មន្ត្រី បក្សប្រឆាំង គ្រោងជួប អាជ្ញាធរ រឿងព្រមាន ប្រើហិង្សា លើមេដឹកនាំ របស់ខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ៩ កុម្ភៈ ២០១៦
គណបក្ស សង្គ្រោះជាតិ ស្វែងរកជួប អាជ្ញាធរ សមត្ថកិច្ច ករណីសង្ស័យ ថា អាចកើតមាន អំពើហិង្សា លើមន្ត្រី ជាន់ខ្ពស់ គណបក្សនេះ ដែលកើតចេញ ពីការតវ៉ា របស់ ក្រុមអ្នកគាំទ្រ គណបក្ស ប្រជាជន កម្ពុជា។ ការតវ៉ា ណាមួយ ប្រឆាំងមន្ត្រី ជាន់ខ្ពស់ គណបក្ស ប្រឆាំង នៅភ្នំពេញនេះ ត្រូវ មន្ត្រី គណបក្សប្រជាជន លើកឡើងថា អាចជាការឆ្លើយតបរបស់អ្នកគាំទ្រ គណបក្សនេះ ដែលនឹងបាតុកម្ម ប្រឆាំង លោកនាយករដ្ឋមន្ត្រី ដែលគេ គ្រោងធ្វើ នៅសហរដ្ឋ អាមេរិក នៅសប្ដាហ៍ក្រោយ។
កូនស្រី របស់លោក កឹម សុខា និងជាអគ្គនាយក រង កិច្ចការ សាធារណៈ នៃគណបក្ស សង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា មានប្រសាសន៍ ថា, ការស្វែងរក ជួប សមត្ថកិច្ច រដ្ឋាភិបាល អាចធ្វើ នៅក្នុងសប្ដាហ៍ នេះ។ ប៉ុន្តែ កញ្ញា នៅមិនទាន់ អាចបញ្ជាក់ ថា នឹងធ្វើ នៅថ្ងៃណា ពិតប្រាកដ នៅឡើយ។ កញ្ញា បន្តថា, វិធានការ ពេលនេះ បន្ទាប់ ពីមាន ការព្រមាន ពីករណី អំពើហិង្សា ជាថ្មី ទៀត និងបទពិសោធន៍ ដែលធ្លាប់ កើតមាន អំពើហិង្សា រួចម្ដងហើយ កាលពីខែតុលា ឆ្នាំ២០១៥ ទៅលើអ្នក តំណាងរាស្ត្រ បក្សប្រឆាំង ២នាក់ ក្នុងពេល ដែលអ្នកគាំទ្រ គណបក្ស ប្រជាជន កម្ពុជា តវ៉ា ទាមទារ ឲ្យរដ្ឋសភា បោះឆ្នោត ទម្លាក់លោក កឹម សុខា ចេញពីតំណែង ជាអនុប្រធាន ទី១ រដ្ឋសភា។
កញ្ញា កឹម មនោវិទ្យា៖ «ដោយសារយើងឃើញមានអំពើហិង្សាដែលកើតមាន ហ្នឹងហើយកាលពីខែ១០ ក្រោយពីមានការគំរាមពីបក្សកាន់អំណាចហ្នឹងហើយ បានជាលើកនេះ យើងព្រួយបារម្ភខ្លាចរឿងហ្នឹងវាកើតឡើងទៀត ដោយសារយើងចង់ចៀសអោយផុត ខំប្រឹងអោយអស់ពីលទ្ធភាពការពារមិនអោយមាអំពើហិង្សា ទើបយើងចង់អោយមានការជួបពិភាក្សាគ្នា។»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមករា បានព្រមានតាមទំព័រហ្វេសប៊ុក (Facebook) នៅពេលលោកឆ្លើយតបនឹងមតិរបស់សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានគណនេយ្យឈ្មោះ Brady Young ថា អ្វីដែលសកម្មជនបក្សប្រឆាំងត្រូវចាំនោះគឺ ត្រូវទទួលស្គាល់សិទ្ធិធ្វើបាតុកម្មនៃអ្នកគាំទ្រលោក ហ៊ុន សែន ប្រឆាំងមេដឹកនាំបក្សប្រឆាំងនៅក្នុងប្រទេសវិញ។
កាលពីសប្ដាហ៍កន្លងទៅ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ម្នាក់ ដែលប្រើប្រាស់គណនេយ្យហ្វេសប៊ុក ឈ្មោះ Khan Chansophal បានសរសេរថា គម្រោងធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើអោយលោក កឹម សុខា លែងហ៊ាននៅស្រុកដែរ។ លោកសរសេរទៀតថា លោក កឹម សុខា ខ្លាចក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើបាតុកម្មដុតផ្ទះ ឬចាប់អូសលោក កឹម សុខា ចេញពីឡានវាយដូចតំណាងរាស្ត្រ ២នាក់នោះណាស់ ដែលនេះសំដៅទៅលើលោក ញ៉យ ចំរើន និងលោក គង់ សភា។ ម្ចាស់ហ្វេសប៊ុកនោះសរសេរបន្តថា ប្រហែលជាជិតដល់ថ្ងៃលោក កឹម សុខា នឹងទិញសំបុត្រយន្តហោះទៅក្រៅអោយបានមុនហើយ។
លោក សុផល បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ឌេលី (The Cambodia Daily) ថា អ្វីដែលលោកសរសេរ គឺជាទស្សនៈ ជាការបារម្ភមិនមែនជាការគំរាមឡើយ។
ចំណែកកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត បានប្រាប់សារព័ត៌មានក្នុងស្រុកថា គណបក្សប្រជាជនកម្ពុជា នឹងប្រឹងប្រែងគ្រប់គ្រងអ្នកគាំទ្រខ្លួន ប៉ុន្តែលោកមិនធានាឡើយ។
ចំពោះការព្រួយបារម្ភពីករណីណាមួយកើតឡើងលើមន្ត្រីបក្សប្រឆាំង ជាពិសេសលោក កឹម សុខា នោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ជាការត្រឹមត្រូវ ដែលគណបក្សជូនដំណឹងទៅអាជ្ញាធរសមត្ថកិច្ច៖ «ព្រោះឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ លោកនិយាយរួចហើយថា ពុំមានការចាត់តាំងពីគណបក្សទេ ប៉ុន្តែវាអាចមានសមាជិកសមាជិការបស់គាត់គេធ្វើហ្នឹងវាជារឿងឯកជន អ៊ីចឹងគឺវាដូចគ្នា បើឯកជន គឺឯកជនដូចគ្នា។»
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បន្តបដិសេធថា គណបក្សនេះ មិនជាប់ពាក់ព័ន្ធក្នុងគម្រោងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ដែលនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅថ្ងៃទី១៥-១៦ កុម្ភៈ នៅសាន់នីឡេនដ៍ (Sunnylands) ទីក្រុងរ៉េនចូមីរ៉េច (Rancho Mirage) រដ្ឋកាលីហ្វ័រញ៉ា (California)។
បើទោះជាយ៉ាងណា កាលពីថ្ងៃទី២៤ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា គណបក្សនេះលាក់ក្បាលតែចេញកន្ទុយ ដោយសំអាងថា មេដឹកនាំបក្សប្រឆាំងបានបដិសេធថា មិនពាក់ព័ន្ធជាមួយបាតុកម្មនៅញីវយ៉ក (New York) ទេ តែរបាយការណ៍ហិរញ្ញវត្ថុនៃបក្សប្រឆាំងនៅរដ្ឋមួយបានបញ្ជាក់ថា បានចំណាយធ្វើបាតុកម្ម កាលពីថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៥ នោះ។
ករណីនេះប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង នៅសហរដ្ឋអាមេរិក លោក ទូច វិបុល ដែលនឹងរៀបចំបាតុកម្មអះអាងថា លោកមិនមែនជាអ្នកគាំទ្រ ឬជាសមាជិកគណបក្សសង្គ្រោះជាតិឡើយ៕
No comments:
Post a Comment