ក្រុម សិទ្ធិមនុស្ស រិះគន់ កិច្ចព្រមព្រៀង បន្ទាប់ ពីជនភៀសខ្លួន ពីរនាក់ទៀត ចាកចេញ ពីកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ៨ មីនា ២០១៦
ជនភៀសខ្លួន ពីកោះ ណាវរូ (Nauru) ពីរនាក់ទៀត សម្រេចចិត្ត ចាកចេញ ពីប្រទេស កម្ពុជា កាលពីពេល ថ្មីៗនេះ។ ក្រុម សិទ្ធិមនុស្ស សង្កេតឃើញ ថា, ការវិលត្រឡប់ ទៅប្រទេស កំណើត របស់ ជនភៀសខ្លួន មកពីកោះ ណាវរូ ជាបន្តបន្ទាប់ បង្ហាញ ថា, កម្ពុជា បរាជ័យ មិនអាច អនុវត្តបាន ពេញលេញ ការផ្តល់ ទំនុកចិត្ត ដល់ការ រស់នៅ របស់ ជនភៀសខ្លួន។
ការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សនេះ ក្រោយពេលជនភៀសខ្លួនជនជាតិអ៊ីរ៉ង់ (Iranian) ចំនួន ២នាក់ ដែលត្រូវបានគេផ្ទេរមកពីកោះណាវរូ សម្រេចចាកចេញពីប្រទេសកម្ពុជា ទៅស្រុកកំណើតវិញ បន្ទាប់ពីបានមករស់នៅក្នុងប្រទេសកម្ពុជា រយៈពេលជិតមួយឆ្នាំ។
ប្រធានបច្ចេកទេសនៃការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាកចេញរបស់ក្រុមជនភៀសខ្លួន បង្ហាញឲ្យឃើញថា ការរស់នៅក្នុងប្រទេសកម្ពុជា ពិបាកប្រហាក់ប្រហែលនឹងប្រទេសកំណើតរបស់ជនភៀសខ្លួនដែរ។ លោកបន្តថា កម្ពុជា គួរពង្រឹងការគោរពសិទ្ធិមនុស្សរបស់ពលរដ្ឋក្នុងស្រុកឲ្យបានប្រសើរ ជាមុនសិន ដើម្បីធានាថា ជនភៀសខ្លួនដែលមកតាំងអាស្រ័យនៅក្នុងប្រទេសកម្ពុជា ទទួលបានការគាំពារត្រឹមត្រូវ។
មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ឲ្យដឹងថា គ្រួសារនៃជនភៀសខ្លួនអ៊ីរ៉ង់ បានចាកចេញពីប្រទេសកម្ពុជា ក្នុងចន្លោះចុងខែកុម្ភៈ ឬដើមខែមីនា។
ការិយាល័យនៃរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ប្រទេសអូស្ត្រាលី អះអាងប្រាប់សារព័ត៌មាន អេប៊ីស៊ី (ABC) នៅថ្ងៃអង្គារ ថា ជនភៀសខ្លួនជនជាតិអ៊ីរ៉ង់ ទាំងពីរនាក់ ពិតជាបានត្រឡប់ទៅស្រុកកំណើតវិញហើយ។
យ៉ាងណាក៏ដោយ មន្ត្រីកម្ពុជា មិនបានដឹងពីមូលហេតុនៃការចាកចេញរបស់ជនភៀសខ្លួនទាំងពីរនាក់នេះឡើយ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេស ទទួលបន្ទុកផ្នែកសិទ្ធិលំនៅឋាន លោក សៀ ភារម្យ រិះគន់ថា ប្រទេសកម្ពុជា មិនមែនជាកន្លែងដែលស័ក្តិសមសម្រាប់ទទួលយកជនភៀសខ្លួននោះទេ ដោយលោកលើកឡើងពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកបន្តថា កម្ពុជា មិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការរៀបចំការតាំងទីលំនៅជនភៀស ខ្លួន។
កាលពីពាក់កណ្ដាលឆ្នាំ២០១៥ ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ម្នាក់ និងជនជាតិអ៊ីរ៉ង់ ៣នាក់ បានស្ម័គ្រចិត្តមករស់នៅក្នុងប្រទេសកម្ពុជា តាមកិច្ចព្រមព្រៀងមួយ ក្រោយពីរដ្ឋាភិបាលអូស្ត្រាលី បដិសេធមិនទទួលយកពួកគេ ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ជនជាតិរ៉ូហ៊ីងយ៉ា ម្នាក់ទៀត បានសម្រេចមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា។
ទោះបីជាយ៉ាងណា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ម្នាក់ បានត្រឡប់ទៅស្រុកកំណើតនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) វិញ កាលពីខែតុលា ឆ្នាំ២០១៥ ដោយសាររដ្ឋាភិបាលកម្ពុជា អះអាងថា ជនភៀសខ្លួននេះនឹកស្រុកកំណើត។
ការចាកចេញរបស់ប្ដីប្រពន្ធជនជាតិអ៊ីរ៉ង់មួយគូនៅ ពេលនេះ នឹងបន្សល់ជនភៀសខ្លួនតែពីរនាក់ក្នុងចំណោម ៥នាក់ប៉ុណ្ណោះ ដែលស្ម័គ្រចិត្តមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចព្រមព្រៀងតម្លៃប្រមាណ ៥៥លានដុល្លារសហរដ្ឋអាមេរិក ស្ដីពីការបញ្ជូន និងទទួលយកជនភៀសខ្លួន ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា កាលពីឆ្នាំ២០១៤។
ការិយាល័យនៃរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ថ្លែងបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នៅតែលើកទឹកចិត្តដល់ជនភៀសខ្លួនដែលកំពុងនៅលើកោះណាវរូ ឲ្យមកតាំងទីលំនៅនៅប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជា ក៏បញ្ជាក់ថា កម្ពុជា នៅតែស្វាគមន៍ដល់ជនភៀសខ្លួនទាំងឡាយណាដែលស្ម័គ្រចិត្តមករស់នៅលើ ទឹកដីនៃប្រទេសកម្ពុជា។ ទោះបីជាយ៉ាងនេះក្តី មកដល់ពេលនេះ មិនទាន់មានជនភៀសខ្លួនថ្មីពីកោះណាវរូ ណាទៀតទេ ដែលបានស្ម័គ្រចិត្តមករស់នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីបុរសជនជាតិរ៉ូហ៊ីងយ៉ា ម្នាក់ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១៥៕
No comments:
Post a Comment