មន្ត្រី បក្សប្រឆាំង ដាក់លិខិត ទៅសភា ទាមទារ ឲ្យនាយករដ្ឋមន្ត្រី ដកដី ពីកងទ័ព វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២ កុម្ភៈ ២០១៦
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន (អាវខ្មៅ)
សួរអំពីផែនទីដែលមន្ត្រីរដ្ឋាភិបាលបង្ហាញនាទីស្ដីការគណៈរដ្ឋមន្ត្រី
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥។
RFA/Rann Samnang
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅថ្ងៃ ទី២ ខែកុម្ភៈ នេះ បានឲ្យដឹង ថា, លោក បានដាក់លិខិត ទៅលោក ហេង សំរិន ប្រធាន រដ្ឋសភា ទាមទារ ឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដកហូតដី សម្បទាន សេដ្ឋកិច្ច ពីកងទ័ព វៀតណាម ដែលកំពុង កាន់កាប់ និងបោះ មូលដ្ឋាន យោធា ក្នុងខេត្ត រតនគិរី។
នៅក្នុងលិខិត របស់លោក ទៅកាន់លោក ហ៊ុន សែន តាមរយៈ លោក ហេង សំរិន ចុះកាលទី២៥ ខែមករា ដែលលោក ទើប ចេញផ្សាយ ជាសាធារណៈ បញ្ជាក់ថា, ការផ្ដល់ដី សម្បទាន សេដ្ឋកិច្ច ទៅឲ្យ កងទ័ព វៀតណាម ដែលមាន ទំហំ ៤០.០០០ (បួនម៉ឺន) ហិកតារ ផ្ទុយទៅនឹង រដ្ឋធម្មនុញ្ញ មាត្រា ៥៣ ដែលចែង ថា, ព្រះរាជាណាចក្រ កម្ពុជា មិនអនុញ្ញាត ឲ្យមាន មូលដ្ឋាន យោធា បរទេស ក្នុងទឹកដី របស់ខ្លួន។
លោក អ៊ុំ សំអាន អះអាងថា យោធាវៀតណាម គ្មានសិទ្ធិបោះទីតាំងទ័ពក្នុងទឹកដីកម្ពុជាឡើយ ហើយថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ទៅឲ្យកងទ័ព វៀតណាម ដូច្នេះ អាចនាំឲ្យកម្ពុជា បាត់បង់ទឹកដីទៅថ្ងៃអនាគត។ សំណើរបស់លោក អ៊ុំ សំអាន ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី២៨ ខែធ្នូ បានចុះផ្សាយអត្ថបទមួយមានចំណងរឿងថា "កងទ័ពប្រជាជនវៀតណាមទទួលបានការគ្រប់គ្រងដីប្រហែល ៤ម៉ឺនហិកតារយ៉ាងស្ងាត់ៗនៅក្នុងខេត្តរតនគិរី"៕

No comments:
Post a Comment