ពលរដ្ឋ នៅខេត្ត ព្រះវិហារ បារម្ភ អំពី ការកាប់ព្រៃឈើ នៅសហគមន៍ ជាំពេន
RFA / វិទ្យុ អាស៊ី សេរី | ២៤ កុម្ភៈ ២០១៦
ព្រៃឈើ ទំហំ ជិត ២.០០០ ហិកតារ ក្នុងសហគមន៍ ជាំពេន នៅឃុំ រម្យទម ស្រុក រវៀង ខេត្ត ព្រះវិហារ ជាប់គ្នា នឹងដែន ជម្រកសត្វព្រៃ បឹងពែរ កំពុង ទទួលរង ការកាប់ យកទៅ ជួញដូរ ខុសច្បាប់ យ៉ាងអនាធិបតេយ្យ ដោយអាជ្ញាធរ ពាក់ព័ន្ធ ហាក់ មិនសូវ យកចិត្ត ទុកដាក់ បង្ក្រាបទេ។ ក្រុមប្រជាពលរដ្ឋ រស់នៅ ភូមិ បង្កើនផល បានសំដែង ការព្រួយបារម្ភ ខ្លាចបាត់បង់ ព្រៃឈើ នៅជិតតំបន់ ពួកគេ រស់នៅ, ហើយ បានរួមគ្នា ប្រឹងប្រែង ការពារ ដោយខ្លួនឯង។
ប្រជាពលរដ្ឋនៅភូមិបង្កើនផល នៃឃុំរម្យទម ស្រុករវៀង កំពុងរួមគ្នាដើរល្បាតការពារព្រៃឈើនៅតំបន់ជាំពេន រយៈពេលជិត ២សប្ដាហ៍មកហើយ។
ការចាត់កម្លាំងល្បាតដើរការពារព្រៃទំហំជិត ២.០០០ហិកតារនេះ គឺនៅស្របពេលដែលមានមនុស្សមកពីស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្គ ជាច្រើននាក់ តែងលបលួចចូលកាប់ឈើ ហើយដឹកជញ្ជូនយកទៅជួញដូរខុសច្បាប់ ប៉ុន្តែអាជ្ញាធរបែរជាមិនយកចិត្តទុកដាក់បង្ក្រាបទេ។
តំណាងសហគមន៍ការពារព្រៃឈើ ភូមិបង្កើតផល គឺលោក រស់ លីន។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ថាអ្នកភូមិរបស់លោកបានទទួលការពារព្រៃជាំពេន ទំហំជិត ២.០០០ហិកតារ តាំងពីអំឡុងឆ្នាំ២០០៦ មក ក៏ប៉ុន្តែបច្ចុប្បន្នព្រៃឈើដែលជាប់គ្នានឹងតំបន់ដែនជម្រកសត្វព្រៃ បឹងពែរ មួយនេះ កំពុងមានមនុស្សមកពីខេត្តផ្សេងចូលលួចកាប់យកទៅលក់ដូរខុសច្បាប់ ស្ទើរតែរៀងរាល់ថ្ងៃ។
តំណាងសហគមន៍ដដែលបញ្ជាក់ថា ក្រុមអ្នកភូមិប្រឹងប្រែងការពារព្រៃឈើទាំងនេះ ដោយខំដើរល្បាត ក៏ប៉ុន្តែបែរទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញវិញធ្វើជាមិនដឹងមិនឮចំពោះសកម្មភាពកាប់ឈើទាំង នោះ៖ «ពួកកាប់ឈើនៅតែរុករានបន្ត ប៉ុន្តែដោយសារតែពួកខ្ញុំដេញ ដូចជាដេញមាន់ស៊ីស្រូវអ៊ីចឹង។ ពួកហ្នឹងមកពីស្រុកស្ទោង និងស្រុកស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។»
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្រុមសហគមន៍បានចាប់ខ្លួនអ្នកលួចចូលទៅកាប់ឈើខុសច្បាប់ចំនួន ១០នាក់ ព្រមទាំងរទេះដឹកឈើចំនួន ២គ្រឿង ដោយពួកគេបានត្រឹមតែជូនដំណឹងឱ្យអាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើរវៀង បានដឹង ក៏ប៉ុន្តែមិនប្រគល់អ្នកកាប់ឈើទាំងនោះទៅឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ទេ គឺគេសុខចិត្តបញ្ជូនទៅតុលាការខេត្តព្រះវិហារ ដោយខ្លួនឯង។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរស្រុករវៀង មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់រវៀង ដើម្បីសុំការអធិប្បាយជុំវិញរឿងបទល្មើសព្រៃឈើនៅសហគមន៍ជាំពេននោះ បានថាយ៉ាងណានៅឡើយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងថា បច្ចុប្បន្នព្រៃឈើនៅជាំពេន គឺពិតជាកំពុងទទួលរងការកាប់យកទៅជួញដូរខុសច្បាប់មែន។
លោក ឡោ ចាន់ បញ្ជាក់ទៀតថា អ្នកមានអំណាច និងឈ្មួញខ្លះ នៅតែជួលមនុស្សឱ្យលួចចូលទៅកាប់ឈើនៅសហគមន៍បង្កើនផល ក៏ប៉ុន្តែអាជ្ញាធររដ្ឋាភិបាលជាច្រើនស្ថាប័នដែលនៅទីនោះហាក់មាន វិធានការបង្ក្រាបសកម្មភាពនោះតិចតួច៖ «គាត់អស់ជំនឿទៅលើសង្កាត់ រដ្ឋបាលព្រៃឈើរវៀង ហើយ។ កាលពីលើកមុនគាត់ចាប់បានទាំងអ្នកកាប់ឈើ ចាប់បានទាំងវត្ថុតាងបទល្មើស ប៉ុន្តែបែរជាមន្ត្រីរដ្ឋបាលព្រៃឈើដោះលែងទៅវិញ។»
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ សហគមន៍ធ្លាប់ព័ន្ធចាប់អ្នកកាប់ឈើខុសច្បាប់ចំនួន ៨នាក់ ព្រមទាំងរឹបអូសឈើ ៥៣ចម្រៀក គោយន្តចំនួន ២គ្រឿង និងអាវុធស្នាតេះផងយកទៅប្រគល់ជូនមន្ត្រីអភិរក្សដែនជម្រកសត្វព្រៃ បឹងពែរ ក៏ប៉ុន្តែ ៣ថ្ងៃក្រោយមក មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃបានដោះលែងអ្នកកាប់ឈើទាំងនោះ ដោយមិនបញ្ជូនទៅតុលាការទេ ជាហេតុធ្វើឲ្យក្រុមអ្នកកាប់ឈើយកទៅជួញដូរខុសច្បាប់មិនរាងចាល ហើយនៅតែលួចចូលទៅកាប់ឈើស្ទើរតែរៀងរាល់ថ្ងៃរហូតមកដល់ពេលនេះ៕
No comments:
Post a Comment