សម្ព័ន្ធ ខ្មែរ-អាមេរិកាំង គ្រោងធ្វើ បាតុកម្ម ប្រឆាំង វត្តមាន លោក ហ៊ុន សែន នៅអាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ៣១ មករា ២០១៦
ខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មប្រឆាំងលោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន នៅមុខអង្គការសហប្រជាជាតិ ក្នុងបុរីញីវយ៉ក (New
York) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។ RFA/Yun
Samean
សម្ព័ន្ធ ខ្មែរ-អាមេរិកាំង នឹងដឹកនាំ បាតុករ ប្រមាណ ពី ៣០០នាក់ ទៅ ៥០០នាក់ ធ្វើបាតុកម្ម ប្រឆាំង វត្តមាន លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគ្រោង នឹងចូលរួម កិច្ចប្រជុំ កំពូល មេដឹកនាំ អាមេរិក និងអាស៊ាន នៅថ្ងៃ ទី១៥ ខែកុម្ភៈ ខាងមុខនេះ។
ប្រធាន សម្ព័ន្ធមិត្ត ខ្មែរ-អាមេរិកាំង
លោក ទូច វិបុល បញ្ជាក់ កាលពីថ្ងៃ ទី៣០ មករា ថា,
ក្រុមបាតុករ ទទួលបាន ការអនុញ្ញាត ច្បាប់ ពីសមត្ថកិច្ច ទីក្រុង
សាន់នីឡែន (Sunnyland) រដ្ឋ កាលីហ្វ័រញ៉ា (California) រួចហើយ ដើម្បី អាចធ្វើ បាតុកម្ម ក្បែរ បរិវេណ កិច្ចប្រជុំ កំពូល រៀបចំឡើង ដោយប្រធានាធិបតី សហរដ្ឋ អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅថ្ងៃ ទី១៥ ដល់ថ្ងៃ ទី១៦ កុម្ភៈ។ លោក បន្តថា, គោលបំណង នៃបាតុកម្មនេះ
ដើម្បី ទាមទារ ឲ្យលោក ហ៊ុន សែន បញ្ឈប់ ការរំលោភ សិទ្ធិមនុស្ស
និងដើម្បី ស្នើឲ្យលោក បារ៉ាក់ អូបាម៉ា ជំរុញ ឲ្យលោក ហ៊ុន សែន
អនុវត្ត លទ្ធិប្រជាធិបតេយ្យ។ សំណើ របស់ សម្ព័ន្ធមិត្ត ខ្មែរ-អាមេរិកាំង ក៏ស្របទៅ នឹងអង្គការ សិទ្ធិមនុស្ស អន្តរជាតិដែរ។
កាលពីថ្ងៃទី១៩ មករា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏ ស្នើប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ដោតសំខាន់លើបញ្ហាសិទ្ធិមនុស្សក្នុងឱកាសកិច្ចប្រជុំ។ អង្គការនេះបញ្ជាក់ថា មេដឹកនាំអាស៊ានមួយចំនួន បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ការធ្វើរដ្ឋប្រហារ និងឧក្រិដ្ឋកម្មសង្គ្រាម។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទទូចឲ្យ លោក បារ៉ាក់ អូបាម៉ា ត្រូវជជែកជាសាធារណៈនឹងមេដឹកនាំអាស៊ានទាំងនោះ ដើម្បីឲ្យដោះលែងអ្នកទោសនយោបាយ ទម្លាក់ចោលការចោទប្រកាន់នយោបាយ និងការធ្វើទុក្ខបុកម្នេញនយោបាយ ក្នុងនោះ លោក ហ៊ុន សែន គ្រប់គ្រងអំណាចអស់រយៈពេលជាង ៣០ឆ្នាំ ដោយប្រើប្រាស់អំពើហិង្សា ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំង និងអនុញ្ញាតឲ្យមានអំពើពុករលួយ។
ទាក់ទងគម្រោងធ្វើបាតុកម្មប្រឆាំងវត្តមានរបស់ លោក ហ៊ុន សែន នេះដែរ លោក ទូច វិបុល អះអាងថា បាតុកម្មរៀបចំដោយខ្មែរ-អាមេរិកាំង មិនពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ។
គណបក្សសង្គ្រោះជាតិ ធ្លាប់ចេញសេចក្តីប្រកាសថា ពុំមានគោលការណ៍ ឬផែនការឲ្យសមាជិកសមាជិកា និងអ្នកគាំទ្រនៅសហរដ្ឋអាមេរិក (United State) និងប្រទេសកាណាដា (Canada) រៀបចំធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន សែន ឡើយ៕
No comments:
Post a Comment