ពលរដ្ឋ ខ្មែរ-អាមេរិកកាំង តវ៉ា ប្រឆាំង នឹងគម្រោង ស្វាគមន៍ លោក ហ៊ុន ម៉ាណែត នៅទីក្រុង ឡូវែល
VOD / វីអូឌី |
ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងតវ៉ាកុំឲ្យ អភិបាលក្រុងឡូវែល ស្វាគមន៍ លោក ហ៊ុន ម៉ាណែត (រូបភាពពីហ្វេសប៊ុកអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង)
ប្រជាពលរដ្ឋ ខ្មែរ-អាមេរិកកាំង នៅថ្ងៃពុធនេះ បានចេញមុខ តវ៉ា នៅសាលា ក្រុងឡូវែល
រដ្ឋ ម៉ាស្សាឈូសិត្ស៍ សហរដ្ឋ អាមេរិក ដោយទាមទារ កុំឲ្យ អភិបាល ក្រុងទ្បូវែល
ស្វាគមន៍ កូនប្រុស របស់ នាយករដ្ឋមន្រ្តី គឺ លោក ហ៊ុន ម៉ាណែត។
ពលរដ្ឋ ខ្មែរ-អាមេរិកកាំង ឲ្យដឹង ថា,
តាមគម្រោង លោក ហ៊ុន ម៉ាណែត
ជាប្រធាន ក្រុមការងារ រៀបចំ អង្គការ ចាត់តាំង យុវជន ក្រៅប្រទេស និងជាមេបញ្ជាការ រង កងទ័ពជើងគោក
និងដឹកនាំ គណៈប្រតិភូ ទៅបំពេញ ទស្សនកិច្ច នៅរដ្ឋ មួយចំនួន នៅសហរដ្ឋ អាមេរិក
ក្នុងឱកាស ចូលឆ្នាំខ្មែរ ខាងមុខនេះ។
ប្រធាន អង្គការ សម្ព័ន្ធមិត្ត ខ្មែរ-អាមេរិកកាំង
លោក ទូច វិបុល
ប្រាប់វីអូឌី នៅថ្ងៃពុធនេះ ថា, ក្រោយពីការតវ៉ា របស់ ប្រជាពលរដ្ឋ ប្រមាណ
៥០០នាក់ កុំឲ្យ អភិបាល ក្រុងឡូវែល ស្វាគមន៍ លោក ហ៊ុន ម៉ាណែត, សមាជិក នៃក្រុមប្រឹក្សាភិបាល នៃក្រុងឡូវែល ៨នាក់ ក្នុងចំណោម ៩នាក់
បានជំទាស់ នឹងគម្រោង ស្វាគមន៍នេះ។ លោក បន្តថា, លោក ហ៊ុន ម៉ាណែត
ជាកូនប្រុស របស់ នាយករដ្ឋមន្រ្តី, ហើយ ការដឹកនាំ របស់លោក ហ៊ុន សែន
រងការ ចោទប្រកាន់ ថា មានការរំលោភ សិទ្ធិមនុស្ស, បំផ្លាញ ធនធាន ធម្មជាតិ,
បណ្តេញពលរដ្ឋ ចេញពីលំនៅដ្ឋាន, បញ្ហាព្រំដែន, បញ្ហាអន្តោប្រវែសន៍ ខុសច្បាប់,
និងការគំរាមកំហែង ចាប់សកម្មជន សិទ្ធិមនុស្ស ដាក់ពន្ធនាគារ ជាដើម។
បើ តាមលោក ទូច វិបុល, លោក ហ៊ុន ម៉ាណែត ត្រូវបានអញ្ជើញដោយប្រធានសាខាគណបក្សប្រជាជនកម្ពុជានៅរដ្ឋ ម៉ាស្សាឈូសិត្ស៍និងមន្រ្តីទូតខ្មែរ ទៅបំពេញទស្សនកិច្ចនៅរដ្ឋឡូវែលនៅថ្ងៃទី១៥និង១៦ ខែមេសា ខាងមុខនេះ។
លោក ទូច វិបុល
ឲ្យដឹងទៀតថាប្រជាពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងនឹងបន្តតវ៉ានៅ
ទីក្រុងវ៉ាស៊ីនតោន ដែលលោកថាតាមដឹងលោក ហ៊ុន ម៉ាណែត នឹងទៅទីនោះ។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីលោក ហ៊ុន ម៉ាណែត បាននៅឡើយទេ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៧ខែមីនា លោក
ហ៊ុន ម៉ាណែត
បានសម្រេចថាលោកនឹងមិនចូលរួមការដង្ហែក្បួនវប្បធម៌
ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច
ក្រោយពីប្រជាពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនបានប្រកាសថានឹងធ្វើ
បាតុកម្មប្រឆាំងរូបលោក។ លោក បញ្ជាក់ថា៖ «វា មិនមែន ជាពេលវេលា សម្រាប់ បង្ហាញសាច់ដុំ ដាក់គ្នា រវាង អ្នកគាំទ្រ និងអ្នក មិនគាំទ្រទេ ដែលនេះ បង្ហាញ ពីការបែកបាក់ រវាង ខ្មែរ និងខ្មែរ, នាំឲ្យ ជាតិសាសន៍យើង អាប់អោន។ ក្នុងស្មារតី ជាកូនខ្មែរ មួយរូប,
ខ្ញុំ មិនចង់ឃើញ នូវភាព ល្អក់កករ និងការបែកបាក់ រវាង ខ្មែរ និងខ្មែរ,
ជាពិសេស ដើម្បី បញ្ចៀស អំពើហិង្សា ដែលអាច កើតមានឡើង រវាង អ្នកគាំទ្រ និងអ្នក មិនគាំទ្រ ក្នុងពេលព្យុហយាត្រា
ដែលនាំឲ្យ ខាតប្រយោជន៍ ជាតិសាសន៍យើង ទាំងមូល។
ខ្ញុំ និងក្រុមការងារ បានសម្រេចចិត្ត មិនចូលរួម ក្នុងពិធីព្យុហយាត្រា នោះទេ។»
ទោះ ជាយ៉ាងណា លោក ហ៊ុន ម៉ាណែត នឹងរួមកម្មវិធីដែលរៀបចំដោយពលរដ្ឋខ្មែរអាមេរិកកាំងនៅរដ្ឋផ្សេងៗ។
កន្លងទៅ លោក ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថាការចូលរួមចូលឆ្នាំខ្មែរនៅអាមេរិកមិនមែនជារឿងនយោបាយនោះទេ។ ចំណែកអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថាភាពចម្រូងចម្រាសដែលកំពុងតែកើតមានទ្បើងនេះ គឺមិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែជារឿងភាពថ្លៃថ្នូរជាមនុស្សនិងសេចក្តីគោរពចំពោះអ្នកដែលត្រូវបានបង្ខំឲ្យក្លាយជាជនរងគ្រោះដោយសាររបបឃោរឃៅនេះ។ អង្គការ បានបញ្ជាក់ថា៖ សារដែលបងប្អូនយើងបានផ្ញើនោះគឺច្បាស់ណាស់ថាពលរដ្ឋខ្មែរ-អាមេរិកាំងនឹងមិនស្វាគមន៍
ហើយទទួលយកកូនប្រុសនៃជនផ្តាច់ការដែលជាអ្នកគាំទ្រនូវគោលនយោបាយគាប
សង្កត់របស់ឪពុកគាត់នោះបានទ្បើយ៕
No comments:
Post a Comment