ពលរដ្ឋ មួយគ្រួសារ នៅខេត្ត ស្វាយរៀង ជាប់ព្រំដែន បារម្ភ ខ្លាច ទាហាន វៀតណាម ធ្វើបាប
RFA / វិទ្យុ អាស៊ី សេរី | ១៦ កុម្ភៈ ២០១៦
ពលរដ្ឋខ្មែរ មួយគ្រួសារ ដែលរស់ ជិតខ្សែបន្ទាត់ ព្រំដែន កម្ពុជា-វៀតណាម ចន្លោះ បង្គោល លេខ១៤៩ និងលេខ១៥០ ស្ថិតនៅភូមិ ព្រែកពក ឃុំ ថ្នាធ្នង់ ស្រុក រំដួល ខេត្ត ស្វាយរៀង ព្រួយបារម្ភ ពីសុវត្ថិភាព បន្ទាប់ ពីទាហាន វៀតណាម លើស ពី ១០នាក់ បានលួច ឈូសឆាយ រំលាយផ្លូវ ចូលលំនៅឋាន ពួកគាត់ កាលពីរាត្រី ម៉ោង២ កាលពីថ្ងៃ ទី១២ ខែកុម្ភៈ។ ទាក់ទិន បញ្ហានេះ អាជ្ញាធរ ខ្មែរ ប្ដេជ្ញា ជួយការពារ សុវត្ថិភាព ជូនពលរដ្ឋ។
ប្រជាពលរដ្ឋ ខ្មែរ មួយគ្រួសារ ដែលចោទ ទាហាន វៀតណាម ឈូសរំលាយផ្លូវ នៅមុខផ្ទះ របស់គាត់ ដែលមាន ទទឹង ទំហំ ៤ម៉ែត្រ និងបណ្តោយ ២៨ម៉ែត្រ តភ្ជាប់ ពីមុខផ្ទះ រហូត ដល់ផ្លូវ ធំ ខ្សែក្រវាត់ ព្រំដែននោះ អះអាង ថា, ពួកគាត់ កំពុង រស់នៅ ក្នុងហានិភ័យ រាល់ថ្ងៃ។
លោកស្រី ឯក សាវុធ មានទំនាស់ជាមួយទាហានវៀតណាម នេះ អំពាវនាវឲ្យអាជ្ញាធរជួយអន្តរាគមន៍ និងជួយការពារសុវត្ថិភាព ដើម្បីឲ្យពួកគាត់រស់នៅតាមព្រំដែនដោយគ្មានហានិភ័យ។ លោកស្រីបន្ថែមថា ផ្លូវមួយខ្សែដែលរងការខូចខាតនោះ ឥឡូវអាជ្ញាធរខ្មែរបានអនុញ្ញាតឲ្យធ្វើឡើងវិញហើយក្នុងទំហំតែជាង ១ម៉ែត្រប៉ុណ្ណោះ៖ «ខ្ញុំមានការព្រួយបារម្ភ ខ្លាចគេគុំកួនអីអ៊ីចឹងណា ហើយរាល់យប់មិនដែលដេកទេ ខ្លាច។ សូមជួយប្រកូកប្រកាសឲ្យគេជួយការពារផងក្មួយ។»
លោកស្រី ឯក សាវុធ អះអាងថា ដីមួយដុំនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ចន្លោះបង្គោលលេខ១៤៩ និងលេខ១៥០ ស្ថិតនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង នោះ គឺជាកម្មសិទ្ធិរបស់គាត់ ដែលបានអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ មក និងបានចូលទៅរស់នៅក្នុងឆ្នាំ២០១២ មិនជាប់ពាក់ព័ន្ធជាមួយវៀតណាម ទេ។ លុះនៅថ្ងៃទី២ ខែកុម្ភៈ លោកស្រីបានសាងសង់ផ្លូវមួយខ្សែដែលតភ្ជាប់ពីផ្លូវខ្សែក្រវាត់ ព្រំដែន ចូលមកផ្ទះដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ប៉ុន្តែកាលពីថ្ងៃទី១២ ខែកុម្ភៈ ទាហានវៀតណាម មានគ្នាលើសពី ១០នាក់ ប្រដាប់ដោយកាំភ្លើង ប៉ែល និងចបកាប់ បានលួចឈូសឆាយរំលាយផ្លូវនោះនៅម៉ោងប្រមាណពីរយប់៖ «នៅពេលល្ងាចឃើញទាហានវៀតណាម មកថតឈរឆ្ការដៃឆ្ការជើង ដូច្នេះហើយគ្មានអ្នកណាទេ មានតែខាងហ្នឹង (វៀតណាម)។»
ទាក់ទិនបញ្ហានេះ មេឃុំថ្នាធ្នង់ លោក គឹម ញ៉ាញ ទទួលស្គាល់ថា ដីនោះគឺជារបស់កម្ពុជា។ លោកអះអាងថា អាជ្ញាធរកម្ពុជា បានសួរនាំទៅភាគីវៀតណាម ហើយ ប៉ុន្តែអាជ្ញាធរវៀតណាម បានបដិសេធថា មិនបានធ្វើសកម្មភាពដូចការចោទប្រកាន់ឡើយ ដោយអះអាងថា ទាហានវៀតណាម ទាំងអស់ បានឈប់សម្រាកចូលរួមបុណ្យចូលឆ្នាំចិន-វៀតណាម។
ទន្ទឹមនេះ លោកមេឃុំថ្នាធ្នង់ អះអាងថា ទោះបីមិនបានជូនដំណឹងក៏ដោយចុះ ប៉ុន្តែការពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ គឺវាជាកាតព្វកិច្ចរបស់អាជ្ញាធរ៖ «ខ្ញុំមានផែនការវិធានការដើម្បីសហការគ្នាជាមួយប៉ុស្តិ៍ រដ្ឋបាលភូមិ ក៏ដូចជាបញ្ហាព្រំដែន ដើម្បីការពារជូនឃុំ-ភូមិឲ្យមានសុវត្ថិភាព។»
លោកក៏បានបដិសេធថា មិនបានហាមឃាត់មិនឲ្យពលរដ្ឋធ្វើផ្លូវធំនោះដែរ។
តំណាងពលរដ្ឋនៅភូមិព្រែកពក លោក វ៉ាន់ ហល រៀបរាប់ថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរហាក់ពុំសូវទទួលបានភាពកក់ក្តៅពីអាជ្ញាធរឡើយ ដោយថានៅពេលពលរដ្ឋខ្មែរមានរឿងអ្វីមួយជាមួយវៀតណាម នោះ គឺអាជ្ញាធរហាក់ដូចជាធ្វើតាមការចង្អុលបង្ហាញរបស់វៀតណាម ស្ទើរគ្រប់រឿង។ លោកថា នៅតាមខ្សែបន្ទាត់ព្រំដែននោះ គឺខាងភាគីវៀតណាម បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រោងព្រាតមានទាំងផ្លូវតូចផ្លូវធំ និងប្រឡាយ ព្រមទាំងដាំដុះដំណាំផ្សេងៗជាដើម មិនដែលឃើញភាគីកម្ពុជា ទៅរំខានម្តងណាឡើយ ប៉ុន្តែអាជ្ញាធរវៀតណាម តែងតែយាយីមកពលរដ្ឋកម្ពុជា នៅពេលឃើញអភិវឌ្ឍអ្វីមួយ៖ «សំណូមពរ ឲ្យអាជ្ញាធរកំណត់បង្គោលព្រំដែនដែលបានបោះហើយនោះ ឲ្យបានច្បាស់ កុំវៀតណាម មកបំពានលើទៀត ដូចជាករណីថ្មីៗនេះ។ សូមឲ្យមានវិធានការច្បាស់លាស់ជាមួយវៀតណាម។»
ចំណែកមន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំ ខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មានប្រសាសន៍ថា អាជ្ញាធរមិនគួរទទួលសម្ពាធពីខាងវៀតណាម ហើយហាមប្រាមពលរដ្ឋខ្លួនឯងមិនឲ្យធ្វើការអភិវឌ្ឍអ្វីមួយនោះឡើយ។ លោកសង្កេតឃើញថា ជាទូទៅ វៀតណាម តែងតែធ្វើផ្លូវរហូតដល់ខ្សែព្រំដែនស្ទើរគ្រប់កន្លែង ប៉ុន្តែភាគីកម្ពុជា វិញ ពុំសូវមានឡើយ ដោយតែងតែថាតំបន់នេះ ឬតំបន់នោះជាតំបន់ស។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលរស់នៅតាមបណ្តោយ ព្រំដែន ដោយផ្តល់ការអភិវឌ្ឍគ្រប់បែបយ៉ាងទាំងប្រព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ជាដើម នៅភូមិ-ស្រុកទាំងអស់នៅតាមព្រំដែន ដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅដោយគ្មានហានិភ័យ និងអាចចូលរួមក្នុងការអភិវឌ្ឍបាន។ លោកថា ពលរដ្ឋ គឺជាបង្គោលព្រំដែនដ៏រឹងមាំក្នុងការការពារព្រំដែន៕
No comments:
Post a Comment