សង្គមស៊ីវិល អំពាវនាវ ឲ្យអភិបាល ថ្មី ខេត្ត កំពត ជួយដោះស្រាយ បញ្ហាដីធ្លី ជូនពលរដ្ឋ
RFA / វិទ្យុ អាស៊ី សេរី | ២២ មីនា ២០១៦
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សប្រចាំខេត្ត កំពត ជំរុញឱ្យអភិបាលខេត្តកំពត ថ្មី ដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ប្រជាពលរដ្ឋ។ បញ្ហាទាំងនោះរួមមាន ទំនាស់ដីធ្លីរវាងពលរដ្ឋនឹងអ្នកមានអំណាច បញ្ហាសន្តិសុខ បញ្ហាចំណាកស្រុក និងបញ្ហាការចាក់ដីធ្វើកំពង់ផែដែលប៉ះពាល់ដល់សហគមន៍នេសាទ។
ប្រធានសមាគមអាដហុក (ADHOC) ប្រចាំខេត្តកំពត អ្នកស្រី អ៊ូច បូ មានប្រសាសន៍ថា បញ្ហាក្ដៅដែលកំពុងកើតឡើង និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត គឺទំនាស់ដីធ្លី។ អ្នកស្រីបន្តថា ពលរដ្ឋក្នុងស្រុកមួយចំនួននៃខេត្តនេះ ត្រូវបានអ្នកមានលុយ និងមានអំណាច រំលោភយកដីធ្លីរបស់ពួកគាត់។
ស្រដៀងគ្នានេះ មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកំពត លោក សេត វណ្ណៈ យល់ឃើញថា បញ្ហាធំជាងគេដែលអភិបាលខេត្តកំពតថ្មីត្រូវដោះស្រាយ គឺរឿងទំនាស់ដីធ្លី។ មន្ត្រីសិទ្ធិមនុស្សរូបនេះ អះអាងថា មូលដ្ឋានដែលមានទំនាស់ខ្លាំងជាងគេ គឺនៅក្នុងស្រុកឈូក ដែលមានក្រុមហ៊ុន និងបុគ្គលមានលុយមានអំណាចមួយចំនួនកំពុងទន្ទ្រានកាន់កាប់ដី ប្រជាពលរដ្ឋដោយខុសច្បាប់។
លោក សេត វណ្ណៈ បន្ថែមទៀតថា ប្រជាពលរដ្ឋនៅតំបន់ដែលមានទំនាស់មិនត្រឹមតែទទួលរងការរំលោភបំពាន ដីធ្លីតែមួយមុខនោះទេ ប៉ុន្តែត្រូវរងការប្រើអំពើហិង្សា និងការគំរាមកំហែងដល់អាយុជីវិតទៀតផង នៅពេលដែលពួកគេប្រើប្រាស់សិទ្ធិរបស់ខ្លួនទាមទារកម្មសិទ្ធិរបស់ ពួកគេមកវិញ។
អភិបាលខេត្តកំពត ថ្មី លោក ចាន់ ចេសា្ត ត្រូវបានតែងតាំងជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែមីនា ក្រោមអធិបតីភាពលោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ចាន់ ចេស្តា បានធ្វើការប្ដេជ្ញាចិត្តចូលកាន់តំណែងនៅចំពោះមុខមន្ត្រីអ្នកមុខ អ្នកការជិត ៣០០នាក់ នៃក្រសួងមហាផ្ទៃ និងសាលាខេត្តកំពត។
យ៉ាងណាក៏ដោយចុះ លោក ចាន់ ចេស្ដា មិនបានសន្យាជាក់លាក់អ្វីឡើយចំពោះការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅខេត្តកំពត ក្រៅតែពីប្ដេជ្ញាអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
នៅក្នុងពិធីតែងតាំងអភិបាលខេត្តកំពត ថ្មី នាយករដ្ឋមន្ត្រីស្ដីទី លោក ស ខេង ក៏បានលើកឡើងដែរថា បញ្ហាទំនាស់ដីធ្លីជារឿងមួយដ៏សំខាន់ ដែលមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ។
ក្រៅពីនេះ លោក ស ខេង ថ្លែងថា លោកចង់ឃើញវិវាទដីធ្លីរវាងពលរដ្ឋនឹងអ្នកមានលុយមានអំណាចត្រូវ បានដោះស្រាយឱ្យនៅសល់តិចតូចបំផុត និងឈានដល់ការបញ្ចប់ទាំងស្រុងតែម្ដងនៅពេលខាងមុខ៕
No comments:
Post a Comment