លោក ហ៊ុន សែន បញ្ជា ឲ្យលោក សៅ សុខា ប្រើរ៉ុកកែត បាញ់កម្ទេច ឈ្មួញ កាប់ព្រៃឈើ
RFA / វិទ្យុ អាស៊ី សេរី | ២៥ កុម្ភៈ ២០១៦
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅ លោក សៅ សុខា ឲ្យប្រើ គ្រាប់រ៉ុកកែត បាញ់កម្ទេច ក្រុមឈ្មួញ រកស៊ី ព្រៃឈើ ដែលព្រហើន។ ប៉ុន្តែ សង្គមស៊ីវិល មិន ទាន់មាន ជំនឿ លើប្រសាសន៍ របស់ លោក ហ៊ុន សែន ទេ ដោយលើកឡើង ថា, លោក ហ៊ុន សែន បរាជ័យ ក្នុងការ ការពារ ព្រៃឈើ, ហើយ នេះ ក៏មិនមែន ជាលើកទីមួយ ដែរ នៃការសន្យា ចាត់វិធានការ ការពារ ព្រៃឈើ។
បទបញ្ជាផ្ទាល់មាត់របស់ លោក ហ៊ុន សែន នៅពេលនេះ ដោយលើកឡើងថា លោកឃើញសារព័ត៌មានស្រុកចុះផ្សាយពីកាប់បំផ្លាញព្រៃឈើ កំពុងផ្ទុះឡើង ហើយលោកកំពុងឈឺចិត្ត ព្រោះមានអ្នករិះគន់ពីរឿងកាប់បំផ្លាញព្រៃឈើ។
ថ្លែងក្នុងពិធីសម្ពោធអគារក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកទទួលស្គាល់ការកាប់បំផ្លាញព្រៃឈើ ហើយលោកត្រូវតែបង្ក្រាបករណីនេះ។ លោក ហ៊ុន សែន ទទួលស្គាល់ថា ករណីនេះនៅតែមាន។ ដូច្នេះ ក្រុមឈ្មួញរកស៊ីព្រៃឈើណាព្រហើន ត្រូវប្រើគ្រាប់រ៉ុកកែតបាញ់កម្ទេច៖ «យើង ទទួលស្គាល់ការកាប់ព្រៃឈើនេះ គឺត្រូវតែមានទោសទណ្ឌ និងត្រូវតែបង្ក្រាបហើយ ខ្ញុំឲ្យឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា មិនទាន់បាញ់មួយគ្រាប់នៅឡើយទេ។ ខ្ញុំឲ្យបាញ់ បើថាវា (ក្រុមបំផ្លាញព្រៃឈើ) ព្រហើន រ៉ុកកែតដាក់ពីលើម្តងទៅ។»
នេះមិនមែនជាលើកទីមួយទេនៃការអះអាងពីវិធានការទប់ស្កាត់ បទល្មើសព្រៃឈើ។ កន្លងទៅ លោក ហ៊ុន សែន ធ្លាប់អះអាងថានឹងកាត់ក្បាលចោល ប្រសិនបើការពារព្រៃឈើមិនបាន៖ «សុំសាកមើលទៅ បើមិនដកយកព្រៃបិទរោងចក្រទេ ខ្ញុំហ៊ានកាត់កគ្រវាត់ចោល។»
ទោះបីជាមានការអះអាងបែបនេះពីប្រមុខរដ្ឋាភិបាលជាញឹកញាប់ ស្ដីពីវិធានការបង្ក្រាបបទល្មើសព្រៃឈើក្តី ប៉ុន្តែសុវត្ថិភាព និងជោគវាសនាអ្នកការពារព្រៃឈើ មិនបានធានាឲ្យនោះទេ។ ជាក់ស្តែង សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ សកម្មជនការពារបរិស្ថានតំបន់អារ៉ែងខេត្តកោះកុង លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ហើយនៅពេលនេះ សកម្មជនការពារព្រៃឈើ គឺលោក វ៉ែន វ៉ន និងយុវជនមួយ ចំនួនទៀត កំពុងជាប់ឃុំនៅពន្ធនាគារ ព្រោះរឿងការពារបរិស្ថាន និងព្រៃឈើ។ ករណីទាំងនោះខុសគ្នាឆ្ងាយពី ឧកញ៉ា ទ្រី ភាព ដែលល្បីខាងបំផ្លាញព្រៃឈើ ប៉ុន្តែបែរជាទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសទៅវិញ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នាង សុវ៉ាត សង្កេតឃើញថា អនុសាសន៍ និងបទបញ្ជារបស់ លោក ហ៊ុន សែន មានប្រសិទ្ធភាពតែរយៈពេលខ្លី។ លោកយល់ថា ដើម្បីអាចការពារព្រៃឈើបាន លោក ហ៊ុន សែន ត្រូវមានវិធានការចំពោះមន្ត្រីធំៗ និងឧកញ៉ាមួយចំនួនជាឈ្មួញព្រៃឈើ៖ «អនុសាសន៍ សម្ដេចនាយកឃើញថាមានច្រើន ប៉ុន្តែអត់មាននិរន្តរភាពទេ បានតែមួយភ្លែតៗ ហើយបាត់ទៅវិញ អត់ឃើញមានអ្នកណាធ្វើអី កាប់ខ្ទេចកាប់ខ្ទី ព័ត៌មានផ្សាយហ្វេសប៊ុក (Facebook) បង្ហោះព្រោងព្រាតក៏មិនឃើញធ្វើអី។»
របាយការណ៍នៅឆ្នាំ២០១៥ របស់អង្គការ ហ្វរែស ទ្រែនស៍ (Forest Trends) រក ឃើញថា ព្រៃឈើជាមធ្យមជាង ២ពាន់គីឡូម៉ែត្រការ៉េជារៀងរាល់ឆ្នាំ ត្រូវបានកាប់បំផ្លាញ ដោយសាររដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ច។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យែម បុញ្ញឫទ្ធិ យល់ថា ការចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ ត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌច្បាប់ ព្រោះបទបញ្ជាផ្ទាល់មាត់របស់ លោក ហ៊ុន សែន បែបនេះ គឺធ្វើហួសច្បាប់។ លោកថា ត្រូវស្រាវជ្រាវរកមេខ្លោងជួញដូរបំផ្លាញព្រៃឈើ ទើបអាចទប់ស្កាត់ការបំផ្លាញព្រៃឈើបាន៖ «យើង សង្កេតឃើញថានៅតែមានការកាប់បំផ្លាញព្រៃឈើ នៅតែមានហូរហែ វិធានការយ៉ាងណាត្រូវជៀសវាងប្រការណាមួយដែលធ្វើហួសច្បាប់។»
រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន បានបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមួយកាលពីពេលថ្មីៗនេះ ដែលមានអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ជាប្រធាន ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ឃើញគណៈកម្មការនេះបង្ហាញលទ្ធផលជាដុំកំភួន ឬបង្ហាញមុខមេខ្លោងព្រៃឈើធំៗនៅឡើយទេ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ លោក ហ៊ុន សែន ថាបើមានឱកាស លោកនឹងចុះទៅមើលឈើដែលក្រុមការងារគណៈកម្មការបង្ក្រាបព្រៃឈើ ប្រមូលបាននៅថ្ងៃណាមួយ។
សង្គមស៊ីវិលដែលធ្វើការងារទាក់ទងបរិស្ថាន ស្នើទៅរដ្ឋាភិបាលត្រូវផ្តល់មធ្យោបាយដល់ប្រជាសហគមន៍ដែលការពារព្រៃ ឈើ ដើម្បីឲ្យពួកគេមានលទ្ធភាពការពារព្រៃឈើ ព្រោះជាអ្នកនៅជាប់ព្រៃឈើជាងមន្ត្រីរដ្ឋាភិបាល។
ទាក់ទងករណីបំផ្លាញព្រៃឈើទំហំជិត ២.០០០ហិកតារក្នុងសហគមន៍ជាំពេន នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ សង្គមស៊ីវិលជំរុញឲ្យក្រុមប្រជាពលរដ្ឋរស់នៅភូមិបង្កើនផល បានសម្ដែងការព្រួយបារម្ភពីការបាត់បង់ព្រៃឈើនៅជិតតំបន់ពួកគេរស់នៅ ហើយបានរួមគ្នាប្រឹងប្រែងការពារដោយខ្លួនឯង៕
No comments:
Post a Comment