ក្រសួង សុខាភិបាល ប្រកាស ថា, អ្នកផ្ទុក មេរោគ អេដស៍ នៅឃុំ សំបួរមាស មានតែ ៤នាក់
RFA / វិទ្យុ អាស៊ី សេរី | ២៤ កុម្ភៈ ២០១៦
ក្រសួង សុខាភិបាល ប្រកាស លទ្ធផល អង្កេត ជាផ្លូវការ នៃការផ្ទុះ ជំងឺអេដស៍ នៅឃុំ សំបួរមាស ស្រុក មុខកំពូល ខេត្ត កណ្ដាល។
សេចក្ដីប្រកាស ព័ត៌មាន រួមគ្នា កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ របស់ មជ្ឈមណ្ឌលជាតិ ប្រយុទ្ធ នឹងជំងឺ អេដស៍, អង្គការ សុខភាព ពិភពលោក និងអង្គការ សហប្រជាជាតិ ប្រយុទ្ធ នឹងជំងឺ អេដស៍ បញ្ជាក់ ថា, លទ្ធផល ជាផ្លូវការ គឺ អ្នក ផ្ទុកមេរោគ អេដស៍ មានចំនួន តែ ៤នាក់ ទេ ក្នុងចំណោម អ្នក ដែលបានធ្វើ តេស្តឈាមជិត ៣០០នាក់។
សេចក្ដីរាយការណ៍ បឋម មិនជាផ្លូវការ របស់ អាជ្ញាធរ ទាក់ទិន កាលពីថ្ងៃ ទី២៣ ខែកុម្ភៈ ថា, ក្រុមគ្រូពេទ្យ បានធ្វើ តេស្តឈាម ប្រជាពលរដ្ឋ ជិត ៣០០នាក់ ក្នុងនោះ មាន ១៤នាក់ អាចមានផ្ទុក មេរោគអេដស៍។
ប្រធាន មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ពន្យល់ប្រាប់ពីការថយចុះពីចំនួន ១៤នាក់ មកនៅត្រឹម ៤នាក់វិញនេះ ដោយសារមានក្រុមការងារធ្វើតេស្តឈាមបន្ទាន់ផ្សេងៗគ្នាក្រោយទទួលបាន ព័ត៌មានស្តីពីការផ្ទុះឡើងមេរោគអេដស៍នៅឃុំសំបួរមាស នោះ ហើយទទួលបានលទ្ធផលផ្សេងៗគ្នា។ ប៉ុន្តែក្រោយការចុះអង្កេត ការធ្វើតេស្តឈាម និងការផ្ទៀងផ្ទាត់នូវលទ្ធផលនោះឡើងវិញដោយមជ្ឈមណ្ឌលជាតិ អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញនូវលទ្ធផលសរុប គឺរកឃើញតែ ៤នាក់ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត លី ពេញស៊ុន៖ «ពីមុនមករកឃើញ ៩នាក់ក្នុងភូមិ ក្រោយមកមានអង្គការមួយទៅធ្វើតេស្តក្នុងពិធីបុណ្យសពមួយរកឃើញ ៥នាក់ទៀត អ៊ីចឹងបូកទៅមាន ១៤នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ទើបក្រសួងសុខាភិបាល ឲ្យមជ្ឈមណ្ឌលចុះអង្កេតចេញជាលទ្ធផល ៤នាក់ ក្នុងចំណោមអ្នកធ្វើតេសឈាម ២៧៩នាក់ ជាពលរដ្ឋរស់នៅក្នុងភូមិជាច្រើនក្នុងសំបួរមាសនោះ។»
លោកបញ្ជាក់ថា អ្នកដែលផ្ទុកមេរោគអេដស៍ទាំងនោះ មិនមែនទើបឆ្លងថ្មីទេ ហើយក៏មិនមែនជាករណីឆ្លងតាមការប្រើសេវាព្យាបាលជំងឺក្នុងភូមិនោះ ឡើយ។
ទោះបីយ៉ាងណាក្តី លោកជឿថា នៅក្នុងឃុំសំបួរមាស នៅមានអ្នកផ្ទុកមេរោគអេដស៍ច្រើនទៀត ហើយលោកអំពាវនាវឲ្យពលរដ្ឋទាំងអស់មកធ្វើតេស្តឈាម ដើម្បីឲ្យអស់មន្ទិលក្នុងខ្លួន និងបានទទួលសេវាថែទាំសុខភាព បើសិនមានផ្ទុកមេរោគអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងប្រគល់ការងារធ្វើតេស្តឈាមនេះទៅឲ្យមណ្ឌលសុខភាពឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីធ្វើការងារនេះបន្តទៀត៕
No comments:
Post a Comment