Paris Peace Accords 23 Oct. 1991

Thursday, February 18, 2016

ពលរដ្ឋ​ ខេត្ត​ស្ទឹងត្រែង ​ចោទ​អាជ្ញាធរ​ មូលដ្ឋាន​ ថា ​នៅ​ ពី​ក្រោយ ​ឈ្មួញ​ កាប់​បំផ្លាញ ​ព្រៃ​ឈើ | Stung Treng residents accuse local authority of being behind illegal loggers

ពលរដ្ឋ​ ខេត្ត​ស្ទឹងត្រែង ​ចោទ​អាជ្ញាធរ​ មូលដ្ឋាន​ ថា ​នៅ​ ពី​ក្រោយ ​ឈ្មួញ​ កាប់​បំផ្លាញ ​ព្រៃ​ឈើ

RFA / វិទ្យុ អាស៊ី សេរី | ១៨ កុម្ភៈ ២០១៦

 

ទី​រួម​ខេត្ត​ស្ទឹងត្រែង ៦២០
២១-ធ្នូ-២០១៥៖ ទី​រួម​ខេត្ត​ស្ទឹងត្រែង។  RFA/Men Sothyr

ពលរដ្ឋ​ រស់នៅ​ ឃុំ​ អន្លង់ជ្រៃ ស្រុក​ ថាឡាបរិវ៉ាត់ ខេត្ត​ ស្ទឹងត្រែង អះអាង​ ថា, ឈ្មួញ​ មាន​អំណាច ជួល​កម្មករ​ កាប់​រាន​ព្រៃ​ រាប់​ពាន់​ហិកតារ ដើម្បី​ ប្រើប្រាស់​ ជា​កម្មសិទ្ធិ​ ឯកជន និង​ធ្វើ​ អាជីវកម្ម ដោយ​មាន​ អាជ្ញាធរ​ មូលដ្ឋាន និង​មន្ត្រី​ រដ្ឋបាល ​ព្រៃ​ឈើ បើក​ដៃ។  ការ​អះអាង​ បែប​នេះ បន្ទាប់​ ពី​ឈ្មួញ​ មាន​អំណាច ​ឈ្មោះ មាស មិត្ត ជា​អតីត ​ម្ចាស់​កំពង់​ចម្លង​ ថា, ឡាបរិវ៉ាត់ គំរាម​ប្ដឹង​ ពលរដ្ឋ ៤២​គ្រួសារ បើ​ ពលរដ្ឋ​ ទាំង​នោះ ​ទម្លាយ​រឿង​ ទន្ទ្រាន​ដី​ព្រៃ​ របស់​គាត់​ កន្លង​មក។

តំបន់​ព្រៃ​ស្រោង ឬ​ព្រៃ​ក្រាស់​នៅ​ភូមិ​វាលដេញ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ គឺ​ជា​ផ្នែក​មួយ​នៃ​ព្រៃ​ឡង់ ឋិត​នៅ​ទិស​ខាង​ជើង​ឆៀង​លិច នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ជាង ៦០​គីឡូម៉ែត្រ។ ពលរដ្ឋ​រស់នៅ​ទីនោះ ភាគ​ច្រើន​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ។

អ្នក​ភូមិ​អះអាង​ថា ព្រៃ​នៅ​តំបន់​នោះ​កំពុង​ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​ទន្ទ្រាន​យ៉ាង​ អនាធិបតេយ្យ​រាប់​ពាន់​ហិកតារ ពុំ​ទាន់​មាន​ការ​ទប់ស្កាត់ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ បើក​ដៃ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក។

ពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់ជ្រៃ លោក ផូ ផល ចោទ​ប្រកាន់​ថា ឈ្មួញ​មាន​អំណាច​ឈ្មោះ មាស មិត្ត ជា​អតីត​ម្ចាស់​កំពង់​ចម្លង​ថាឡាបរិវ៉ាត់ បាន​ជួល​កម្មករ​ជាច្រើន​ក្រុម សម្រុក​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​ភ្នំ​ម្លូ និង​តំបន់​ផ្សេង​ទៀត ដើម្បី​ធ្វើ​អាជីវកម្ម​តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន នៅ​ពុំ​ទាន់​មាន​ការ​ទប់ស្កាត់​ឡើយ។ លើស​ពី​នេះ​ឈ្មួញ​រូប​នោះ បាន​ជួល​កម្មករ​កាប់​ក្នុង ១​ហិកតារ​តម្លៃ ៣៥​ម៉ឺន​រៀល រយៈពេល ៣​ឆ្នាំ​មក​នេះ ផ្ទៃ​ដី​កាប់​រាន​នោះ​មាន​ទំហំ​ដី ៨៤០​ហិកតារ​ឋិត​នៅ​ចំណុច​ភ្នំ​ម្លូ។

លោក​អះអាង​ទៀត​ថា ឈ្មួញ​រូប​នោះ​បន្ទាប់​ពី​ជួល​កម្មករ​កាប់​ព្រៃ​ឲ្យ​ក្លាយ​ជា​វាល បាន​ដាំ​ដំណាំ​ដំឡូង និង​ស្វាយ ជាដើម និង​ដាក់​ឈ្មោះ​ពលរដ្ឋ​ជំនួស​ទៀត ដោយ​ចរចា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​បណ្ដោះអាសន្ន និង​លក់​បន្ត​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត។ លោក​បន្ត​ថា ឈ្មួញ​ឈ្មោះ មាស មិត្ត ធ្លាប់​គំរាម​ចាប់​ពលរដ្ឋ​ដាក់​គុក បើ​ពលរដ្ឋ​ណា​និយាយ​ឈ្មោះ​លោក​ជាប់​ពាក់ព័ន្ធ​កាប់​ព្រៃ​ឈើ​នៅ​តំបន់​នោះ។

ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ឈឿន សុភា កត់​សម្គាល់​ថា ប្រសិន​ពលរដ្ឋ​កាប់​រាន​ដើម្បី​ធ្វើ​ចម្ការ​តិចតួច ត្រូវ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ឃាត់ ឬ​អាច​ចាប់​ខ្លួន ប៉ុន្តែ​បើ​អ្នក​មាន​អំណាច​កាប់​រាន​រាប់​ពាន់​ហិកតារ អាជ្ញាធរ​មិន​ត្រឹម​តែ​បណ្តោយ​ទេ ព្រម​ទាំង​ជ្រោមជ្រែង​ឲ្យ​ដី​ព្រៃ​របស់​រដ្ឋ​មក​ជា​ដី​កម្មសិទ្ធិ​ឯកជន​ស្រប ​ច្បាប់។ លោក​បារម្ភ​ថា បើ​អាជ្ញាធរ​ខេត្ត​នៅ​តែ​បណ្តោយ​ឲ្យ​ករណី​នេះ​កើត​ឡើង​ដដែលៗ ព្រៃ​ឈើ​ភាគ​ច្រើន​ជា​ប្រភេទ​ព្រៃ​ស្រោង នឹង​ក្លាយ​ជា​វាល ហើយ​គ្រប់គ្រង​កម្មសិទ្ធិ​ឯកជន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ជនជាតិ​ដើម​ភាគ​តិច។ លោក ឈឿន សុភា សង្កត់​ធ្ងន់​ថា ការ​ហិនហោច​បាត់បង់​ព្រៃ​សហគមន៍​នេះ គឺ​ជា​ចេតនា​មិន​អើពើ​របស់​អាជ្ញាធរ​ភូមិ-ឃុំ និង​ស្រុក រួម​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ។

លោក ឈៀន សុភាព បន្ថែម​ថា ព្រៃ​នៅ​តំបន់​ភ្នំ​ម្លូ និង​ភ្នំ​សេកស ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ គឺ​ជា​តំបន់​ព្រៃ​ស្រោង។ កាល​ពី ៣​ឆ្នាំ​មុន​ជា​ជម្រក​សត្វ​កម្រ ដូចជា​ខ្ទីង និង​ប្រើស ជាដើម តែ​បច្ចុប្បន្ន សត្វ​ព្រៃ​នៅ​តំបន់​នោះ​បាត់បង់​បន្តិច​ម្តងៗ បន្ទាប់​ពី​មាន​ការ​កាប់​ទន្ទ្រាន​ព្រៃ។

កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​មួយ​ចំនួន បាន​ចុះ​ពិនិត្យ​ការ​កាប់​រាន​ដី​ព្រៃ​ឋិត​នៅ​តំបន់​ភ្នំ​សេកស និង​ភ្នំ​ម្លូ ឃុំ​អន្លង់ជ្រៃ តែ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ឈ្មួញ​ឈ្មោះ មាស មិត្ត ជា​អតីត​ម្ចាស់​កំពង់​ចម្លង​ថាឡាបរិវ៉ាត់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ។

មេ​ឃុំ​អន្លង់ជ្រៃ លោក ព្រំ យ៉ា ទទួល​ស្គាល់​ថា ឈ្មួញ​ឈ្មោះ មាស មិត្ត ពិត​ជា​ធ្លាប់​ជួល​កម្មករ​កាប់​រាន​ដី​ព្រៃ ១​ហិកតារ​ក្នុង​តម្លៃ ៣៥​ម៉ឺន​រៀល​កន្លង​មក ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ពី​ទំហំ​ដី​ត្រូវ​គេ​កាប់​ទន្ទ្រាន​ ប៉ុណ្ណា​ទេ។ លោក​អះអាង​ថា អាជ្ញាធរ​ឃុំ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​រាន​ដី​ព្រៃ​នោះ​ទេ​ កន្លង​មក។ លោក​ក៏​ធ្លាប់​បាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ចាត់​វិធានការ​ករណី​នេះ​ដែរ។

ទាក់ទិន​ករណី​នេះ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត ​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ និង​ការ​បណ្តែតបណ្តោយ​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ គឺ​ជា​ដើម​ចម​បណ្ដាល​ឲ្យ​ព្រៃ​រង​ការ​កាប់​បំផ្លាញ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​បារម្ភ​ថា បើ​រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​នោះ​ទេ ការ​ហិនហោច​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ។ លោក​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​រក​ឃើញ​ថា នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​នោះ។

កាល​ពី​ដើម​ឆ្នាំ​២០១៥ សមាជិក​ក្រុមប្រឹក្សា​ឃុំ​តាឡាត មក​ពី​គណបក្ស​ប្រឆាំង លោក ណ ណិត ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ថា បាន​កាប់​រាន​ដី​ព្រៃ​ឈើ​ធ្វើ​ចម្ការ​មួយ​ហិកតារ តាម​ពាក្យ​បណ្ដឹង​របស់​មេ​ឃុំ​តាឡាត លោក សឿង ខង ហើយ​រហូត​បច្ចុប្បន្ន សំណុំ​រឿង​នោះ​បញ្ជូន​ទៅ​សាលា​ឧទ្ធរណ៍ មិន​ទាន់​ជំនុំ​ជម្រះ​នៅ​ឡើយ។ មក​ទល់​ពេល​នេះ លោក ណ ណិត ត្រូវ​បាន​ឃុំ​ខ្លួន​ជិត ១​ឆ្នាំ​ហើយ។

ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មិន​មាន​តម្លាភាព បន្ទាប់​ពី​ឈ្មួញ​កាប់​ព្រៃ​រាប់​ពាន់​ហិកតារ មិន​ត្រូវ​បាន​ចាប់​ខ្លួន ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង​កាប់​ទន្ទ្រាន​ព្រៃ​មួយ​ហិកតារ ត្រូវ​ជាប់​ពន្ធនាគារ​មិន​ទាន់​ដោះ​លែង។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ រដ្ឋមន្ត្រី​ ក្រសួង​ មហាផ្ទៃ លោក ស ខេង ជំរុញ ​ឲ្យ​អភិបាល​ខេត្ត​ ស្ទឹងត្រែង ដែល​ទើប​តែង​តាំង​ ថ្មី  លោក មុំ សារឿន ឲ្យ​ពង្រឹង​ យន្តការ​ ទប់ស្កាត់​ បទល្មើស​ ព្រៃ​ឈើ ខណៈ ​ដែល​មន្ត្រី​ ពាក់ព័ន្ធ​ ដេញដោល​គ្នា​ ចំពោះ​បញ្ហា​នេះ។

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ដែនដី ឬ​មន្ត្រី​អាជ្ញាធរ​ផ្សេង​ទៀត ដើម្បី​ធ្វើ​ការ​អន្តរាគមន៍​ផ្តល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ និង​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ផ្ទុយ​ពី​បទបញ្ញត្តិ​នៃ​ច្បាប់ ត្រូវ​ចាត់​ទុក​ជា​បទល្មើស ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល៕



No comments:

Post a Comment