មន្ត្រី រដ្ឋាភិបាល បដិសេធ ថា, កម្ពុជា មិនបាន បាត់បង់ ព្រំដែនទឹក ដូចការចោទ
RFA / វិទ្យុ អាស៊ី សេរី | ១ កុម្ភៈ ២០១៦
មន្ត្រី រដ្ឋាភិបាល ទទួលបន្ទុក កិច្ចការ ព្រំដែន បានច្រានចោល ការចោទប្រកាន់ របស់ ប្រធាន គណបក្ស ប្រឆាំង ដែលអះអាង ថា, កម្ពុជា បាត់បង់ ព្រំដែន សមុទ្រ ជាង ៦ម៉ឺន គីឡូម៉ែត្រ ក្រឡា ទៅប្រទេស វៀតណាម និងថៃ។ លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ កាលពីដើម ខែមករា រកឃើញ ថា, កម្ពុជា មិនត្រឹមតែ បាត់បង់ ព្រំដែន គោក ទៅប្រទេស ជិតខាង ប៉ុណ្ណោះទេ, ថែមទាំង ព្រំដែនទឹក ឬព្រំដែន សមុទ្រ មួយផ្នែកធំ ត្រូវ បានប្រទេស ជិតខាង ឈ្លានពាន យកដែរ។
ប្រធាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា មិនទទួលស្គាល់សោះឡើយចំពោះការអះអាងរបស់ប្រធានគណបក្សប្រឆាំង ដែលចោទប្រកាន់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឲ្យទឹកដីមួយផ្នែកធំត្រូវបាត់បង់ ហើយមិនបានការពារ និងថែរក្សាឲ្យបានគងវង់ រួមទាំងព្រំដែនសមុទ្រ។
កាលពីថ្ងៃទី៦ ដើមខែមករា កន្លងទៅនេះ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា ផ្ទៃសមុទ្រកម្ពុជា ជាង ៦ម៉ឺនគីឡូម៉ែត្រការ៉េ ត្រូវបានប្រទេសវៀតណាម និងប្រទេសថៃ ទន្ទ្រានយកក្រោមហេតុផលសន្ធិសញ្ញាក្នុងចន្លោះឆ្នាំ១៩៨០។ របាយការណ៍ដែលភ្ជាប់ជាមួយនឹងផែនទីផងនោះ ត្រូវបានលោក សម រង្ស៊ី បញ្ជាក់ថា ទាំងប្រទេសថៃ និងប្រទេសវៀតណាម បានពុះច្រៀកដែនសមុទ្ររបស់កម្ពុជា មួយផ្នែកធំចែកគ្នា ហើយបានបិទច្រកទឹកមិនឲ្យកម្ពុជា មានសិទ្ធិចេញចូលសមុទ្រអន្តរជាតិដោយសេរីថែមទៀតផង។
បដិសេធការរកឃើញនេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានឆ្លើយតបវិញភ្លាមៗ ដោយទាត់ចោលការចោទប្រកាន់របស់លោក សម រង្ស៊ី។ ក្រោយពីលោក សម រង្ស៊ី បញ្ចេញឯកសារតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី៦ ខែមករា លោក វ៉ា គឹមហុង ថ្លែងការពារភ្លាមៗថា វាជារបៀបការងាររបស់គណបក្សប្រឆាំង ដែលតែងលើកហេតុផលខុសពីការពិត។ ម្យ៉ាងវិញទៀត កម្ពុជា និងប្រទេសជិតខាងនៅពុំទាន់បានកំណត់ព្រំដែនទឹកនៅឡើយផង ហេតុនេះ តើលោក សម រង្ស៊ី មានភស្តុតាងមកពីណាដែលរកឃើញថា កម្ពុជាបានបាត់បង់ដែនសមុទ្រទៅកើត។ លោកបន្តថា «ខ្ញុំសួរថា តើបាត់បង់រឿងអី បើមិនបានកំណត់ព្រំដែនផង? គាត់ ដឹងហ្នឹង គឺយើងឥតទាន់កំណត់ព្រំដែនសមុទ្រជាមួយថៃ និងជាមួយវៀតណាម នៅឡើយផង។ គាត់ដឹងដែរ។ គាត់ចេះតែនិយាយទេ ហើយខ្ញុំសួរទៅវិញ បើយើងកំណត់បានវាដឹងថាបាត់។»
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងលោក សម រង្ស៊ី ជាច្រើនដង ដើម្បីសុំការបំភ្លឺបន្ថែមពីរបាយការណ៍នេះ ក៏ប៉ុន្តែពុំអាចទាក់ទងបានទេ។
ប្រទេសកម្ពុជា មានព្រំដែនទឹក ៩៥.៥០០គីឡូម៉ែត្រការ៉េ ក្នុងនោះកម្ពុជា បានបាត់ព្រំដែនសមុទ្រសរុបទៅខាងភាគីថៃ និងវៀតណាម ចំនួន ៦ម៉ឺនគីឡូម៉ែត្រក្រឡា។ ដូច្នេះសព្វថ្ងៃកម្ពុជា នៅសល់ព្រំដែនសមុទ្រ ប្រមាណមិនដល់ ៣ម៉ឺនគីឡូម៉ែត្រការ៉េផង។ នេះជាការបញ្ជាក់របស់អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងជាអ្នកជំនាញផ្នែកកិច្ចការព្រំដែន លោក ស៊ាន ប៉េងសែ។
ក្រៅពីនេះទៀត កម្ពុជាមានព្រំដែនគោកជាប់ប្រទេសថៃ ជាង ៨០០គីឡូម៉ែត្រ ខណៈកម្ពុជា មានព្រំដែនគោកជាប់ប្រទេសឡាវ ប្រមាណ ៨០០គីឡូម៉ែត្រដែរ។ ចំនួនព្រំដែនគោកនេះ កម្ពុជា មានព្រំដែនជាប់ប្រទេសវៀតណាម វែងជាងគេក្នុងចំណោមប្រទេសទាំងពីរនេះ គឺចំនួន ១.២៧០គីឡូម៉ែត្រ។
អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ២ជំនាន់ គឺក្នុងរបបសង្គមរាស្ត្រនិយម សម្ដេចព្រះនរោត្ដម សីហនុ និងរបបសាធារណរដ្ឋ លោកសេនាប្រមុខ លន់ នល់ ផង គឺលោក ស៊ាន ប៉េងសែ បានបញ្ជាក់ថា ការពិតព្រំដែនសមុទ្រទើបតែបាត់បង់ក្នុងរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា ក្រោយមកទេ។ លោកបន្តថា ក្នុងពេលដែលរូបលោកបានចូលរួមផលិតផែនទីតាំងពីឆ្នាំ១៩៦៨ គឺផែនទីព្រំដែនទឹក មានវិសាលភាព និងទទួលស្គាល់ដោយប្រទេសថៃ និងវៀតណាម ទៀតផង។ លោកបន្តថា «យើងគូសហើយ ហើយគាត់ចុះហត្ថលេខាជាមួយយួន ហ្នឹង។ អ៊ីចឹងហើយបានថា គាត់ធ្វើនឹងយួន ហើយនិងសៀម ធ្វើខុសហើយឥតបានជជែកគ្នាជាមួយខ្មែរផង។ សៀម និងយួន ចុះហត្ថលេខាជាមួយគ្នា កាត់ទឹកដីខ្មែរដែលមាន។ ដូច្នេះយើងនិយាយទៅ គឺយើងត្រូវតែជជែកគ្នាសិន។»
នៅក្នុងបណ្ដាញសង្គមដែលត្រូវបានលោក សម រង្ស៊ី ចុះផ្សាយកាលពីដើមខែមករា បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា បានដឹងតែត្រឹមថា កម្ពុជា បាត់បង់ដីគោកតាមរយៈការបង្ខិតខ្សែបន្ទាត់ព្រំដែនចូលមកក្នុង អធិបតេយ្យរបស់កម្ពុជា ប៉ុណ្ណោះ។ ក៏ប៉ុន្តែសម្រាប់ព្រំដែនសមុទ្រវិញ គឺពលរដ្ឋភាគច្រើនកម្របានដឹងពីការបាត់បង់នេះ ទាំងភាគីខាងលិច និងផ្នែកខាងកើត តាមរយៈការចុះហត្ថលេខាជាមួយប្រទេសជិតខាងក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ របស់រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន។
ជាមួយគ្នានេះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនពីការតាមចាប់ដោយតុលាការក្រុងភ្នំពេញ បញ្ជាក់ទៀតថា ប្រទេសវៀតណាម ចង់ដណ្ដើមដែនសមុទ្របន្ថែមទៀតពីប្រទេសកម្ពុជា ដែលនៅសេសសល់ទំហំ ១ម៉ឺន (១០.០០០) គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅចំពីមុខខេត្តកំពត និងខេត្តកែប ដែរ។ ម្យ៉ាងវិញទៀត កម្ពុជាពុំអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការឆ្លងចូលទៅសមុទ្រ អន្តរជាតិដោយផ្ទាល់បានដូចមុនទៀតឡើយ។
យ៉ាងនេះក្ដី លោក វ៉ា គឹមហុង នៅតែច្រានចោលការរកឃើញដូចនេះរបស់លោក សម រង្ស៊ី។ មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនរូបនេះអះអាងថា កម្ពុជាមានសិទ្ធិពេញលេញក្នុងការចេញចូលទៅសមុទ្រអន្តរជាតិ ពុំមានការរំខានដូចអ្វីដែលប្រធានគណបក្សប្រឆាំងចោទប្រកាន់ឡើយ។ លោកបន្តថា «យើង សួរថា កប៉ាល់ខ្មែរចេញចូលពីផែកំពង់សោមបានរួចដែរ បើបាត់អស់រលីងទឹកសមុទ្រ ខាងណេះខាងណោះអស់។ ដូច្នេះ អ្វីដែលគាត់បានអះអាងមិនមានមូលដ្ឋានអ្វីត្រឹមត្រូវទេ។ គាត់មិនដឹងជាលើកពីមូលដ្ឋានអ្វី អ៊ីចឹងហើយខ្ញុំមិនធ្វើអត្ថាធិប្បាយ វាគ្មានអ្វីជាក់លាក់។»
បើទោះជាបែបណា មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានអះអាងថា ការកំណត់ព្រំដែនសមុទ្រអាចដំណើរការទៅបាន លុះត្រាព្រំដែនគោកត្រូវបានរដ្ឋាភិបាលនៃប្រទេសជាប់ព្រំដែនគ្នា សម្រេច និងបញ្ចប់ការបោះបង្គោលរួចជាស្ថាពរជាមុនសិន។
យ៉ាងនេះក្តី លោក ស៊ាង ប៉េងសែ យល់ឃើញថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅតែមានភាពលាក់លៀម និងព្យាយាមបិទបាំងការពិតនៃរឿងព្រំដែន។ ស្ថិតក្រោមហេតុផលនេះហើយ ត្រូវបានអតីតមន្រ្តីជំនាញព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង រកឃើញថា ដោយសារសន្ធិសញ្ញាបន្ថែមរបស់រដ្ឋាភិបាល ធ្វើឲ្យកោះមួយចំនួន មានកោះត្រល់ ជាដើម រួមទាំងដែនទឹកប្រវត្តិសាស្ត្រផង ត្រូវបានប្រទេស វៀតណាម គ្រប់គ្រងរហូតដល់សព្វថ្ងៃ៕
មិនចង់ថាទេ តែសម្តិនេះវាស្រិញពេក កោះត្រល់នៅខ្បែរសន្យាបផ្ទះ គេយកទៅបាត់ ហើយចុះទម្រាំដែនសមុទ្រ លោកអើយសូម្បីកូនក្មេងក៍វាមិនជឿដែរ ហេតុនេះហើយបានជាវាជេរនោះ ហើយមើលទៅក្រឡាផ្ទៃប្រទេសខ្មែរវាយ៉ាងណាហើយ?
ReplyDeletegoogle គេថាបាត់ដី តែគ្រាន់ណាស់ បែរជាខឹងនឹងគេ ថាគេថាខុស តាមពិតខំបិទបាំងនៅការបាត់បាំង ដោយពួកអស់លោកការពារមិនបាននោះសោះ មើលទៅ្លូវតែមួយគត់គឺនិយាយ ថាអត់បាត់ទេ ហា ហា បាត់ក៍បាត់ទៅ ឲ្យតែអាញ់បានធ្វើធំ តែបើគេចាប់វាទៅដាក់ទ្រុង វាច្បាស់ថាវាធ្វើតាមគេបញ្ជាទេ គឹពួកវាមិនដែលទទួលខុសត្រូវទេ ហួសចិត្តអាឡប់ខ្ញុំតែម្តង។