Paris Peace Accords 23 Oct. 1991

Thursday, February 11, 2016

បទ​សម្ភាសន៍ VOA ផ្តាច់មុខ៖ ឯក​អគ្គ រដ្ឋ​ទូត​​ អាមេរិក​​​​​​​​ ដាក់​គោលដៅ​​​​ បង្កើន ​​​ពាណិជ្ជកម្ម​ អាមេរិក​‍-កម្ពុជា​​ | VOA Exclusive: US Ambassador Targets Improved US-Cambodian Trade Ties

បទ​សម្ភាសន៍

បទ​សម្ភាសន៍ VOA ផ្តាច់មុខ៖ ឯក​អគ្គ រដ្ឋ​ទូត​​ អាមេរិក​​​​​​​​ ដាក់​គោលដៅ​​​​ បង្កើន ​​​ពាណិជ្ជកម្ម​ អាមេរិក​‍-កម្ពុជា​​

គ្រា ​ដែលទំនាក់​ទំនង ​រវាង​ អាមេរិក​ និង​កម្ពុជា​​ កំពុង​តែ​​​ ទទួល​​ការ​ ចាប់​អារម្មណ៍ ​ខ្លាំង​នោះ,​ លោក​ នៅ វណ្ណារិន​ នៃ​វីអូអេ (VOA) ​ភាសា​ខ្មែរ​ បាន​ជួប​ សម្ភាស​ន៍ យ៉ាង​ទូលំទូលាយ ​​​មួយ​ ជាមួយ​ លោក ​William A. Heidt ឯកអគ្គ រដ្ឋទូត​​ សហរដ្ឋ​ អាមេរិក​ ប្រចាំ​ នៅ​​កម្ពុជា​ កាល​ពី​ថ្ងៃ​ពុធ ទី​១០ ខែ​កុម្ភៈ​នេះ។
ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក William A. Heidt (វិល្លាម ហែដ) ក្នុងបទសម្ភាសន៍​មួយ​ជាមួយ​លោក នៅ វណ្ណារិន នៃ VOA ​នៅឯ​​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០១៦។ នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ឯកអគ្គរដ្ឋទូត​បាន​ផ្តល់​បទ​សម្ភាសន៍(ផ្តាច់មុខ)​​ជាមួយ​​បណ្តាញ​ផ្សាយ​ព័ត៌មាន​​មួយ ចាប់​តាំង​ពី​លោក​បាន​ក្លាយ​ជា​ឯក​អគ្គរដ្ឋទូត​នៅ​កម្ពុជា​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។ ​(នូវ ពៅលក្ខិណា/VOA)
ឯក ​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក William A. Heidt (វិល្លាម ហែដ) ក្នុងបទសម្ភាសន៍​មួយ​ជាមួយ​លោក នៅ វណ្ណារិន នៃ VOA ​នៅឯ​​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០១៦។ នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ឯកអគ្គរដ្ឋទូត​បាន​ផ្តល់​បទ​សម្ភាសន៍(ផ្តាច់មុខ) ​​ជាមួយ​​បណ្តាញ​ផ្សាយ​ព័ត៌មាន​​មួយ ចាប់​តាំង​ពី​លោក​បាន​ក្លាយ​ជា​ឯក​អគ្គរដ្ឋទូត​នៅ​កម្ពុជា​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន។ ​(នូវ ពៅលក្ខិណា/VOA)

VOA / វីអូអេ | ១១ កុម្ភៈ ២០១៦

កំណត់​និពន្ធ​៖ មេដឹកនាំ​នៃ​ប្រទេស​ទាំង​១០​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន) ដែល​រួម​មានលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន របស់​កម្ពុជា​ផង​ដែរនោះ​ នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មួយដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ រៀប​ចំ​ដោយ​សហរដ្ឋ​អាមេរិកនិង​ទទួល​ស្វាគមន៍​ដោយលោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​តំបន់​លំហែ​កាយ​ Sunnylands ​ក្នុងរដ្ឋ​ កាលីហ្វ័រញ៉ា ដែលគ្រោង​នឹងធ្វើឡើង​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។

កិច្ច​ប្រជុំ​នេះ​ កើតឡើង​ ស្រប​ពេល​ដែលសហរដ្ឋ​អាមេរិកកំពុង​ស្វែង​រក​ការ​បង្កើន​ សកម្មភាពនៃគំនិតផ្តួចផ្តើម​នយោបាយ​ការបរទេស​មួយ​របស់​ខ្លួ​ន​ដែល​គេ​ស្គាល់​ ថាជា​ «ការ​ងាក (pivot) ​‍ឬ​ជា​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាពអំណាច​ឡើង​វិញ (rebalance) ​ទៅ​កាន់​តំបន់​អាស៊ី​‍»។ នេះ​គឺ​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បីទប់​ទល់​នឹង​ឥទ្ធិពលដែល​ចេះ​តែ​កើន​ឡើង​ របស់​ចិននៅ​ក្នុង​តំបន់​នេះ។ រដ្ឋាភិបាល​ កម្ពុជា​ ដែល​មាន​ចំណង​ពាណិជ្ជកម្ម​និង​ការទូត​យ៉ាង​ជិត​ដិត​ជាមួយ​ប្រទេស​ចិន បាន​និយាយ​ថា​ ខ្លួន​មិន​ចង់​កាន់​ជើង​ខាង​ភាគី​ណាមួយ​នៅ​ក្នុង​ការ​ប្រកួត​រវាង​ប្រទេសមហា ​អំណាច​ទេ។

គ្រា​ដែលទំនាក់​ទំនង​រវាង​អាមេរិក​និង​កម្ពុជាកំពុង​តែ​ទទួលការ​ ចាប់​អារម្មណ៍​ខ្លាំង​នោះ​ លោក​ នៅ វណ្ណារិន​ នៃ​ VOA ​ភាសា​ខ្មែរ​ បាន​ជួប​សម្ភាស​ន៍យ៉ាង​ទូលំទូលាយ​មួយ​ជាមួយ​លោក ​William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅកម្ពុជា​ កាល​ពី​ថ្ងៃ​ពុធ ទី​១០ ខែ​កុម្ភៈ​នេះ។ លោក​ Heidt​ បាន​ស្បថ​ចូល​កាន់​តំណែងជាឯកអគ្គរដ្ឋទូត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​ ឆ្នាំ២០១៥។ កាល​ពី​មុន​ លោក​ Heidt​ ធ្លាប់​បម្រើ​ការ​ជា​មន្ត្រី​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៅ​ស្ថានទូត ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ ​ពី​ឆ្នាំ​១៩៩៧ ដល់​១៩៩៩។

VOA៖ តើ​ អ្វី​ ជា​វិស័យ​ អាទិភាព​ របស់​លោក​ នៅ​ក្នុង​បេសកកម្ម​ នៅ​ក្នុង​ប្រទេស​ កម្ពុជា​ នេះ?

William A. Heidt៖ ខ្ញុំ​គិត​ថា​ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ ចន ឃែរី (John Kerry) បាន​មាន​ប្រសាសន៍ដល់​រឿង​មួយ​ចំនួន​ ដែល​យើង​សប្បាយ​ចិត្តខ្លាំង​មែន​ទែន​ ក្នុង​ការ​បំពេញ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា។ ពិត​ណាស់​ លោក​រដ្ឋមន្ត្រីបាន​លើក​ឡើង​ពី​កិច្ច​សហការ​គ្នា​របស់​យើង​ លើ​ប្រធាន​បទ​ទាក់​ទង​នឹង​ឈ្លើយសង្គ្រាម​និង​ពួក​ទាហាន​ដែល​បាន​បាត់​ខ្លួន​ ក្នុង​សម័យ​សង្គ្រាម​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​ការងារ​របស់​យើង​ក្នុង​ការ​កសាង​ទំនាក់​ទំនងរវាង​ពលរដ្ឋ​និង​ពលរដ្ឋ។ លោក​រដ្ឋ​មន្ត្រី ឃែរី ក៏​បាន​មាន​ប្រសាសន៍​អំពី​ក្ដី​សង្ឃឹម​របស់​យើង​ក្នុង​ការ​កសាង​ទំនាក់​ទំនង ​សេដ្ឋកិច្ច​រវាង​ប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ។ ឯកទេស​របស់​ខ្ញុំ​ក្នុង​កិច្ច​ការ​បរទេស​ជាង​២៨​ឆ្នាំ​មក​នេះ គឺ​ខាង​ពាណិជ្ជកម្ម ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ។

ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​សំណាង​ណាស់​ដែល​បាន​មក​កាន់​ទី​នេះ ​នៅ​កម្ពុជា​នេះ​ ចំ​ពេល​ដែល មាន​ឱកាស​ជា​ច្រើន​សម្រាប់​ឲ្យ​យើង​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ ក្នុង​រឿង​ជា​ច្រើន។​ ដូច្នេះ​ហើយ​ ខ្ញុំ​រំភើប​ណាស់​ថា​នឹង​អាចជួយ​ឲ្យ​មាន​ការ​ជឿនលឿន​ទៅ​មុខ​លើផ្នែក​ ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច។​ ខ្ញុំ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​អំពី​ទំនាក់​ទំនង​ដ៏​រឹងមាំ​រវាង​ពលរដ្ឋ​ និង​ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។ ពិត​ណាស់ VOA បាន​ជួយ​យ៉ាង​ច្រើន​ក្នុង​កិច្ច​ការ​នេះ។ ក៏ប៉ុន្តែ​ ក៏​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដែរ ​ក្នុង​ការ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​និង​ការ​សិក្សា​អំពី​សហរដ្ឋ​ អាមេរិក។ ការ​ផ្លាស់ប្ដូរ​វប្បធម៌​គ្នា​ទៅវិញ​ទៅមក​រវាង​ប្រទេស​យើង​ទាំង​ពីរ ជា​ពិសេស​វត្ថុ​បុរាណ​មួយ​ចំនួន​ ដែល​យើង​អាច​យក​មក​ប្រគល់​ឲ្យ​កម្ពុជា​វិញ។ នេះ​ក៏​ជា​ផ្នែក​មួយ​ ដែល​ខ្ញុំ​គិត​ថា មាន​អ្វីៗ​ដ៏​គួរ​ឲ្យ​រំភើប​ជាច្រើន​ទៀត ដែល​យើងនឹង​អាចសម្រេច​បាន​ ក្នុង​រយៈពេល​៣ឆ្នាំ​ខាង​មុខ​នេះ។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក William A. Heidt ថ្លែង​ថា ​លោក​«​មាន​សំណាង​ណាស់‍»​ដែល​បាន​មក​បំពេញ​ការងារ​នៅ​កម្ពុជា«​ចំ​ពេល​ដែល មាន​ឱកាស​ជា​ច្រើន​សម្រាប់​ឲ្យ​យើង​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​រឿង​ជា​ច្រើន‍»។ (នូវ ពៅលក្ខិណា/VOA)
ឯក ​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក William A. Heidt ថ្លែង​ថា ​លោក​«​មាន​សំណាង​ណាស់‍»​ដែល​បាន​មក​បំពេញ​ការងារ​នៅ​កម្ពុជា«​ចំ​ពេល​ដែល មាន​ឱកាស​ជា​ច្រើន​សម្រាប់​ឲ្យ​យើង​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ ក្នុង​រឿង​ជា​ច្រើន‍»។ (នូវ ពៅលក្ខិណា/VOA)
VOA៖ តើ​ លោក​ យល់​ឃើញ​ ថា, ​ទំនាក់​ទំនង​ ពាណិជ្ជកម្ម​ រវាង​ កម្ពុជា​ និង​សហរដ្ឋ​ អាមេរិក​ អាច​ នឹង​ធ្វើ​ ឲ្យ​ប្រសើរ​ឡើង​ បាន​ តាម​វិធី​ណា?


William A. Heidt៖ សហរដ្ឋ​អាមេរិក​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​កម្ពុជា បើ​គិត​ជា​ប្រទេស​តែ​មួយ​ ហើយ​ក៏​ជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ បើ​គិត​ជា​ប្រទេស​តែ​មួយ​សម្រាប់​ទំនិញនាំ​ចេញ​របស់​កម្ពុជា​ផងដែរ។ យើង​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ដ៏​ធំ​និង​ខ្លាំង​ស្រាប់​ហើយ។ ប៉ុន្តែពិភព​ពាណិជ្ជកម្មកំពុងផ្លាស់​ប្ដូរ​ហើយ​នៅ​ពេល​នេះ។ សហរដ្ឋ​អាមេរិកទើប​តែ​បានចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership)​ ជា​មួយ​ប្រទេស​១១​ផ្សេង​ទៀត។ ការពិត​ទៅ​ យើងទើប​តែ​បាន​ចុះ​ហត្ថលេខា​កាល​ពី​សប្ដាហ៍​មុន​នៅ​ប្រទេស​នូវែលហ្សេឡង់។ អត្ថបទ​ស្ដីពីកិច្ច​ព្រមព្រៀង ​TPP ​នេះ ត្រូវ​បានផ្សព្វផ្សាយ​ជា​សាធារណៈ​ហើយ។ កិច្ច​ព្រមព្រៀង​នេះនឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ផ្នែក​ពាណិជ្ជកម្ម​ ក្នុង​តំបន់។ វានឹង​ជំរុញ​ឲ្យ​មាន​ការ​រួម​បញ្ចូល​គ្នា​ខាង​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ។

កិច្ច​ព្រមព្រៀង​នេះ ​ត្រូវ​ បាន​តាក់​តែង​ឡើង ឲ្យ​មាន​ រចនាសម្ព័ន្ធ បើក​ចំហ។  នៅ​ពេល​នេះ​ យើង កំពុង​ផ្ដោត​ លើការ ​ធ្វើ​ឲ្យ​ កិច្ច​ព្រមព្រៀង​នេះ​ ទទួល​បាន​ ការ​អនុម័ត​ ពីសភា ​របស់​យើង,​ ហើយ​ ភាគី​ ទាំង​អស់ ​ផ្សេង​ទៀត ​ក្នុង​កិច្ច​ ព្រមព្រៀង​ នេះ ក៏​យក​កិច្ច​  ព្រមព្រៀង​នេះ​ ទៅ​ឆ្លង​កាត់ សភា​ជាតិ​ របស់ ​ពួក​គេ​ដែរ។ 

ក៏ប៉ុន្តែ នៅ​ទី​បញ្ចប់​ កិច្ច​ព្រមព្រៀង​នេះនឹង​ចេញ​ជារូបរាង​ឡើង​ ហើយ​ក៏​មាន​លទ្ធភាពដែល​កម្ពុជាអាច​ចូលរួម​បាន​ដែរ។ យើងចង់​ចាប់​ផ្ដើម​ក្រឡេក​មើល​បញ្ហា​នានា​ដែល​កើត​មាន​ចំពោះ​ប្រទេស​កម្ពុជា ហើយ​យើង​ចង់​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជាលើ​ជំហាន​ដ៏​ជាក់​លាក់ ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ​អាច​នឹង​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ពីរ​នៅ​ពេល​នេះ​បាន។ ក៏ប៉ុន្តែ​ យើង​ក៏​ចង់​រៀបចំឲ្យ​កម្ពុជាអាចមាន​លទ្ធភាព​ចូល​ក្នុង​កិច្ច​ព្រមព្រៀង​ ពាណិជ្ជកម្ម ​TPP នេះ​ នៅ​ថ្ងៃ​ណា​មួយ​ដែរ។

នេះ គឺ​ជា​រឿង​មួយដែល​យើងបាន​ជជែក​គ្នា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ យើងបាន​ពិភាក្សា​គ្នា​យ៉ាងល្អ​មួយ​កាល​ពី​សប្ដាហ៍​មុន​ នៅ​ពេល​ដែលសមាជិក​ម្នាក់​នៃ​ប្រតិភូ​របស់​យើង មក​ពី​ការិយាល័យអ្នក​តំណាង​ខាង​ពាណិជ្ជកម្ម​អាមេរិក មក​ទីក្រុង​ភ្នំពេញ។ យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អ​អំពី​លទ្ធភាពក្នុង​ការ​បង្កើត​សន្ធិសញ្ញា​ វិនិយោគ​ទ្វេភាគី។ នេះ​គឺ​ជា​សន្ធិសញ្ញាដែល​អនុញ្ញាត​ឲ្យ​វិនិយោគិន​អាមេរិក​ក្នុង​ប្រទេស​ កម្ពុជាទទួល​បាន​ការ​ការពារ​តាម​ផ្លូវ​ច្បាប់​បន្ថែម​ទៀត​ និង​វិនិយោគិន​កម្ពុជា​នៅ​អាមេរិក ​ក៏​ទទួល​បាន​ការ​ការពារ​ដូចគ្នា​នេះ​ដែរ។ យើងគិត​ថា ការ​ធ្វើ​ដូច្នេះអាច​ជួយ​ឲ្យ​កម្ពុជាទាក់​ទាញ​វិនិយោគទុន​បច្ចេកវិទ្យា​ជាន់ ​ខ្ពស់​ ដែល​នឹង​ជំរុញ​ឲ្យ​កម្ពុជា ​ផលិត​និង​នាំ​ចេញ​ផលិតផល​ធំៗ​ក្នុង​រូបភាព​ដែល​គេ​ហៅ​ថា​ សង្វាក់​ផលិតកម្ម​ដែល​មាន​តម្លៃ​សាកល។

នេះ​ គឺ​ជា​វិធីសាស្ត្រ​ដែល​ពាណិជ្ជកម្ម​ដំណើរ​ការ​នា​ពេល​បច្ចុប្បន្ន​នេះ។ វាមិន​មែន​សំខាន់​ថា ​ផលិត​ផល​ច្រើន​ត្រូវ​បាន​ផលិត​ចេញ​ពី​ប្រទេស​មួយ​ទេ​ ហើយ​ត្រូវ​បាន​នាំ​ចេញ​ដោយ​ផ្ទាល់ទៅកាន់​ប្រទេស​មួយ​ទៀត​ទេ។ បច្ចុប្បន្ន​នេះ​ វត្ថុធាតុ​ដើម ត្រូវ​បាន​យក​មក​ពី​ប្រទេស​ផ្សេងៗ​ជាច្រើន​ ហើយ​ត្រូវ​បាន​ផ្គុំ​បញ្ចូល​គ្នា​នៅ​ក្នុង​ប្រទេស​មួយ។ ផលិត​ផល​ទាំង​នោះ​ អាច​ត្រូវ​បាន​គេ​ដឹក​ចេញ​ទៅ​ប្រទេស​ទី​ពីរ សម្រាប់​វេច​ខ្ចប់​នៅ​ដំណាក់​កាល​ចុងក្រោយ​និង​ផ្គុំ​បញ្ចូល​គ្នា។ ក្រោយ​មក​ ផលិតផល​នោះ​ត្រូវ​បាន​ដឹក​ចេញ​ទៅ​ប្រទេស​ផ្សេង​ទៀត។ ដូច្នេះ​ វា​មាន​បណ្ដាញ​ដូច្នេះ​ឯង ដែល​យើង​ហៅ​ថា​ សង្វាក់​ផលិតកម្ម​ដែល​មាន​តម្លៃ​សាកល។ កម្ពុជាទើប​តែ​ចាប់​ផ្ដើមឈាន​ចូល​ក្នុង​ដំណើរ​ការ​នេះ។ ដូច្នេះ​ អ្វី​ដែល​យើង​ចង់​ធ្វើ​គឺ​ ​ជួយ​កម្ពុជាឲ្យ​ឈាន​ចូល​ដល់​បណ្ដាញ​ផលិតកម្ម​សាកល​ទាំង​នោះ ឧទាហរណ៍​ដូច​ជាសន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​មួយ។

ខ្ញុំចង់​និយាយ​ថា​ ភាគី​ទាំង​ពីរកំពុង​សម្លឹង​មើល​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​នេះ​ តែ​យើងមិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​នៅ​ឡើយ​ទេ។ ភាគី​កម្ពុជាកំពុង​ស្វែង​យល់ថា ​តើ​សន្ធិ​សញ្ញា​នេះ​មាន​ប្រយោជន៍​សម្រាប់​ដល់​ខ្លួន​ដែរឬ​អត់ ហើយ​សហរដ្ឋ​អាមេរិក ​ក៏​កំពុង​សម្លឹង​មើល​លើ​បញ្ហា​ដូចគ្នា​នេះ​ដែរ ​ថា ​តើ​វា​មាន​ប្រយោជន៍​សម្រាប់​យើង​ឬ​អត់។ ខ្ញុំ​គិត​ថា នេះពិត​ជា​ជំហាន​ដ៏​គួរ​ឲ្យ​រំភើប​រីករាយ​មួយ។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក William A. Heidt ថ្លែង​ប្រាប់​លោក នៅ វណ្ណារិន នៃ VOA ថា ក្នុង​បេសកកម្ម​របស់​លោក លោក​នឹង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​កម្ពុជា ហើយជួយ​កម្ពុជា​រៀបចំ​ខ្លួន​ដើម្បី​អាច​មាន​លទ្ធភាព​ចូល​កិច្ច​ព្រមព្រៀងដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ TPP។
ឯក ​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក William A. Heidt ថ្លែង​ប្រាប់​លោក នៅ វណ្ណារិន នៃ VOA ថា ក្នុង​បេសកកម្ម​របស់​លោក លោក​នឹង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ កម្ពុជា ហើយជួយ​កម្ពុជា​រៀបចំ​ខ្លួន​ដើម្បី​អាច​មាន​លទ្ធភាព​ចូល​កិច្ច​ ព្រមព្រៀងដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ TPP។
 
VOA៖ តើសមាគម​អាស៊ាន​និងប្រទេស​កម្ពុជាសំខាន់​សម្រាប់​អាមេរិក​ក្នុង​កម្រិត​ណា?

William A. Heidt៖ ការ​ដែលយើងមាន​ជំនួប​កំពូលដែល​ជា​លើក​ទី​មួយ​ហើយ​ ដែល​ប្រធានាធិបតី​អាមេរិក​ អញ្ជើញ​មេដឹកនាំ​ទាំង​អស់​នៅ​ក្នុង​សមាគម​អាស៊ាន​ទៅ​អាមេរិក​នោះ​ ជា​សញ្ញា​មួយ​ថា​ នេះ​ជា​តំបន់​ដ៏​សំខាន់​សម្រាប់​យើង។​ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ទើប​តែ​មក​ប្រទេស​កម្ពុជា​និង​ឡាវ ថ្មី​ៗ​នេះ។ លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍ថា​នេះ​ជា​ទស្សនកិច្ច​លើក​ទី៧​របស់​លោក​ហើយ​ មក​កាន់​តំបន់​នេះ។ នេះក៏​បញ្ជាក់​ឲ្យ​ឃើញ​ដែរ​ថា​ តំបន់​នេះ​មាន​សារៈសំខាន់​ដល់កម្រិត​ណា។

និយាយ​សរុប​មក​វិញ​ យើង​នឹង​ឃើញ​ហេតុ​ផល​សាមញ្ញ​មួយ​ចំនួន។ អាស៊ានគឺជា​តំបន់​សេដ្ឋកិច្ច​ធំ​ជាងគេទី៧​នៅ​លើ​ពិភព​លោក។ ខ្ញុំ​ជឿ​ថា​ អាស៊ានគឺ​ជា​ដៃ​គូ​ពាណិជ្ជកម្មធំទី​៤របស់​យើង ហើយបើ​សិន​យើង​បូក​ប្រទេស​អាស៊ាន​ទាំង​អស់​បញ្ចូល​គ្នា សេដ្ឋកិច្ច​តំបន់​នេះ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​ជាច្រើន​ រួម​ទាំង​កម្ពុជា​ផង​ដែរ។ ដូច្នេះ​ វា​ជា​រឿង​ធម្មតា​សម្រាប់​យើង នៅ​ពេល​ដែល​យើង​អនុវត្ តគោលនយោបាយ ដែលយើង ហៅ​ថា​ ការ​ធ្វើ​ ឲ្យ​មាន​ តុល្យភាព​ ឡើង​វិញ​ នៅ​ក្នុងតំបន់​ អាស៊ី​ នេះ។  នេះ គឺ​ មាន​ន័យ​ ថា,​ យើង ​ផ្ដល់​ឲ្យ​ តំបន់​អាស៊ី​ នូវ​ការ​ យក​ចិត្ត​ទុក​ដាក់​ ក្នុង​កម្រិត ​មួយ​ ខ្ពស់​ លើ​ផ្នែក​ ការទូត ​និង​សេដ្ឋកិច្ច ដែល​តំបន់​នេះ ​គួរ​ ទទួល​បាន។

នៅ​ពេល​យើងធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​ទៅកាន់​តំបន់​អាស៊ាន​ វា​ជា​រឿង​ធម្មតា​ដែល​អាស៊ាន​ គឺ​ជា​ផ្នែក​មួយ​ដ៏​ធំ​ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នេះ ហើយ​កម្ពុជា​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​តំបន់​អាស៊ាន។ ដូច្នេះ​ យើង​ចង់​ឲ្យ​កម្ពុជាក្លាយ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​នេះ។ នេះ ​ជាហេតុ​ផល​មួយ​ទៀត​ ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​មក​កាន់​ទីនេះ។ យើង​គិត​ថា ​មាន​រឿង​ដែល​យើង​ត្រូវ​ធ្វើ​ច្រើន​ទៀត​ ដើម្បី​រឹតចំណង​ទំនាក់ទំនង​របស់​យើង។ កម្ពុជាអាច​ទទួល​បាន​ផល​ពី​ការ​ធ្វើ​សមាហរកម្ម​អាស៊ាន​ ជាមួយ​សហរដ្ឋ​អាមេរិក។ ដូច្នេះ យើងពិត​ជា​រីករាយ​ណាស់​អំពី​ការងារ​នេះ។

ឯកសារ៖​ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃ​សហរដ្ឋ​អាមេរិក​ ឈរ​ចាប់​ដៃជាមួយ​មេដឹកនាំ​អាស៊ាន​ដើម្បី​ថត​រូប ក្នុង​អំឡុង​កិច្ច​ប្រជុំមេដឹកនាំ​អាស៊ាន-អាមេរិក​នៅ​វិមាន​សន្តិភាព​ក្នុង​ក្រុង​ភ្នំពេញកាល​ពី​ឆ្នាំ​២០១២។ (AP)
ឯកសារ៖ ​ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃ​សហរដ្ឋ​អាមេរិក​ ឈរ​ចាប់​ដៃជាមួយ​មេដឹកនាំ​អាស៊ាន​ដើម្បី​ថត​រូប ក្នុង​អំឡុង​កិច្ច​ប្រជុំមេដឹកនាំ​អាស៊ាន-អាមេរិក​នៅ​វិមាន​សន្តិភាព​ក្នុង​ ក្រុង​ភ្នំពេញកាល​ពី​ឆ្នាំ​២០១២។ (AP)
VOA៖ តើ ​លោក​ គិត​ថា​ កម្ពុជានឹង​ទទួល​បាន​អ្វី​មួយ​ពី​ជំនួប​កំពូល​នេះ​ទេ ដូចជា​ការ​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ជា​ដើម?

William A. Heidt៖ ក្រោយ​ពី​ជំនួប​កំពូល ​ដែល​នឹង​ធ្វើ​ឡើង​នៅ Sunnylands​ យើង​ ​នឹង​ធ្វើអ្វី​ដែលហៅ​ថា​ ការ​បង្ហាញ​ពី​ពាណិជ្ជកម្ម។ យើង​នឹង​មានការ​ជួប​ប្រជុំ​ជា​បន្តបន្ទាប់​នៅ​តំបន់​ទីក្រុង​ សាន់ហ្វាន់ស៊ិស្កូ (​San Francisco Bay Area)។ នៅ​ក្រោយ​ជំនួប​កំពូល​នេះ​ ពួក​អស់​លោកនឹង​មាន​កិច្ច​ប្រជុំ​ផ្សេងៗ​និយាយ​លម្អិត​អំពី​បញ្ហា​ សេដ្ឋកិច្ច ហើយ​ក៏​មាន​ការ​ជួប​ប្រជុំ​ជា​មួយ​ក្រុមហ៊ុន​អាមេរិក​ធំៗ និង​វិនិយោគិន​ដ៏​មាន​សក្ដានុភាព​ក្នុង​តំបន់ ដើម្បី​ឲ្យ​ប្រទេស​ទាំង​អស់ ​មាន​ការ​ជួប​ប្រជុំ​គ្នា​ល្អៗ​ជាមួយ​អ្នក​ជំនាញ​សេដ្ឋកិច្ចសំខាន់ៗ​នៅ​ ទីនោះ។

កិច្ច​ជួបជុំ​មួយ​ក្នុង​ជំនួប​កំពូល​នេះ​ នឹង​ទាក់​ទង​ជាមួយ​ភាព​ច្នៃ​ប្រឌិត​បង្កើត​ថ្មី សហគ្រិនភាព​ និង​ការ​លូត​លាស់​សេដ្ឋកិច្ច។ ដូច្នេះ យើង​នឹង​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ល្អ លើ​បញ្ហាទាំងនោះនៅក្នុងជំនួបកំពូលនោះដែរ។ ខ្ញុំ​មិន​គិត​ថា ​វានឹង​មាន​ការ​ប្រកាស​ជាក់​លាក់​ណា​មួយ​ទេ។ វានឹង​មិន​មាន​កិច្ច​ព្រមព្រៀង​ថ្មី​ណា​មួយ ឬ​ក៏​អ្វី​មួយដែលស្រដៀងគ្នានេះទេ។ ក៏ប៉ុន្តែ ​នេះ​ពិត​ជា​ប្រធាន​បទ​មួយ​ ក្នុង​ចំណោម​ប្រធាន​បទសំខាន់ៗទាំង​បី ដែលនឹងត្រូវ​លើកមកពិភាក្សា។

VOA៖ ប្រទេស​ចិន​កាន់​តែមានឥទ្ធិពល​ខ្លាំងឡើង នៅ​ក្នុងប្រទេសកម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ តើ​ឥទ្ធិពល​របស់​ចិន​នេះ ប៉ះពាល់​យ៉ាង​ដូចម្ដេច​ខ្លះ ដល់​ទំនាក់ទំនង​របស់​កម្ពុជា ជាមួយ​សហរដ្ឋ​អាមេរិក?

William A. Heidt៖ មនុស្ស​គ្រប់គ្នា​ចង់​និយាយ​អំពី​រឿង​នេះ​ណាស់​ឥឡូវនេះ។ អ្នក​ដឹង​ទេ ថា​ពួក​យើង គឺ​ជា​មនុស្ស​ដែល​ស្មុគស្មាញ។ យើង​យល់​ថា កម្ពុជាចង់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ជាច្រើន។ យើង​មិន​ស្នើ​ឲ្យ​កម្ពុជា រើស​យក​មួយ​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក ឬ​ក៏​ប្រទេស​ណា​មួយ​ផ្សេង​ទេ។ យើងយល់​ពី​បញ្ហា​នេះ ហើយ​យើងក៏​មិន​ចូល​ចិត្ត​ដែរ ប្រសិន​បើប្រទេស​ណា​មួយ ស្នើ​ឲ្យ​យើង​ធ្វើ​បែប​នេះ​ដែរ​នោះ។

លោក William A. Heidt ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ ថា សហរដ្ឋ​អាមេរិក​មិនស្នើ​សុំ​ឲ្យ​កម្ពុជា​ជ្រើស​រើស​រវាង​ខ្លួន​និង​ប្រទេស​ចិន​នោះ​ទេ។ លោក​ថា ការ​មាន​ទំនាក់ទំនងពាណិជ្ជកម្មកាន់​តែ​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​អាមេរិក​នឹង​ជួយ​ជំរុញ​ឲ្យ​កម្ពុជា​អាច​ឈាន​ទៅ​ដល់​ដំណាក់កាល​មួយ​ទៀត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន។ (នូវ ពៅលក្ខិណា/VOA)

លោក William A. Heidt ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ ថា សហរដ្ឋ​អាមេរិក​មិនស្នើ​សុំ​ឲ្យ​កម្ពុជា​ជ្រើស​រើស​រវាង​ខ្លួន​និង​ប្រទេស​ ចិន​នោះ​ទេ។ លោក​ថា ការ​មាន​ទំនាក់ទំនងពាណិជ្ជកម្មកាន់​តែ​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​អាមេរិក​នឹង​ ជួយ​ជំរុញ​ឲ្យ​កម្ពុជា​អាច​ឈាន​ទៅ​ដល់​ដំណាក់កាល​មួយ​ទៀត​នៃ​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​របស់​ខ្លួន។ (នូវ ពៅលក្ខិណា/VOA)
យើង​យល់​ថា វា​ជា​ផល​ប្រយោជន៍​របស់​កម្ពុជា ក្នុង​ការ​រក្សា​ទំនាក់ទំនង​ដ៏​ល្អ​និង​រឹងមាំ​ជាមួយ​ចិន ហើយ​ក៏​រក្សា​ទំនាក់​ទំនង​ដ៏​ល្អ​និង​រឹងមាំ​ជាមួយ​សហរដ្ឋ​អាមេរិក​ដែរ។ ដោយ​ធ្លាប់​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០ ខ្ញុំ​អាច​មើល​ឃើញ​ថា ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ជាច្រើន​ដល់​ប្រទេស​កម្ពុជា ខាង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ឥឡូវ​នេះ វា​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ឆ្ងាយ​ណាស់ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ក្នុង​ប្រទេស​នេះ។ មាន​ផ្លូវ​ថ្មីៗ មាន​ហេដ្ឋារចនា​សម្ព័ន្ធ​អគ្គិសនី ដែល​ប្រទេស​ចិន​បាន​ជួយ​កសាង​ឲ្យ​កម្ពុជា។ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​ប្រការ​ដ៏​ល្អ​ប្រសើរ។​ យើង​យល់​ពី​មូលហេតុ​ដែល​កម្ពុជា ចាប់អារម្មណ៍​លើ​ជំនួយ​ទាំង​នេះ។ ប៉ុន្តែ​ក្នុង​នាម​ជាសេដ្ឋវិទូ​ ខ្ញុំ​គិត​ថា នៅ​ក្នុង​ដំណាក់កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​របស់​កម្ពុជា អាមេរិក​នឹង​ជា​ប្រទេស​ដ៏​សំខាន់​មែនទែន​ចំពោះ​កម្ពុជា។ ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទាំង​ឡាយដែល​ខ្ញុំ​បាន​រៀបរាប់​ពី​ខាង​ដើម គឺ​សមាហរណកម្ម ដែល​ជួយ​ឲ្យ​កម្ពុជា​បោះជំហាន​ទៅ​មុខ​ខាង​ផ្នែក​ឧស្សាហកម្ម។
VOA៖ អ្នក​សង្កេត​ការណ៍ខ្លះ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា សហរដ្ឋ​អាមេរិក​មិន​បាន​ដាក់​សម្ពាធ​គ្រប់គ្រាន់​ លើ​រដ្ឋាភិបាល​កម្ពុជា អំពី​បញ្ហា​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ។ តើ​បេសកកម្ម​ការទូត​របស់​លោក​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំងអស់​បានយ៉ាង​ ដូចម្ដេច?
​William A. Heidt៖ ចំពោះ​ខ្ញុំ នៅ​ទី​បំផុត​ទៅ​ វា​មិន​ខុស​ពី​បញ្ហា​សេដ្ឋកិច្ច​ទេ។​ យើង​សង្ឃឹម​ថា នឹង​មាន​ការ​រីកចម្រើន​មួយ​ជំហាន​ម្ដងៗ ដូច​តែ​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ដូច្នេះ​ដែរ។ នៅ​ពេល​ដែលសេដ្ឋកិច្ច​កម្ពុជា​ រីកចម្រើន យើង​សង្ឃឹម​ថា លទ្ធិ​ប្រជាធិបតេយ្យ​ ក៏​រីក​លូតលាស់​ទៅ​តាម​នោះ​ដែរ។ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក បាន​មាន​ប្រសាសន៍​ថា យើង​ចង់​រឹត​ចំណង​ទាក់​ទង​របស់​យើងជាមួយ​កម្ពុជា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ ប៉ុន្តែ​យើង​ក៏​គិត​ដែរ​ថា ប្រជាជន​កម្ពុជា​ចង់​បាន​ប្រព័ន្ធ​ពហុបក្ស​មួយ ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ។ នេះ​គឺ​ជា​រឿង​សំខាន់ ពីព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​រីក​លូតលាស់​នៃ​ទំនាក់​ទំនង​របស់​ប្រទេស​ យើង​ទាំង​ពីរ។ ចំពោះ​ខ្ញុំ ប្រទេស​កម្ពុជា​ចាំបាច់ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ទៅ​មុខខាង​បញ្ហា​ សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​។ ខ្ញុំ​គិត​ថា ក្រុម​សង្គម​ស៊ីវិល​ខ្លះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ពិត​ជា​ល្អ​ប្រសើរ​ណាស់​សម្រាប់​ប្រទេស​នេះ។ ពួកគេ​បាននាំ​យក​មក​ឲ្យ​កម្ពុជា​នូវ​កិតិ្តស័ព្ទជាច្រើន​ក្នុង​ឆាក​ អន្តរជាតិ។ ការ​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល គឺ​ជា​អ្វី​មួយ ដែល​យើង​បាន​ធ្វើ​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ ហើយ​យើងក៏​នឹង​បន្ត​ធ្វើ​ដូច្នេះ​តទៅទៀត។

រហូត​មក​ដល់ពេល​នេះ ប្រទេស​កម្ពុជា​មាន​ការ​បោះឆ្នោត៥លើក​ហើយ។ តាម​ធម្មតា យើង​សង្ឃឹម​ថា ការ​បោះឆ្នោត​ម្ដងៗ​កាន់​តែ​មាន​លក្ខណៈ​ល្អ​ជាង​មុន​បន្តិច​។ យើង​គិត​ថា នេះ​គឺ​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​ក៏​ចង់​បាន​ដែរ។ ខ្ញុំ​គិត​ថា ពួក​គេ​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យមួយ​ដែល​មាន​ការ​ប្រកួតប្រជែង​ពី​គណបក្ស ​នយោបាយ​ជាច្រើន ហើយយើង​សង្ឃឹម​ថា ប្រទេស​កម្ពុជា​នឹង​បន្ត​បោះជំហាន​ឆ្ពោះ​ទៅ​រក​ប្រជាធិបតេយ្យបែប​នេះ។

ឯកសារ៖ លោក John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​កិច្ច​ប្រជុំ​ទ្វេភាគី​មួយ​នៅ​វិមាន​សន្តិភាពនៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
ឯកសារ៖ លោក John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជួប​ពិភាក្សា​ជាមួយ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​កិច្ច​ប្រជុំ​ទ្វេភាគី​មួយ​នៅ​វិមាន​សន្តិភាពនៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
VOA៖ ស្ថានភាព​នយោបាយ​ពេល​បច្ចុប្បន្នកំពុងតែ​តានតឹង​ ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ សម​ រង្សី កំពុង​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​កាត់ទោស​នៅ​តុលាការ។​ តើ​លោកមាន​យោបល់​អ្វីខ្លះ​អំពី​វិធី​ដែល​អាច​បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​?​

William A. Heidt៖ តាមពិត​ ខ្ញុំមិន​ដែលបានជួប​លោក​សម​ រង្សី​ទេ​ ​ចាប់តាំងពី​ខ្ញុំ​ត្រឡប់​មក​កម្ពុជាវិញ។ លោក​បានស្ថិត​នៅ​ទី​នេះ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ចាប់​តាំងពីពេល​ខ្ញុំ​មក​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​នៅ​កម្ពុជា។​ ប៉ុន្តែ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំងណាស់«វប្បធម៌​សន្ទនា» ប្រសិនបើយើងពិនិត្យ​ខ្លឹមសារ​ដើម​របស់​វា​ ​គឺជា​វិធីយ៉ាង​សម​ហេតុផល។​ និយាយ​ដោយ​ស្មោះត្រង់​ វា​មិន​មែន​ជា​របៀប​ធ្វើ​(ដំណោះស្រាយ)នយោបាយ​នៅ​អាមេរិក​ទេ។​ ប៉ុន្តែសម្រាប់​កម្ពុជា​ ខ្ញុំគិត​ថា​វា​ជា​វិធី​សម​ហេតុផល​ ក្នុង​ការ​កាត់​បន្ថយ​ពាក្យ​សម្តី​តឹងតែង​ខាងនយោបាយ​ ដើម្បី​ព្យាយាមសម្រេច​បាន​ នូវ​ការ​ខ្វែង​គំនិត​គ្នាមួយ​ដោយ​បើក​ចំហនិង​ប្រកប​ដោយ​ការ​គោរព​គ្នា។​ គឺ​ត្រូវ​ឈ្លោះ​ពី​បញ្ហា​គោល​នយោបាយ​ ប៉ុន្តែ​មិន​មែនលើ​បញ្ហា​លក្ខណៈ​សម្បត្តិ​របស់​បុគ្គល​នោះ​ទេ។​ ដូច​ដែល​ខ្ញុំ​បាន​និយាយ​អញ្ចឹង ​នៅ​អាមេរិក​ យើងមិន​មាន​វប្បធម៌​សន្ទនា​នោះ​ទេ​ ប៉ុន្តែចំពោះ​ខ្ញុំ​ ខ្ញុំ​អាច​យល់​បាន​ថា ​ហេតុអ្វី​បាន​ជា​កម្ពុជា​មាន​វប្បធម៌​នេះ។ វា​សម​ហេតុផល​ណាស់សម្រាប់​ខ្ញុំ។​

វប្បធម៌​សន្ទនា​ បាន​កើត​មាន​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន ហើយ​វាហាក់​ដូចជា​បាត់​ទៅ​វិញ​នៅ​ខែ​តុលា​ឬ​វិច្ឆិកា។ ប៉ុន្តែ​ពេលនេះ​ រឿងរ៉ាវបាន​ប្រសើរ​ជាង​មុន​បន្តិច។​ ខ្ញុំ​សម្គាល់​ឃើញ​ថា ​គណបក្ស​ប្រឆាំងអាច​ធ្វើការ​នៅ​តាម​បណ្ដា​ខេត្ត​ច្រើន​ជាង​ពី​មុន​ គឺ​ធ្វើ​រឿង​ដែល​គណបក្ស​នយោបាយ​គួរ​ធ្វើ។ ប៉ុន្តែសម្រាប់​ខ្ញុំ​ សំណួរសំខាន់​គឺ​ថា​ តើ​ យើង​ អាច​វិល​ ត្រឡប់​ មកស្ថានភាព​ ដូច​ដើម វិញ​ បាន​ទេ?​  ជំហាន ​ដំបូង​ គឺ​ ការ​និយាយ​ រឿង​នយោបាយ ​ដែល​ប្រកប​ ដោយ​ការ​ គោរព​គ្នា​ ជាង​មុន។​  មិន​មែន​ ជេរ​ប្រមាថ ​គ្នា ​នោះ​ទេ; ​ គឺ យើង​ គ្រាន់តែ ​មិន​យល់ស្រប​ គ្នា​ លើ​បញ្ហា ​គោល​នយោបាយ។​  ខ្ញុំ​ កត់​សម្គាល់​ ថា, ជា​រឿង​ ចៃដន្យ ពាក់​ព័ន្ធ​ នឹង​ច្បាប់​ សហជីព, ពួក​គេ​ កំពុង​តែ ​ដោះ​ស្រាយ​ ជា​មួយ ​គ្នា តាម​របៀប​នេះ​ហើយ។​ គណបក្ស​ទាំង​ពីរ​កំពុង​ធ្វើការ​យ៉ាង​ល្អ​ជាមួយ​គ្នា​ និង​បាន​ផ្ដោត​ ការពិភាក្សា ទៅ​លើ​ ការ​កំណែ​ ទម្រង់​ច្បាប់​ សហជីព។​  ដូច្នេះ​ ខ្ញុំ​ គិត​ថា, ​នេះ​ គឺ ជា​ជំហាន ​ដំបូង​ ដែល​នឹង​ជួយ​ កាត់​បន្ថយ ​ភាព​តាន​តឹង,​ គឹ​ ត្រូវ​ ត្រឡប់​ទៅ​រក គោលការណ៍​ នៃ​វប្បធម៌​សន្ទនា ​វិញ។

វាមិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​ ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំងស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​អាច​ត្រឡប់​ចូល​ កម្ពុជា​វិញ​បាន​ ឬ​ក៏​ថា ​លោក​យល់​ថា លោក​មិន​អាច​ត្រឡប់​មកវិញ​បាន​នោះ​។​ យើងបាន​និយាយ​យ៉ាង​ច្បាស់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍កាលពី​ប៉ុន្មាន​ខែ​មុន ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ។​ ខ្ញុំ​គិត​ថា ​អ្នក​ចង់​ឃើញ​ដំណើរ​ការ​មួយ​ដែល​នាំ​ឲ្យ​លោក​អាច​ត្រឡប់​មក​វិញ​បាន​ ហើយ​បន្ត​ជីវិត​នយោបាយ​របស់​គាត់​តាម​សភាព​នយោបាយ​ប្រក្រតី​ឡើង​វិញ។

VOA៖ លោក​ សម​ រង្សី​ បាន​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី​ អូបាម៉ា ជួយ​សម្រុះ​សម្រួល​ការ​ចរចា​នយោបាយ។ តើ​លោក​គិត​ថារឿង​នេះ​អាច​កើត​មាន​ទេ?

William A. Heidt៖ អ្នក​និយាយ​អំពី​សំបុត្រ​ដែល​លោកសរសេរ។​ ខ្ញុំ​បាន​ឃើញ​សំបុត្រ​នោះ។​ ជាក់​ស្ដែង​ យើង​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា ​សំបុត្រ​នោះបញ្ជូន​ទៅ​ដល់​ការិយាល័យ​របស់​លោក​ប្រធានាធិបតី។​ ខ្ញុំ​ពិតជា​មិន​ដឹង ​ហើយ​ក៏មិន​មាន​អត្ថាធិប្បាយ​សម្រាប់​លោក​ ថា​តើពួកគេ​នឹង​ឆ្លើយតប​យ៉ាង​ណា​នោះ​ទេ។​ ខ្ញុំ​គិត​ថា ​ពួកគេ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ប៉ុន្តែខ្ញុំ​មិន​ប្រាកដ​ទេ​ថា​ នោះ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើនៅក្នុង​សន្និសីទ​នៅ ​Sunnylands។
ខ្ញុំក៏​គិត​ដែរ​ថា​ មាន​ការ​ជឿនលឿន​(ខាង​នយោបាយ)ខ្លះៗ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ ហើយ​គណបក្ស​ទាំង​នោះ​កំពុងតែ​ធ្វើការ​ចរចា​បាន​ដោយ​ខ្លួន​ឯង។​ ខណៈ​ពេល​ដែល​យើងកំពុង​រង់ចាំ ខណៈ​ពេល​ដែល​យើង​មើល​សំបុត្រ​នោះ​ ខ្ញុំ​គិត​ថា​ ពួកគេ​គួរតែ​បន្ត​ការ​ចរចា​គ្នា​ ហើយ​តាមពិត​ ពួកគេ​អាច​សម្រេច​បាន​កិច្ចការ​ច្រើន​ដោយ​មិន​បាច់​មាន​អ្នក​សម្របសម្រួល​ ទេ។

VOA៖ តើ​សហរដ្ឋ​អាមេរិកនឹង​ផ្ដល់​ជំនួយ​ថវិកា​បន្ថែម​ទៀត​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ដែរ​ឬ​ទេ?​

William A. Heidt៖ យើង​តែង​តែ​គាំ​ទ្រ​ចំពោះ​សារៈសំខាន់​នៃ​ការ​នាំ​យក​មេដឹកនាំ​ខ្មែរ​ក្រហម​ ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​សម័យ​នោះ​ មក​កាត់ទោស។​ យើង​បាន​ផ្ដល់​ជំនួយ​ដល់​តុលាការ​នេះ​ជាច្រើន​ឆ្នាំ​រហូត​មក​ហើយ រហូត​មកដល់​ពេល​នេះ ជាង​៣០​លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​យើងក្លាយ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​ជាង​គេ​បង្អស់​មួយ។ ដូច្នេះ​វិភាគទាន​របស់​យើង​ចំពោះ​តុលាការ​នេះ​ ច្បាស់លាស់​ណាស់។​ យើង​ផ្ដល់​ថវិកា​ឲ្យ​ជា​រៀង​រាល់​ឆ្នាំ។​ យើង​កំពុងតែ​ធ្វើ​ការងារ​នេះ​ជាមួយសភា​អាមេរិក ​ដើម្បី​កំណត់​ទំហំ​ថវិកា​ដែល​យើង​នឹង​ផ្ដល់​ឲ្យ​នៅ​ពេល​អនាគត​ទៀត។​ ប៉ុន្តែ​ ជាក់ស្ដែង​ ដោយ​ចំណាយ​សរុប​របស់​តុលាការបាន​ថយ​ចុះ​ ការ​បរិច្ចាគ​របស់​យើង​ក៏នឹង​ថយ​ទៅ​តាម​នោះ​ដែរ។​

VOA៖ ហេតុអ្វី​ បាន​ជា​សហរដ្ឋ​ អាមេរិក ​បន្ត​ជួយ​គាំទ្រ​ តុលាការ​ កាត់​ក្ដី​ មេដឹកនាំ ​ខ្មែរក្រហម?​

William A. Heidt៖ វា​ ជា​យុគ​ ដែល​ខ្មៅ​ ងងឹត​ បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា។ រយៈពេល​បួន​ឆ្នាំ​នោះ ​នៅ​តែ​បន្ត​ប៉ះពាល់​ដល់​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ ទោះ​តិច​ក្ដី​ច្រើន​ក្ដី។ យើងមិន​អាច​ដឹង​បាន​ពី​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ផ្ទាល់​ខ្លួន​របស់​បុគ្គល ​ម្នាក់ៗ​នោះ​ទេ។ តើ​យើង​ផ្សះផ្សា​ដោយ​វិធី​ណា?​ ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ បាន​ប៉ះទង្គិច​ផ្លូវចិត្ត ដោយ​បាន​ឆ្លង​កាត់របប​នេះ។​ ភរិយា​របស់​ខ្ញុំ ​ក៏ស្ថិត​ក្នុង​ចំណោម​អ្នក​បាន​ឆ្លងកាត់​ដែរ។ គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​សម័យ​នោះ​ ដូច្នេះ​គាត់​ដឹង​រឿង​នេះ​ច្បាស់​ណាស់។
ពិត​ណាស់​ តុលាការ​នោះ ​មិន​មែន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។​ យើង​បាន​ព្រមព្រៀង​ពី​ខាង​ដើម​ថា ​តុលាការ​នេះ​នឹង​យក​មក​កាត់​ទោស​តែ​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ចំពោះ​ឧក្រិដ្ឋកម្ម​នៅ​សម័យ​នោះ​ប៉ុណ្ណោះ។​ អ្នក​អាច​ជជែកវិញ​ថា ​ការ​កាត់​ទោស​តែ​អ្នក​ដឹកនាំ​កំពូល​ប៉ុណ្ណឹងបាន​ប្រយោជន៍​អ្វី?​ ហេតុអ្វី​ផ្តោត​ទៅ​លើ​តែ​អ្នក​ចាស់ៗ​តែ​ប៉ុន្មាន​នាក់​នោះ?​ ប៉ុន្តែចំពោះ​ខ្ញុំ​ ការ​កាត់​ទោស​នេះ​ មាន​សារៈសំខាន់​ជា​គំរូ​ សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា។​ វា​សំខាន់​ក្នុង​ការ​បង្ហាញ​ប្រជាជន​កម្ពុជា​ដែល​នៅ​រស់រានពី​សម័យ​នោះ​ថា​ ទោះបីជា​ពួកគេមិន​អាច​ទទួល​បាន​យុត្តិធម៌​មួយ​ពេញ​ទំហឹង​ក៏ដោយ​ ក៏​នៅ​មាន​យុត្តិធម៌​ខ្លះ​ដែរ​ ដូចដែល​យើង​នៅអាមេរិកច្រើន​និយាយ​អញ្ចឹង។​  យើង​គាំទ្រ​ដោយសារ​វា​ជា​រឿង​ត្រឹមត្រូវ​ ហើយ​យើង​គិត​ថា​ វា​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា។​

យើងក៏​បាន​ជួយ​ឧបត្ថម្ភ​រឿង​ផ្សេង​ទៀត​ដែរ។ ជាក់​ស្ដែង​ជាង​គេ​នោះ​គឺ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​បាន​ធ្វើ​កិច្ចការ​ជាច្រើន​ក្នុង​ការ​ចងក្រង​ឯកសារ​អំពី​រឿងហេតុ​ដែល​ បាន​កើត​ឡើង​នៅ​សម័យ​នោះ​ ដែល​មនុស្ស​ភាគ​ច្រើនមិន​បាន​ដឹង។​ ក្មេង​ជំនាន់​ក្រោយ​ជាច្រើនមិន​សូវ​ដឹង​ទេ​ថា​ ការ​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​សម័យ​នោះ​ មាន​សភាព​ដូច​ម្ដេច​នោះ។   ដូច្នេះ​ហើយ​ ទើប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាបាន​ប្រមូលចងក្រង​ព័ត៌មាន​បាន​យ៉ាង​ល្អ​ ដែល​នឹង​ធ្វើ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ បាន​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

កម្ពុជា​ជា​ប្រទេស​ក្មេង​ខ្ចី​មួយ​ ហើយប្រទេស​នេះ កំពុងតែ​សម្លឹង​ឆ្ពោះ​ទៅ​មុខ។ ខ្ញុំ​គិត​ថា​ ប្រជាពលរដ្ឋ​កម្ពុជា ​គឺជា​អ្នក​គិត​ពី​អនាគត​ខ្លាំង​ណាស់។ ជា​ការ​ពិត ផ្នែក​នៃទំនាក់ទំនង​ដែល​ខ្ញុំ​រំភើប​ជាង​គេ​ គឺ​ការ​គិតគូរ​ទៅ​ដល់​អនាគត។​ យើងកំពុងតែ​ព្យាយាម​ធ្វើ​កិច្ចការ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ ជាច្រើន​ ដើម្បី​ជួយ​កម្ពុជា​អំពី​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ និង​ជំនាញ​ខាង​សេដ្ឋកិច្ច​នៅ​សតវត្ស​ទី​២១​ ដែល​ពួកគេ​ត្រូវការ​ជា​ចាំ​បាច់។ ខ្ញុំយល់​បាន​ថា ​ក្មេងៗ​កម្ពុជា ​ចូលចិត្ត​ជំនាញ​ទាំង​នេះ។ ប៉ុន្តែ​ ខ្ញុំ​គិត​ថា​ យើង​0ក៏​មិន​គួរ​ភ្លេចអតីតកាល​ដែរ៕



No comments:

Post a Comment