សកម្មជន បរិស្ថាន លោក វ៉ែន វ៉ន ចេញ ពីពន្ធនាគារ
RFA / វិទ្យុ អាស៊ី សេរី | ៣ មីនា ២០១៦
សកម្មជន ការពារ បរិស្ថាន តំបន់អារ៉ែង លោក វ៉ែន វ៉ន បានចេញ ពីពន្ធនាគារហើយ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា។
ភ្លាមៗ បន្ទាប់ ពីចេញ ពីពន្ធនាគារ លោក វ៉ែន វ៉ន និយាយ ថា, លោក មិនទាន់ពេញចិត្ត ទាំងស្រុង ចំពោះ ការដោះលែង នេះទេ ពីព្រោះ តុលាការ មិនទាន់ទម្លាក់ បទចោទ មកលើរូបលោក។ សាលក្រម របស់ សាលាដំបូង ខេត្តកោះកុង ពេលនេះ បានកាត់ ឲ្យមានទោស ជាប់ពន្ធនាគារ ចំនួន ១ឆ្នាំ ដោយគ្រាន់តែ ព្យួរទោស បាននៅក្រៅពន្ធនាគារ។
ក្រោយចេញពីពន្ធនាគារខេត្តកោះកុង នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា លោក វ៉ែន វ៉ន ប្រធានសហគមន៍ជនជាតិដើមជង និងជាសកម្មជនការពារបរិស្ថានតំបន់អារ៉ែង បានផ្ដល់បទសម្ភាសន៍ឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីថា លោកមិនទាន់សម្រេចថា នឹងត្រូវប្ដឹងឧទ្ធរណ៍ ឬបែបណាទេ ទៅលើសាលក្រមរបស់សាលាដំបូងខេត្តកោះកុង ពេលនេះ។
តំណាងជនជាតិជងរូបនេះនៅតែថ្លែងការពារថា រូបលោកមិនបានប្រព្រឹត្តកំហុសឆ្គងដូចតុលាការចោទទេ ហើយតុលាការត្រូវអនុគ្រោះទម្លាក់ចោលការចោទប្រកាន់មកលើរូបលោក៖ «ខ្ញុំ បានចេញនៅក្រៅឃុំជារឿងមួយត្រេកអរ ប៉ុន្តែរូបខ្ញុំមិនទាន់អស់កង្វល់នៅឡើយទេ ពីព្រោះរូបខ្ញុំនៅត្រូវតុលាការចោទប្រកាន់ និងកាត់ឲ្យខ្ញុំមានទោសដដែល ហើយបានកាត់ឲ្យខ្ញុំជាប់ពន្ធនាគារចំនួន ១ឆ្នាំ។»
នៅឯខាងក្រៅពន្ធនាគារ ខេត្តកោះកុង ឯណោះវិញ ឃើញមានសាច់ញាតិ ប្រពន្ធកូនរបស់លោក វ៉ែន វ៉ន ប្រមាណ ៥ ទៅ ៦នាក់ បានមកទទួលលោក វ៉ែន វ៉ន ដោយបានអោបរឹតរូបលោក និងមានទឹកមុខរីករាយគ្រប់ៗគ្នា។ ប៉ុន្តែមិនឃើញមានវត្តមានអ្នកកាសែតច្រើនទេ នៅខាងមុខពន្ធនាគារនោះ។
ចៅក្រមសាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែមីនា បានប្រកាសសាលក្រមលើសំណុំរឿងលោក វ៉ែន វ៉ន ប្រធានសហគមន៍ជនជាតិដើមជង និងជាសកម្មជនការពារបរិស្ថានតំបន់អារ៉ែង នៅឃុំជំនាប់ ស្រុកថ្មបាំង ទាក់ទងបទចោទប្រមូលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ឲ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរ អាចឲ្យជនជាប់ចោទរស់នៅក្រៅពន្ធនាគារ។
លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថានតំបន់អារ៉ែង និងជាប្រធានសហគមន៍ជនជាតិដើមភាគតិចជង រស់នៅឃុំជំនាប់ ស្រុកថ្មបាំង ត្រូវបានតុលាការចាប់ខ្លួន និងបញ្ជូនទៅដាក់ពន្ធនាគារខេត្តកោះកុង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ដោយចោទប្រកាន់ចំនួន ២បទចោទ គឺទាក់ទងការប្រមូលអនុផលព្រៃឈើ និងការបំបាត់វត្ថុតាង។
មេធាវីការពារជនជាប់ចោទ និងសង្គមស៊ីវិល ស្នើទៅតុលាការឲ្យទម្លាក់បទចោទទាំងពីរករណីនេះចោល ព្រោះថា សកម្មជនការពារបរិស្ថានរូបនេះមិនបានប្រព្រឹត្តខុសដូចការចោទ ប្រកាន់ទេ។
លោក ចាន់ សុជាតិ និងអ្នកស្រី អ៊ិត មធុរា ជាមេធាវីការពារក្ដីរបស់លោក វ៉ែន វ៉ន សាទរចំពោះការប្រកាសសាលក្រមរបស់តុលាការខេត្តកោះកុង ដែលសម្រេចឲ្យកូនក្ដីបាននៅក្រៅពន្ធនាគារពេលនេះ។
ប្រធានក្រុមមេធាវីសំរិទ្ធ ដែលការពារក្ដី លោក វ៉ែន វ៉ន គឺអ្នកស្រី អ៊ិត មធុរា ស្នើឲ្យតុលាការទម្លាក់ចោលបទចោទលើកូនក្ដីរបស់អ្នកស្រី ព្រោះផ្អែកលើអង្គហេតុ ភស្តុតាង និងផ្លូវច្បាប់ លោក វ៉ែន វ៉ន គ្មានទោសនោះទេ ដោយសារសកម្មភាពធ្វើផ្ទះសហគមន៍ជាប្រយោជន៍ដល់សហគមន៍ទាំងមូល ហើយទទួលបានការអនុញ្ញាតពីអាជ្ញាធរស្រុកថ្មបាំង៖ «តាម ការវិភាគទៅលើអង្គហេតុ និងអង្គច្បាប់ ខ្ញុំនៅតែមិនពេញចិត្តចំពោះការសម្រេចសាលក្រមរបស់ចៅក្រមសាលា ដំបូងខេត្តកោះកុង ដែលកាត់ឲ្យកូនក្តីខ្ញុំដាក់ពន្ធនាគារចំនួន ១ឆ្នាំ ដោយគាត់មិនមានកំហុសឆ្គង។»
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត សាទរការប្រកាសសាលក្រមនេះ ប៉ុន្តែសំណូមពរឲ្យតុលាការទម្លាក់ចោលបទចោទទៅលើលោក វ៉ែន វ៉ន ព្រោះលោកយល់ថា ជនជាប់ចោទរូបនេះគ្មានកំហុសទេ៖ «យើង ជាសង្គមស៊ីវិលនៅតែមានការសោកស្ដាយចំពោះគាត់ ដែល លោក វ៉ែន វ៉ន នៅជាប់ចោទថា មានទោសនៅលើសំណុំរឿងនេះ ដោយតុលាការមិនបានទម្លាក់ចោលបទចោទ។»
ទាក់ទិនបញ្ហានេះ លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) សំណូមពរឲ្យតុលាការទម្លាក់ចោលបទចោទទៅលើសកម្មជនការពារបរិស្ថានរូប នេះ និងយុវជនការពារបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិចំនួន ៣រូបផ្សេងទៀត ដែលកំពុងជាប់ក្នុងពន្ធនាគារ។
បន្ថែមលើនេះ លោក ធន សារាយ ក៏ស្នើដល់រដ្ឋាភិបាល និងតុលាការ គួរមានការយោគយល់ដល់អ្នកខិតខំការពារបរិស្ថានពិតប្រាក ជាជាងមកធ្វើទុក្ខបុកម្នេញពួកគេឲ្យខ្លាចរអា និងមិនហ៊ានចេញមុខការពារធនធានធម្មជាតិនៅពេលខាងមុខ។ ជាងនេះទៅទៀត នៅថ្ងៃខាងមុខ បើមានអ្នកការពារបរិស្ថានផ្សេងទៀតបានប្រព្រឹត្តកំហុសហួសហេតុទៅលើ ការងារការពារបរិស្ថានរបស់ពួកគេ នោះគួរតែមានការពិន័យតិចតួច ដោយមិនគួរចាប់ដាក់ពន្ធនាគារយូរខែ និងកាត់ឲ្យមានទោសរាប់ឆ្នាំនោះទេ៖ «អ្នក ដែលការពារធនធានធម្មជាតិ ឬអ្នកដែលការពារទ្រព្យសម្បត្តិជាតិទាំងអស់ហ្នឹង គួរតែមានការគាំទ្រ ឬគាំពារពីសំណាក់រដ្ឋាភិបាលទៅវិញ។ គួរតែរដ្ឋាភិបាល ឬតុលាការ កុំដាក់ទណ្ឌកម្មធ្ងន់ធ្ងរពេក ពីព្រោះពួកគេខិតខំការពារ ដើម្បីប្រយោជន៍ជាតិ មិនមែនធ្វើដើម្បីគុំកួន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនណាមួយនោះទេ។»
ដោយឡែកទាក់ទងសំណុំរឿងរបស់យុវជននៃអង្គការចលនាមាតាធម្មជាតិ ចំនួន ៣នាក់ផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារ លោក ធន សារាយ ក៏សំណូមពរឲ្យតុលាការខេត្តកោះកុង ដែលនឹងលើកយកសំណុំរឿងនេះមកបើកសវនាការនៅថ្ងៃខាងមុខ ស្នើឲ្យពិចារណាទម្លាក់ចោលបទចោទ និងមានសេរីភាព អាចឲ្យពួកគេបានចូលរួមការងារការពារបរិស្ថានជាមួយរាជរដ្ឋាភិបាលជា បន្តទៀត។
យុវជនការពារបរិស្ថានទាំង ៣នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារខេត្តកោះកុង មានឈ្មោះ សាន់ ម៉ាឡា ទ្រី សុវីគា និង ស៊ីម សំណាង ដែលបានតវ៉ាយ៉ាងសកម្មប្រឆាំងការបូមខ្សាច់របស់ក្រុមហ៊ុនវៀតណាម ត្រូវបានអាជ្ញាធរស្រុកបទុមសាគរចាប់ខ្លួនបញ្ជូនទៅតុលាការកាលពី ថ្ងៃទី១៧ ខែសីហា តាមបណ្ដឹងរបស់អាជ្ញាធរឃុំ និងក្រុមហ៊ុនបូមខ្សាច់ឈ្មោះ ដាយរិក អ៊ិចសេស (Direct Access)៕
No comments:
Post a Comment