថា ក្រោយពេលការសិក្សាស្រាវជ្រាវរួចហើយ បើរកឃើញថា ពលរដ្ឋវៀតណាម ទាំងនោះជាជនអន្តោប្រវេសន៍ខុសច្បាប់ អាជ្ញាធរត្រូវតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍។
ជំពូកទី២ ស្ដីពីជនបរទេសមិនមែនអន្តោប្រវេសន៍ មាត្រា៨ វាក្យខណ្ឌទី១ នៃច្បាប់អន្តោប្រវេសន៍ ចែងថា ជនបរទេសមិនមែនអន្តោប្រវេសន៍ អាចស្នាក់នៅក្នុងប្រទេសកម្ពុជា បាន ត្រូវមានការអនុញ្ញាតចូលជាមុនពីរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ឬតាមរយៈអាជ្ញាធរបទេសណាមួយ ដែលតំណាងឲ្យផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា នៅក្រៅប្រទេស។
គណបក្សប្រឆាំងអះអាងថា ជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា មានចំនួនប្រមាណ ៥សែននាក់ ចំណែកឯរដ្ឋាភិបាលវិញអះអាងដោយយោងតាមជំរឿនឆ្នាំ២០០២ ថា មានចំនួនត្រឹមតែជាង ១សែននាក់ប៉ុណ្ណោះ។
បច្ចុប្បន្ន ពលរដ្ឋវៀតណាម ១០គ្រួសាររស់នៅកំពង់ខ្សាច់ មុខវត្តខ្សាច់ ស្រុកល្វាឯម ជាង ៦០គ្រួសារ រស់នៅលើកោះមុខភូមិជ្រោយអំពិល ស្រុកកៀនស្វាយ និងនៅភូមិព្រែកតាសេក ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ចំនួន ៥៥គ្រួសារ។
ប្រជាពលរដ្ឋដែលមានទីលំនៅទីនោះអះអាងថា ពលរដ្ឋវៀតណាម ទាំងនោះសុទ្ធតែមានសៀវភៅស្នាក់នៅដែលចេញដោយអាជ្ញាធរមូលដ្ឋាន ត្រឹមត្រូវ។
មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវបើកការស៊ើបអង្កេតមួយដែលមានសុចរិតភាព មានតម្លាភាពត្រឹមត្រូវ និងត្រូវឈរលើស្មារតីនៃច្បាប់អន្តោប្រវេសន៍កម្ពុជា។ អង្គការសង្គមស៊ីវិលបង្ហាញជំហរថា ពលរដ្ឋវៀតណាម ណាដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ អាជ្ញាធរត្រូវបញ្ជូនពលរដ្ឋវៀតណាម ទាំងនោះទៅប្រទេសវៀតណាម វិញ និងត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីថ្នាក់ក្រោមរូបណា ដែលស៊ីសំណូកសូកប៉ាន់ពីពលរដ្ឋវៀតណាម ដោយខុសច្បាប់ ដើម្បីមានសិទ្ធិរស់នៅ៕
No comments:
Post a Comment