ប្រតិភូ IPU ស្វែងយល់ ពីការធ្វើ ទុក្ខបុកម្នេញ លើបក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ១៦ កុម្ភៈ ២០១៦
ប្រតិភូ គណៈកម្មាធិការ សិទ្ធិមនុស្ស នៃសហភាព អន្តរសភា ហៅកាត់ ជាភាសា អង់គ្លេស ថា អាយភីយូ (IPU) នៅថ្ងៃ១៥ ខែកុម្ភៈ ជួបជាមួយ តំណាង មកពីគណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ ដើម្បី ស្វែងយល់ ពីភាព មិនប្រក្រតីនានា នៅក្រោយ ការចាប់ខ្លួន និងចោទប្រកាន់ លើមន្ត្រី បក្សប្រឆាំង ដោយបក្ស កាន់អំណាច។ ទោះបី ជាយ៉ាងណា ដំណើរទស្សនកិច្ច ស្វែងរក ការពិតនេះ ត្រូវ បានមន្ត្រី បក្សកាន់អំណាច សម្ដែង ការស្វាគមន៍។
ការចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក ហុង សុខហួរ ការវាយដំលើតំណាងរាស្ត្របក្សប្រឆាំង ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ដោយបាតុករគាំទ្របក្សកាន់អំណាច ការចោទប្រកាន់ និងការតាមចាប់ខ្លួនលោក សម រង្ស៊ី ការចោទប្រកាន់លើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៧រូប ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ហិង្សាលើស្ពាននាគក្បែរទីលាន ប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤ ព្រមទាំងការអនុវត្តនូវវប្បធម៌សន្ទនារវាងគណបក្សទាំង២ គឺសុទ្ធសឹងតែជាប្រធានបទដែលគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា ចង់សិក្សាស្វែងយល់ឲ្យបានច្បាស់ពីបក្សនយោបាយទាំង២។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឲ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ គណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា ជួបជាមួយមន្ត្រីជាន់ខ្ពស់នៃបក្សនយោបាយទាំង២ ជាច្រើនរូប ដែលរួមមាន ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ អ្នកនាំពាក្យរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន អនុប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក គាត ឈន់ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងគណៈកម្មការសិទ្ធិមនុស្ស ឬគណៈកម្មការទី១ នៃព្រឹទ្ធសភា និងរដ្ឋសភា។
អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា នៅក្នុងជំនួបជាមួយប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា ភាគីបក្សកាន់អំណាចបានពន្យល់ពីមូលហេតុនានាដែលឈានដល់ការចាប់ ខ្លួន និងការចោទប្រកាន់ទៅលើថ្នាក់ដឹកនាំ និងមន្ត្រីបក្សប្រឆាំងក្នុងពេលកន្លងមក ទាំងការចោទប្រកាន់លើលោក សម រង្ស៊ី និងការចាប់ខ្លួនលោក ហុង សុខហួរ។
ចំណែកការវាយដំលើតំណាងរាស្ត្របក្សប្រឆាំងលោក ញ៉យ ចំរើន និងលោក គង់ សភា កាល ពីខែតុលា ឆ្នាំ២០១៥ លោក សុខ ឥសាន បានប្រាប់ទៅប្រតិភូសហភាពអន្តរសភាថា ព្រឹត្តិការណ៍ហិង្សានោះ គឺមិនមានពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងលោក កឹម សុខា ដោយបាតុករបក្សកាន់អំណាចឡើយ ព្រោះលោកថា បាតុកម្មរបស់អ្នកគាំទ្ររបស់បក្សកាន់អំណាចបានចប់ទៅហើយ មុនពេលដែលព្រឹត្តិការណ៍ហិង្សាលើតំណាងរាស្ត្របក្សប្រឆាំងបានកើត ឡើង។
ទាក់ទងនឹងការអនុវត្តវប្បធម៌សន្ទនាវិញ លោក សុខ ឥសាន ប្រាប់ទៅគណៈប្រតិភូសហភាព អន្តរសភាថា បក្សប្រឆាំងគឺជាអ្នកបំផ្លាញវប្បធម៌សន្ទនានេះ។
ទោះជាយ៉ាងណាក៏ដោយ លោក សុខ ឥសាន ថ្លែងថា លោកស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូគណៈកម្មាធិការ សិទ្ធិមនុស្សនៃសហភាពអន្តរសភាពេលនេះ ព្រោះលោកថា វាអាចធ្វើឲ្យពួកគេស្វែងយល់កាន់តែច្បាស់ពីបញ្ហានានាដែលបានកើត ឡើងរវាងបក្សកាន់អំណាច និងបក្សប្រឆាំងកន្លងមក៖ «បើបានគាត់មកអ៊ីចឹង យើងមានយោបល់ច្បាស់ៗជូនគាត់ បើគាត់វិនិច្ឆ័យយ៉ាងណា វាជារឿងរបស់គាត់។ គាត់ក្ដាប់បានទាំងសង្ខាង ជំហរគណបក្សប្រឆាំងយ៉ាងម៉េច ជំហរគណបក្សប្រជាជនយ៉ាងម៉េច មានទឡ្ហីករណ៍រៀងខ្លួន គាត់យកទៅពិចារណាក្នុងរបាយការណ៍របស់គាត់ អ៊ីចឹងមិនទាន់សន្និដ្ឋានយ៉ាងណានោះទេ។»
ចាប់តាំងពីមានកិច្ចព្រមព្រៀងនយោបាយរវាងបក្សទាំង ២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ មក គណបក្សទាំង២តែងបានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកធ្វើឲ្យរអាក់រអួលដល់ការអនុវត្តកិច្ចព្រមព្រៀង ឬវប្បធម៌សន្ទនាដែលពួកគេបានរួមគ្នាបង្កើតឡើង។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីមានការរង្គោះរង្គើនៃវប្បធម៌សន្ទនានេះ មន្ត្រីនិងសកម្មជនបក្សប្រឆាំងចំនួន ១៥រូប ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន តំណាងរាស្ត្របក្សប្រឆាំង ២រូប ត្រូវបានគេវាយសំពង អនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតំណាងរាស្ត្របក្សកាន់អំណាចបោះឆ្នោតទម្លាក់ពីតំណែងអនុ ប្រធានទី១ រដ្ឋសភា ខណៈលោក សម រង្ស៊ី ត្រូវបានអាជ្ញាធរតាមចាប់ខ្លួន ហើយនិរទេសខ្លួននៅក្រៅប្រទេសរហូតមកទល់សព្វថ្ងៃ។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៧រូបផ្សេងទៀត បើទោះជាពួកគេត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពក្រោយពេលបក្ស ទាំង២ បានព្រមព្រៀងបញ្ចប់ជម្លោះនយោបាយកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ ក្ដី ប៉ុន្តែពួកគេកំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ ពាក់ព័ន្ធករណីហិង្សាលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃ ទី១៥ កក្កដា ឆ្នាំ២០១៤។ ក្រុមអ្នកការពារសិទ្ធិមនុស្សបានរិះគន់ទៅលើការធ្វើទុក្ខបុកម្នេញលើ មន្ត្រីបក្សប្រឆាំងនេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីបក្សប្រឆាំងដើម្បីសួរនាំពីជំនួបជាមួយប្រតិភូ គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា បានទេ នៅថ្ងៃទី១៥ ខែកុម្ភៈ។
សេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឲ្យដឹងថា គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា នឹងជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី១៦ ខែកុម្ភៈ។ ដោយឡែកនៅថ្ងៃទី១៧ ខែកុម្ភៈ គណៈប្រតិភូដដែលនេះ នឹងជួបជាមួយអនុប្រធានទី២រដ្ឋសភា លោក ងួន ញ៉ិល។
អ្នកនាំពាក្យ រដ្ឋសភា លោក ឡេង ប៉េងឡុង មិនទាន់អាចបញ្ជាក់នៅឡើយទេថា តើគណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា នឹងធ្វើសន្និសីទកាសែតបូកសរុបលទ្ធផលការងាររបស់ពួកគេ ឬយ៉ាងណានោះទេ៕
No comments:
Post a Comment