HRW ជំរុញ អាមេរិក យកបញ្ហា សិទ្ធិមនុស្ស ធ្វើជារបៀបវារៈ ក្នុងកិច្ចប្រជុំ កំពូល អាមេរិក-អាស៊ាន
RFA / វិទ្យុ អាស៊ី សេរី | ១៥ កុម្ភៈ ២០១៦
ខណៈ មេដឹកនាំ អាស៊ាន ទាំង១០ ប្រទេស កំពុង ត្រៀមខ្លួន ចូលរួម កិច្ចប្រជុំ កំពូល អាមេរិក-អាស៊ាន ដែលមកដល់ នៅថ្ងៃ ទី១៥-១៦ កុម្ភៈ នេះ, អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch, HRW) បានជំរុញ ឲ្យប្រធានាធិបតី សហរដ្ឋ អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដាក់សម្ពាធ លើមេដឹកនាំ អាស៊ាន ឲ្យបញ្ចប់ ការរំលោភ សិទ្ធិមនុស្ស ក្នុងប្រទេស របស់ខ្លួន។
ទោះ យ៉ាងណា ក៏ដោយ អ្នកវិភាគ យល់ថា, បញ្ហាសិទ្ធិមនុស្ស នឹងមិន អាចក្លាយ ជារបៀបវារៈ សំខាន់ ក្នុងកិច្ចប្រជុំពិ សេស នោះ តាមសំណើ របស់ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស ឡើយ។
ក្នុងរបាយការណ៍កម្រាស់ ៦៣ទំព័ររបស់ខ្លួនស្ដីពីស្ថានភាពសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មានមូលដ្ឋាននៅទីក្រុងញីវយ៉ក (New York) សហរដ្ឋ អាមេរិក ជំរុញឲ្យរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសសមាជិកអាស៊ានទាំងនោះ មកធ្វើជាប្រធានបទសំខាន់ក្នុងរបៀបវារៈនៃជំនួបជាមួយមេដឹកនាំ អាស៊ានទាំង ១០ប្រទេស ដែលក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។
ករណីរំលោភសិទ្ធិមនុស្សក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន ទាំង ១០ប្រទេស ដែលអង្គការអន្តរជាតិនេះបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួន រួមមាន កង្វះខាតការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ការរឹតត្បិតសិទ្ធិសេរីភាពហួសហេតុក្នុងការបញ្ចេញមតិ ការរឹតត្បិតលើអង្គការសង្គមស៊ីវិល ការរំលោភបំពានសកម្មជនសិទ្ធិមនុស្ស ការរំលោភបំពានអំណាចតុលាការ ស្ថានភាពអំពើពុករលួយដែលមានកម្រិតខ្ពស់ និងបញ្ហាមួយចំនួនទៀត។
របាយការណ៍នោះ ក៏លើកឡើងពីករណីជាក់ស្ដែងស្ដីពីការរំលោភសិទ្ធិមនុស្សក្នុងប្រទេស សមាជិកអាស៊ានមួយចំនួន ក្នុងចំណោមប្រទេសទាំង១០។ ករណីទាំងនោះរួមមាន ការឃុំឃាំងអ្នកទោសនយោបាយនៅប្រទេសវៀតណាម ការកាត់ទោសក្រោមហេតុផលនយោបាយនៅប្រទេសម៉ាឡេស៊ី ការបង្ក្រាបសកម្មភាពសម្ដែងមតិពីសំណាក់រដ្ឋាភិបាលថៃ ព្រមទាំងការគាបសង្កត់អ្នកនយោបាយនៅប្រទេសកម្ពុជា។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) មាន ប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា លោកយល់ពីភាពចាំបាច់នៃការរឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាង សហរដ្ឋអាមេរិក និងតំបន់អាស៊ាន ដើម្បីទប់ទល់នឹងឥទ្ធិពលចិន មកលើតំបន់នេះ។ ទោះយ៉ាងនេះក្ដី លោកមិនគាំទ្រចំពោះការដែល លោក បារ៉ាក់ អូបាម៉ា អញ្ជើញមេដឹកនាំអាស៊ានមួយចំនួនដែលមានប្រវត្តិអាក្រក់ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ឲ្យមកចូលរួមក្នុងកិច្ចប្រជុំលើដែនដីសហរដ្ឋអាមេរិក ជាផ្លូវការបែបនេះឡើយ៖ «យើងគិត ថា សហរដ្ឋអាមេរិក មិនគួរអញ្ជើញ លោក ហ៊ុន សែន តាំងតែពីដំបូងទីមកម្ល៉េះ តែយើងមិនដឹងថា យ៉ាងម៉េចបានជា លោក អូបាម៉ា ផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនដែលអញ្ជើញ លោក ហ៊ុន សែន ជាផ្លូវរដ្ឋជាលើកដំបូង ឲ្យមកសហរដ្ឋអាមេរិក នេះ។ លោក អូបាម៉ា ក៏អញ្ជើញឧត្ដមសេនីយ៍យោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែល ជាមេដឹកនាំរដ្ឋប្រហារកំពុងកាន់អំណាច អញ្ជើញមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម មេដឹកនាំឡាវ និងមេដឹកនាំប្រទេសប្រ៊ុយណេ ដែលសុទ្ធតែជាមេដឹកនាំរដ្ឋាភិបាលដែលមិនត្រូវបានប្រជាពលរដ្ឋបោះ ឆ្នោតឲ្យ។ លោក អូបាម៉ា ក៏អញ្ជើញមេដឹកនាំប្រទេសម៉ាឡេស៊ី ដែលកំពុងមានរឿងអាស្រូវពុករលួយខ្លាំងនោះដែរ។ ការអញ្ជើញទាំងនេះ មិនគួរធ្វើឡើងទេ។»
ក្នុងលិខិតរបស់ លោក ប្រ៊ែដ អាដាម ផ្ញើជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ចុះថ្ងៃទី១១ កុម្ភៈ លោក ប្រ៊ែដ អាដាម សរសេរថា ការអញ្ជើញរបស់ លោក អូបាម៉ា ផ្ទុយនឹងសេចក្ដីប្រកាសរបស់សហរដ្ឋអាមេរិក ឆ្នាំ២០១១ ដែលមិនអនុញ្ញាតឲ្យបុគ្គលប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរចូលដែនដីសហរដ្ឋអាមេរិក បានឡើយ។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងថា ទោះយ៉ាងនេះក្ដី ក៏វាមិនទាន់យឺតពេលទេសម្រាប់ លោក បារ៉ាក់ អូបាម៉ា ក្នុងការលើកយកបញ្ហាសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន មកពិភាក្សាក្នុងកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧទ្យានសាន់នីឡែនដ៍ (Sunnylands) ទីក្រុងរេនឆូ ម៉ារ៉ាហ្ស (Rancho Mirage) រដ្ឋកាលីហ្វ័រញ៉ា។
ការអញ្ជើញមេដឹកនាំអាស៊ានទាំង១០ ទៅចូលរួមកិច្ចប្រជុំកំពូលនេះ ត្រូវបានធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ដោយផ្ទាល់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។
ការអញ្ជើញនេះ ធ្វើឡើងខណៈមហាអំណាចលើពិភពលោក កំពុងផ្ដោតគោលនយោបាយការបរទេសរបស់ខ្លួន ឆ្ពោះមកតំបន់អាស៊ីអាគ្នេយ៍ ដែលជាជម្រកនៃប្រជាជនសរុបជាង ៦២០លាននាក់ និងជាតំបន់ដែលមានទំហំសេដ្ឋកិច្ចលំដាប់ទី៣ ក្នុងតំបន់អាស៊ី បន្ទាប់ពីប្រទេសចិន និងឥណ្ឌា ហើយនិងលំដាប់ទី៧ ក្នុងពិភពលោក។
ការរៀបចំកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដាច់ដោយឡែកនៅលើទឹកដីសហរដ្ឋអាមេរិក នេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នឹងផ្ដោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ ពាណិជ្ជកម្ម វិនិយោគ វិស័យថាមពល ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងបញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងការជជែកអំពីស្ថានភាពសិទ្ធិមនុស្សក្នុងតំបន់អាស៊ានដែរ។
យ៉ាងណាក៏ដោយ ចំពោះបញ្ហាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ ប្រធានវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោក គង់ ភោគ យល់ថា ការជជែកពីប្រធានបទនេះ នឹងស្ថិតក្នុងកម្រិតមួយដែលមិនអាចដូចនឹងកម្រិតដែលអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ស្នើនោះទេ៖ «បើសិនជា អាមេរិក លើកយកបញ្ហានេះមកនិយាយ គឺក្នុងក្របខ័ណ្ឌការទូតច្រើនជាងការដាក់សម្ពាធ ឬការវាយតម្លៃទៅលើបណ្ដាប្រទេសអាស៊ាន អំពីបញ្ហាសិទ្ធិមនុស្ស។ អ៊ីចឹង វាគឺជារឿងធម្មតាសម្រាប់សហរដ្ឋអាមេរិក ដែលជាទូទៅយើងមើលឃើញថា គាត់ជា Standard Meter ពាក់ព័ន្ធ ជាមួយនឹងរឿងសិទ្ធិមនុស្ស នឹងអាចបង្ហាញពីការព្រួយបារម្ភ ឬមួយក៏ជំរុញឲ្យបណ្ដាប្រទេសអាស៊ានផ្សេងទៀតហ្នឹង ទៅពង្រឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។»
បច្ចុប្បន្ន តំបន់អាស៊ាន គឺជាទីផ្សារនាំចេញផលិតផលលំដាប់ទី៤ របស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិក គឺជាប្រភពធំបំផុតនៃទឹកប្រាក់វិនិយោគនៅក្នុងតំបន់អាស៊ាន។
ប្រធានវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោក គង់ ភោគ ពន្យល់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន សហរដ្ឋអាមេរិក មិនអាចខ្ជះខ្ជាយពេលវេលាក្នុងការបង្កើនវត្តមានរបស់ខ្លួនក្នុង តំបន់អាស៊ីអាគ្នេយ៍នោះទេ ខណៈប្រទេសមហាអំណាចដទៃទៀត ដូចជា ចិន ឥណ្ឌា ជប៉ុន កំពុងពង្រីកឥទ្ធិពលរៀងៗខ្លួនក្នុងតំបន់អាស៊ាន ដែលមានភាពអនុគ្រោះបំផុតដល់សកម្មភាពសេដ្ឋកិច្ច៕
No comments:
Post a Comment