សង្គមស៊ីវិល បារម្ភ អំពី វិធានការ បង្ក្រាបបទល្មើស ព្រៃឈើ របស់ គណៈកម្មាធិការ ជាតិ
RFA / វិទ្យុ អាស៊ី សេរី | ២ កុម្ភៈ ២០១៦
មន្ត្រី សង្គមស៊ីវិល បារម្ភ ពីវិធានការ របស់ គណៈកម្មាធិការ ជាតិ ទប់ស្កាត់ និងបង្ក្រាប បទល្មើស ព្រៃឈើ ថា, មិនឯករាជ្យ និងមិន ស្មើភាព បន្ទាប់ ពីកម្លាំង ប្រដាប់អាវុធ មិនទាន់ ចាប់ជនល្មើស ផ្ដន្ទាទោស ខណៈ គំនរឈើ រាប់ពាន់ ម៉ែត្រ គូប សមត្ថកិច្ច កំពុង ឡោមព័ទ្ធ និងគំនរឈើ ជាច្រើន ត្រូវ បានគេ ដុតបំផ្លាញ កាលពីចុងខែមករា។
បញ្ហានេះ មន្ត្រី សង្គមស៊ីវិល ចាត់ទុក យន្តការ បង្ក្រាប បទល្មើស របស់ រដ្ឋាភិបាល អាចធ្វើ គ្រាន់តែ បង្អើល ទោះបី ជនប្រព្រឹត្ត ដែលមានងារ ជាឧកញ៉ា, មន្ត្រី យោធា, និងឈ្មួញ ជនជាតិ វៀតណាម ដែលពាក់ព័ន្ធ បទល្មើស ព្រៃឈើ សមត្ថកិច្ច នៅ មិនទាន់ បង្ហាញ អត្តសញ្ញាណ នៅឡើយទេ។
មន្ត្រីសង្គមស៊ីវិលទន្ទឹងរង់ចាំលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ របស់គណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងបំពេញភារកិច្ចនៅខែត្រភាគឦសាន។
ទន្ទឹមនឹងនេះ មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឲ្យគណៈកម្មាធិការនេះអនុវត្តច្បាប់ព្រៃឈើម៉ឺងម៉ាត់ ព្រមទាំងចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ពិសេសឧកញ៉ាជួញដូរឈើ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF) លោក អ៊ូច ឡេង មានប្រសាសន៍ថា លោកពុំមានជំនឿចំពោះយន្តការបង្ក្រាបបទល្មើសព្រៃថ្នាក់ជាតិរបស់ រដ្ឋាភិបាល ទោះបីសមត្ថកិច្ចរកឃើញភស្តុតាង និងឯកសារបទដ្ឋានផ្សេងៗ ពីភាពមិនប្រក្រតីនៃអាជីវកម្មឈើខុសច្បាប់ក្ដី។
លោកចាត់ទុកយន្តការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិរបស់ រដ្ឋាភិបាល គ្រាន់តែបង្អើល បន្ទាប់ពីបទល្មើសព្រៃឈើបានកើតឡើងជាប្រព័ន្ធ ហើយមានឧកញ៉ា និងឈ្មួញជនជាតិវៀតណាម ដុះស្លែមួយចំនួនហាក់មិនញញើតប្រព័ន្ធច្បាប់របស់កម្ពុជា ឡើយ៖ «យើង អាចនិយាយថា មិនមានអត្ថន័យអ្វីសោះជូនពលរដ្ឋ ព្រោះយើងមិនទាន់មាននរណាម្នាក់ចាប់ខ្លួន ហើយមិនទាន់ឃើញឈើរាប់ម៉ឺនត្រូវបានកាប់បំផ្លាញរាប់ឆ្នាំណាស់មក ហើយ អត់ទាន់មានចំណាត់ការ។»
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល បារម្ភថា ទោះបីកងកម្លាំងប្រដាប់អាវុធកំពុងឡោមព័ទ្ធទីតាំងស្តុកឈើរបស់ឈ្មួញ ក្ដី តែវិធានការបង្ក្រាប និងស្រាវជ្រាវរបស់មន្ត្រីជំនាញហាក់អាថ៌កំបាំង និងបិទព័ត៌មានស្ដីពីរបាយការណ៍វាស់វែង និងឯកសារបទដ្ឋានផ្សេងៗ។ លោកបារម្ភទៀតថា ប្រតិបត្តិការបង្ក្រាប និងការអនុវត្តច្បាប់របស់គណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មានប្រសិទ្ធភាពកម្រិតណា៖ «បើសិនជាមិនយកច្បាប់រដ្ឋព្រៃឈើអនុវត្តទេ បង្កើតមកធ្វើអី? ដូចជាអ្នករកស៊ីឈើរាល់ថ្ងៃចាប់បានតែវត្ថុតាង។»
ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើរបស់គណៈកម្មាធិការជាតិ ដែលដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថ លោក សៅ សុខា នៅមិនទាន់ចេញលទ្ធផលនៅឡើយទេ ខណៈមន្ត្រីជំនាញនៃក្រសួងពាក់ព័ន្ធកំពុងស្រាវជ្រាវ និងវាស់វែង។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងថា គណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមិនទាន់ចេញលទ្ធផលនៅឡើយទេ ព្រោះកំពុងស៊ើបអង្កេតនៅឡើយ។ លោកថា នាយឧត្ដមសេនីយ៍ សៅ សុខា បានណែនាំឲ្យមន្ត្រីជំនាញវាស់វែង និងបញ្ជូនសំណុំរឿងទៅតុលាការដើម្បីអនុវត្តច្បាប់។
លោកអះអាងថា បើមន្ត្រីជំនាញរកឃើញបុគ្គលណាពាក់ព័ន្ធបទល្មើសព្រៃឈើត្រូវទទួលទោសតាមច្បាប់៖ «យើង មិនទាន់បង្ហាញបានទេ ដោយសារវាឋិតនៅស៊ើបអង្កេត។ ការស៊ើបអង្កេតជាការសម្ងាត់ យើងមិនអាចបង្ហាញបានទេ។ ជំនាញរបស់យើងស្រាវជ្រាវហើយមានការដឹកនាំដោយព្រះរាជអាជ្ញា ៦ខែត្រ នៅភូមិភាគឦសាន ករណីអ្នកពាក់ព័ន្ធធ្វើតាមច្បាប់។»
មន្ត្រីសម្របសម្រួលសមាគមអាដហុក មណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា រហូតមកដល់បច្ចុប្បន្ន មន្ត្រីជំនាញនៅមិនទាន់រឹបអូសគំនរឈើជាច្រើនម៉ែត្រគូបនៅឡើយ។ ចំណែកអ្នកពាក់ព័ន្ធដែលដុតគំនរឈើជាច្រើនម៉ែត្រគូបក៏មិនទាន់ បង្ហាញអត្តសញ្ញាណដែរ។ លោកទាមទារឲ្យគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បើកទូលាយឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមត្រូតពិនិត្យ និងតាមដានពីដំណើរនៃការបង្ក្រាបបទល្មើសព្រៃឈើ ជាពិសេសសហគមន៍នៅមូលដ្ឋានផ្ទាល់។
លោក សុក រដ្ឋា៖ «ការដែលស៊ើបអង្កេតរបស់គាត់ជាមន្ត្រីមានសមត្ថកិច្ចហើយ ដើម្បីឲ្យមានតម្លាភាព គាត់គួរតែអំពាវនាវឲ្យមានការចូលរួមពីសហគមន៍នៅមូលដ្ឋានដែលគាត់ ធ្លាប់ទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងសកម្មកន្លងមកនោះ ហើយក៏អំពាវនាវឲ្យអង្គការសង្គមស៊ីវិលតាមដានលម្អិតលើរឿងនោះផង។»
កាលពីថ្ងៃទី៣១ ខែមករា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានដឹកនាំកម្លាំងមកខែត្រស្ទឹងត្រែង ប៉ុន្តែពុំបានចុះត្រួតពិនិត្យឃ្លាំងស្តុកឈើរបស់ឈ្មួញជនជាតិ វៀតណាម ឈ្មោះ យាយ ព្រឿង និងយាយ បូង និងឃ្លាំងរបស់ឧកញ៉ា ទ្រី ភាព ទេ ហើយគណៈកម្មាធិការនោះបានបន្តដំណើរទៅបំពេញបេសកកម្មនៅខែត្រ ព្រះវិហារ វិញ៕
No comments:
Post a Comment