Paris Peace Accords 23 Oct. 1991

Thursday, February 25, 2016

ក្រសួង​ មហាផ្ទៃ​ មិន​អនុញ្ញាត ​ឲ្យ​បក្ស​យុវជន​ កម្ពុជា ​ជួប​សកម្មជន​ បក្ស​ប្រឆាំង​ នៅ​គុក ​ព្រៃ ស | Interior Ministry refuses permission for Youth party meet opposition activists in Prey Sar Prison

ក្រសួង​ មហាផ្ទៃ​ មិន​អនុញ្ញាត ​ឲ្យ​បក្ស​យុវជន​ កម្ពុជា ​ជួប​សកម្មជន​ បក្ស​ប្រឆាំង​ នៅ​គុក ​ព្រៃ ស

RFA / វិទ្យុ អាស៊ី សេរី | ២៥ កុម្ភៈ ២០១៦

 

ពេជ្រ ស្រស់ ៨៥៥ ២០១៦
ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៦។  RFA/Morm Moniroth

ក្រសួង​ មហាផ្ទៃ មិន​​​អនុញ្ញាត ​ឲ្យ​គណបក្ស​ យុវជន​កម្ពុជា បាន​ចូល​ជួប ​សកម្មជន​ គណបក្ស​ ប្រឆាំង ​នៅ​ក្នុង​ពន្ធនាគារ​ ព្រៃ ស​ ទេ។ ការ​ច្រានចោល​ដោយ​ពុំ​មាន​មូលហេតុ​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​អនុញ្ញាត​ម្ដង​រួច​មក​ហើយ គឺ​មួយ​ថ្ងៃ​មុន​នៃ​ការ​បដិសេធ​នេះ។ ប្រធាន​គណបក្ស​ដែល​ទើប​តែ​​បង្កើត​ថ្មី​នេះ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​នេះ និង​ចាត់​ទុក​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ហាក់​ដូច​ជា​មិន​ចេះ​ពី​របៀប​ធ្វើ​ការ។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា អះអាង​ថា ខ្លួន​នៅ​តែ​រង់ចាំ​ការ​ឆ្លើយតប​ជា​ថ្មី​ឡើង​វិញ​ពី​អគ្គនាយកដ្ឋាន​ ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ថ្វី​បើ​លិខិត​ដែល​អនុញ្ញាត​លើក​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ច្រានចោល​ចំពោះ​សំណើ​សុំ​ជួប​អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង​ទាំង ១៥​រូប នៅ​ក្នុង​គុក​ព្រៃស នោះ។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ថា លោក​ហាក់​មិន​យល់​ពី​របៀប​ធ្វើ​ការ​របស់​ក្រសួង​មហាផ្ទៃ ដែល​គ្រប់គ្រង​ដោយ​លោក ស ខេង ទាល់​តែ​សោះ។លោក​បញ្ជាក់​ថា ជា​ការ​ឆ្លើយ​តប​នឹង​ការ​សុំ​ជួប​សកម្មជន​បក្ស​ប្រឆាំង​ទាំង ១៥​រូប​នោះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ អនុញ្ញាត​រួច​ទៅ​ហើយ បែរ​ជា​បដិសេធ​វិញ ដោយ​ពុំ​មាន​មូលហេតុ​សមរម្យ​ទាល់​តែ​សោះ។

លោក ពេជ្រ ស្រស់ យល់​ឃើញ​ថា របៀប​ធ្វើ​ការ​ដូច​នេះ គឺ​ស្មើ​ស៊ីញេ​នឹង​ដៃ រួច​លុប​នឹង​ជើង​វិញ។ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ លោក​រិះគន់​ថា ទើប​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មិន​អាច​ដំណើរការ​ទៅ​មុខ​បាន ដោយសារ​របៀប​ធ្វើ​ការ​មិន​ច្បាស់លាស់​បែប​នេះ៖ «ខ្ញុំ​យល់​ថា វា​ហាក់​ដូច​ជា​កូន​ក្មេង​លេង​បាយឡុកបាយឡ​មួយ​ដែល​ខ្លួន​ជា​អ្នក​គោរព​ ច្បាប់ ជា​អ្នក​បង្គាប់​បញ្ជា​ឲ្យ​គេ តែ​ខ្លួន​ឯង​មិន​គោរព​ច្បាប់ ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ធ្វើ​អ្វី​តាម​ការ​នឹក​ឃើញ ចិត្ត​ចង់​ឲ្យ​ជួបៗ ចិត្ត​មិន​ឲ្យ​ចង់​ជួប គាត់​មិន​ឲ្យ​ជួប​វិញ។ អា​ហ្នឹង​វា​ជា​រឿង​មួយ​ដែល​កម្ពុជា រង​ភាព​គ្រោះ​ខ្លាំង​បំផុត​នៅ​ថ្ងៃ​អនាគត ដោយសារ​អ្នក​អនុវត្ត​ច្បាប់ និង​បញ្ជា​ឲ្យ​គេ​គោរព​ច្បាប់​មិន​គោរព​ច្បាប់​ទៅ​ហើយ។»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ គណបក្ស​យុវជន​កម្ពុជា បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​ពន្ធនាគារ ដើម្បី​សុំ​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​ទាំង ១៥​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លិខិត​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បក្ស​យុវជន​កម្ពុជា ត្រូវ​ការ​ជួប​សកម្មជន​ទាំង​នោះ​នៅ​គុក​ព្រៃស ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​មួយ​ចំនួន​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន។ ម្យ៉ាង ក្នុង​នាម​អ្នក​នយោបាយ​ជំនាន់​ថ្មី ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ គឺ​តែង​ចង់​ដឹង​ពី​សុខ និង​ទុក្ខ​របស់​ពួក​គាត់​នៅ​ក្នុង​គុក។

ជា​ការ​ឆ្លើយ​តប អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ អនុញ្ញាត​ឲ្យ​គណបក្ស​យុវជន​កម្ពុជា បាន​ជួប​សកម្មជន​ទាំង ១៥​នាក់ របស់​បក្ស​ប្រឆាំង​នៅ​គុក​ព្រៃស ដោយ​មិន​ឲ្យ​ហួស​ក្នុង​អំឡុង​​ខែ​កុម្ភៈ នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​អនុញ្ញាត​នោះ ក្រសួង​មហាផ្ទៃ បាន​ច្រានចោល​វិញ​ភ្លាមៗ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ពិត​ប្រាកដ​ណា​មួយ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ឆ្លើយ​តប​យ៉ាង​ខ្លី​ថា ជាប់​ប្រជុំ រួច​ផ្ដាច់​ទូរស័ព្ទ​ទៅ​វិញ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ ជុំវិញ​រឿង​នេះ មន្ត្រី​ពន្ធនាគារ​ព្រៃស ដែល​យាម​ការពារ​សន្តិសុខ​បាន​បដិសេធ​អំពី​ការ​ហាមប្រាម​នេះ ដោយ​អះអាង​ថា នេះ​ជា​បទបញ្ជា​ពី​ថ្នាក់លើ។
លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) ចាត់​ទុក​ថា នេះ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ។ លោក​បន្ថែម​ថា មាន​លិខិត​ជា​ច្រើន​ដែល​អនុញ្ញាត​ហើយ មិន​មាន​បញ្ហា ក៏ប៉ុន្តែ​នេះ​ជា​មន្ទិល​សង្ស័យ​ដែល​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​អនុញ្ញាត​ទៅ​ហើយ​បែរ​ជា​ផ្អាក​វិញ​ដូច្នេះ៖ «ខ្ញុំ​គិត​ថា ជា​ការងារ​មិន​ទទួល​ខុសត្រូវ ដោយ​មិន​មាន​ប្រសិទ្ធភាព ពីព្រោះ​លិខិត​ស្នាម​ក្នុង​អនុវត្ត​តាម​បែបបទ​រដ្ឋបាល​មួយ ហើយ​ក្នុង​នាម​រដ្ឋាភិបាល និង​ក្នុង​នាម​ស្ថាប័ន​របស់​គាត់។យើង​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ មុន​នឹង​ធ្វើ​ការ​អនុញ្ញាត។»

គណបក្ស​យុវជន​កម្ពុជា ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចុះ​បញ្ជី​ជា​ផ្លូវការ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​គណបក្ស​នយោបាយ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ។ លោក ពេជ្រ ស្រស់ ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា យល់​ឃើញ​ថា អ្វី​ដែល​ក្រសួង​មហាផ្ទៃ យល់​ព្រម​ហើយ​បែរ​ជា​ផ្អាក​មិន​សកម្មជន​គណបក្ស​របស់​លោក​បាន​ចូល​ទៅ​ ពន្ធនាគារ​ព្រៃស​វិញ​នេះ អាច​ជា​ហេតុផល​បារម្ភ​ពី​ប្រជាប្រិយភាព​របស់​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​ នេះ មាន​ឥទ្ធិពល​នៅ​ក្នុង​ឆាក​នយោបាយ ដែល​ជា​រលក​​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ពេល​នេះ៕



No comments:

Post a Comment