Paris Peace Accords 23 Oct. 1991

Sunday, February 28, 2016

ពលរដ្ឋ​ មាន​ជម្លោះ ​ដីធ្លី​ នៅ​ខែត្រ​ ស្ទឹងត្រែង​ បារម្ភ​ ពី​ការ​ចាប់​ខ្លួន | Villagers mired in land conflict in Stung Treng fear arrest

ពលរដ្ឋ​ មាន​ជម្លោះ ​ដីធ្លី​ នៅ​ខែត្រ​ ស្ទឹងត្រែង​ បារម្ភ​ ពី​ការ​ចាប់​ខ្លួន

RFA / វិទ្យុ អាស៊ី សេរី | ២៧ កុម្ភៈ ២០១៦

 

ផែនទី​ខេត្ត​ស្ទឹងត្រែង ៦២០
ផែនទី​ខេត្ត​ស្ទឹងត្រែង / Photo: RFA

ពលរដ្ឋ​ មាន​ជម្លោះ​ ដីធ្លី​ ជាមួយ​ ឈ្មួញ​ មានឥទ្ធិពល​ នៅ​ស្រុក​ ថាឡាបរិវ៉ាត់ ខែត្រ​ ស្ទឹងត្រែង បារម្ភ​ ពី​ការ​ចាប់​ខ្លួន បន្ទាប់ ​ពី​ពួកគាត់​ បាន​រាយការណ៍ ​ពី​ស្ថានភាព​ កាប់​ទន្ទ្រាន ​ព្រៃឈើ ​រាប់​រយ ​ហិកតារ​ ដើម្បី​ ប្រើប្រាស់​ ជា​កម្មសិទ្ធិ​ ឯកជន។  ការ​បារម្ភ​នេះ បន្ទាប់​ ពី​ឈ្មួញ​រូប​នោះ​ កំពុង ​រក​មធ្យោបាយ​ ចោទ​ប្រកាន់ ​អ្នក​ភូមិ​ ថា កាប់​រាន ​ដី​ព្រៃ ​ខុសច្បាប់។

​​តំណាង​ ពលរដ្ឋ ៤២​គ្រួសារ​ រស់​នៅ​ភូមិ​ វាលដេញ ឃុំ​ អន្លង់ជ្រៃ ស្រុក​ ថាឡាបរិវ៉ាត់ កំពុង​ រត់​គេច​ ពី​ការ​តាម​ ចាប់​ខ្លួន ​របស់​ សមត្ថកិច្ច បន្ទាប់ ពី​ឈ្មួញ​ មាន​ឥទ្ធិពល ​នៅ​មូលដ្ឋាន ​ឈ្មោះ មាស មិត្ត បាន​គំរាម​ប្ដឹង​ តំណាង​ ពលរដ្ឋ​ ដែល​រាយការណ៍ ​ពី​ការ​ កាប់​ឆ្ការ​ព្រៃ​ រាន​យក​ដី។


​តំណាង ​ពលរដ្ឋ លោក ផូ ផល បារម្ភ​ថា ឈ្មួញ​មាន​ឥទ្ធិពល​ឈ្មោះ មាស មិត្ត ជា​អតីត​ម្ចាស់​កំពង់ចម្លង​ថាឡាបរិវ៉ាត់ កំពុង​រក​មធ្យោបាយ​ប្តឹង​តំណាង​ពលរដ្ឋ ៤២​គ្រួសារ​ដាក់គុក បន្ទាប់​ពី​អ្នក​ភូមិ​បាន​លាត​ត្រដាង​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​រាប់​ពាន់ ​ហិកតារ​ឋិត​នៅ​ឃុំ​ស្រែឫស្សី និង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់។

លោក​សង្កត់​ធ្ងន់​ថា លោក មាស មិត្ត កំពុង​ឃុបឃិត​ជាមួយ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា ធ្វើ​របាយការណ៍​ទៅ​សាលា​ដំបូង​ខែត្រ​ស្ទឹងត្រែង ដោយ​ចោទ​ពលរដ្ឋ ៤២​គ្រួសារ ថា​ជា​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ជាង ៤០០​ហិកតារ​ទៅ​វិញ៖ «គេ​ចង់​លូច​កាប់​ដូច​បិទទ្វារ​វ៉ៃ​ឆ្កែ​អ៊ីចឹង បើ​និយាយ​ឲ្យ​ខ្លី​ទៅ។ គេ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ គេ​ចោទ​ប្រកាន់​ថា យើង​បទល្មើស​គ្រប់​បែប​យ៉ាង។»

​លោក ផូ ផល កត់សម្គាល់​ថា អតីត​ម្ចាស់​កំពង់​ចម្លង​ថាឡាបរិវ៉ាត់ លោក មាស មិត្ត ជា​ឈ្មួញ​ដែល​ទន្ទ្រាន​ដី​ព្រៃ​ដើម្បី​ធ្វើ​អាជីវកម្ម និង​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ជា​ច្រើន​ឆ្នាំ​កន្លង​មក មាន​អាជ្ញាធរ​ស្រុក និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បើក​ដៃ។ លោក​បន្ត​ថា ឈ្មួញ​ឈ្មោះ មាស មិត្ត មាន​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​រាប់​ពាន់​ហិកតារ​ត្រង់​ចំណុច​ភូមិ​ អន្លង់ក្រមួន អន្លង់ស្អំ ភូមិ​មន និង​ភូមិ​វាលដេញ នៃ​ឃុំ​អន្លង់ជ្រៃ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា និង​អតីត​ម្ចាស់​កំពង់ចម្លង​ថាឡាបរិវ៉ាត់ លោក មាស មិត្ត ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ដោយ​ឡែក មេ​ឃុំ​អន្លង់ជ្រៃ លោក ព្រំ យ៉ា ទទួល​ស្គាល់​ថា លោក មាស មិត្ត ក៏​ធ្លាប់​កាប់​រាន​ដី​ព្រៃ​តាំង​ពី​ឆ្នាំ​២០១១ ក៏ប៉ុន្តែ​លោក​ពុំ​បាន​ដឹង​ពី​ចំនួន​ផ្ទៃដី​ដែល​លោក មាស មិត្ត គ្រប់គ្រង​ឡើយ។ លោក​ថា អាជ្ញាធរ​ខែត្រ​និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង​ចុះ​ស្រាវជ្រាវ​ពី​ ការ​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​ភ្នំ​សេកស និង​ភ្នំ​ម្លូ ភូមិ​វាលដេញ នៅ​ថ្ងៃ​ទី​២៦ និង​ទី​២៧ កុម្ភៈ។ លើស​ពី​នេះ អាជ្ញាធរ​ខែត្រ​ក៏​ចុះ​ស្រាវជ្រាវ​ពី​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ ៤២​គ្រួសារ ជាមួយ​លោក មាស មិត្ត ដែរ៖ «គេ​ទៅ​មើល​ប្រជាពលរដ្ឋ​ដែល​កើត​ទុក​មិន​សុខ​ចិត្ត​ត្រង់​ថា មាស មិត្ត ដេញចេញ​មិន​ឲ្យ​នៅ ឬ​យ៉ាង​ណា។»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​សរសេរ​របាយការណ៍​អំពី​ករណី​នេះ​ទៅ​តំណាង​ អយ្យការ​ខែត្រ​ស្ទឹងត្រែង តែ​តំណាង​អយ្យការ​ពុំ​ទាន់​ចេញ​លិខិត​កោះហៅ​អ្នក​ពាក់ព័ន្ធ​ឆ្លើយ​បំភ្លឺ​ ឡើយ។ លោក​កត់សម្គាល់​ថា លោក មាស មិត្ត ដែល​ជាប់​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​រាប់ពាន់​ហិកតារ អាជ្ញាធរ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ៖ «យើង​គាំទ្រ​នូវ​ការ​ អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា អ៊ីចឹង​មេព្រៃ​គួរ​តែ​អាជ្ញាធរ​ខែត្រ ឬ​មួយ​ជំនាញ​មេព្រៃ​ស្រុក​គួរ​តែ​ធ្វើ​របាយការណ៍​ឲ្យ​ស្មើ​ភាព​គ្នា​ដាក់​មក ​ទាំង​អស់​គ្នា​មក។»

​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ ពលរដ្ឋ ៤២​គ្រួសារ រស់​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ និង​មួយ​ចំនួន​មក​ពី​ខែត្រ​ផ្សេង បាន​មក​សំអាត​ដី​ចំនួន ៨៤០​ហិកតារ ឋិត​នៅ​ចំណុច​ភ្នំ​ម្លូ ភូមិ​វាលដេញ ឃុំ​អន្លង់ជ្រៃ ទៅ​ឲ្យ​ឈ្មោះ  មាស មិត្ត ក្នុង ១​ហិកតារ ៣៥​ម៉ឺន​រៀល និង​អាស្រ័យ​ផល​រយៈពេល ៣​ឆ្នាំ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​ពលរដ្ឋ​បាន​សំអាត​ដី​បាន​ជាង ២០០​ហិកតារ​ក្នុង​នោះ​មួយ​ផ្នែក​បាន​ដាំ​ដំណាំ​ដំឡូងមី ហើយ​កាល​ពី​ដើម​ខែ​កុម្ភៈ លោក មាស មិត្ត បាន​បណ្ដេញ​ពលរដ្ឋ ៤២​គ្រួសារ ចាក​ចេញ​ពី​ដី​ដែល​កំពុង​អាស្រ័យ​ផល​ដើម្បី​លក់​ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៀត តែ​ពលរដ្ឋ​បដិសេធ​ដោយ​សំអាង​ថា បំពាន​កិច្ចសន្យា។ មេ​ភូមិ​វាលដេញ លោក យស់ ម៉ៅ បង្ហើប​ថា លោក មាស មិត្ត ពិត​ជាប់​ពាក់ព័ន្ធ​អាជីវកម្ម​កាប់​រាន​ដី​ព្រៃ​រាប់​រយ​ហិកតារ​ច្រើន​ឆ្នាំ ​កន្លង​មក៕

No comments:

Post a Comment