សង្គមស៊ីវិល និងបក្សប្រឆាំង ព្រួយបារម្ភ ពីរបៀប នៃទំនាក់ទំនង រវាង កម្ពុជា, វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២៤ កុម្ភៈ ២០១៦
ក្រុម អ្នកតាមដាន នយោបាយ នៃអង្គការ មិនមែន រដ្ឋាភិបាល បានរិះគន់ ចំពោះ របៀប ទំនាក់ទំនង រវាង ប្រទេស កម្ពុជា និងវៀតណាម។ ការរិះគន់ របស់ អង្គការ សង្គមស៊ីវិល នៅពេលនេះ ធ្វើឡើង ចំពេល គណៈប្រតិភូ វៀតណាម បានធ្វើ របាយការណ៍ ជូនប្រធាន រដ្ឋសភា អំពី មហាសន្និបាត បក្សកុម្មុយនីស្ត វៀតណាម និងទិសដៅ សម្រាប់ អភិវឌ្ឍបន្ត របស់ បក្សកុម្មុយនិស្ត វៀតណាម។
សង្គមស៊ីវិល និងគណបក្សប្រឆាំង បង្ហាញការព្រួយបារម្ភចំពោះទំនាក់ទំនងរវាងប្រទេសវៀតណាម និងកម្ពុជា ថាអាចមានផលមិនល្អសម្រាប់ជោគវាសនារបស់ប្រទេសកំពុងអភិវឌ្ឍមួយ នេះ ខណៈភាពចម្រូងចម្រាសរឿងព្រំដែននៅមិនទាន់ដោះស្រាយចេញ និងនៅតែបន្តមានភាពរកាំរកូសនៅតាមខ្សែបន្ទាត់ព្រំដែនថែមទៀតនៅ ឡើយផង។
អ្នកឃ្លាំមើលព្រំដែននៃអង្គការក្រៅរដ្ឋាភិបាល លោក ទិប ទាវ យល់ឃើញថា នេះជាសញ្ញាដែលនាំឲ្យមានផលអវិជ្ជមានទៅវិញទេសម្រាប់កម្ពុជា។ លោកថ្លែងបន្តថា ទំនាក់ទំនងរបស់វៀតណាម តែងឲ្យកម្ពុជា ខាតបង់ជាហូរហែក្នុងពេលបច្ចុប្បន្ន និងប្រវត្តិសាស្ត្រ។ ម្យ៉ាងទៀត ការបន្តយុទ្ធសាស្ត្រដូចនេះ លោកបញ្ជាក់ថា នឹងធ្វើឲ្យពលរដ្ឋកម្ពុជា ដែលធ្លាប់មានប្រវត្តិដ៏ជូរចត់ជាមួយវៀតណាម កាន់តែខ្លាចរអា និងព្រួយបារម្ភពីទំនាក់ទំនងនេះ។ លោកបន្តថា «បាន ន័យថា គណបក្សប្រជាជនកម្ពុជា នៅតែបំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួន ក្នុងការតបស្នងសងគុណចំពោះវៀតណាម គ្មានទីបញ្ចប់ដល់សព្វថ្ងៃនេះ។ អ៊ីចឹងព័ត៌មានបែបនេះរឹតតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរមិនសប្បាយ ចិត្តកាន់តែខ្លាំងឡើង។»
កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ ប្រធានរដ្ឋសភា លោក ហេង សំរិន មានជំនួបទ្វេភាគីជាមួយ លោក ហ្វាង ប៊ិញ គ្វន់ (Hoàng Bình Quân) ជា ប្រធានគណៈទាក់ទងបរទេស និងជាសមាជិកគណៈកម្មការមជ្ឈិមបក្សរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបនៅវិមានរដ្ឋសភា។ ការបើកទ្វារស្វាគមន៍គណៈប្រតិភូវៀតណាម នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជា បញ្ជាក់ថា ដើម្បីអនុញ្ញាតឲ្យវៀតណាម បានរាយការណ៍អំពីរបាយការណ៍នៃមហាសន្និបាត ដែលបក្សកុម្មុយនិស្តវៀតណាម បានសម្រេចកាលពីពេលថ្មីៗនេះ។
ថ្លែងក្រោយកិច្ចប្រជុំបិទទ្វារ ទីប្រឹក្សាផ្ទាល់របស់ លោក ហេង សំរិន គឺលោក សន សារណា ឲ្យដឹងថា ជំនួបដែលប្រើពេលប្រមាណ ១ម៉ោង គឺប្រតិភូវៀតណាម បានរាយការណ៍ពីសន្និបាតរបស់បក្សកុម្មុយនិស្តវៀតណាម និងស្ថានភាពដទៃទៀត ឲ្យមន្ត្រីជាន់ខ្ពស់របស់រដ្ឋសភាកម្ពុជា បានដឹងអំពីភាពជោគជ័យនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម និងផែនការមេបន្ត ដើម្បីដាក់ឲ្យអនុវត្តក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀត។ លោកបន្តថា «រាយការណ៍ អំពីលទ្ធផលដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនិស្តវៀតណាម ដែលទើបតែបញ្ចប់នៅពេលថ្មីៗនេះ។ នៅក្នុងមហាសន្និបាតនេះ បានកសាងនូវឯកសារគោលជាត្រីវិស័យសម្រាប់ការអភិវឌ្ឍ ៥ឆ្នាំទៅមុខរបស់ប្រទេសវៀតណាម។»
បើទោះជាបែបណា លោក សន សារណា បានបដិសេធទៅនឹងសំណួរអំពីបញ្ហាព្រំដែនដែលកំពុងមានភាព ចម្រូងចម្រាសរវាងប្រទេសទាំងពីរ។ លោកបញ្ជាក់ថា អ្វីដែលកម្ពុជា និងវៀតណាម ពិភាក្សាក្នុងជំនួបនោះ គឺផ្ដោតសំខាន់អំពីរបាយការណ៍នៃមហាសន្និបាតរបស់វៀតណាម ប៉ុណ្ណោះ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ យល់ ឃើញថា វាហាក់ប្លែកណាស់ដែលវៀតណាម ធ្វើរបាយការណ៍អំពីសមិទ្ធផលរបស់ខ្លួនឲ្យកម្ពុជា បានដឹង។ លោកបន្តថា មានយន្តការ ឬមធ្យោបាយច្រើនណាស់ ដែលគេអាចបញ្ជូនសារទាំងនេះ ដោយមិនចាំបាច់មករាយការណ៍ដោយផ្ទាល់យ៉ាងដូច្នេះទេ។ លោកបន្តថា «ដោយ ខ្ញុំមិនបានចូលរួម ខ្ញុំមិនបានដឹងខ្លឹមសារទាំងស្រុងទេ ក៏ប៉ុន្តែបើជារបាយការណ៍ យើងអាចធ្វើរបាយការណ៍តាមការទូតដោយពុំបាច់ផ្ទាល់បែបនេះទេ។»
បើទោះជាបែបនេះក៏ដោយ លោក សន សារណា ទីប្រឹក្សារបស់ លោក ហេង សំរិន អះអាងថា នេះជារបៀបទំនាក់ទំនងការទូតរវាងប្រទេស និងប្រទេស ដែលមានអធិបតេយ្យ ព្រមទាំងជារដ្ឋឯករាជ្យ។
រដ្ឋាភិបាលកម្ពុជា តែងចាត់ទុកថា ប្រទេសវៀតណាម គឺជាប្រទេសមហាមិត្តម៉ឺនឆ្នាំ។ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ជាច្រើនទីតាំង ទាំងនៅក្រុងភ្នំពេញ និងតាមបណ្ដាខេត្តផង ត្រូវបានសាងសង់ឡើងដើម្បីបង្ហាញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ពីរ។ ការបង្កើតឲ្យមានស្តូបនេះ ត្រូវបានរដ្ឋាភិបាលអះអាងថា ក្នុងហេតុផលរំឭកការដឹងគុណ ដែលកងទ័ពវៀតណាម បានជួយរំដោះកម្ពុជា ពីរបប ប៉ុល ពត។ ទាំងនេះ នៅមិនទាន់គិតដល់សមាគមវៀតណាម ដែលត្រូវបានពង្រីកនៅគ្រប់រាជធានី ខេត្ត ក្រុង នៅឡើយផង។
ថ្វីបើរដ្ឋាភិបាលអះអាងថា វៀតណាម គឺជាមិត្តដែលមិនអាចបំភ្លេចបានក៏ដោយចុះ ចំពោះសង្គមវិល និងគណបក្សប្រឆាំងវិញ តែងចាត់ទុកទំនាក់ទំនងវៀតណាម មកលើកម្ពុជា ពុំមានអ្វីក្រៅពីក្រោមហេតុផលឈ្លានពានទឹកដីកម្ពុជា ប៉ុណ្ណោះ៕
No comments:
Post a Comment