ទាហាន ថៃ ហាមឃាត់ ពលរដ្ឋខ្មែរ មិនឲ្យ ដាំដុះ លើដី នៅជាយដែន នាខេត្ត ប៉ៃលិន
RFA / វិទ្យុ អាស៊ី សេរី | ៩ កុម្ភៈ ២០១៦
ទាហានថៃ ប្រមាណ ២០នាក់ នៅព្រឹក ថ្ងៃទី៩ កុម្ភៈ ហាមឃាត់ ពលរដ្ឋខ្មែរ មិនឲ្យ ដាំដុះ នៅលើដី របស់គាត់ នៅសង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន។ អ្នកស្រុក អះអាង ថា, ទាហានថៃ ឃាត់ពួកគាត់ មិនឲ្យ ដាំដុះ ដោយលើក ហេតុផល ថា, ដីនោះ ស្ថិតក្នុងតំបន់ ស, មិនទាន់ ដោះស្រាយ ឲ្យទៅ ខាងភាគីណា នៅឡើយ។
ប្រជាពលរដ្ឋម្ចាស់ដីនៅក្រុងប៉ៃលិន ប្រតិកម្មភ្លាមៗទៅនឹងការហាមឃាត់ពីសំណាក់ទាហានឈុតខ្មៅរបស់ថៃ នេះ ថាជាការរំលោភបំពានលើដែនដីរបស់ខ្មែរ។
ពលរដ្ឋរស់នៅសង្កាត់បរយ៉ាខា លោកស្រី ហ៊ាន សុខុម ថ្លែងថា ទាហានឈុតខ្មៅរបស់ថៃ ប្រមាណ ២០នាក់ បានហាមឃាត់លោកស្រីមិនឲ្យដាំដុះនៅលើដីរបស់គាត់ប្រមាណ ៣ហិកតារ នៅចំណុចភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន នោះទេ។ លោកស្រីអះអាងថា ដីនោះលោកស្រីបានដាំដំឡូងមី និងពោតតាំងពីឆ្នាំ២០០៨ រហូតមក ពុំមានបញ្ហាអ្វីនោះទេ ដោយពេលខ្លះ ទាហានថៃ ថែមទាំងបានជួយដាំដំឡូងលោកស្រីនៅលើដីនោះទៀតផង។ លោកស្រីអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយដីទំនាស់នោះឲ្យបានឆាប់ ដើម្បីដាំដុះដោះស្រាយជីវភាពគ្រួសារ៖ «ខ្ញុំបាន ប្រាប់ទៅទាហានថៃ ថា ខ្ញុំនៅតែដាំដំណាំនៅលើដីនោះ ប៉ុន្តែទាហានថៃ គេហាមឃាត់ខ្ញុំ ដោយថាខ្ញុំដាំដុះនៅលើដីរបស់គេសុខច្បាប់។»
ឆ្លើយតបនឹងបញ្ហានេះ នាយសេនាធិការទាហានវរ៥០៧ ប្រចាំការជាយដែនខេត្តប៉ៃលិន លោក ស៊ឹម រុន មានប្រសាសន៍ថា ទាហានថៃ ពិតជាបានរារាំងប្រជាពលរដ្ឋមិនឲ្យដាំដុះនៅលើដីទំនាស់នោះប្រាកដ មែន។ ទោះជាយ៉ាងណាក៏ដោយ លោកថា ទាហានខ្មែរ និងទាហានថៃ បានជួបពិភាក្សាគ្នាលើបញ្ហានេះនៅតំបន់ដីទំនាស់ ប៉ុន្តែលោកពុំបានបញ្ជាក់អំពីលទ្ធផលពីការជួបគ្នានោះទេ៖ «ខ្ញុំ អត់មែនជាអ្នកដោះស្រាយរឿងដីធ្លីជាមួយថៃ នៅព្រំដែននោះទេ ព្រោះរឿងនេះជារឿងរបស់ថ្នាក់ដឹកនាំប្រទេស។ ចំពោះខ្ញុំ គឺគ្រាន់តែបានដឹងឮតាមដែលទាហានថៃ គេនិយាយថាចូលដីគេតែប៉ុណ្ណោះទេ។»
ចំណែកអភិបាលខេត្តប៉ៃលិន លោក កើត សុធា មានប្រសាសន៍ថា លោកពុំទាន់ទទួលបានព័ត៌មានជុំវិញបញ្ហានេះនៅឡើយ។ ទោះយ៉ាងណា លោកអះអាងថា ទាហានថៃ ហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យបង្កបង្កើនផលនេះ ដោយសារពួកគាត់ទៅដាំដុះលើដីទំនាស់មិនទាន់ដោះស្រាយចប់សព្វគ្រប់ នៅឡើយ៖ «ជាធម្មតានៅតំបន់មានបញ្ហាអ៊ីចឹង យើងបានណែនាំឲ្យពួកគាត់ផ្អាកដាំដុះទៅ កុំមានរឿងរ៉ាវជាមួយប្រទេសជិតខាង ព្រោះរឿងនេះ សមត្ថកិច្ចរបស់ប្រទេសទាំងពីរបានតាមដាន និងធ្វើការងាររួមទៅហើយ។»
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្ត ប៉ៃលិន អ្នកស្រី ប្រាក់ សុភិម៉ា កត់សម្គាល់ថា បើទោះជាដីជម្លោះនោះមិនទាន់ដោះស្រាយរួចរាល់ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋបានទៅដាំដុះនៅលើដីនោះជាច្រើនឆ្នាំមកហើយ។ អ្នកស្រីថា បញ្ហានេះ អាជ្ញាធរពាក់ព័ន្ធគួរដោះស្រាយជាមួយភាគីថៃ ឲ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
កាលពីថ្ងៃទី៤ កុម្ភៈ កន្លងទៅ ទាហានថៃ ប្រមាណ ១៥នាក់ បានហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យដាំដុះផលដំណាំនៅលើដីតំបន់នោះ ម្ដងរួចមកហើយ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានតវ៉ាប្រឆាំងនឹងការរារាំងរបស់សមត្ថកិច្ចថៃ នោះ តែពុំទទួលបានលទ្ធផល។ ក្រោយមកទើបមានទាហានខ្មែរ និងថៃ បានណាត់ជួបគ្នាដើម្បីពិភាក្សាលើបញ្ហានេះសាជាថ្មីនៅថ្ងៃទី៩ កុម្ភៈ៕
No comments:
Post a Comment