សកម្មជន ការពារ ព្រៃឡង់ ខេត្តកំពង់ធំ ថា, បទល្មើស ព្រៃឈើ កើនឡើង នៅក្នុងព្រៃឡង់
RFA / វិទ្យុ អាស៊ី សេរី | ១០ មីនា ២០១៦
ប្រជាសហគមន៍ ការពារ ព្រៃឈើ នៅតំបន់ ព្រៃឡង់ ក្នុងស្រុក សណ្ដាន់ ខេត្ត កំពង់ធំ បញ្ជាក់ថា, ក្រុមជនល្មើស នៅតែ បន្តចូល ទៅកាប់ឈើ ធំៗ នៅក្នុងតំបន់ ព្រៃឡង់ ដដែល។ ពួកគេ សង្កេតឃើញ ថា សកម្មភាពនោះ រឹតតែ កើនឡើង។
ការលើកឡើងនេះ ក្រោយពេល ប្រជាសហគមន៍ នាំគ្នា ចុះល្បាតព្រៃឡង់ រយៈពេល បីថ្ងៃ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃ ទី១០ មីនា ដោយប្រទះឃើញ សកម្មភាព បទល្មើស ជាច្រើន នៅតែ កើតមាន។
ប្រជាសហគមន៍ ព្រៃឡង់ នៅខេត្ត កំពង់ធំ នៅតែ បារម្ភ ចំពោះ វាសនា ព្រៃឈើ ជាពិសេស ឈើធំៗ នៅក្នុងតំបន់ ព្រៃ មួយនេះ។ ក្តីបារម្ភ របស់ ពួកគាត់ បន្ទាប់ ពីក្រុម ប្រជាសហគមន៍ បានប្រទះឃើញ ថា, ឈើ រាប់សិប ម៉ែត្រគូប ព្រមទាំង ចាប់បាន ម៉ាស៊ីន អារឈើ ជាង ១០គ្រឿង នៅពេល ពួកគាត់ ជិត ២០នាក់, មានទាំង មន្ត្រី សមត្ថកិច្ចផង, នាំគ្នា ចុះល្បាត នៅតំបន់ ព្រៃឡង់រយៈពេល បីថ្ងៃ កន្លងមក។
សកម្មជនការពារព្រៃឡង់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា ពួកគាត់ប្រទះឃើញឈើច្រៀករួចជិត ៤០ម៉ែត្រគូបនៅតំបន់ព្រៃឡង់ ក្នុងឃុំមានរិទ្ធ ចំណុចអូរច្រោក អូរស្នូល អូរម្លូ ជាដើម។ លោកបន្តថា សកម្មភាពបទល្មើសមិនបានថយចុះឡើយ ព្រោះសកម្មភាពចុះល្បាតរបស់ប្រជាសហគមន៍រយៈពេលខ្លី ប៉ុន្តែប្រទះឃើញបទល្មើសកាប់ឈើច្រើន ព្រមទាំងចាប់បានម៉ាស៊ីន ១១គ្រឿង ហើយមានជាច្រើនគ្រឿងផ្សេងទៀតមិនអាចចាប់បាន៖ «ជាក់ស្តែង ចំណាត់ការ របស់ រដ្ឋាភិបាល នៅតំបន់ ព្រៃឡង់ គឺ យើង អត់ទាន់ឃើញ សកម្មភាព របស់ គណៈកម្មាធិការ បង្ក្រាប បទល្មើស ទេ។»
លោក ហឿន សុភាព លើកឡើងថា វិធានការរបស់មន្ត្រីអាជ្ញាធរ ឬមន្ត្រីជំនាញ មិនបានឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាសហគមន៍នៅឡើយ។ យ៉ាងណា វត្ថុតាងទាំងឡាយ ប្រជាសហគមន៍នឹងយកប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ ហើយម៉ាស៊ីនអារឈើទាំងនោះ ពួកគាត់នាំគ្នាយកទៅប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ តែម្តង។
ជុំវិញបញ្ហានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ លោក តិប ញាតា បញ្ជាក់ថា លោកនឹងចេញទៅទទួលយកវត្ថុតាងទាំងនោះ ក្រោយពេលលោកបញ្ចប់កិច្ចប្រជុំ។ លោកបន្ថែមថា សកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ មានរូបភាពពីរ គឺកាប់នៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច ដោយរដ្ឋបានធ្វើអនុបយោគតាមច្បាប់រួចទៅហើយ និងមួយទៀត គឺសកម្មភាពកាប់បំផ្លាញព្រៃឈើពីសំណាក់ក្រុមឆ្លៀតឱកាស៖ «តំបន់ព្រៃទូទាំងប្រទេសមិនមែនតែខេត្តកំពង់ធំ ទេ វាតែងតែមានអ្នកឆ្លៀតឱកាសអ៊ីចឹងឯង។»
លោកថា មន្ត្រីជំនាញខិតខំប្រឹងប្រែងចំពោះបញ្ហានេះរហូតមក។ ជាក់ស្តែងនៅឆ្នាំ២០១៥ មន្ត្រីរដ្ឋបាលព្រៃឈើកំពង់ធំ បង្ក្រាបបទល្មើសព្រៃឈើ ៣៩០ករណី។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលបណ្ដាញស្នូលព្រៃឡង់ ៤ខេត្ត លោក សេង សុខហេង បញ្ជាក់ថា សកម្មភាពចុះល្បាតព្រៃឡង់រយៈពេលបីថ្ងៃមកនេះ ធ្វើឡើងចំពោះខេត្តចំនួនពីរ គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ លោកបន្ថែមថា សហគមន៍រកឃើញបទល្មើសព្រៃឈើប្រមាណ ១០០ម៉ែត្រគូប និងម៉ាស៊ីនអារឈើ ១៨គ្រឿង។ លោកបញ្ជាក់ថា ឈើនៅតំបន់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងខេត្តកំពង់ធំ គឺស្ទើរតែគ្មាន។ ចំណែកឈើដឹកចេញពីតំបន់ដីសម្បទានទាំងនោះ គឺកាប់ពីតំបន់ព្រៃឡង់ ឬក្រៅតំបន់ដីសម្បទានតែម្តង ដោយយកឈ្មោះដីសម្បទាន ដើម្បីបានកាប់ឈើស្របច្បាប់ប៉ុណ្ណោះ៖ «ប្រសិន បើរដ្ឋាភិបាលមិនបានគិតគូរដិតដល់ក្នុងការទប់ស្កាត់នៅតំបន់ព្រៃ ឡង់ និងតំបន់ផ្សេងទៀតដែលមានព្រៃសេសសល់ទេ វានឹងអាចអស់ឆាប់ៗហ្នឹងឯង។»
អ្នកសម្របសម្រួលរូបនេះ កាន់តែបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះវាសនាព្រៃឈើនៅតំបន់ព្រៃឡង់ ដែលកំពុងរងការកាប់បំផ្លាញបែបអនាធិបតេយ្យពីសំណាក់ជនល្មើស ដោយសារអ្នកមានប្រាក់ និងមានអំណាចនៅពីក្រោយខ្នង ជាពិសេសទៅទៀតនោះ រោងចក្រកែច្នៃឈើកាន់តែច្រើនឡើងៗ កំពុងមានវត្តមាននៅតំបន់ព្រៃមួយនេះ៕
No comments:
Post a Comment