លទ្ធផល នៃកិច្ចប្រជុំ កំពូល អាមេរិក-អាស៊ាន
RFA / វិទ្យុ អាស៊ី សេរី | ១៦ កុម្ភៈ ២០១៦
កិច្ចប្រជុំ រវាង ប្រមុខដឹកនាំ រដ្ឋាភិបាល នៃប្រទេស អាស៊ាន និងលោក ប្រធានាធិបតី នៃសហរដ្ឋ អាមេរិក នៅក្រុង រ៉េនឆូ ម៉ារ៉ាហ្ស (Rancho Mirage) នៃរដ្ឋ កាលីហ្វ័រញ៉ា (California) សហរដ្ឋ អាមេរិក បានឈាន ចូលថ្ងៃ ទី២ ដែលជាថ្ងៃ ចុងក្រោយ។
បន្ទាប់ ពីជជែកគ្នា អំពីកិច្ច សហប្រតិបត្តិការ អំពី បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងតំបន់ កាលពីថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ, នៅថ្ងៃ ទី២ នេះ ក្រុមមេដឹកនាំ ទាំងនេះ នឹងពិភាក្សា លើបញ្ហា សន្តិសុខ និងជម្លោះ នៅសមុទ្រ ចិន ខាងត្បូង។ នៅចុងបញ្ចប់ នៃកិច្ចប្រជុំនេះ គេ រំពឹងថា នឹងមានចេញ សេចក្ដីប្រកាស ព័ត៌មាន រួមមួយ ផង។
ដូចការគ្រោងទុក នៅថ្ងៃទី១៦ ខែកុម្ភៈ (ម៉ោងសហរដ្ឋអាមេរិក) កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ងាកទៅពិភាក្សាគ្នាលើចំណុចក្តៅៗក្នុងតំបន់ ជាពិសេសគឺរឿងជម្លោះដណ្ដើមកាន់កាប់សមុទ្រចិនខាងត្បូង រវាងប្រទេសជាសមាជិកអាស៊ានមួយចំនួនមាន វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងម៉ាឡេស៊ី ជាមួយនឹងប្រទសចិន។
បញ្ហាជំលោះដែនទឹកសមុទ្រចិនខាងត្បូង អាចនឹងមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេនៅក្នុងកិច្ចប្រជុំ កំពូលនេះ ទោះបីជាមានការលូកដៃពីសហរដ្ឋអាមេរិក ក៏ដោយ។ ប៉ុន្តែអ្វីដែលអាចនឹងចេញបាននោះ គឺសេចក្ដីប្រកាសរួមមួយដែលទទួលយល់ព្រមពីគ្រប់ភាគីទាំងអស់នៅ ចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ។
នៅក្នុងសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃកិច្ចប្រជុំថ្ងៃទី មួយកាលពីថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ អ្នកស្រី ស៊ូសាន រាយស៍ (Susan Rice) ដែលជាទីប្រឹក្សាទទួលបន្ទុកកិច្ចការសន្តិសុខរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានឆ្លើយទៅនឹងសំណួរអ្នកកាសែតដែលចោទសួរថា តើសេចក្ដីប្រកាសរួមមួយទាក់ទងនឹងជំលោះនៃសមុទ្រចិនខាងត្បូង អាចនឹងចេញរួចទេ ខណៈដែលប្រទេសចិន បានដាក់គំនាបទៅលើប្រទេសពីរក្នុងចំណោមប្រទេសទាំង១០ គឺប្រទេសឡាវ និងកម្ពុជា កុំអោយចុះហត្ថលេខាទទួលយកសេចក្ដីប្រកាសរួមនោះ?
អ្នកស្រី ស៊ូសាន រាយស៍ ថ្លែងថា សេចក្ដីប្រកាសរួមនៅតែអាចចេញទៅរួច ត្បិតសេចក្ដីប្រកាសស្រដៀងគ្នានេះ ធ្លាប់បានទទួលការព្រមព្រៀង និងចេញរួចនៅក្នុងកិច្ចប្រជុំកន្លងមក ហើយថា សេចក្ដីប្រកាសនឹងលើកឡើងអំពីការប្ដេជ្ញាចិត្តរួមមួយក្នុងការរក ដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយទំនាស់សេរីភាពក្នុងការធ្វើពាណិជ្ជកម្ម និងការធ្វើចរាចរណ៍តាមផ្លូវទឹក។ អ្នកស្រីបញ្ជាក់ថា អ្វីៗនឹងធ្វើឡើងអោយស្របតាមផ្លូវច្បាប់។
ក្រៅពីការជជែកគ្នារកដំណោះស្រាយពីជម្លោះបញ្ហាសមុទ្រចិន ខាងត្បូង លោកប្រធានាធិបតី អូបាម៉ា ក៏ឆ្លៀតឱកាសនៃកិច្ចប្រជុំនេះ បញ្ចុះបញ្ចូលគេឯងអោយព្រមទទួលយកកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី អូបាម៉ា តែម្តង។ នោះគឺកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងដែនប៉ាស៊ីហ្វិក ជាភាសាអង់គ្លេសថា Trans-Pacific Partnership ឬហៅកាត់ថា TPP។ មកទល់នឹងពេលនេះ មានប្រទេសចំនួន១២ ហើយដែលជាប់នឹងសមុទ្រប៉ាស៊ីហ្វិក ដែលបានយល់ព្រមចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។ ក្នុងនោះមានប្រទេសបួន ជាប្រទេសសមាជិកនៃសមាគមអាស៊ាន។
ប្រទេសទាំង១២ នោះមានអូស្ត្រាលី (Australia) សហរដ្ឋអាមេរិក ដែលជាអ្នកផ្តួចផ្តើម (The United States) ប្រទេសប្រ៊ុយណេ (Brunei) ប្រទេសកាណាដា (Canada) ប្រទេសឈីលី (Chile) ប្រទេសជប៉ុន (Japan) ម៉ាឡេស៊ី (Malaysia) ប្រទេសម៉ិកស៊ិក (Mexico) ប្រទេសណូវែលហ្សេឡង់ (New Zealand) ប្រទេសប៉េរូ (Peru) ប្រទេសសិង្ហបុរី (Singapore) និងប្រទេសវៀតណាម (Vietnam)។
ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង TPP មានការជំទាស់ពីប្រទេស និងមនុស្សមួយចំនួន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការដែលមានតែប្រទេសជាសមាជិកអាស៊ាន ៤ ក្នុងចំណោមប្រទេសទាំង ១០ ចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ វាអាចនឹងធ្វើអោយមានការបែងចែកមួយក្នុងសមាគមនេះ។
នៅពីក្រៅបរិវេណនៃកិច្ចប្រជុំកំពូលនៅមជ្ឈមណ្ឌល និងឧទ្យានសាន់នីឡែនដ៍ នៃក្រុង រ៉េនឆូ ម៉ារ៉ាហ្ស នេះដែរ មានមនុស្សរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងកិច្ច ព្រមព្រៀងនេះ។ អ្នកដែលធ្វើបាតុកម្មប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ព្រោះគេជឿថា ជនជាតិអាមេរិកាំង រាប់ពាន់នាក់អាចនឹងបាត់បង់ការងារ ប្រសិនបើកិច្ចព្រមព្រៀងអាចនឹងលេចចេញជារូបរាងបាននោះ។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា សង្ឃឹមថា កិច្ចព្រមព្រៀងនេះអាចនឹងចេញរួច។ លោកក៏ទទួលស្គាល់ថា ដំណើរការដាក់ចេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ជួបប្រទះនូវឧបសគ្គច្រើន។
កាលពីថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានធ្វើពិធីបដិសណ្ឋារកិច្ចដល់មេដឹកនាំអាស៊ាន ទាំងអស់ម្នាក់ម្តងៗ តាមលំដាប់នៃពេលវេលានៃការឡើងកាន់អំណាចនៃមេដឹកនាំទាំងនោះ។ អ្នកដែលទើបឡើងកាន់អំណាចក្រោយគេបំផុត ត្រូវលោកទទួលស្វាគមន៍មុនគេ។
លោក អូបាម៉ា ចេញពីមកទទួលភ្ញៀវដែលចុះពីរថយន្តកិត្តិយស ហើយធ្វើដំណើរទៅជួបគ្នាពាក់កណ្ដាលទីលើកំណាត់ផ្លូវពីរថយន្តទៅ កាន់សាលប្រជុំដែលមានក្រាលព្រំក្រហមផង។ រួចមេដឹកនាំទាំងពីរឈប់នៅពីមុខវេទិកាកិត្តិយសមួយ ដោយមានសរសេរអក្សរថា សន្និសីទកំពូលអាមេរិក-អាស៊ាន។ នៅទីនេះ លោកប្រធានាធិបតីអាមេរិក បន្ទាប់ពីចាប់ដៃគ្នាហើយ លោកក៏យកដៃម្ខាងកៀកយ៉ាងស្និទ្ធស្នាលទៅកាន់សមភាគីរបស់លោក ហើយដៃម្ខាងទៀតលោកលើកឡើងត្រឹមម្តុំត្រចៀករួចបែរសម្លឹងទៅកាន់ ក្រុមអ្នកសារព័ត៌មាន ដែលតម្រង់ម៉ាស៊ីនថតរបស់ខ្លួនផ្តិតយករូបភាពជាប្រវត្តិសាស្ត្រ នេះ។ បន្ទាប់មកលោកក៏បណ្ដើរភ្ញៀវម្នាក់ម្ដងតម្រង់ចូលទៅសាលប្រជុំ។
លោកធ្វើបដិសណ្ឋារកិច្ចបែបនេះ ទៅកាន់មេដឹកនាំអាស៊ាន ទាំង ៩រូប លើកលែងតែជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ប៉ុណ្ណោះ។ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អូបាម៉ា មិនបានយកដៃម្ខាងទៅកៀកនឹងលោក ហ៊ុន សែន ហើយដៃម្ខាងទៀតលើកឡើងលើទេ លោកគ្រាន់តែចាប់រលាក់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចឈរទន្ទឹមគ្នា អោយគេថត ហើយបណ្ដើរគ្នាចូលសាលប្រជុំតែប៉ុណ្ណោះ។ កាយវិការរបស់លោកប្រធានាធិបតី អូបាម៉ា ក្នុងការធ្វើបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្លែកពីគេឯងនេះ បានក្លាយជាប្រធានបទជជែកគ្នាមួយក្នុងចំណោមអ្នកដែលបានឃើញរូបភាព នេះ៕
No comments:
Post a Comment