អាមេរិក, អាស៊ាន ប្ដេជ្ញា លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
RFA / វិទ្យុ អាស៊ី សេរី | ១៧ កុម្ភៈ ២០១៦
សេចក្ដីថ្លែងការណ៍ សាន់នីឡែនដ៍ (Sunnylands Declaration) ដែលប្រសូតចេញ ពីកិច្ចប្រជុំ ពិសេស រវាង មេដឹកនាំ សហរដ្ឋ អាមេរិក និងអាស៊ាននេះ ប្ដេជ្ញា លើកកម្ពស់ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ដោយការ អនុវត្ត លទ្ធិប្រជាធិបតេយ្យ, ការគោរព សិទ្ធិមនុស្ស, ការពង្រឹង នីតិរដ្ឋ, និងបញ្ហា ជួញដូរមនុស្ស។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានជំរុញឲ្យមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន គាំទ្រឲ្យមានការលើកកម្ពស់នីតិរដ្ឋ និងសិទ្ធិមនុស្ស៖ «ក្នុង នាមជាមេដឹកនាំ យើងគួរឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់យុវជន។ សង្គមមួយដែលខ្លាំង ចម្រើនរុងរឿងទៅមុខបាន លុះត្រាតែមេដឹកនាំធានាបាននូវសង្គមមួយ ដែលមានអភិបាលកិច្ចល្អ នីតិរដ្ឋ ស្ថាប័នរដ្ឋដែលមានការទទួលខុសត្រូវ សង្គមស៊ីវិលដែលសកម្ម និងការលើកកម្ពស់សិទ្ធិមនុស្ស។»
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើហើយនូវការលើកកម្ពស់ប្រជាធិបតេយ្យ។ លោកបន្តថា សណ្ដាប់ធ្នាប់នយោបាយ និងវប្បធម៌សន្ទនានៅកម្ពុជា ក៏កំពុងត្រូវបានពង្រឹងផងដែរ៖ «បើយើងនិយាយ ពីលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ យើងនាំមុខគេ។ នេះជាការវាយតម្លៃ។ លើកលែងតែក្រុមអមិត្ត ឬមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល មើលមិនឃើញទេ។»
ប្រធានវេទិកាអនាគត និងជាអ្នកតាមដានការគោរពសិទ្ធិមនុស្ស លោក អ៊ូ វីរៈ សង្កេតឃើញថា វាជាការប្រសើរដែលមេដឹកនាំអាស៊ាន ឯកភាពគ្នាលើការប្ដេជ្ញាចិត្តពង្រឹងនីតិរដ្ឋនៅក្នុងតំបន់ ក៏ប៉ុន្តែលោកគូសបញ្ជាក់ថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សរបស់ប្រទេសមួយចំនួននៅក្នុងតំបន់ អាស៊ាន មានចំណាត់ថ្នាក់មិនល្អ ដែលកំពុងគំរាមកំហែងដល់ប្រជាធិបតេយ្យ។ លោក អ៊ូ វីរៈ ថ្លែងថា បរិបទនៃបណ្ដាប្រទេសអាស៊ាន ខុសគ្នាឆ្ងាយទាំងប្រព័ន្ធប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ។ លោកលើកករណីប្រទេសកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ ជាដើម៖ «ខ្ញុំមើលទៅ អ្នកដឹកនាំអាស៊ានចេះតែវាយត្រា មិនបានយកចិត្តទុកដាក់លើខ្លឹមសារប៉ុន្មានទេ ពីព្រោះពួកគាត់មិនមានឆន្ទៈប៉ុន្មានទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ បើសិនយើងមើលមេដឹកនាំអាស៊ាន ដែលសុខចិត្តដាក់ឈ្មោះនៅលើសេចក្តីប្រកាសហ្នឹង គឺជាប្រទេសកុម្មុយនីស្តដែលគ្មានប្រជាធិបតេយ្យទាល់តែសោះ។»
សន្ទស្សន៍ប្រជាធិបតេយ្យនៃភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit) ដែលបានចេញផ្សាយនៅខែមករា បង្ហាញថា ប្រទេសកម្ពុជា កំពុងប្រឈមនឹងការធ្លាក់ទៅក្នុងរបបផ្ដាច់ការ។ សន្ទស្សន៍នេះរកឃើញថា ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ក្នុងឆ្នាំ២០១៥ ធ្លាក់ចុះ បើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំកន្លងទៅ។
កន្លងមក ឧស្សាហកម្មនេសាទសមុទ្រថៃ និងវិស័យបម្រើការងារតាមផ្ទះនៅម៉ាឡេស៊ី បានត្រូវគេរាយការណ៍ថា បានធ្វើឲ្យពលរដ្ឋកម្ពុជា រាប់រយនាក់ ធ្លាក់ចូលក្នុងអន្លង់នៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្សធ្ងន់ធ្ងរ។
នៅមុនកិច្ចប្រជុំចាប់ផ្ដើម អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន អំពាវនាវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ដាក់សម្ពាធលើមេដឹកនាំអាស៊ាន ឲ្យបញ្ចប់ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួន។
តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ ក្រៅតែពីបង្ហាញការប្ដេជ្ញាលើការពង្រឹងប្រជាធិបតេយ្យ អាមេរិក និងអាស៊ាន ក៏បានបង្ហាញការប្ដេជ្ញាចិត្តលើកិច្ចសហការដោះដូរពាណិជ្ជកម្ម ការប្រយុទ្ធប្រឆាំងភេរវកម្ម សន្តិសុខដែនសមុទ្រ ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕
No comments:
Post a Comment