Paris Peace Accords 23 Oct. 1991

Monday, February 15, 2016

លោក ហ៊ុន សែន ចេញ​ដំណើរ​ ទៅ​ចូលរួម ​កិច្ច​ប្រជុំ​ កំពូល​ អាស៊ាន-អាមេរិក​ | Hun Sen departs for US-ASEAN Summit

លោក ហ៊ុន សែន ចេញ​ដំណើរ​ ទៅ​ចូលរួម ​កិច្ច​ប្រជុំ​ កំពូល​ អាស៊ាន-អាមេរិក​

អ្នក​វិភាគ​ នយោបាយ ​ឯករាជ្យ​ និង​មន្ត្រី​ សង្គម​ស៊ីវិល​ និយាយ​ថា, ​​មន្ត្រី​ រដ្ឋាភិបាល​ កម្ពុជា ​មិន​គួរ​ មើល​ស្រាល​ លិខិត​ របស់​ សមាជិក​ ព្រឹទ្ធសភា​ អាមេរិក​ ៧​រូប​​ ដែល​បាន​ ផ្ញើ​មក​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នោះ​ទេ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​​កម្ពុជា​ស្ថិត​នៅ​ក្រុង​ហុងកុង​ដើម្បី​បន្ត​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ទី​រមណីយដ្ឋាន Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា។ (ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​​កម្ពុជា​ស្ថិត​នៅ​ក្រុង​ហុងកុង​ដើម្បី​បន្ត​ដំណើរ​ទៅ​ សហរដ្ឋ​អាមេរិក​ដើម្បី​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ទី​ រមណីយដ្ឋាន Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា។ (ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ចាក​ចេញ​ ពី​អាកាស​យានដ្ឋាន​ អន្តរ​ជាតិ​ ភ្នំពេញ​ តាម​យន្តហោះ​ ពិសេស​ របស់​ រដ្ឋាភិបាល​ ដើម្បី​ ទៅ​ចូល​រួម​ កិច្ច​ប្រជុំ​ កំពូល​ អាស៊ាន-អាមេរិក ​រយៈ​ពេល​ ២​ថ្ងៃ​ នៅ​រមណីយដ្ឋាន​ សាន់នីលែន (Sunnylands) រដ្ឋ កាលីហ្វ័រញ៉ា (California) ​សហរដ្ឋ​ អាមេរិក។

ក្រោយ ​ពី​បាន​ជួប​ និង​ចាប់ដៃ​ ជាមួយ មន្ត្រី​រដ្ឋាភិបាល ​ជាន់​ខ្ពស់ ទាំង​ខាង​ ស៊ីវិល ​និង​យោធា​ ជាង​១០រូប ​ដែល​បាន ​ជូន​ដំណើរ​ លោក​នោះ, ​លោក​ នាយក​រដ្ឋ​មន្ត្រី​ បាន​ឡើង​ យន្តហោះ​ ដែល​ចេញ​ដំណើរ ​នៅ​ម៉ោង ​៧​ព្រឹក​ ថ្ងៃ​អាទិត្យ​ ដោយ​មិន​បាន ​ផ្ដល់​អត្ថាធិប្បាយ​ ដល់អ្នក​ យក​ព័ត៌មាន នៅ​ព្រឹក​ ព្រលឹម ​ថ្ងៃ​ទី​១៤​ ខែ កុម្ភៈ នេះ​ទេ។


អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​និង​មន្ត្រី​សង្គម​ស៊ីវិល​ និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​មិន​គួរ​មើល​ស្រាល​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​៧​រូប ដែល​បាន​ផ្ញើ​មក​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាលបាន​អះអាង​ថា ពួកគេ​បាន​បញ្ជូន​លិខិត​នោះ​តាម​អ៊ីមែលត្រឡប់​ទៅ​វិញ ​ដោយ​មិន​អាន​ខ្លឹមសារ​លិខិត​នោះ​ទេ។

លោក​ អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត ឬ ​Future Forum ​ដែល​សិក្សា​អំពី​គោល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ប្រាប់​ VOA ថា ​ប្រតិកម្ម​របស់​រដ្ឋាភិបាល​នេះ​ ផ្ទុយ​ពី​គោល​នយោបាយ​ការទូត​របស់​ខ្លួន។​
លោកនិយាយ​ថា​ ទោះជាប្រទេស​មាន​សង្គ្រាម​នឹង​គ្នា ​ក៏​គេ​ត្រូវ​មើល​ ហើយ​ពិចារណា​សារ​របស់​ភាគី​ម្ខាង​ទៀត​ដែរ។

អ្នក​វិភាគ​នយោបាយ​រូប​នេះ​ ក៏​បាននិយាយ​ដែរ​ថា ​រដ្ឋាភិបាល​កម្ពុជាគួរ​ទទួល​សារ​នោះ​ ហើយ​បំភ្លឺ​ទៅ​តាម​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល។

«ការ​ធ្វើ​បែប​ហ្នឹង​ គឺ​ខ្ញុំ​មើល​ទៅ​ ខ្ញុំ​សោកស្ដាយ​មែន​ទែន! ​រឿង​អាណិត​ យើង​អាណិត​តែ​ជាតិ​ទេ។ យើង​អាណិត​ប្រទេស​ជាតិ​យើង។​ យើង​ចង់​បាន​កិត្តិយស»

សូម​ ស្តាប់​កម្មវិធី​ Hello VOA ពិសេស​ ជាមួយ​ លោកស្រី ចក់ សុភាព៖

លោក​ អ៊ូ វីរៈ ​បន្ថែម​ថា ​សំឡេង​សមាជិក​ព្រឹទ្ធ​សភា​របស់​សហរដ្ឋ​អាមេរិកមាន​ឥទ្ធិពល​ គឺ​មិន​ខ្សោយ​ដូច​សមាជិក​សភា ​និង​សមាជិក​ព្រឹទ្ធ​សភា​នៅ​ប្រទេស​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទន់ខ្សោយ​ នោះ​ទេ។

លោកសង្កេត​ឃើញ​ថា សហរដ្ឋ​អាមេរិក​និង​កម្ពុជាមិន​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ដោយសារ​កិច្ច​ ការ​ទូត​របស់​កម្ពុជា​ជាមួយ​ប្រទេស​មហា​អំណាច​នេះ​ គឺ​ទន់​ខ្សោយ។

«វា ​ប៉ះពាល់ ​តាំង​ពី​ដើម។ ​ សំណួរ យើង​ សួរ​ ថា, ​តើ​ ទំនាក់​ទំនង ​កម្ពុជា ​និង​អាមេរិក​ ហ្នឹង ​ជិតស្និទ្ធ​ ហើយ ​ឬ​នៅ?  អត់​មាន​ ទេ!​  អត់​មាន ​ដោយសារ​អី?​  ដោយសារ ​អញ្ចឹង!  ដោយសារ​ តាំងពី​ដើម​មក,​ គឺ ​យើង​ មាន​លក្ខណៈ​ បែប​ហ្នឹង។  ដោយសារ​ អញ្ចឹង​ហើយ ​គេ​ ពិបាក​ ក្នុង​ការ​បង្ក​ ឲ្យ​មាន​ ទំនាក់​ទំនង​ ជិត​ស្និទ្ធ​ ជាមួយ​ ប្រទេស​ កម្ពុជា​យើង»

ទោះជាយ៉ាងណាក៏ដោយ​ លោក​ ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ប្រាប់​ VOA ថា ​ការ​បកស្រាយ​របស់​សង្គម​ស៊ីវិល​អំពី​ប្រតិកម្ម​របស់​រដ្ឋាភិបាល ​គឺ​មិន​ឲ្យ​តម្លៃ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ​និង​សេចក្ដីថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ឆន្ទៈ​មហាជន​ភាគ​ ច្រើន​ទេ។

«រាជ​រដ្ឋាភិបាល ​មាន​សិទ្ធិ​ គ្រប់គ្រាន់​ ក្នុង​ការ​ ការពារ​អ្ វី​ទៅ​អធិបតេយ្យ​ភាព​ សេចក្ដីថ្លៃថ្នូរ របស់​យើង, ហើយ ​រាជ​រដ្ឋាភិបាល ​បម្រើ ​ប្រជា​ពលរដ្ឋ​ របស់​យើង, ​អត់​មាន​ បម្រើ​ បរទេស ​ទេ»

ទស្សនាមតិ​ពលរដ្ឋ​ក្រុង​ភ្នំពេញអំពីទស្សនកិច្ច​លោក​ហ៊ុន សែន​នៅ​អាមេរិក៖

លោក​រដ្ឋ​លេខាធិការ​ បន្ថែម​ថា ​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​របស់​អាមេរិក​នោះ​ ធ្វើ​ឡើង​មាន​លក្ខណៈ​មិន​ប្រក្រតី ​និង​មិន​ផ្លូវការ។ ​

លោក ផៃ ស៊ីផាន បន្ថែម​ថា ​ទស្សនៈ​របស់​សង្គម​ស៊ីវិល​ បង្ហាញ​ពី​កង្វះ​បទ​ពិសោធន៍​របស់​ពួក​គេ​ក្នុង​ការ​គោរព ​និង​ការពារ​អធិបតេយ្យ​ភាព​ជាតិ។

«អង្គការ​ក្រៅ​រដ្ឋាភិបាល​ កុំ​ឲ្យ​បរទេស​ធំ​ ហើយ​មាន​ឥទ្ធិពល ​មក​ត្រួត​ត្រា​ប្រទេស​ខ្លួន​ឯង​ ហើយ​មាក់ងាយ។​ ខ្ញុំ​អត់​ព្រម​ធ្វើ​ដូច NGOs ​ទៅ​អញ្ចឹង​ ខ្ញុំ​មិន​ព្រម​ទេ​ បាទ!»

Facebook Live៖ លោក ហ៊ុន សែន ជួប​ជុំ​ សហគមន៍​ ខ្មែរ​ នៅ Sunnylands៖
 
ក៏​ប៉ុន្តែ​លោក ​អ៊ូ វីរៈ​ និយាយ​ថា ​បើសិនជា​មន្ត្រី​រដ្ឋាភិបាល ស្ដាប់​ ឬ​ទទួល​យក​មតិ​របស់​សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក ហើយ​ធ្វើ​ការ​បំភ្លឺ​ទៅ​វិញ​នោះ​ នោះ​នឹង​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ប្រទេស​នេះ។

«ការណ៍​ពិត​ បើ​ យើង​ យក​គំនិត ​អ្នក​ដទៃ,​ មិនមែន ​ឆ្លុះ​បញ្ចាំង​ ពី​ភាព ​ទន់ខ្សោយ​ ​របស់​យើង​ ទេ។ ​ វា​ ឆ្លុះ​បញ្ចាំង​ ពី​ភាព​រឹងមាំ ​របស់​យើង។​  យើង​ ទាត់​ចោល ​ភ្លាមៗ​ បែប​ហ្នឹង ​ខ្ញុំ​ មើល​ទៅ​, វា​ ឆ្លុះ​បញ្ចាំង ​ពី​ភាព​ ទន់​ខ្សោយ ​របស់​យើង ​ទេ, ​បាទ»

លោក ​អ៊ូ វីរៈ​ បាន​បន្ត​ថា ​ការ​ទាត់​ចោល​ភ្លាមៗ​បែប​នេះ​ មិន​ជួយ​ដល់​ការ​ពិភាក្សា​រវាង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ក្នុង​កិច្ច​ប្រជុំពីរ​ថ្ងៃ​ ដែល​រួមមាន​កិច្ច​ប្រជុំ​កំពូលអាស៊ាន~​អាមេរិក​ និង​កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​អាមេរិក​ និង​សមាជិក​នីមួយៗ​នៃ​អាស៊ាន​នោះ​ទេ។

លោក ​អេង ឆៃអ៊ាង ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ថា ​ការ​មិន​អើ​ពើ​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នេះ​ មិន​ជួយ​ដល់​មុខ​មាត់​កម្ពុជា​នៅ​កិច្ច​ប្រជុំ​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

«បើ​ ថា, ​អ្វី​ ដែល​គេ​ លើក​ឡើង​ វា​ មិន​ត្រឹមត្រូវ​, មិន​សមស្រប​ អា​ហ្នឹង​ យើង ​ឆ្លើយ​បំភ្លឺ​ទៅ!​  ប៉ុន្តែ ​អ្ វី​ដែល​យើង​ បដិសេធ​ មិន​ទទួល​នេះ ​គឺ​ បង្ហាញ ​ឲ្យ​ឃើញ ​ថា, ​អ្វី​ ដែល​គេ​ និយាយ​ហ្នឹង​ គឺ​ ត្រឹមត្រូវ​ ហើយ, ​បាទ»

លោក​បន្ត​ថា ​ប្រតិកម្ម​បែប​នេះ​ មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​ មិន​ទទួល​ស្គាល់​ស្ថាប័ន​កំពូល​នេះ​របស់​សហរដ្ឋ​អាមេរិក។

លោក បន្ថែម​ថា ក្នុង​នាម​ជា​ប្រទេស​មួយ​ រដ្ឋាភិបាល​ គួរ​ឆ្លើយតប​ជា​លក្ខណៈ​ការទូត​ទៅ​វិញ។

ក៏​ប៉ុន្តែ​លោក​ សុខ ឦសាន​ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់បាន​ប្រាប់​ VOA ​កាលពី​ថ្ងៃ​សុក្រ​ថា ​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​៧​រូប​នោះ​ ឆ្លុះ​បញ្ចាំង​ពី​មតិ​ភាគ​តិច ដែលមាន​ចរិត​អាណានិគម ហើយមិន​តំណាង​ឲ្យ​ស្ថាប័ន​ព្រឹទ្ធ​សភា​អាមេរិក​ទាំង​មូល​ទេ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ចំនួន​៧​នាក់​ បាន​សរសេរ​លិខិត​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដោយអំពាវនាវ​ឲ្យថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា​ អនុញ្ញាត​ឱ្យ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ ដោយ​គ្មាន​ការ​ភ័យខ្លាច​ការ​ចាប់​ខ្លួន​ ឬ​ការកាត់​ទោស។

ដោយឡែក លោក ​អេង ឆៃអ៊ាង ​បាន​ឲ្យ​ដឹង​ថា ​លោក​ សម រង្ស៊ី ​បាន​ចាក​ចេញ​ពី​អាមេរិក​ទៅ​ប្រទេស​បារាំង​វិញ​ហើយ​ ក្រោយពី​បាន​ជួប​សមាជិក​ព្រឹទ្ធសភា តំណាង​រាស្ត្រ​អាមេរិក​ និង​មន្ត្រី​រដ្ឋាភិបាល​អាមេរិក មុន​សមាជិក​ព្រឹទ្ធ​សភាអាមេរិក​ចំនួន​៧​នាក់​នេះ សរសេរ​លិខិត​មក​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

ព្រម​ជាមួយ​គ្នា​នេះ ​អង្គការ​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ​ចំនួន​៩ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​កាលពី​ថ្ងៃ​សៅរ៍​ ដោយ​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់​ អូបាម៉ា​ ជំរុញ​ឲ្យ​មាន​ការ​ជឿនលឿន​ខាង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​អាស៊ាន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ បាន​ឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​៤រូប​ ដែល​អម​ដំណើរ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ទៅ​ចូលរួម​កិច្ច​ប្រជុំ​នេះ​ រួមមាន​លោក ​ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​ លោក​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​លោក​ ហង្ស​ ជួនណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា៕


No comments:

Post a Comment