អាជ្ញាធរ ខេត្ត រតនគិរី រារាំង មិនឲ្យ អាដហុក បើកវគ្គ ផ្សព្វផ្សាយ អំពី សិទ្ធិ ដល់ពលរដ្ឋ
RFA / វិទ្យុ អាស៊ី សេរី | ១៥ មីនា ២០១៦
អាជ្ញាធរ ស្រុក បរកែវ ខេត្ត រតនគិរី ដឹកនាំ កងកម្លាំង នគរបាល និងកងរាជអាវុធហត្ថ ហាមឃាត់ មិនឲ្យ មន្ត្រី ការពារ សិទ្ធិមនុស្ស សមាគម អាដហុក (ADHOC) បើកវគ្គ ផ្សព្វផ្សាយ កម្មវិធី ពង្រឹងសិទ្ធិអំណាច សហគមន៍ និងទាមទារ ឲ្យមន្ត្រី សមាគមនេះ សុំច្បាប់ អនុញ្ញាត ពីថ្នាក់ ឃុំ-ស្រុក រហូត ដល់ខេត្ត មុន នឹងផ្សព្វផ្សាយ កម្មវិធីនេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក ចោទមន្ត្រីអាជ្ញាធរស្រុកបរកែវ ខេត្តរតនគិរី ថារំលោភច្បាប់រដ្ឋធម្មនុញ្ញ និងរំលោភសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្ដីពីសិទ្ធិជួបប្រជុំ។
ការចោទប្រកាន់នេះ កើតមានឡើងបន្ទាប់ពីមន្ត្រីអាជ្ញាធរស្រុក ដឹកនាំដោយអភិបាលរងស្រុកបរកែវ លោក មាស សារេត ហាមឃាត់មិនឲ្យមន្ត្រីសិទ្ធិមនុស្សអាដហុក បើកវគ្គផ្សព្វផ្សាយកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍ ដែលកំពុងធ្វើនៅភូមិគ្រៀង ឃុំកិចុង នៅព្រឹកថ្ងៃទី១៥ ខែមីនា។
ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក លោក នី សុខា ចាត់ទុកទង្វើនេះ ថាធ្វើឲ្យប៉ះពាល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលច្បាប់បានកំណត់។ លោកបន្តថា មន្ត្រីរៀបចំវគ្គផ្សព្វផ្សាយ បានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យអង្គការសង្គមស៊ីវិល ជូនដំណឹងអាជ្ញាធរមុន ៥ថ្ងៃ ពាក់ព័ន្ធការជួបប្រជុំសិក្ខាសាលា ឬបើកវគ្គផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅមូលដ្ឋាន៖ «បើសិននៅតែអ៊ីចឹងទៀត យើងនឹងធ្វើសន្និសីទកាសែតដើម្បីធ្វើម៉េចឲ្យព័ត៌មាននេះក្រសួងមហាផ្ទៃ បានដឹង។»
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ឲ្យដឹងថា សមាគមនេះមានគម្រោងចុះផ្សព្វផ្សាយកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍ នៅភូមិចំនួន៤ ក្នុងឃុំកិចុង ក្នុងខែមីនា ឆ្នាំ២០១៦។ ករណីនេះ មន្ត្រីសមាគមបានធ្វើលិខិតជូនដំណឹង និងផ្តល់ឯកសារពាក់ព័ន្ធនឹងការបើកវគ្គនេះជូនអាជ្ញាធរខេត្តតាំង ពីដើមខែមករា។ រីឯអាជ្ញាធរខេត្ត បានតម្រូវឲ្យមន្ត្រីកម្មវិធីកែសម្រួលខ្លឹមសារក្នុងឯកសារ ផ្សព្វផ្សាយបន្តិចបន្តួចរួចហើយដែរ ទើបក្រុមការងារផ្សព្វផ្សាយចុះបើកវគ្គជាមួយសហគមន៍ ក៏ប៉ុន្តែក្រុមអាជ្ញាធរឃុំ និងស្រុក បានដឹកនាំកងកម្លាំងមានគ្នាប្រមាណ ២០នាក់ មកហាមមិនឲ្យបើកវគ្គនេះ៖ «យើងធ្វើហ្នឹងគ្រប់គ្រាន់អស់ហើយ រហូតជាងមួយខែឯណោះ។ យើងមានលិខិតស៊ីញេទទួលទៀត លិខិតជូនដំណឹងអាដហុក។»
លិខិតចំនួនពីរច្បាប់ដោយឡែកពីគ្នារបស់មេឃុំកិចុង លោក រចំ ឡៃ បដិសេធមិនអនុញ្ញាតឲ្យសមាគមអាដហុក បើកវគ្គផ្សព្វផ្សាយក្នុងភូមិទាំង៤ នៃឃុំកិចុង និងស្នើសុំឲ្យអ្នករៀបចំកម្មវិធី សុំច្បាប់ពីអាជ្ញាធរឃុំ ស្រុក និងថ្នាក់ខេត្ត។ ចំណែកលិខិតរបស់អាជ្ញាធរស្រុកបរកែវ ចុះហត្ថលេខាដោយអភិបាលស្រុកស្តីទី លោក មាស សារេត ទទួលស្គាល់ថា បានឃើញលិខិតជូនដំណឹងរបស់មន្ត្រីសមាគមអាដហុក និងប្រធានបទ រួមទាំងកាលវិភាគស្ដីពីការបើកវគ្គផ្សព្វផ្សាយនេះហើយ ប៉ុន្តែអាជ្ញាធរ ស្នើសុំឲ្យសហគមន៍ស្នើសុំជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំ ស្រុក ខេត្ត អនុញ្ញាត ទើបប្រជុំផ្សព្វផ្សាយបាន។
ទាក់ទិនករណីនេះ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន ទទួលស្គាល់ថា លិខិតជូនដំណឹងរបស់មន្ត្រីសមាគមអាដហុក គឺត្រឹមត្រូវ ក៏ប៉ុន្តែមន្ត្រីអាដហុក មានកំហុសរដ្ឋបាល មិនតាមដានលិខិតស្នើសុំរបស់ខ្លួនថា តើអាជ្ញាធរសម្រេចយ៉ាងណា ដើម្បីប្រើប្រាស់លិខិតនោះបង្ហាញមន្ត្រីមូលដ្ឋាន៖ «អង្គការ ទាំងអស់បើធ្វើលិខិតជូនដំណឹងនេះ ត្រូវតាមដានលិខិតជូនដំណឹងរដ្ឋបាលហ្នឹងដែរ ដើម្បីគាត់បានចំណារនៅដៃ ហើយគាត់ជូនដំណឹងទៅមូលដ្ឋានបន្តទៀត។»
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីឆ្នាំ២០០៨ បានធ្វើលិខិតណែនាំស្ដីពីការធ្វើវេទិកាសម្ដែងមតិនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍បីចំណុចចំពោះអាជ្ញាធរគ្រប់ខេត្ត-ក្រុង រួមមាន ត្រូវណែនាំឲ្យសាមីសមាគម ឬអង្គការក្រៅរដ្ឋាភិបាល ជូនដំណឹងស្ដីពីការរៀបចំវេទិកាសម្ដែងមតិមកអាជ្ញាធរខេត្ត-ក្រុង ដោយភ្ជាប់មកជាមួយប្រធានបទ ទីកន្លែង និងពេលវេលាបានច្បាស់លាស់ ត្រូវបង្កលក្ខណៈងាយស្រួល និងសហការការពារសន្តិសុខ សុវត្ថិភាពសាធារណៈដល់វេទិកាសម្ដែងមតិនេះ។ ក្នុងករណីមានការហែក្បួន ត្រូវអនុវត្តតាមច្បាប់បាតុកម្ម។
ទោះបីជាយ៉ាងនេះ លោក នី សុខា អះអាងថា សមាគមអាដហុក បានធ្វើលិខិតសុំទៅក្រសួងមហាផ្ទៃ រួចហើយ ឲ្យពន្យល់ករណីនេះ ពីព្រោះការអនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ នៅតាមបណ្ដាខេត្តផ្សេងទៀត ក៏មានបញ្ហាចម្រូងចម្រាសដូចគ្នានេះដែរ៕
No comments:
Post a Comment