Paris Peace Accords 23 Oct. 1991

Thursday, February 11, 2016

លោក ហ៊ុន សែន ថា, ​រដ្ឋាភិបាល​ ពិបាក ​កាត់​បន្ថយ​ គម្លាត ​រវាង​ អ្នក​មាន​ និង​អ្នក​ក្រ | Hun Sen says govt has difficulty lessening gap btw rich and poor [then, GET OUT and make way for more competent leadership, one not beholden to a master whose grand design is Khmer subjugation!!]

លោក ហ៊ុន សែន ថា, ​រដ្ឋាភិបាល​ ពិបាក ​កាត់​បន្ថយ​ គម្លាត ​រវាង​ អ្នក​មាន​ និង​អ្នក​ក្រ

RFA / វិទ្យុ អាស៊ី សេរី | ១១ កុម្ភៈ ២០១៦

 

អ្នក​សុំ​ទាន ៨៥៥ ២០១៥
កុមារ​ដើរ​សុំ​ទាន​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥។  RFA/Uon Chhin

លោក ហ៊ុន សែន ទទួល​ស្គាល់​ ថា, រដ្ឋាភិបាល​ របស់​លោក​ ពិបាក​ កាត់​បន្ថយ​ គម្លាត ​រវាង ​អ្នក​មាន និង​អ្នកក្រ។  ចំណែក​ អ្នក​វិភាគ​ សង្គម​ ថា, វិបត្តិ​សង្គម ឬ​អំពើ​ឆក់​ប្លន់ ​កើត​ឡើង ព្រោះ​ មាន​តែ​ គម្លាត ​រវាង​ អ្នក​មាន និង​អ្នក​ក្រ ដែល​ចោទ​ ជា​បញ្ហា​ ដល់​សព្វ​ថ្ងៃ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា គោលដៅ​របស់​រដ្ឋាភិបាល​របស់​លោក គឺ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍ ប៉ុន្តែ​ការ​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ មិន​អាច​ធ្វើ​បាន​ទេ។ លោក​ថា លោក​មិន​អាច​រំលាយ​ក្រុម​អ្នក​មាន ដូច​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​ខ្លះ​នោះ​ទេ។

​លោក ហ៊ុន សែន ក៏​ធ្លាប់​លើក​ឡើង​បែប​នេះ​ហើយ កាល​ពី​ឆ្នាំ​២០១៤។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាកលវិទ្យាល័យ​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ លោក ហ៊ុន សែន ថា នៅ​លើ​លោក​នេះ ក្រៅ​ពី ប៉ុល ពត គ្មាន​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​មាន និង​អ្នកក្រ​នៅ​លើ​បន្ទាត់​តែមួយ​ស្មើ​គ្នា​ទេ។ លោក​បន្ត​ថា ពេល​នេះ​មាន​គណបក្ស​មួយ​ចង់​ធ្វើ​ដូច ប៉ុល ពត ដែរ។

​ទោះ​ថ្លែង​មិន​ចំ​ឈ្មោះ​គណបក្ស ប៉ុន្តែ​កន្លង​មក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​ព្រមាន​ក្រុម​អ្នក​មាន​ដែល​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​ក្រីក្រ​ថា នឹង​យក​ដី​ទាំង​នោះ​មក​ឲ្យ​ពលរដ្ឋ​វិញ។ បន្ទាប់​ពី​លោក សម រង្ស៊ី ថ្លែង​បែប​នេះ លោក ហ៊ុន សែន តែងតែ​ប្រាប់​ឲ្យ​ក្រុម​អ្នក​មាន​ប្រយ័ត្ន​ខ្លួន បើ​គណបក្ស​របស់ សម រង្ស៊ី ឈ្នះ​ឆ្នោត។

បើ​ទោះ​ជា​លោក ហ៊ុន សែន ថា ពិបាក​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន​និង​អ្នកក្រ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​អាច​កាត់​ការ​អប់រំ​ឲ្យ​បាន ដោយ​ផែនការ​អភិវឌ្ឍន៍​កំណត់​លើ​វិស័យ​អប់រំ​ជា​អាទិភាព។ ប៉ុន្តែ​គេ​កម្រ​ឃើញ​កូន​មន្ត្រី​ធំ ឬ​កូន​មាន​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​ណាស់ ដែល​អ្នក​ទាំង​នោះ​ភាគ​ច្រើន​មាន​សញ្ញាប័ត្រ​មក​ពី​ក្រៅ​ប្រទេស ហើយ​ទទួល​បាន​ការងារ​ល្អ​ជាង​អ្នក​ដែល​មាន​សញ្ញាប័ត្រ​នៅ​ក្នុង​ស្រុក។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី និយាយ​ថា បណ្ដា​ប្រទេស​មួយ​ចំនួន ឬ​ប្រទេស​ក្បែរ​ខាង​កម្ពុជា អាច​ធ្វើ​ឲ្យ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ ខិត​នៅ​ជិត​គ្នា​មិន​មែន​ឆ្ងាយ​គ្នា​ខ្លាំង​នៅ​កម្ពុជា ទេ។ លោក​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ធ្វើ​រឿង​នេះ​មិន​បាន ព្រោះ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ក្រុម​គ្រួសារ​របស់​លោក​ក្លាយ​ជា​អ្នក​ជំនួញ។ បញ្ហា​ទាំង​នេះ​ហើយ​ដែល​ជា​រឿង​ដែល​រដ្ឋាភិបាល​មិន​អាច​ធ្វើ​ជា​ អាជ្ញាកណ្ដាល​រវាង​ថៅកែ និង​កម្មករ។

កាល​ពី​ឆ្នាំ​២០១៣ ធនាគារ​ពិភពលោក​រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង ៣​លាន​នាក់ ឬ​ជិត ២០% នៃ​ប្រជាជន​សរុប រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

បើ​តាម​លោក កែម ឡី ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ ត្រូវ​អនុវត្ត​គោលការណ៍ ៥​ចំណុច រួម​មាន វិមជ្ឈការ​អំណាច និង​វិមជ្ឈការ​ថវិកា​ទៅ​ថ្នាក់​ជាតិ ទៅ​មូលដ្ឋាន រដ្ឋាភិបាល​ត្រូវ​ស្រង់​ស្ថិតិ​របស់​អ្នកក្រ និង​ផ្ដល់​ដំណោះស្រាយ ត្រូវ​កំណត់​ប្រាក់ខែ​អប្បបរមា ទាំង​កម្មករ សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ និង​យុទ្ធសាស្ត្រ​គាំពារ​សង្គម​ត្រូវ​មាន​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ពី​ មន្ត្រីរាជការ ដល់​កម្មករ​ក្រៅ​ប្រព័ន្ធ។ លោក កែម ឡី ថា គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ​ច្រើន នឹង​ធ្វើ​ឲ្យ​មាន​វណ្ណៈ​សង្គម ដែល​ឈាន​ឆ្ពោះ​ការ​បះបោរ។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថា ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​មាន​គោលការណ៍​ធ្វើ​ទុក្ខ​ទោស​អ្នក​មាន ដើម្បី​ជួយ​អ្នក​ក្រ ក្នុង​គោល​បំណង​ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​នោះ​ទេ។ លោក​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ ឬ​ការ​វិនិយោគ ត្រូវ​ពង្រីក​ឲ្យ​បាន​ទូលំទូលាយ ពោល​គឺ​ពី​ទីក្រុង​ឲ្យ​ទៅ​ដល់​បណ្ដា​ខេត្ត​នានា ដែល​ជា​ការ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​គ្រប់​ទីកន្លែង៕



No comments:

Post a Comment