មន្ត្រី បក្សប្រជាជន ប្ដឹងលោក សម រង្ស៊ី ទាក់ទង ការចុច Like ហ្វេសប៊ុក លោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ១០ មីនា ២០១៦

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលត្រឡប់ពីប្រទេសម៉ាឡេស៊ី
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។ RFA/Tin Zakariya
មន្ត្រី គណបក្ស ប្រជាជន កម្ពុជា ប្ដឹងលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ទៅកាន់តុលាការ។ ការសម្រេចប្ដឹង លោក សម រង្ស៊ី នេះ គឺ ក្រោយពីលោក សម រង្ស៊ី បានបង្ហោះ នៅលើទំព័រ ហ្វេសប៊ុក (Facebook) ដែលថា, មន្ត្រី បក្សកាន់អំណាច រូបនេះ ជាអ្នក នៅពីក្រោយ ការជំរុញ ឲ្យមនុស្ស ចូលរួម ចុចចូលចិត្ត (Likes) លើទំព័រ ហ្វេសប៊ុក របស់ លោក ហ៊ុន សែន។
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ដែលគេ ដឹងថា ជាអ្នក នយោបាយ ប្រឆាំង ទទួលរង នូវការប្តឹងផ្តល់ ពីបក្ស កាន់អំណាច ច្រើននោះ ពេលនេះ លោក ត្រូវ បានមន្ត្រី បក្សកាន់អំណាច ដាក់ពាក្យបណ្ដឹង ថែមមួយ ករណីទៀត, ហើយ ទៅកាន់តុលាការ។
ពាក្យបណ្ដឹង ប្រឆាំង លោក សម រង្ស៊ី ពេលនេះ ធ្វើឡើង ដោយសមាជិក គណៈកម្មាធិការ កណ្ដាល គណបក្ស ប្រជាជន កម្ពុជា លោក សោម សឿន ក្រោយពីលោក សម រង្ស៊ី សរសេរ លាតត្រដាង ពីមូលហេតុ ដែលធ្វើ ឲ្យចំនួន អ្នកចុច ចូលចិត្ត (Like) នៅលើទំព័រ ហ្វេសប៊ុករបស់ លោក ហ៊ុន សែន កើនចំនួនច្រើន។
ក្នុងពាក្យបណ្ដឹងផ្ញើទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ មីនា លោក សោម សឿន លើកឡើងថា លោក សម រង្ស៊ី បានបង្ហោះអត្ថបទដែលមានខ្លឹមសារមួលបង្កាច់ខុសពីការពិតដែលថា លោក សោម សឿន បានណែនាំដល់មន្ត្រីរបស់ខ្លួន អ្នកគាំទ្រ និងបណ្ដាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិស ទាហាន ដើម្បីបង្កើតគណនេយ្យហ្វេសប៊ុកក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការចូលចិត្ត (Like) សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុក លោក ហ៊ុន សែន។
លោក សោម សឿន ចាត់ទុកការបង្ហោះរបស់ លោក សម រង្ស៊ី នេះ ថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និងរូបលោកធ្ងន់ធ្ងរ។ លោក សោម សឿន ទាមទារតុលាការឲ្យផ្ដន្ទាទោស លោក សម រង្ស៊ី តាមច្បាប់ និងទាមទារសំណងជំងឺចិត្តពី លោក សម រង្ស៊ី ចំនួន ២០លានរៀល ដែលស្មើប្រមាណ ៥ពាន់ដុល្លារអាមេរិក។
លោក សម រង្ស៊ី កាលពីថ្ងៃទី៩ មីនា បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ថ្ងៃនេះមានធ្លាយព័ត៌មានមួយតាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ ពីមតិចូលចិត្ត (Like) ក្លែងក្លាយលើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សែន។ លោកថា ចំនួនចូលចិត្ត (Like) មួយ ចំនួនធំលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រដែលអត់ការងារធ្វើ ឲ្យបង្កើតគណនេយ្យក្លែងក្លាយ ដើម្បីផ្តល់មតិចូលចិត្ត (Like) ឲ្យ លោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរបន្តថា អ្នកដែលគេជួលឲ្យធ្វើបែបនេះច្រើនជាងគេ គឺនៅប្រទេសឥណ្ឌា (India) និងហ្វីលីពីន (Philippines)។
ក្នុងពេលជាមួយគ្នា លោក សម រង្ស៊ី ក៏បង្ហាញឯកសារដែល លោក សោម សឿន ណែនាំទៅកាន់មន្ត្រីរបស់ខ្លួន ជំរុញឲ្យផ្សព្វផ្សាយទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ក្នុងគ្រប់កិច្ចប្រជុំចូលរួមផ្តល់មតិចូលចិត្តហ្វេសប៊ុក លោក ហ៊ុន សែន ចូលទំព័រហ្វេសប៊ុក លោក សម រង្ស៊ី ដើម្បីដកការចូលចិត្ត (Unlike) ព្រម ទាំងរៀបចំក្រុមបច្ចេកទេសដើម្បីបង្កើតគណនេយ្យចូលចិត្តទំព័រ ហ្វេសប៊ុក លោក ហ៊ុន សែន ជាដើម។ ទោះបីជាយ៉ាងណា លោក សោម សឿន ថាការលើកឡើងរបស់ លោក សម រង្ស៊ី នេះ ជារឿងមិនពិតឡើយ។
វិទ្យុអាស៊ីសេរី បានសុំការឆ្លើយតបពី លោក សម រង្ស៊ី ចំពោះបណ្ដឹងប្ដឹងលោកពេលនេះ ប៉ុន្តែលោកមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ លោកគ្រាន់តែផ្ញើអត្ថបទសម្ដែងមតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកមួយរូប ដែលសរសេរថា មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសគឺគ្រូបង្រៀន ត្រូវបានគេបង្ខំឲ្យចុចចូលចិត្តទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ហើយដកការចូលចិត្ត (Unlike) ពីហ្វេសប៊ុក លោក សម រង្ស៊ី វិញ។
នេះជាបណ្ដឹងប្ដឹងប្រឆាំង លោក សម រង្ស៊ី មួយបន្ថែមទៀត ខណៈមេបក្សប្រឆាំងរូបនេះ កំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយអំណាចដីកាតាមចាប់ខ្លួនរបស់តុលាការ ពាក់ព័ន្ធបណ្ដឹងបរិហារកេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។ ក្រៅពីនោះ លោក សម រង្ស៊ី ក៏កំពុងជាប់បណ្ដឹងពីរផ្សេងទៀតដែរ គឺបណ្ដឹងបរិហារកេរ្តិ៍របស់ លោក ហេង សំរិន ប្រធានរដ្ឋសភា និងបណ្ដឹងពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយផែនទីក្លែងក្លាយជាមួយ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង៕
No comments:
Post a Comment