បក្សប្រឆាំង កៀរគរ គណបក្ស បែកបាក់ ឲ្យចូលរួម ជាមួយ បក្ស របស់ខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ២០ កុម្ភៈ ២០១៦
ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា កៀរគរ ឲ្យគណបក្ស ដែលបែកបាក់ ចូលរួម ជីវភាពបក្ស របស់ខ្លួន។ ជាងនេះ ទៅទៀត លោក កឹម សុខា ប្រាប់ទៅអ្នកគាំទ្រ របស់ខ្លួន នៅមូលដ្ឋាន បើកផ្លូវ ទទួលស្វាគមន៍ សមាជិក ដែលកំពុង បែកបាក់។
លោក កឹម សុខា យល់ថា គណបក្សដែលបែកបាក់ទាំងនោះ នឹងចូលរួមជាមួយគណបក្សនយោបាយផ្សេង ឬគណបក្សសង្គ្រោះជាតិ។ លោកថា ចំពោះគណបក្សសង្គ្រោះជាតិ នៅតែស្វាគមន៍រង់ចាំទទួលអ្នកទាំងនោះ ដើម្បីរួមគ្នាដណ្ដើមយកជ័យជំនះនៅពេលខាងមុខ។
លោក កឹម សុខា ថ្លែងបែបនេះ ក្នុងពេលចុះជួបអ្នកគាំទ្ររបស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកុម្ភៈ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់បន្ថែមលើប្រសាសន៍របស់លោក កឹម សុខា ថា កន្លងមក មានមន្ត្រីគណបក្សមួយចំនួនមកទាក់ទងដើម្បីចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ ប៉ុន្តែលោកមិនទាន់បង្ហើបឲ្យដឹងថា គណបក្សណាខ្លះនៅឡើយទេ។
ការលើកឡើងនេះ ខណៈនៅក្រសួងមហាផ្ទៃ មានគណបក្សជាង ៦០ ចុះឈ្មោះចូលរួមប្រកួតប្រជែងនៅរយៈពេលចុងក្រោយនេះមានគណបក្សមួយ ចំនួន ក៏ចាប់បែកបាក់ពីគណបក្សមួយទៅជាគណបក្សពីរ ឬមួយទៅបីក៏មាន និងកំពុងប្ដឹងគ្នាឡើងតុលាការ។ ជាឧទាហរណ៍ រួមមានគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាដើម។
ស្រដៀងនឹងលោក កឹម សុខា លើកឡើងនេះដែរ កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន ប្រកាសហៅឲ្យអ្នកគាំទ្រគណបក្សផ្សេងបែរមកគាំទ្រគណបក្សសង្គ្រោះ ជាតិវិញ៕
No comments:
Post a Comment